អ្នកស្រី មូរ សុខហួរ នឹង​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​ទី​២០​មេសា

តំណាង​រាស្ត្រ​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​បាត់ដំបង អ្នកស្រី មូរ សុខហួរ នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ​បន្ទាប់​ពី​អ្នកស្រី​ចំណាយ​ពេលវេលា​ជាង ៩​ខែ​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ថែ​រក្សា​ជំងឺ​ស្វាមី​របស់​អ្នកស្រី ដែល​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​មហា​រីក។

អ្នកស្រី​នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃ​ពុធ ទី​២០ មេសា នេះ តាម​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អេស៊ានណា អ៊ែឡាញ (Asiana Airlines)។

អ្នកស្រី​ឲ្យ​ដឹង​ថា ការ​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​កំណើត​វិញ​នេះ ជា​ការ​ចូលរួម​បម្រើ​ប្រទេស​ជាតិ​ក្នុង​នាម​អ្នកស្រី​ជា​អ្នក​តំណាង​រាស្ត្រ និង​បង្កើត​ជា​មូលនិធិ​សប្បុរសធម៌​មួយ ដើម្បី​ជួយ​ដល់​អ្នក​កើត​ជំងឺ​មហា​រីក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី តាម​បំណង​របស់​ស្វាមី​អ្នកស្រី​មុន​ពេល​លោក​ស្លាប់។

លោក ស្កត់ លីពឺរ៍ (Scott Leiper) ដែល​ជា​ស្វាមី​របស់​អ្នកស្រី មូរ សុខហួរ ទទួល​មរណភាព​កាល​ពី​ខែ​មីនា នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ញីវយ៉ក (New York) ក្នុង​អាយុ ៦១​ឆ្នាំ។ ស្ទើរ​មួយ​ជីវិត​របស់ លោក ស្កត់ លីពឺរ៍ តែង​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ពលរដ្ឋ​ខ្មែរ​តាម​រយៈ​ការងារ​របស់​លោក​ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ ដូចជា​ធ្លាប់​បម្រើ​ការ​ជា​មន្ត្រីនៃ​ក្រុម​ប្រតិបត្តិការ​អង្គការ​សហប្រជាជាតិ​ដើម្បី​ជួយ​សង្គ្រោះ​នៅ​តាម​ព្រំដែន (UNBRO) អង្គការ យូ.អិន.ឌី.ភី (UNDP) និង​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម (FAO) ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។