ប្រព័ន្ធឃោសនាលោក ហ៊ុន សែន ផ្សាយព័ត៌មានខ្វែងគ្នា រឿងបញ្ជីខ្មៅសមាជិកសភាអឺរ៉ុប ៦រូប។ ការផ្សាយព័ត៌មានខ្វែងគ្នានេះ កើតមានឡើង ក្រោយអ្នកនាំពាក្យ នៃក្រសួងការបរទេសនៃរបបលោក ហ៊ុន សែន បន្តបិទបាំងព័ត៌មាន រឿងហាមឃាត់សិទ្ធិមន្ត្រីបរទេស ដែលសន្យាថា នឹងអមដំណើរលោក សម រង្ស៊ី វិលទៅកម្ពុជាវិញ។
ប្រព័ន្ធឃោសនាលោក ហ៊ុន សែន the Swift News កាលពីថ្ងៃទី២៤ ខែ កក្កដា ផ្សាយលិខិតរបស់ក្រសួងការបរទេស ដោយភ្ជាប់ជាមួយរូបថត សមាជិកសភាអឺរ៉ុបទាំង ៦ រូប ដែលរបបនេះ ដាក់ក្នុងបញ្ជីខ្មៅ មិនឱ្យចូលប្រទេសកម្ពុជា ដោយសារតែអ្នកទាំងនោះ ប្រកាសអមដំណើរមាតុភូមិនិវត្តន៍ របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី។
ប៉ុន្តែ សារព័ត៌មាន the Fresh News ឯណោះវិញ ផ្សាយជំហរអ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ ដែលចោទថា ព័ត៌មានដែលវិទ្យុអាស៊ីសេរី ផ្សាយអំពីលិខិតនេះ តាំងពីថ្ងៃទី១៧ ខែ កក្កដានោះ ថា ជាព័ត៌មានបំភ្លៃ។
ក្រសួងការបរទេស កាលពីថ្ងៃទី១៥ ខែកក្កដា បានចេញលិខិតបង្គាប់មួយ ទៅស្ថានទូត និង ស្ថានតំណាងខ្មែរនៅក្រៅប្រទេសទាំងអស់ កុំឱ្យចេញទិដ្ឋាការ ដល់ជនបរទេសទាំងឡាយណា ដែលមានបំណងគាំទ្រ ឬការពារប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងមន្ត្រីបក្សនេះ ដែលតុលាការរបបនេះផ្ដន្ទាទោស ឬកំពុងជាប់ទោសដោយសាលដីកា។
ទោះបីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រកែកតាមប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ថាមិនបានចេញលិខិតរឹតត្បិតទិដ្ឋាការ ដល់សមាជិកសភាអឺរ៉ុបទាំងអស់នោះក្តី ក៏មន្ត្រីទូតខ្មែរនៅចក្រភពអង់គ្លេស ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៧ ខែ កក្កដា ថា ខាងស្ថានទូតខ្មែរនៅទីនោះ ពិតជាបានទទួលលិខិតរបស់ក្រសួងការបរទេស ចុះថ្ងៃទី១៥ ខែកក្កដា អមដោយបញ្ជីឈ្មោះអ្នកទាំង ៦ រូប ដែលត្រូវដាក់ក្នុងបញ្ជីអ្នកដែលមិនត្រូវផ្ដល់ទិដ្ឋាការ ឱ្យចូលកម្ពុជាទាំងនេះនោះមែន។
ជនបរទេសទាំងប្រាំមួយរូប ដែលស្ថិតក្នុងបញ្ជីខ្មៅ រួមមានលោក ហ្វៀល ប៊ិននៀន (Phil Bennion) ជនជាតិអង់គ្លេស អ្នកស្រី អាណា ហ្គោម៉េស (Ana Gomes) ជនជាតិព័រទុយហ្គាល់ (Portugal) លោក អៀលហាន យូឈុក (Ilhan Kyuchyuk) ជនជាតិប៊ុលហ្គារី (Bulgaria) លោក យ៉ូហាណេះ ឃនេលីស វ៉ាន់បាឡិន (Johannes Cornelis van BAALEN) ជនជាតិហុល្លង់ (Netherlands) អ្នកស្រី អាបៀ អាល់សាឡានី (Abir Al Sahlani) ជនជាតិស៊ុយអែត និង លោក ហាវ្យែរ ណាត (Javier Nart) ជនជាតិអេស្ប៉ាញ។ អ្នកទាំងនេះ សុទ្ធតែបានប្រកាសជាសាធារណៈ ថា ត្រៀមខ្លួនជាស្រេច ដើម្បីអមដំណើរលោក សម រង្ស៊ី ត្រឡប់ទៅកម្ពុជាវិញ។
នៅមុនចេញលិខិតនេះ លោក ហ៊ុន សែន ក៏បានថ្លែងនៅមុខមន្ត្រីគណបក្សប្រជាជន និងអ្នកគាំទ្របក្សកាន់អំណាច នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អំពីគម្រោងនៃរបបក្រុងភ្នំពេញ ក្នុងការរាំងខ្ទប់មន្ត្រីបរទេសទាំងនោះ មិនឱ្យចូលទៅស្រុកខ្មែរ ដោយសារតែហ៊ានប្រកាសអមដំណើរលោក សម រង្ស៊ី៖ «ហើយឥឡូវស្អី មានអ្នកណា តំណាងរាស្ត្រ ៦នាក់ អមដំណើរអាណាចូលស្រុក ... ខ្ញុំបញ្ជាក់រឿងនេះបន្តិច ចំពោះជនបរទេស ធម្មតា អ្នកឯងត្រូវសុំវីសា ( ទិដ្ឋាការ ) ។ បើខ្ញុំមិនឱ្យអ្នកឯងចូលមើល ? សាកលមើល ? ឥឡូវសូមអញ្ជើញ តំណាងរាស្ត្រមកប៉ុន្មាន ជូនទៅ ខ្ញុំអត់ធ្វើអីតំណាងរាស្ត្រ តែសុំវៃវីសារឱ្យហើយ ចាំចូល។ បញ្ជូនឈ្មោះមក គឺស្រួលឱ្យយើងទេ។ ទូតនានានៅតាមប្រទេសនានា គេវៃឈ្មោះតំណាងរាស្ត្រនេះ នៅប្រទេសនេះ ស្រួលហើយ ឃើញឈ្មោះហ្នឹង កុំឱ្យវីសា»។
មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន កាលពីថ្ងៃទី២០ ខែកក្កដា ក៏បញ្ជាក់ការគាំទ្រខ្លឹមសារលិខិតនោះ និងថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ ក្នុងការដាក់សមាជិកសភាអឺរ៉ុបទាំងនោះ ទៅក្នុងបញ្ជីខ្មៅ ដោយហាមឃាត់ការធ្វើដំណើរទៅកម្ពុជា ព្រោះបុគ្គលទាំងនោះ ត្រូវចាត់ទុកថា ជាជនដែលមិនត្រូវបានទទួលស្វាគមន៍ ឬ ភាសាឡាតាំងថា Persona non grata៖ «ក្នុងច្បាប់អន្តរជាតិ គេមាននិយាយ អាហ្នឹង non grata ។ សាមញ្ញបំផុត កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមានសិទ្ធិគ្រប់គ្រាន់ ចង់ឱ្យអ្នកណាមកទទួលស្វាគមន៍ ហើយក៏មានសិទ្ធិមិនស្វាគមន៍បុគ្គលណាមួយដែរ»។
ទោះបីរបបលោក ហ៊ុន សែន ព្យាយាមបិទបាំង អំពីលិខិតហាមឃាត់សិទ្ធិធ្វើដំណើររបស់ជនបរទេស ដែលប្រកាសគាំទ្រមន្ត្រីបក្សប្រឆាំង យ៉ាងណាក្តី មន្ត្រីនាំពាក្យនៃក្រសួងការបរទេសរបបនេះដដែល ថ្លែងប្រាប់ប្រព័ន្ធឃោសនារបបនេះ គឺសារព័ត៌មាន the Fresh News កាលពីថ្ងៃទី២៤ ខែកក្កដា ដោយទទួលស្គាល់ថា ក្រសួងការបរទេស ពិតជាបានចេញសេចក្ដីណែនាំ ទៅគ្រប់ស្ថានតំណាង របស់ខ្លួននៅក្រៅប្រទេសឱ្យរឹតបន្តឹងការផ្ដល់ទិដ្ឋាការដល់ជនបរទេសទាំងនោះពិតមែន ប៉ុន្តែ ស្វាគមន៍គ្រប់ជនបរទេសទាំងអស់ដែលមកស្រុកខ្មែរ ដែលមិនគាំទ្រ ឬការពារមន្ត្រីបក្សប្រឆាំង ដែលរបបនេះបានកាត់ទោសនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។