តុលាការក្រុងភ្នំពេញសម្រេចលើកពេលជំនុំជម្រះរឿងក្តីសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ ១២០នាក់ ទៅខែមករា និងខែមីនា ឆ្នាំ២០២១ខាងមុខ។ មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលសវនាការថា ការបំពេញការងាររបស់តុលា ការមានភាពថ្លោះធ្លោយ ឬកំហុសឆ្គងមួយចំនួនដូចជាបញ្ចូលលេខសំណុំរឿងខុស ហើយដីកាខ្លះខុសឈ្មោះ និងជនជាប់ចោទខ្លះមិនទទួលបានដីកាកោះពីតុលាការនោះទេ។
យ៉ាងហោចណាស់មានមនុស្សជាង ៣០នាក់រួមមាន៖ មន្ត្រី សកម្មជន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងអ្នកធ្វើការងារសង្គមដែលត្រូវតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះ បានចូលបំភ្លឺនៅតុលាការ តាមដីកានៅថ្ងៃទី២៦ ខែវិច្ឆិកា។
មេធាវីម្នាក់ការពារក្ដីក្នុងសំណុំរឿងនេះ លោក ឡោ ជុនធី ឱ្យដឹងថា ក្នុងចំណោមមនុស្សដែលតុលាការចោទប្រកាន់ ក្នុងនោះមានកូនក្ដីរបស់លោកចំនួន ១២នាក់។ លោកឱ្យដឹងថា តាមការកត់សម្គាល់របស់លោក សវនាការថ្ងៃនេះមានជនជាប់ចោទជាង ៣០នាក់ចូលបំភ្លឺ ក្នុងនោះមានជនជាប់ឃុំពីរនាក់ផងដែរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ។ មេធាវីរូបនេះឱ្យដឹងទៀតថា សវនការថ្ងៃដំបូងនេះមិនទាន់ជជែកស៊ីជម្រៅនៅឡើយទេ គឺមានការជជែកត្រឹមបញ្ហាកោះហៅ ការពឹងពាក់មេធាវី និងសំណើបញ្ចូលសំណុំរឿង។ លោកថា ក្រុមមេធាវីបានស្នើទៅតុលាការលើកពេលសវនាការ ដើម្បីឲ្យក្រុមមេធាវីពិនិត្យសំណុំរឿងឡើងវិញនិងទំនាក់ទំនងជាមួយកូនក្ដី ហើយតុលាការសម្រេចដាក់កាលបរិច្ឆេទលើក ទៅថ្ងៃទី១៤ ខែមករា និងថ្ងៃ៤ ខែមីនា ឆ្នាំ២០២១ខាងមុខ៖ «សវនាការព្រឹកមិញនេះ យើងបានសម្របសម្រួលគ្នាទៅរលូន យើងអត់មានប្រទាំងប្រទើសគ្នាទេ យើងជជែកគ្នាម៉ាព្រឹកបានស្រុះស្រួលគ្នាថា បញ្ចូលសំណុំរឿងតែពីរសំណុំរឿងវិញ ហើយសម្រេចដាក់បរិច្ឆេទត្រឹមត្រូវ»។
ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ប្រាប់សារព័ត៌មានក្នុងស្រុក(VOD) ថា មានជនជាប់ចោទចំនួន ៣៤រូបបានចូលរួមឆ្លើយបំភ្លឺនៅក្នុងសវនាការ។
រីឯពលរដ្ឋមកពីខេត្តបាត់ដំបង លោក ឡី សុខុន ដែលត្រូវចូលបំភ្លឺនៅតុលាការដែរនោះ ឱ្យអាស៊ីសេរីដឹងថា តុលាការមិនទាន់សួរដេញដោលអ្វីលោកនោះទេ គ្រាន់តែតុលាការបានឈ្មោះលោកនិងពន្យល់ពីនីតិវិធីច្បាប់ដល់លោក។ លោកថា មកដល់ពេលនេះលោកនៅតែមិនទាន់ដឹងថា ខ្លួនលោកក្បត់ជាតិ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដោយរបៀបណានោះទេ៖ «ដល់ពន្យល់ពីនីតិវិធីច្បាប់ហើយទាញអង្គហេតុជាមួយមេធាវីរបស់ខ្ញុំខ្លះៗ ដើម្បីលើកពេលវេលាហើយប្រមែប្រមូលសំណុំរឿងពួកខ្ញុំយកមកសិក្សាឱ្យបានច្បាស់លាស់»។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា សង្កេតឃើញថា សវនាការថ្ងៃនេះមិនទាន់ទទួលបានលទ្ធផលអ្វីជាដុំកំភួននៅឡើយទេ ដោយពេលចាប់ផ្ដើមដំបូងមានការខ្ទាស់គ្នារវាងមេធាវី និងព្រះរាជអាជ្ញា។ លោកថា ព្រះរាជអាជ្ញាទាមទារឱ្យច្របាច់សំណុំរឿងចំនួន៤ ឱ្យមកត្រឹមតែពីរ ប៉ុន្តែមេធាវីការពារជនជាប់ចោទជំទាស់។ លោកថា ក្រោយការជជែកគ្នាទើបមានការឯកភាពបញ្ចូលសំណុំរឿងពី៤ មកត្រឹម ២សំណុំរឿងតាមសំណើរបស់ព្រះរាជអាជ្ញា។ លោកថា ដោយសារភាគីពាក់ព័ន្ធមិនទាន់ជជែកដេញដោលគ្នានៅឡើយ ទើបតុលាការសម្រេចលើកសវនាការនេះ ទៅជំនុំជម្រះនៅឆ្នាំ២០២១ខាងមុខ៖ «ដោយសារអីដែលខ្ញុំមានមិនច្បាស់ហើយអាចមានភាពមិនប្រក្រតីតាមនីតិវិធី គឺតុលាការដែលជនចោទខ្លះអញ្ជើញមកតុលាការហ្នឹងគាត់ទទួលកោះទេ គាត់គ្រាន់តែបានលឺគេថា ឬក៏បានដឹងដំណឹងថា មានសវនាការនៅថ្ងៃហ្នឹងអីដឹងតៗគ្នាអីគាត់មក បើតាមនីតិវិធីគេថា ជនជាប់ចោទត្រូវទទួលបានដីកាកោះ»។
មន្ត្រីសិទ្ធិមនុស្សដដែលឱ្យដឹងទៀតថា តាមការសង្កេតរបស់លោកមានជនជាប់ចោទចំនួន ៣៣នាក់បានចូលបំភ្លឺនៅតុលាការ ដែលក្នុងនោះមានមេធាវីការពារជនជាប់ចោទចំនួន ៨នាក់ ហើយមេធាវី០៦នាក់ផ្ដល់ដោយគណៈមេធាវី និង ២រូបទៀត ជាមេធាវីជនជាប់ចោទពឹងពាក់គឺលោកមេធាវី សំ សុគង់ និងមេធាវី ឡោ ជុនធី។
លោក នី សុខា សង្កេតឃើញថា សំណុំរឿងយ៉ាងធំនេះមានភាពចន្លោះប្រហោង ឬភាពខ្វះចន្លោះរបស់តុលាការដូចជាការចេញដីកាខុសឈ្មោះ ខុសអាសយដ្ឋាន ហើយអ្នកខ្លះចូលបំភ្លឺទាំងគ្មានដីកាពីតុលាការ។
ក្រុមប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជាង ៣០០នាក់ដែលមិនជាប់ក្តីក្តាំបាននាំគ្នាទៅតាមដានដំណើរការក្តីនេះ។ ប៉ុន្តែអាជ្ញាធរបានដាក់ពង្រាយកងសន្តិសុខ និងប៉ូលិសជាច្រើននាក់ មិនឱ្យពួកគេប្រមូលផ្ដុំគ្នា និងផ្ដល់កម្លាំងចិត្តដល់សកម្មជនគណបក្សប្រឆាំងនៅមុខតុលាការនោះឡើយ។

មេធាវីអន្តរជាតិ និងជាស្ថាបនិកមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរដែលមិនមែនជាសមាជិករបស់គណបក្សសង្គ្រោះជាតិ កញ្ញា សេង ធារី ឱ្យអ្នកសារព័ត៌មានដឹងក្រោយចូលបំភ្លឺថា តុលាការមិនគួរបន្តនីតិវិធីតទៀតទេ ដោយគួរទម្លាក់ចោលការចោទលើកញ្ញា និងអ្នកផ្សេងទៀត៖ «អត់នឹកស្មានដល់ថា មានទូតច្រើនចូលរួមនេះឆ្លុះបង្ហាញថា ចលនាអន្តរជាតិឆ្លុះបង្ហាញពីលើស្រុកខ្មែរ ហើយដាក់សម្ពាធលើរបបនេះ និងជួយការពារខ្ញុំនិងអ្នកផ្សេងទៀតផង ព្រោះនេះគ្រាន់តែឆាកនយោបាយទេ»។
រីឯសមាជិកព្រឹទ្ធសភាជាប់ឆ្នោតគណបក្សប្រឆាំង និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ឱ្យអ្នកសារព័ត៌មានដឹងក្រោយចេញពីតុលាការថា លោកនៅតែប្រកាសមិនទទួលយកការចោទប្រកាន់របស់តុលាការឡើយ ដោយលោកអះអាងថា លោកមានឈាមជ័រខ្មែរក្រោមជាអ្នកស្នេហាជាតិ មិនមែនអ្នកក្បត់ជាតិទេ៖ «មកនេះអត់ដឹងថា ខ្ញុំមានទោសអីខុសអីចង់ដឹងដែរថា តើខុសអី ? បើផ្សំគិតក្បត់ខ្ញុំមិនដឹងថា ឥឡូវស្រុកខ្មែរអ្នកណាក្បត់ ហើយខ្ញុំផ្សំគំនិតជាមួយអ្នកណា ? ហើយក្បត់អ្នកណា ? បើក្បត់ខ្មែរមានចូលជាមួយបរទេស»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានចេញសេចក្ដីថ្លែងការណ៍ចាត់ទុកការជំនុំជម្រះក្ដីទ្រង់ទ្រាយធំទៅលើសកម្មជនគណបក្សសង្គ្រោះជាតិទំនងជាកើតចេញពីហេតុផលនយោបាយ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវដែលបានបង្កើតឡើងយ៉ាងរឹងមាំដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ អ្នកស្រីបានបន្ថែមទៀតថា ដំណើរក្តីរបស់តុលាការទំនងជាផ្នែកមួយនៃយុទ្ធសាស្ត្របំភិតបំភ័យ និងបំបាក់មុខគូប្រជែងរបស់រដ្ឋាភិបាល។ អ្នកស្រីសម្ដែងក្ដីកង្វល់យ៉ាងខ្លាំងអំពីការជំនុំជម្រះក្តីទ្រង់ទ្រាយធំមួយដែលនឹងកើតមានទៅលើបុគ្គលមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ។
មន្ត្រីសិទ្ធិមនុស្សលោក នី សុខា សង្កេតឃើញថា សំណុំរឿងចោទប្រកាន់បទឧក្រិដ្ឋ និងការប៉ុនប៉ងបើកការជំនុំជម្រះទ្រង់ទ្រាយធំដ៏ស្មុគស្មាញនេះ និងអាចប៉ះពាល់ដំណើរការទទួលបានយុត្តិធម៌របស់ជនជាប់ចោទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។