មេ​យោធា​ដើរ​ប្រាប់​កងទ័ព​ឱ្យ​ត្រៀម​កម្ចាត់​លោក សម រង្ស៊ី ក្រោយ​មាន​បញ្ជា​ពី​មេដឹកនាំ​របប​ភ្នំពេញ

0:00 / 0:00

មេទ័ព​កម្ពុជា​បាន​ដើរ​ប្រាប់​កងទ័ព​នៅ​តាម​បណ្ដា​ភូមិភាគ​មួយ​ចំនួន​ឱ្យ​ត្រៀមខ្លួន​កម្ចាត់ លោក សម រង្ស៊ី ប្រសិនបើ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ហ៊ាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។ អ្នកវិភាគ​ថា នេះ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ឡើយ។

អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន បាន​ប្រាប់​កងទ័ព​នៅ​តាម​ភូមិភាគ​មួយ​ចំនួន​ថា មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី កំពុង​មាន​គំនិត​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល និង​ប្រមាថ​ព្រះមហាក្សត្រ​។ លោក​បញ្ជា​ឱ្យ​កងទ័ព​ចូលរួម​អនុវត្ត​ច្បាប់​លើ​លោក សម រង្ស៊ី ប្រសិនបើ​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រូប​នេះ ឈាន​ជើង​ចូល​ទឹកដី​កម្ពុជា។

លោក វង្ស ពសេន ថ្លែង​បែបនេះ​ទៅ​កាន់​នាយទាហាន និង​ពលទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ត្បូងឃ្មុំ យោធភូមិភាគ​ទី​១ និង​យោធភូមិភាគ​ទី​៤ នៅ​ថ្ងៃ​ទី​១៧ និង​១៨ តុលា នៅ​ពេល​លោក​តំណាង​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ចុះ​ចែក​អាវ​រងា​ដល់​កងទ័ព​នៅ​តាម​បន្ទាយ​នីមួយៗ។ ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​របប​ក្រុងភ្នំពេញ ចុះផ្សាយ​ថា អគ្គមេបញ្ជាការ​កងទ័ព​រូប​នេះ​បាន​បញ្ជា​ឱ្យ​កងកម្លាំង​ទាំងអស់ ត្រៀមលក្ខណៈ​គ្រប់​ពេល​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​នៅ​ពេល​ខាងមុខ។

ការ​ចុះ​ទៅ​ជួប និង​ដាក់​បញ្ជា​ឱ្យ​កងទ័ព​ត្រៀម​កម្ចាត់​លោក សម រង្ស៊ី ពី​សំណាក់​ប្រមុខ​កងទ័ព​ជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ បាន​ដាក់​បញ្ជា​ផ្ទាល់មាត់​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ប្រុងប្រៀប​ចេញ​បង្ក្រាប​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រកាស​វិល​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាង​មុខ។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ថ្លែង​ថា នេះ​ជា​ការ​ប្រើប្រាស់​កងទ័ព​ខុស​ទិសដៅ និង​ខុស​តួនាទី​។ លោក​យល់ថា សកម្មភាព​របស់​លោក វង្ស ពិសេន បង្ហាញ​ថា របប​ក្រុងភ្នំពេញ​កំពុង​ប្រុង​ជើងការ​ខ្ពស់ ដើម្បី​ត្រៀម​ទប់​ទល់នឹង​កម្លាំង​មហាជន​ដែល​ចង់​ទៅ​ទទួល​លោក សម រង្ស៊ី ហើយ​ដែល​ជា​គំរាមកំហែង​ដល់​អំណាច​លោក ហ៊ុន សែន​។ លោក​សង្កត់ធ្ងន់​ថា ប្រសិនបើ​កងទ័ព​ចេញ​បង្ក្រាប​ក្រុម​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បញ្ជា​របស់​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​មែន នោះ​នឹង​ក្លាយ​ជា​សោកនាដកម្ម​សម្រាប់​ប្រជាជាតិ​ខ្មែរ ហើយ​និង​ជា​អំពើ​ឧក្រិដ្ឋ​ដែល​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ស្អប់ខ្ពើម៖ «ការដែល​មិន​ប្រកាស​ប្រទេស​ឱ្យ​ស្ថិត​នៅ​ក្នុង​គ្រាអាសន្ន​របៀប​នេះ ហើយ​បែរជា​ប្រើ​កងទ័ព​ដោយ​អត់​មាន​របត់​ណាមួយ​ដែល​ត្រូវ​ប្រើ​កងទ័ព​សោះ មានន័យថា អ្នក​ដែល​ចូល​ទៅ​ស្រុក ប្រសិនបើ​មាន​វត្តមាន​ចូល​មែន គ្រាន់តែ​ឈ្មោះ​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ស្រុក​ខ្មែរ​ខ្លួនឯង ជា​សិទ្ធិ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ វា​ជា​ឧក្រិដ្ឋ​មួយ​ដោយ​បំណង​។ វា​ជា​អំពើ​ដែល​ប្រជារាស្ត្រ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​មិន​អាច​អនុគ្រោះ លើកលែង​ឱ្យ​បាន​ទេ»។

ទោះជា​យ៉ាងណា ក្រសួង​ការពារ​ជាតិ​បាន​អះអាង​ថ្មីៗ​នេះ​ថា ការប្រកាស​ឱ្យ​កងទ័ព​ត្រៀម​កម្ចាត់​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី គឺជា​បទបញ្ជា​ដ៏​ត្រឹមត្រូវ ព្រោះ​កងទ័ព​មាន​កាតព្វកិច្ច​ការពារ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ហើយ​គម្រោង​មាតុភូមិនិវត្តន៍​របស់​ក្រុម​លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុកថា ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ។

អ្នកវិភាគ​នយោបាយ​ចាស់​វស្សា បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា ការសម្រេច​ប្រើប្រាស់​កងទ័ព​ជាតិ​សម្រាប់​ស្ថានភាព​បែបនេះ ត្រូវតែ​ឆ្លងកាត់​តាម​ឧត្តមក្រុមប្រឹក្សា​ការពារ​ជាតិ ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះប្រធាន​។ លោក​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​ប្រើ​កម្លាំង​ទ័ព​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ត្រូវតែ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ជាមុន​សិន ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​គោលការណ៍​នីតិរដ្ឋ និង​សិទ្ធិមនុស្ស៖ «ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​មាន ហើយ​ច្បាប់​ស្ដីពី​ឧត្តមក្រុមប្រឹក្សា​ការពារ​ជាតិ​ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះប្រធាន និង​សម្ដេច​តេជោ​ជា​អនុប្រធាន ប៉ុន្តែ​ទម្លាប់​មក គឺ​ចេះតែ​សម្រេច​សឹងតែ​ថា រដ្ឋមន្ត្រី ឬក៏​មេទ័ព​គាត់​សម្រេច​អ៊ីចឹង​ទៅ​។ អាហ្នឹង​យើង​អត់​មាន​មូលដ្ឋាន​ច្បាប់»។

របប​លោក ហ៊ុន សែន បាន​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ខ្លាំង ក្រោយ​ពេល លោក សម រង្ស៊ី បាន​ប្រកាស​ពី​គម្រោង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាងមុខ​។ អាជ្ញាធរ​បាន​ចោទប្រកាន់ និង​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​រាប់រយ​នាក់​ដោយ​ចោទ​ពី​បទ​រួមគំនិត​ក្បត់ ហើយ​បង្ខំ​ឱ្យ​សកម្មជន​ដទៃ​ទៀត​ចូល​សារភាព​ដើម្បី​រួច​ផុត​ពី​ការ​ចោទប្រកាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។