មន្ត្រី​សិទ្ធិមនុស្ស​ថា សំណុំរឿង​បណ្ឌិត កែម ឡី គ្មាន​យុត្តិធម៌​ពិតប្រាកដ​ឡើយ ក្នុង​រយៈ​​ពេល​ ៣ឆ្នាំ​នេះ

0:00 / 0:00

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់ អស់​រយៈពេល​ ៣ឆ្នាំ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩​។ ភ្លាមៗ ​ក្រោយ​អំពើ​ឃាតកម្ម សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ ដែល​មិន​សូវ​មាន​គេ​ស្គាល់​សាវតារ ហើយ​ជាច្រើន​ខែក្រោយ​មក ជន​នេះ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។ សាធារណជន​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​តុលាការ ដែល​មិន​អាច​នាំ​ខ្លួន​ជន​ពាក់ព័ន្ធ​ផ្សេងទៀត​មក​កាត់ទោស​តាមច្បាប់​។ តើ​សំណុំរឿង​ដ៏​អាស្រូវ​មួយ​នេះ​មាន​ការ​វិវឌ្ឍ​យ៉ាង​ដូចម្ដេច​ខ្លះ ក្នុង​រយៈពេល ​៣ឆ្នាំ​​មកនេះ?

សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ត្រូវ​បាន​តុលាការ​របប​ក្រុងភ្នំពេញ​បំបែក​ជា​ពីរ ដោយ​សំណុំរឿង​ទី​មួយ​ផ្ដោត​លើ​ការ​កាត់ទោស​បុគ្គល អឿត អាង ហៅ ជួប សម្លាប់ និង​ទីពីរ​ផ្តោត​លើ​ការស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​បុគ្គល​នេះ។

សំណុំរឿង​ទី​មួយ បាន​បិទ​បញ្ចប់​ហើយ​កាលពី​ចុង​ខែ​ឧសភា កន្លង​ទៅ បន្ទាប់​ពី​តុលាការ​កំពូល​សម្រេច​ឱ្យ អឿត អាង ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​គ្មាន​ការ​បន្ធូរបន្ថយ​ទោស ពីបទ “​ឃាតកម្ម​គិតទុក​ជាមុន​” និង “​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​”​។ ចំណែក​សំណុំរឿង​ទី​ពីរ​វិញ ហាក់​ដូចជា​គ្មាន​ការ​វិវឌ្ឍ​ជឿនលឿន​ទៅមុខ​ឡើយ ពីព្រោះ​តុលាការ​ក្រុងភ្នំពេញ​មិន​បាន​កោះហៅ​ជនណា​ម្នាក់​មក​សាកសួរ ឬក៏​ចាប់​បាន​ជនសង្ស័យ​ណា​ផ្សេងទៀត​មក​កាត់ទោស​នោះ​ឡើយ។

នាយករង​ផ្នែក​ឃ្លាំមើល​សិទិ្ធមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត។

នាយករង​ផ្នែក​ឃ្លាំមើល​សិទិ្ធមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា លោក​គ្មាន​ជំនឿ​ថា​តុលាការ​អាច​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ បាន​នោះ​ឡើយ ពីព្រោះ​លោក​យល់ថា តុលាការ​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ធ្វើ​រឿង​នេះ​ឡើយ​។ លោក​បន្ត​ថា ការ​បំបែកសំណុំរឿង​នេះ​ជា​ពីរ គឺ​គ្រាន់តែ​ដើម្បី​រំងាប់​អារម្មណ៍​ពលរដ្ឋ និង​បញ្ចៀស​មិន​ឱ្យ​មានការ​រិះគន់​ពី​សាធារណជន​ប៉ុណ្ណោះ៖ «ដូច​រឿង​មុនៗ បង្កើត​គណៈកម្មការ​ម្ដង​ហើយ​ម្ដងទៀត​ដើម្បី​ធ្វើការ​ស៊ើបអង្កេត ជាពិសេស​រឿង​លោក ជា វិជ្ជា ហ្នឹង ហើយ​រដ្ឋាភិបាល​លោក​ថា​មិនទាន់​បិទ​បញ្ចប់​ទេ តុលាការ​ក៏​ថា​មិនទាន់​បិទ​បញ្ចប់​ដែរ​។ អ៊ីចឹង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ ការ​បំបែក​រឿង​ជា​ពីរ​នេះ​គ្រាន់តែ​ជា​លេស​នៃ​ដំណើរការ​មួយ​ថា ដំណើរការ​នីតិវិធី​នៅតែ​បន្ត បាន​ន័យថា អត់​ទាន់​បិទ​ទេ​។ គ្រាន់តែ​ឱ្យ​មាន​រូបភាព​ចេញ​ជា​អ៊ីចឹង ប៉ុន្តែ​ការស្វែងរក​យុត្តិធម៌​ពិតប្រាកដ ខ្ញុំ​មិន​មាន​សង្ឃឹម​ទេ»។

ដំណើរ​រក​យុត្តិធម៌​ក្នុង​សំណុំរឿង​បណ្ឌិត កែម ឡី ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ វាយតម្លៃ​ថា មិន​មាន​ភាព​ពេញលេញ និង​មិន​អាច​ទទួល​យក​បាន​តាំងពី​ដើមដំបូង ដ្បិត​មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​យក​មក​កាត់ទោស នោះ​គឺ​បុគ្គល អឿត អាង ហៅ ជួប សម្លាប់​។ ទាំង​តុលាការ​ជាន់​ទាប និង​ជាន់ខ្ពស់ សុទ្ធតែ​​​កាត់​ក្តី​រឿង​នេះ​ក្នុង​របៀប​តែមួយ គឺ​ពឹងផ្អែក​សឹង​ទាំងស្រុង​លើ​ចម្លើយ​សារភាព​របស់ ជួប សម្លាប់ ដោយ​គ្មាន​ការ​បញ្ជាក់ ឬ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ទាំងនោះ ឱ្យ​បាន​ច្បាស់លាស់​ឡើយ​។ ជា​ឧទាហរណ៍ ជួប សម្លាប់ បាន​សារភាព​ថា ខ្លួន​បាញ់សម្លាប់​បណ្ឌិត កែម ឡី ដោយសារ​រឿង​លុយ ៣​ពាន់​ដុល្លារ ក៏ប៉ុន្តែ​តុលាការ​មិនបាន​ស្រាវជ្រាវ​ឱ្យ​ច្បាស់​ថា ជន​នេះ​មាន​លុយ ឬក៏​អត់​នោះ​ទេ បែរជា​ជឿ​លើ​ចម្លើយ​សារភាព​នេះ​ទៅវិញ ខណៈ​ក្រុម​គ្រួសារ​របស់ ជួប សម្លាប់ អះអាង​ថា រូបគេ​គ្មាន​លុយ​ច្រើនបែប​នេះ​ឡើយ ព្រោះ​សូម្បីតែ​លុយ ១ ម៉ឺន​រៀល សឹងតែ​គ្មាន​ដាក់​ហោប៉ៅ​ផង​។

អ្នក​នាំពាក្យ​ក្រសួង​​យុត្ដិធម៌ លោក ជិន ម៉ាលីន។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ការ​វាយ​តម្លៃ​ថា រឿង​នេះ​មាន​យុត្តិធម៌​ពេញលេញ ឬ​មិន​ពេញលេញ​នោះ គឺជា​រឿង​ដែល​មិន​សម​ហេតុផល ពីព្រោះ​សំណុំរឿង​មិនទាន់​បាន​បិទ​បញ្ចប់​នៅឡើយ​។ លោក​អះអាង​ថា តុលាការ​កំពុងតែ​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​នៅ​ក្នុង​សំណុំរឿង​ទី​ពីរ ក៏ប៉ុន្តែ​លទ្ធផល​បែប​ណា​នោះ មិន​អាច​ឱ្យ​ដឹង​បាន​ឡើយ ព្រោះ​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​។ ម្យ៉ាងវិញទៀត លោក​មិន​អាច​បញ្ជាក់​បាន​ថា តើ​សំណុំ​រឿង​នេះ​នឹង​ត្រូវ​ប្រើ​ពេល​ប៉ុន្មាន​ទៀត ដើម្បី​បិទ​បញ្ចប់​ការស៊ើបអង្កេត និង​ឈាន​ដល់​ការ​បើក​សវនាការ​នោះ​ឡើយ ព្រោះ​នេះ​ជា​ការ​សម្រេច​របស់​តុលាការ៖ «ការ​ពេញលេញ ឬ​មិន​ពេញលេញ អាហ្នឹង​គឺជា​ការយល់ឃើញ​របស់​ប្រជាពលរដ្ឋ និង​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ ក៏ប៉ុន្តែ​ជា​ដំណើរការ​ផ្លូវច្បាប់ វា​នៅ​មាន​សំណុំរឿង​មួយទៀត​ដែល​កំពុង​ដំណើរការ​។ អ៊ីចឹង​សំណុំរឿង​មួយទៀត​មិនទាន់​ត្រូវ​បាន​បិទ​បញ្ចប់​ផង យើង​សន្និដ្ឋាន​យុត្តិធម៌​ពេញលេញ ឬ​មិន​ពេញលេញ​នោះ វា​ដូចជា​មិន​សម​ហេតុ​សម​ផល​តាម​ផ្លូវ​ច្បាប់​ទេ ហើយ​ការ​សន្និដ្ឋាន​ថា មាន​អ្នក​មាន​អំណាច​ពាក់ព័ន្ធ​ហ្នឹង ក៏​រឹតតែ​ជា​ការ​សន្និដ្ឋាន​ដោយ​អយុត្តិធម៌​ទៀត ដោយសារតែ​សំណុំរឿង​មិន​ទាន់​បាន​បំបែក ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​មិនទាន់​ត្រូវ​បាន​រក​ឃើញ»។

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​ក្នុង​ហាង​លក់ទំនិញ​ស្តារម៉ាត (Star Mart) នៃ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ កន្លងទៅ។ អំពើ​ឃាតកម្ម​នេះ បាន​កើតឡើង​រយៈពេល​២ ថ្ងៃ ក្រោយពេល​លោក​ចូលរួម​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី ដើម្បី​បកស្រាយ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness)ស្ដីពី​អាណាចក្រ​ជំនួញ​គ្រួសារ​ត្រកូល "​ហ៊ុន​"។

របាយការណ៍​នោះ​បង្ហាញ​ថា គ្រួសារ និង​សាច់ញាតិ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ធំៗ ​របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន​។ របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា គ្រួសារ​ត្រកូល "​ហ៊ុន​" បាន​កាន់កាប់​ដោយ​ផ្ទាល់ ឬ​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង​២០០ លាន​ដុល្លារ​អាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​យីហោ​ល្បីៗ​ ដូច​ជា Apple Unilever Visa Nestle Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេងទៀត​។ ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ គ្រាន់តែ​ជា​ចំនួន​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​ត្រកូល ហ៊ុន បង្ហាញ​ឱ្យ​ឃើញ​នៅ​ក្នុង​ការ​ចុះ​បញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ប៉ុណ្ណោះ ហើយ​អង្គការ គ្លូបបល វីនេស ជឿជាក់​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើនជាង​នេះ ដែល​មិន​ប្រកាស​ឱ្យ​ដឹង ដោយ​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ផ្សេងៗ ឬ​មាន​អ្នក​ឈរ​ឈ្មោះ​ជំនួស។

បណ្ឌិត កែម ឡី បាន​អះអាង​ថា ការ​រកឃើញ​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ មាន​ភាព​ទុក​ចិត្ត​បាន​លើស​​ពី​ ៩៥% ពីព្រោះ​មាន​ឯកសារយោង​ច្បាស់លាស់​យកចេញ​ពី​ក្រសួង​ពាណិជ្ជកម្ម និង​មាន​ករណី​ជាក់ស្ដែង​នីមួយៗ​។ លោក​ពន្យល់​ថា នៅ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​មេដឹកនាំ​ក្ដោបក្ដាប់​មុខ​ជំនួញ​សំខាន់ៗ​ នៅ​ក្នុង​ប្រទេស​បែបនេះ នឹង​នាំ​ឱ្យ​មាន​ការរំលោភ​អំណាច ការប្រកួតប្រជែង​មិន​ស្មើភាព​គ្នា​ក្នុង​មុខ​ជំនួញ និង​ការ​រំលោភ​ច្បាប់​ជាដើម​។ លោក​បាន​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន បើក​ការ​ស៊ើបអង្កេត និង​ពន្យល់​សាធារណជន​ឱ្យ​បាន​ច្បាស់​អំពី​រឿង​នេះ ក៏ប៉ុន្តែ​កន្លង​ហួស​បានតែ ​២យប់​ប៉ុណ្ណោះ លោក​ក៏​ត្រូវ​បាន​គេ​បាញ់សម្លាប់៖ «របាយការណ៍​នេះ គឺ​គោលបំណង​ជួយ​រដ្ឋាភិបាល​សម្បើម​ណាស់​នៅ​ពេល​ដែល​រដ្ឋាភិបាល​សិក្សា ហើយ​យក​ទៅ​ធ្វើការ​ឆ្លើយតប តាំងពី​របាយការណ៍​លើកទីមួយ ២០០៧។ ខ្ញុំ​ឧទាហរណ៍​ម្តង​ទៀត អាវ​យើង​រហែក ហើយ​គេ​ប្រាប់​ថា វារ​ហែក​អាវ​ហើយ ហើយ​យើង​អត់​ព្រម​យក​ទៅ​ដេរ យើង​ចេះតែ​ពាក់​ទៅ​។ មនុស្ស​នៅ​ក្នុង​ផ្សារ​ឃើញ​អារ​ហែក​ហ្នឹង​រហូត ប៉ុន្តែ​ផ្ទុយទៅវិញ​បើ​គេ​ប្រាប់​ហើយ យើង​យក​មក​ដេរ​ឱ្យ​ជិត​ទៅ ដើរ​ទៅ​គេ​លែង​ឃើញ​ហើយ។ អ៊ីចឹង​វា​ចំណេញ ឬ​ខាត គឺ​ដោយសារតែ​យើង​មិន​ចង់​កែប្រែ​តែ​ប៉ុណ្ណឹង​ទេ»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា បញ្ញវន្ត​ប្រកបដោយ​សមត្ថភាព​រូប​​នេះ​​ប្រហែល​ជា​​មិន​​ត្រូវ​​គេ​​បាញ់​សម្លាប់​ឡើយ ប្រសិនបើ​លោក​មិន​និយាយ​ការពិត​អំពី​បញ្ហា​សង្គម និង​មិន​បកស្រាយ​អំពី​ជំនួញ​រកស៊ី​របស់​ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា​។​

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់ឃើញ​ថា សំណុំ​រឿង​នេះ​មាន​អាថ៌កំបាំង​នៅ​ពីក្រោយ បើ​ពុំ​ដូច្នេះ​ទេ តុលាការ​ប្រាកដជា​អាច​វែកមុខ​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​យក​មក​កាត់ទោស​បាន​។ លោក​ថ្លែង​ទៀត​ថា តុលាការ​​កម្ពុជា​កំពុងតែ​ប្រមាថ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​អ្នក​គោរព​វីរភាព​បណ្ឌិត កែម ឡី តាមរយៈ​ការ​កាត់ទោស​ត្រឹម​បុគ្គល ជួប សម្លាប់ តែ​ម្នាក់ ហើយ​ឆ្លើយ​ឱ្យ​រួចពីមាត់​ថា កំពុង​ស៊ើបអង្កេត​បន្ត​ទៀត៖ «ចំពោះ​ខ្ញុំ គឺ​ខកចិត្ត​ខ្លាំង​មែនទែន​ចំពោះ​តុលាការ ព្រោះ​​សំណុំ​រឿង​នេះ​កើតឡើង​តាំងពី​ឆ្នាំ​២០១៦ ហើយ​មកដល់ពេលនេះ​តុលាការ​នៅតែ​មិនទាន់​បំបែកសំណុំរឿង​ក្តី​ហ្នឹង​បាន​ទៀត​។ បំបែក​បាន​ត្រឹម​តែ​អ្នកទទួលខុសត្រូវ​តែ​ម្នាក់ គឺ អឿត អាង ហៅ ជួប សម្លាប់ ហ្នឹង​។ វា​មិន​គ្រប់គ្រាន់​សម្រាប់​អ្វី​ដែល​​ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន​នោះ​ទេ ហើយ​នេះ​គឺជា​ការ​បង្ហាញ​អំពី​អសមត្ថភាព​របស់​តុលាការ​។ មិន​ត្រឹមតែ​អសមត្ថភាព​ទេ គឺ​បង្ហាញ​អំពី​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប្រសិនបើ​មិន​មាន​ឯករាជ្យ​បែប​ហ្នឹង​ថា តើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សង្ឃឹមលើ​តុលាការ​ប្រទេស​កម្ពុជា​យ៉ាង​ដូចម្ដេច ?»។

អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ត្រូវតែ​ហ៊ាន​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​កាត់ទោស ទោះ​ជន​នោះ​ជា​អ្នកណា​ក៏ដោយ ដើម្បី​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ជូន​ជនរងគ្រោះ និង​បញ្ចៀស​ការរិះគន់​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដ៏​រសើប​មួយ​នេះ​។ ពួកគេ​ក៏​ស្នើ​ដល់​យុវជន និង​បញ្ញវន្ត​ដទៃ​ទៀត ឱ្យ​ចងចាំ​វីរភាព​របស់​បណ្ឌិត កែម ឡី និង​ហ៊ាន​និយាយ​ការពិត​អំពី​បញ្ហា​សង្គម ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។