មន្ត្រីនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បញ្ជាក់ថា ក្រសួងការពារជាតិ នឹងមិនជំទាស់ទៅនឹងការស្នើសុំចុះទៅពិនិត្យមើលផ្ទាល់ នៅទីតាំងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន នៅខេត្តកោះកុង ដែលសង្ស័យ និងរងការចោទប្រកាន់ថា មានការសាងសង់មូលដ្ឋានកងទ័ពជើងទឹកចិននោះទេ។ ប៉ុន្តែ លោកថា វាពុំមែនជាករណីចាំបាច់ដែលត្រូវទៅមើលផ្ទាល់ ដោយសារបច្ចុប្បន្ន ជាសម័យបច្ចេកវិជ្ជាទំនើប គឺគេអាចមើលពីលើអាកាសបាន។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់អាមេរិកប្រចាំកម្ពុជាលោក វីល្លៀម ហៃដ៍ (William Heidt) បញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនាប្រកបដោយតម្លាភាព ជុំវិញរឿងមូលដ្ឋានកងទ័ពជើងទឹកចិននៅខេត្តកោះកុងនេះ។
លោក ឈុំ សុជាតិ ប្រាប់អាស៊ីសេរីតាមទូរស័ព្ទកាលពីល្ងាចថ្ងៃចន្ទ ទី២៦ វិច្ឆិកា ថា ជំហរចុងក្រោយរបស់ក្រសួងការពារជាតិ ជុំវិញករណីចោទប្រកាន់ថា មានការសាងសង់មូលដ្ឋានកងទ័ពជើងទឹកចិននៅខេត្តកោះកុងនោះ គឺនៅដដែល។ លោកគូសបញ្ជាក់ថា ព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ និងថាកម្ពុជានឹងមិនអនុញ្ញាតឲ្យមានរឿងនេះកើតមានឡើងនោះឡើយ ដូចតាមសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់របស់មេដឹកនាំរបបក្រុងភ្នំពេញ។ យ៉ាងណាក៏ដោយ លោកថា ប្រសិនបើមានការស្នើសុំណាមួយពីភាគីអាមេរិក នោះកម្ពុជា នឹងមិនជំទាស់ទៅនឹងការស្នើសុំ ដើម្បីចុះទៅពិនិត្យមើលផ្ទាល់ទីតាំងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិននៅខេត្តកោះកុងនោះទេ ក៏ប៉ុន្តែតែលោកថា រឿងនេះ ជាការមិនចាំបាច់ និងថាសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់នោះ គឺគ្រប់គ្រាន់ហើយ៖ «មានមតិខ្លះគេសុំទៅមើលកន្លែងហ្នឹង អីចឹង ក៏ខ្ញុំមិនបដិសេធទេ ប៉ុន្តែ វាមិនចាំបាច់ទៅមើល ពីព្រោះដំណឹងហ្នឹងវាអត់ពិតផង ទៅមើលធ្វើអី ? ហើយបច្ចេកវិជ្ជាអាមេរិកាំងឥឡូវទំនើបណាស់ គេអាចមើលពីលើមក មើលរហូតដល់ក្រោមដីទៀតឯណោះ។ ដូច្នេះ សំខាន់គឺជំហររបស់រដ្ឋាភិបាល។ រដ្ឋាភិបាលថាអត់មានហើយ គឺអត់មានហើយ។ មិនចាំបាច់ទៅមើលទេ»។
លោក ឈុំ សុជាតិ បន្តថា គិតរហូតមកទល់ពេលនេះ ភាគីអាមេរិក នៅមិនទាន់បានស្នើសុំជាផ្លូវការណាមួយជាមួយរបបក្រុងភ្នំពេញ ដើម្បីសុំទៅពិនិត្យមើលទីតាំងនៃតំបន់ដែលសង្ស័យថា ចិនគ្រោងនឹងសាងសង់មូលដ្ឋានកងទ័ពជើងទឹកនោះនៅឡើយទេ។ លោកបញ្ជាក់ថា ភាគីចិនក៏មិនបានបញ្ចេញប្រតិកម្មតបតណាមួយដែរទៅកាន់ក្រសួងការពារជាតិ ជុំវិញការចោទប្រកាន់នេះ ដោយលោកថា រឿងនេះគ្រាន់តែជាករណីស្មានតែប៉ុណ្ណោះ។ អាស៊ីសេរី បានព្យាយាមសុំប្រតិកម្មពីអ្នកនាំពាក្យស្ថានទូតចិនប្រចាំក្រុងភ្នំពេញ ក៏ប៉ុន្តែពុំទទួលបានការឆ្លើយតបណាមួយឡើយគិតត្រឹមម៉ោងផ្សាយនេះ។
ដោយឡែកអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ លោក អារែន ស្វាចេស៍ (Arend Zwartjes) បដិសេធមិនអត្ថាធិប្បាយនៅពេលដែលអាស៊ីសេរីសាកសួរតាមសារអេឡិចត្រូនិក ថាតើភាគីអាមេរិកពេញចិត្តទៅនឹងសេចក្ដីថ្លែងការណ៍ផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សររបស់លោក ហ៊ុន សែន ឆ្លើយតបទៅនឹងក្តីបារម្ភរបស់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃខ៍ ផេនស៍ (Mike Pence) អំពីលទ្ធភាពនៃការសាងសង់ ឬវត្តមានមូលដ្ឋានកងទ័ពជើងទឹកចិននៅកម្ពុជានេះ។ ស្ថានទូតក៏បដិសេធ មិនអត្ថាធិប្បាយថាតើ ភាគីអាមេរិកអាចនឹងពិចារណា ស្នើទៅកាន់របបក្រុងភ្នំពេញជាផ្លូវការ ដើម្បីចុះទៅពិនិត្យមើលទីតាំងសង្ស័យនោះដោយផ្ទាល់ ឬក៏យ៉ាងណានោះ។
យ៉ាងណាក៏ដោយ នៅក្នុងជំនួបលាគ្នាមួយ ជាមួយលោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ វិច្ឆិកា ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ៍ បានថ្លែងទទួលស្គាល់នូវសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់របបក្រុងភ្នំពេញ ដែលអះអាងថា កម្ពុជានឹងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសណាមួយលើទឹកដីកម្ពុជានោះឡើយ។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ ឲ្យដឹងថា ក្នុងជំនួបនោះ ភាគីទាំងពីរ បានកត់សម្គាល់នូវសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងតម្លាភាពលើបញ្ហានេះ។ ព្រមជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីបញ្ហាប្រឈម និងឱកាសក្នុងការកសាងឡើងវិញនូវកិច្ចសហប្រតិបត្តិការលើវិស័យយោធា រវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងពេលដែលកាលពីដើមឆ្នាំ២០១៧ កម្ពុជាបានផ្អាកសមយុទ្ធយោធាទាំងអស់ជាមួយសហរដ្ឋអាមេរិក ក្រោមលេសថា ជាប់រវល់រៀបចំព្រឹត្តិការណ៍បោះឆ្នោត ក៏ប៉ុន្តែនៅតែបន្តធ្វើជាមួយចិន។
បើទោះបីជាមានការលើកឡើងជាបន្តបន្ទាប់ពីមន្ត្រីរបបក្រុងភ្នំពេញថា ព័ត៌មានអំពីលទ្ធភាពដែលរបបក្រុងភ្នំពេញអាចនឹងអនុញ្ញាតឲ្យមានវត្តមានមូលដ្ឋានកងទ័ពជើងទឹកចិននៅកម្ពុជាដែលបានចុះផ្សាយដោយកាសែតអនឡាញ Asia Times ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ថាជាព័ត៌មានក្លែងក្លាយ បំផ្លើសខុសពីការពិត និងបង្កប់ចេតនាទុច្ចរិត មានលក្ខណៈជាសង្គ្រាមចិត្តសាស្ត្រក៏ដោយ ក៏ប៉ុន្តែគិតរហូតមកទល់ពេលនេះ របបនេះនៅមិនទាន់ចាត់វិធានការណ៍ផ្លូវច្បាប់ណាមួយឡើយប្រឆាំងនឹងកាសែតបរទេសមួយនេះ។ អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានហៅកាសែត Asia Times នេះ ថាគ្រាន់តែជាអ្នកផ្លុំកញ្ចែ ដើម្បីបំផ្លាញកិត្តិនាមរបស់កម្ពុជាតែប៉ុណ្ណោះ និងថារបបរបស់លោកនឹងមិនប្ដឹងផ្ដល់ចំពោះស្ថាប័ននេះឡើយ តែជ្រើសរើសយកការពន្យល់ប្រាប់តាមរយៈក្រសួងការបរទេស។
កាសែតភាសាអង់គ្លេស Asia Times ប្រកាន់ជំហរឥតកែប្រែឡើយចំពោះអត្ថបទរបស់ខ្លួន ដែលមានចំណងជើងថា “កម្ពុជាអាចក្លាយជាចំណុចស្នូលនៃសង្គ្រាមត្រជាក់ថ្មី” រវាងអាមេរិក និងចិន ចេញផ្សាយកាលពីថ្ងៃទី១៥ វិច្ឆិកាកន្លងទៅ។ និពន្ធនាយកកាសែត Asia Times ផ្នែកតំបន់អាស៊ីអាគ្នេយ៍ លោក សន គ្រីស្ពីន (Shawn Crispin) ថ្លែងប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក ឬអ៊ីមែល កាលពីថ្ងៃទី២៦ វិច្ឆិកាថា ស្ថាប័នរបស់លោក នៅតែប្រកាន់ជំហរឥតកែប្រែឡើយចំពោះអត្ថបទមួយនេះ ហើយមានការសោកស្ដាយដែលមន្ត្រីរបបលោក ហ៊ុន សែន នាំគ្នាយល់ឃើញខុសចំពោះអ្វីដែលអត្ថបទបានសរសេរនោះ។
អត្ថបទរបស់កាសែត Asia Times បានរៀបរាប់អំពីលទ្ធភាពនៃការកកើតមូលដ្ឋានទ័ពជើងទឹករបស់ចិនក្នុងខេត្តកោះកុង តាមរយៈដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិន UDG ទំហំជាង ៤ម៉ឺន ៥ពាន់ហិកតារ រយៈពេល ៩៩ឆ្នាំ ដើម្បីឲ្យចិនសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ ដែលអាចឲ្យកប៉ាល់ចម្បាំងចិនចូលចតបាន។ ក្នុងសាច់រឿងនេះ អ្នកកាសែត Asia Times បានសម្ភាសប្រភពជាច្រើន រួមមាន អ្នកនយោបាយ អ្នកវិភាគ និងអ្នកស្រាវជ្រាវ ព្រមទាំងលើកយកនូវសាវតាររឿងជាច្រើនពាក់ព័ន្ធនឹងក្រុមហ៊ុនចិន UDG ដែលកំពុងវិនិយោគនៅទីនោះ បូករួមទាំងការវិវត្តនយោបាយ សេដ្ឋកិច្ច និងសង្គមនៅកម្ពុជានៅពេលបច្ចុប្បន្ននេះផងដែរ។ កាសែតនេះក៏បានទាក់ទងទៅអ្នកនាំពាក្យបក្សកាន់អំណាច និងមន្ត្រីការទូតចិនដែរ ដើម្បីសុំការបំភ្លឺអំពីរឿងនេះ ក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។
អ្នកជំនាញខាងគោលនយោបាយការបរទេស និងអ្នកវិភាគនយោបាយ លើកឡើងថា ប្រសិនបើមាន ការអនុញ្ញាតឲ្យមហាអំណាចចិន ដាក់មូលដ្ឋានយោធា ឬកងទ័ពជើងទឹកណាមួយនៅកម្ពុជាមែននោះ នោះការធ្វើដូច្នេះ គឺជាការធ្វើអត្តឃាតនយោបាយទាំងក្នុង និងក្រៅប្រទេស និងបណ្ដាលឲ្យមានការបែកបាក់ ឬប្រេះឆាជាតិកាន់តែធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។