គ.ជ.ប មិន​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត ទោះ​ការិយាល័យ​ចុះ​ឈ្មោះ​ខ្លះ​ត្រូវ​ជាន់​លិច

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប ប្រកាស​បដិសេធ​មិន​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ ទោះបីជា​ការិយាល័យ​ចុះឈ្មោះ​នៅ​តំបន់​ខ្លះ ត្រូវ​ជាន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្ដី។ រីឯ​គណបក្ស​នយោបាយ និង​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត យល់ថា គ​.​ជ​.​ប គួរតែ​ពន្យារ​ពេល។

សមាជិក គ​.​ជ​.​ប លោក ហ៊ែល សារ៉ាត់ ថ្លែង​ថា ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ដោយ​មិន​អាច​ពន្យារ​ពេល​តទៅទៀត​នោះ​ទេ ទោះបីជា​ការិយាល័យ​ចុះ​បោះឆ្នោត​នៅ​តាម​តំបន់​មួយ​ចំនួន ជួប​បញ្ហា​ទឹកជំនន់​ក៏ដោយ​។ លោក បញ្ជាក់​ថា ការ​បិទ​បញ្ចប់​ការ​ចុះឈ្មោះ​បោះឆ្នោត​តាម​ឃុំ​-​សង្កាត់​នេះ ពុំ​មានន័យថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ត្រូវ​បាន​បិទ​បញ្ចប់​ទាំងស្រុង​នោះ​ទេ គឺ​នៅ​មាន​នីតិវិធី​ជាច្រើន​បន្តបន្ទាប់​ទៀត ដូចជា ការ​បូកសរុប​លទ្ធផល​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស និង​ការ​ដោះស្រាយ​បណ្ដឹង​ពាក់ព័ន្ធ​របស់​គណបក្ស​នយោបាយ​ជាដើម​។ មន្ត្រី​ជាន់ខ្ពស់​គ.ជ.ប រូប​នេះ បន្ថែម​ថា ការ​សម្រេច និង​ផ្ដល់​សុពលភាព លើ​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២០ ជា​ផ្លូវការ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា។

ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ អំពី​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២០​នៅ​ទីស្ដីការ​គ.ជ.ប។

ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ មាន​រយៈពេល​១៩​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​តុលា គ​.​ជ​.​ប ប្រកាស​ថា មាន​ប្រជាពលរដ្ឋ​ជាង ២៥​ម៉ឺន​៦​ពាន់​( ២៥៦.៥៤៥)​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ដែល​ស្មើនឹង​៨៥.៤០​ភាគរយ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី​ប្រមាណ​ជាង​៣០​ម៉ឺន​(៣០០.៣៩០)​នាក់​។ រីឯ​បណ្ដឹង​វិញ គឺ​គ​.​ជ​.​ប ទទួល​បាន​ចំនួន ១០៣​បណ្ដឹង ក្នុង​នោះ ទទួល​បាន​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៥​បណ្ដឹង និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំនួន​៩៤​បណ្ដឹង និង​ប្រធាន​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ៤​បណ្ដឹង។

ទាក់ទង​នឹង​ករណីនេះ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា មានប្រសាសន៍ថា គ​.​ជ​.​ប គួរតែ ពន្យារ​ពេល​បន្ថែម​ទៀត​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដែល​រងគ្រោះ​ដោយ ទឹកជំនន់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខកខាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ លោក​បន្ត​ថា ទោះបីជា​ចំនួន អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០២០ កើន​ឡើង​ច្រើន​ក្តី ក៏ លោក ពិនិត្យ​ឃើញ​ថា នៅ​តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ទៀត មិនទាន់​បាន​ចុះឈ្មោះ​នៅ​ឡើយ៖ «ជា​ការ​សង្កេត​របស់ខ្ញុំ គឺ​ប្រជាពលរដ្ឋ ហាក់​មិនទាន់​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​ទេ​អំពី​ការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នេះ ហាក់ដូច​ជា​មាន​ភាព​ស្ងប់ស្ងាត់​ច្រើន ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា គ . . ប គួរតែ​ពង្រឹង​ការផ្សាយ​របស់​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ថែមទៀត និង​ទុក​ពេលវេលា​មួយ​គ្រប់គ្រាន់​សមរម្យ​ល្មម​អាច​ឲ្យ​ពលរដ្ឋ​ចុះឈ្មោះ​បាន»។

អាស៊ីសេរី មិន​អាច​សុំ​ការយល់ឃើញ​របស់​អគ្គ​លេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ចិន ថុន បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

រីឯ​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​(Comfrel) លោក កន សាវាង្ស ថ្លែង​ថា ប្រសិនបើ​មានការ​ស្នើសុំ​ពន្យារ​ពេល​ចុះឈ្មោះ​បោះឆ្នោត​ពី​គណបក្ស​នយោបាយ​មួយ​ចំនួន ខាង​គ.ជ.ប គួរតែ​ពិចារណា​ដែរ ប៉ុន្តែ​ប្រសិន​បើ​គ​.​ជ​.​ប គ្មាន​លទ្ធភាព​ដោយសារ​ចំណាយ​ធនធាន​ច្រើន ក៏​អាច​បិទ​បញ្ចប់​បាន​ដែរ ព្រោះ​ការ​ចុះឈ្មោះ​នេះ នឹង​ធ្វើ​ម្តង​ទៀត​នៅ​ឆ្នាំ​២០២១​។ ទន្ទឹម​គ្នា​នេះ​លោក កន សាវាង្ស យល់ថា រដ្ឋាភិបាល ត្រូវ​បើក​លំហ​សេរីភាព​នយោបាយ​ឡើងវិញ ដោយ​មិន​ត្រូវ​ផាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​ទាំង​មិន ទាន់​រក​ឃើញ​កំហុស​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ព្រោះ​ទង្វើ​នេះ នឹង​បន្ត​នាំ​ឲ្យ​មានការ​ថ្កោលទោស​ពី សហគមន៍​ជាតិ និង​សហគមន៍​អន្តរជាតិ​បន្ត​ទៀត​។ លោក​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​កុំ​ឲ្យ​បាត់បង់​សិទ្ធិ​បោះឆ្នោត នៅ​ពេល​មាន​ដំណោះស្រាយ​នយោបាយ​ឡើងវិញ ហើយ​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​នយោបាយ​ទេ ប្រជាពលរដ្ឋ ក៏​អាច​ប្រើប្រាស់​បោះឆ្នោត ឬ​មិន​បោះឆ្នោត​បាន​ដែរ ដើម្បី​បង្ហាញ​អារម្មណ៍​និង​ការ​ទាមទារ​របស់​ខ្លួន​៖ «រដ្ឋាភិបាល គួរតែ​ពិចារណា​រឿង​នេះ​ឡើងវិញ ដែល​គេ​ហៅថា លំហ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​លំហ​គណបក្ស​នយោបាយ បើក​ឡើងវិញ​ដើម្បី​ឲ្យ​មានការ​ចូលរួម​ដោយ​ស្មើភាព​គ្នា​នៅ​លើ​កិច្ច​ការងារ​កន្លែង​ហ្នឹង ។​សម្រាប់​ប្រជាពលរដ្ឋ ខ្ញុំ​សូម​ផ្ដល់​ទស្សនាទាន​ដោយឡែក សម្រាប់​កិច្ចការ​រវាង​បក្ស​នយោបាយ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​។ សិទ្ធិ​ចុះឈ្មោះ ដើម្បី​មាន​សិទ្ធិ​និង​លទ្ធភាព​បោះឆ្នោត​ដូច្នេះ​សិទ្ធិ​នេះ​សំខាន់​ជាងគេ ដូច្នេះ​ដើម្បី​បោះឆ្នោត​បាន ត្រូវ​ទៅ​ចុះឈ្មោះ​ឲ្យ​មាន​សិន»។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល និង​បាន​ហាម​ថ្នាក់ដឹកនាំ ១១៨​រូប​នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក្រោយពេល​បក្ស​កាន់អំណាច បាត់បង់​សំឡេងឆ្នោត​យ៉ាង​គំហុក​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាលពីដើម​ខែ​មិថុនា ឆ្នាំ​២០១៧​។ ក្រុម​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ជឿជាក់​ថា ទំនងជា​បារម្ភ​ខ្លាច​ចាញ់​ឆ្នោត ទើប​របប​លោក ហ៊ុន សែន កម្ទេច​បក្ស​ប្រឆាំង និង​បំបិទ​សំឡេង​ឯករាជ្យ​នៅមុន​ការបោះឆ្នោត​មកដល់។

ថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ជំរុញ​ឱ្យ​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដើម្បី​បង្កើត​គណបក្ស​ថ្មី ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នា​ពេល​ខាង​មុខ។

ទោះជា​យ៉ាងណា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​សេរី​ធំៗ នៅតែ​ទាមទារ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្តារ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ តាមរយៈ​ការ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​លើ​លោក កឹម សុខា បើក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ និង​ដោះលែង​ជន​ទាំងឡាយ​ណា ដែល​ត្រូវ​បាន​ឃុំខ្លួន​តាម​ទំនើងចិត្ត​។ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ សង្កត់ធ្ងន់​ថា មានតែ​ធ្វើតាម​អនុសាសន៍​របស់​ពួកគេ​នេះ​ទេ ទើប​មាន​ប្រយោជន៍​សម្រាប់​កម្ពុជា​ទាំង​វិស័យ​អភិបាលកិច្ច និង​សេដ្ឋកិច្ច បើ​ពុំ​នោះ​ទេ កម្ពុជា នឹង​ទទួលរង​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ទៅទៀត បន្ទាប់ពី​សហភាព​អឺរ៉ុប បានសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ២០​ភាគរយ​រួចហើយ​។ ចំណែក​សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​ចំពោះ​បុគ្គល​លើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន ដោយ​ចោទ​ថា ពួកគេ បាន​ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។