ទ្រព្យសម្បត្តិកាន់តែច្រើនឡើងបន្ថែមទៀតនៅពាសពេញពិភពលោក របស់មន្ត្រីជាន់ខ្ពស់ និងក្រុមគ្រួសារអ្នកកាន់អំណាច នៃរបបលោក ហ៊ុន សែន ត្រូវបានលាតត្រដាងជាសាធារណៈ តាមរយៈការស្រាវជ្រាវរបស់ស្ថាប័នព័ត៌មានអាស៊ីសេរី និងផ្នែកស៊ើបអង្កេតនៃប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ អ្នកសិក្សាស្រាវជ្រាវផ្នែកអំពើពុករលួយឆ្លងដែន ថាការកើនទ្រព្យរបស់ពួកអភិជនខ្មែរ នៅក្រៅប្រទេស បង្ហាញពីការមិនទុកចិត្តរបបសព្វថ្ងៃ។
ក្នុងរយៈពេលពីរទសវត្សរ៍ ចុងក្រោយនេះ ក្រុមគ្រួសារក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទិញផ្ទះសម្បែង និងទ្រព្យសម្បត្តិយ៉ាងសម្បើម ប៉ុន្តែទិញយ៉ាងស្ងាត់ៗ នៅក្រៅប្រទេស ដែលមានតម្លៃរាប់លានដុល្លារ។ អចលនទ្រព្យរបស់មនុស្សបក្សកាន់អំណាចទាំងនេះ មាននៅពាសពេញពិភពលោក ប៉ុន្តែ ទើបតែត្រូវបានរកឃើញក្នុងពេលថ្មីៗនេះតែប៉ុណ្ណោះ។ ចាប់ពីពេលនេះ វិទ្យុអាស៊ីសេរី នឹងផ្សព្វផ្សាយព័ត៌មាន ជាបន្តបន្ទាប់អំពីចំនួនអចលនទ្រព្យ និងទ្រព្យសម្បត្តិនៅក្រៅប្រទេស របស់គ្រួសារអភិជន នៃក្រុមអ្នកកាន់អំណាចទាំងនេះ។
ការទិញផ្ទះទាំងនេះ អាចជាមធ្យោបាយសម្រាប់ថែរក្សាទ្រព្យ និងវិធីលាងលុយ ដែលបានពីអំពើទុច្ចរិត។ ទ្រព្យទាំងនេះ ក៏អាចជាទីស្នាក់អាស្រ័យ ដែលមានសុវត្ថិភាព សម្រាប់ថ្ងៃអនាគត ប្រសិនបើរបបលោក ហ៊ុន សែន សព្វថ្ងៃដួលរំលំ។
ក្រោយរចនាសម្ព័ន្ធខ្មែរក្រហម ដួលរលំជាស្ថាពរក្នុងឆ្នាំ ១៩៩៧ សេដ្ឋកិច្ចកម្ពុជា បានកើនឡើង ៨ ដង។ ជាមួយគ្នានេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ ក៏កើនទ្រព្យ ដូចជាផ្ទះសម្បែងនៅក្រៅប្រទេស យ៉ាងច្រើនសន្ធឹកណាស់ដែរ។ ស្របពេលដែលមន្ត្រីជាន់ខ្ពស់ និងក្រុមគ្រួសារមានទ្រព្យមហាសាល រហូតសល់លុយទិញអចលនទ្រព្យនៅក្រៅប្រទេស តម្លៃរាប់លានដុល្លារ ប្រជាពលរដ្ឋខ្មែរប្រហែល ៣៥% រស់នៅក្រោមបន្ទាត់ក្រីក្រ។
ផ្ទុយស្រឡះពីអ្វី ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា គ្មានកូនចៅ សាច់សាលោហិត ឬមន្ត្រីណារបស់លោក ល្ងង់យកលុយទៅទុកនៅបរទេស អាស៊ីសេរី កាលពីចុងឆ្នាំ ២០១៩ កន្លងទៅនេះ បានរកឃើញទ្រព្យសម្បត្តិដ៏សម្បើមរបស់ក្មួយស្រីបង្កើតរបស់លោក ហ៊ុន សែន គឺលោកស្រី ហ៊ុន ចន្ថា ដែលជាកូនស្រីរបស់លោក ហ៊ុន ណេង ដែលជាបងប្រុសរបស់លោក ហ៊ុន សែន។ លោកស្រី ហ៊ុន សែន ដែលជាអតីតភរិយារបស់លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់អតីតស្នងការនគរបាលជាតិលោក ហុង ឡងឌី បានទិញផ្ទះតម្លៃ ៥លានដុល្លារនៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ គ្រួសារត្រកូលហ៊ុន នេះមានប្រាក់វាល់លានដុល្លារ បណ្ដាក់ទុនទិញលំនៅឋាន និងកំពុងសប្បាយនឹងជីវិតដ៏ឆើតឆាយហ៊ឺហានៅក្រៅប្រទេស។ លំនៅឋានតម្លៃ ៥ លានដុល្លារនោះ ជាទីកន្លែងដែលលោកស្រី ហ៊ុន ចន្ថា ប្រើប្រាស់ជាទីតាំងសម្រាប់ប្រែធាតុដើមរបស់លោកស្រី ចេញពីរង្វង់សែស្រឡាយអ្នកលួចជាតិ រួចផ្សាភ្ជាប់ខ្លួនទៅក្នុងសង្គមអភិជននៃប្រទេសលោកខាងលិច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងឆ្លើយតបទៅនឹងអ្នករិះគន់ថា លោកគ្មានទ្រព្យសម្បត្តិលាក់ទុកនៅក្រៅប្រទេសទេ ហើយថាបើមន្ត្រីណាយកទ្រព្យរបស់ខ្លួន ទៅលាក់ទុកនៅក្រៅប្រទេសគឺជាមនុស្សភ្លើ <<ខ្ញុំមានសញ្ជាតិតែមួយទេ។ មន្រ្តីរដ្ឋាភិបាលប៉ុន្មាននាក់ទៅ មន្រ្តីគណបក្សប្រជាជនមានប៉ុន្មាននាក់ទៅ ដែលមានទ្រព្យសម្បត្តិនៅក្រៅប្រទេស? អើ! បើភ្លើណាស់យកទៅទុកនៅហ្នឹងទៅ!>>។ ទោះជាយ៉ាងណា យោងតាមឯកសារដែលអាស៊ីសេរី ទទួលបាន គឺកូនៗរបស់លោក ហ៊ុន សែន ៤នាក់ បានទិញផ្ទះរួមគ្នាមួយស្ថិតនៅជាយក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០០ បើទោះជាផ្ទះនោះ បានលក់ទៅវិញហើយក៏ដោយចុះ។
កូនៗ ទាំងបួននាក់របស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលពេលនោះមានអាយុ ២៣ឆ្នាំ អ្នកស្រី ហ៊ុន ម៉ាណា ពេលនោះ អាយុ ២០ឆ្នាំ លោក ហ៊ុន ម៉ានិត ពេលនោះ អាយុ ១៩ឆ្នាំ និងលោក ហ៊ុន ម៉ានី ដែលពេលនោះមានអាយុមិនទាន់គ្រប់ ១៨ឆ្នាំស្រួលបួលផង ពួកគេបានទិញផ្ទះនោះរួមគ្នា ក្នុង តម្លៃ ៥សែន ៥ម៉ឺនដុល្លារអាមេរិក(៥៥០.០០០)។ ការទិញផ្ទះនៅពេលនោះ គឺធ្វើឡើងនៅពេលដែលកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត កំពុងសិក្សាថ្នាក់អនុបណ្ឌិតឆ្នាំទី២ ផ្នែកសេដ្ឋកិច្ចនៃសកលវិទ្យាល័យទីក្រុងញូវយក។

ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ABCផ្សាយកាលពីខែតុលា ឆ្នាំ២០១៨ ថា កូនប្រសាលោក ហ៊ុន សែន គឺលោក ឌី វិជ្ជា ដែលជាអគ្គស្នងការរងនគរបាលជាតិ និងជាប្តីរបស់កូនស្រីច្បងរបស់លោក ហ៊ុន សែន គឺលោកស្រី ហ៊ុន ម៉ាណា មានផ្ទះតម្លៃប្រហែល ១.៥ លានដុល្លារនៅប្រទេសអូស្ត្រាលី ហើយក្រុមហ៊ុនរបស់លោក ឌី វិជ្ជា ទើបតែលក់ឃ្លាំងមួយមានតម្លៃជាង ៥លានដុល្លារ កាលពីខែឧសភា ក្នុងឆ្នាំ២០១៨នោះ។
សារព័ត៌មានដដែល បានរកឃើញថា ក្មួយលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ទិញផ្ទះតម្លៃប្រហែល ១.៣ លានដុល្លារ នៅអូស្ត្រាលីដែរ។ ប្រពន្ធរបស់លោក ហ៊ុន តូ មានទ្រព្យមួយកន្លែងទៀតតម្លៃ ៦៥០.០០០ ដុល្លារ ដែលទើបផ្ទេរកម្មសិទ្ធិ ឱ្យបងប្អូនបង្កើតរបស់គាត់គ្រប់គ្រងវិញ។
ចំណែកឯមន្ត្រីរបបលោក ហ៊ុន សែន ដែលជាប្រធានអគ្គនាយកដ្ឋានពន្ធដារ គឺលោក គង់ វិបុល មានភាគហ៊ុន ក្នុងដីមួយកន្លែង ហើយលោកបានលក់កាលពីខែមីនា ឆ្នាំ២០០៧ ក្នុងទឹកប្រាក់ ជាង ២១ លានដុល្លារ (២១.៤ លានដុល្លារ)។ សារព័ត៌មានអូស្ត្រាលី ABC រកឃើញថា លោក គង់ វិបុល មានទ្រព្យជាច្រើនកន្លែងទៀតនៅអូស្ត្រាលី រួមទាំងផ្ទះតម្លៃ ៦សែនដុល្លារផង។

ក្រុមយុវជនចលនាមាតាធម្មជាតិ កាលពីខែ មិថុនា ឆ្នាំ ២០១៩ រកឃើញថា លោក ផារ៉ា មង្គល ដែលជាកូនប្រុសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអតីតអភិបាលរាជធានីភ្នំពេញលោក ជា សុផារ៉ា មានលុយប្រមាណ ៨លាន ដុល្លារទិញវិមានមួយនៅអូស្ត្រាលីដែរ។
នៅឆ្នាំ ២០០៩ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោក អ៊ុន ឃាង និង សូ សុខប៊ុនធឿន សរសេររៀបរាប់អំពីជីវភាពរបស់ក្រុមអ្នកកាន់អំណាច ថាអ្នកទាំងនោះ ចាត់ទុកស្ថាប័នរដ្ឋ និងធនធានធម្មជាតិ ជាមធ្យោបាយផ្ដាច់មុខរបស់ខ្លួន ដើម្បីទិញការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីរក្សាខ្សែបណ្តាញស្មោះស្ម័គ្ររបស់ខ្លួន និងដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ខ្លួន។
ឥឡូវនេះ ក្រោយការរកឃើញថា មន្ត្រី និងអ្នកនយោបាយគ្រាក់ៗ មានលុយរាប់លានដុល្លារ ទិញផ្ទះសម្បែងនៅក្រៅប្រទេសបែបនេះ គឺត្រូវនឹងការអះអាងរបស់លោក ឃាង និងលោក សុខប៊ុនធឿន មែន។
បើនិយាយពីប្រាក់ខែរបស់មន្ត្រីរាជការខ្មែរវិញ គឺបានតែប៉ុន្មានរយដុល្លារក្នុងមួយខែប៉ុណ្ណោះ ដែលចាយមិនគ្រប់ប្រចាំខែផង កុំថាឡើយដល់អាចរស់នៅក្នុងជីវភាពហ៊ីហារបែបនេះបាននោះ។ ប៉ុន្តែ មន្ត្រីទាំងនោះ កើនទ្រព្យពីការជួលផ្ទះ សំណូកសូកប៉ាន់ និងអំពើពុករលួយ។ អចលនទ្រព្យ ដែលវិទ្យុអាស៊ីសេរី និងស្ថាប័នឯទៀតរកឃើញ នឹងបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីភាពមានបាន ពីការបន្តក្រាញអំណាច។
ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេបំផុតមួយ នៅលើពិភពលោក ដោយជាប់លេខជាមួយប្រទេស ២០ នៅបាតតារាង។ កម្ពុជាជាប់លេខរៀងលេខ ១៦១ ក្នុងចំណោមប្រទេស ១៨០ នៅក្នុងសន្ទស្សន៍យល់ឃើញអំពីអំពើពុករលួយ របស់អង្គការតម្លាភាពអន្តរជាតិ។
ទោះបីជាអំពើពុករលួយ អាចធ្វើឱ្យមន្ត្រីកាន់អំណាច ចំណេញកប់ក្តោងយ៉ាងណាក្ដី ក៏បញ្ហានេះ អាចបញ្ជាក់ឱ្យឃើញច្បាប់អំពីភាពបរាជ័យ របស់ពួកគាត់នោះដែរ។
នៅឆ្នាំ ២០១៦ គណបក្សប្រជាជនកម្ពុជា បាន ជួលក្រុមហ៊ុនអ៊ីស្រាអែលមួយ ដោយស្ងាត់ៗ ដើម្បីស្ទង់មតិប្រជាពលរដ្ឋខ្មែរ។ របាយការណ៍ស្ទង់មតិនេះ ត្រូវបានបែកធ្លាយ ទៅខាងសារព័ត៌មាន កាលពីឆ្នាំ២០១៧។ ពួកគេរកឃើញថា បញ្ហាអំពើពុករលួយ គឺជាអ្វីដែលរាស្ត្រម្ចាស់ឆ្នោត ខ្វាយខ្វល់បំផុត។ ពលរដ្ឋខ្មែរ ដែលឆ្លើយសំណួរស្ទង់មតិនោះ ពេញចិត្តគណបក្សសង្គ្រោះជាតិ ក្នុងការលុបបំបាត់អំពើពុករលួយនេះ។
ប្រាំខែក្រោយចេញផ្សាយ លទ្ធផលនៃការស្ទង់មតិដោយស្ងាត់ៗនេះ របបលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិចោលទាំងស្រុងតែម្ដង។
ចំពោះមន្ត្រីកាន់អំណាច នៅក្នុងប្រទេសផ្ដាច់ការ ការទិញអចលនទ្រព្យនៅក្រៅប្រទេស គឺដើម្បី “រកទីកន្លែងមានសុវត្ថិភាព ដើម្បីផ្លាស់ទី” ពេលរបបសព្វថ្ងៃដួលរលំ។ នេះបើតាមប្រសាសន៍របស់លោក ចេសិន ស្សាម៉ែន (Jason Sharman) អ្នកសិក្សាស្រាវជ្រាវមួយរូប នៅសកលវិទ្យាល័យ Cambridge ដែលឯកទេសខាងអំពើពុករលួយឆ្លងដែន។
លោក អៀ សុផល នៃសកលវិទ្យាល័យ Occidental នៅ California ឯណោះវិញ ជឿថា នេះគឺរឿងពិត ដែលកំពុងកើតឡើងនៅប្រទេសកម្ពុជា៖ «អ្នកទាំងនោះ មានផ្ទះនៅភ្នំពេញ និងមានប្រាក់ចាយសល់ដ៏សន្ធឹកសន្ធាប់ ដើម្បីយកទៅដាក់ផ្ញើនៅធនាគារស្វីស។ រួចហើយ ពួកគេទិញវីឡាប្រណិតធំស្កឹមស្កៃ»។

ផ្ទះធំភាគច្រើន និងផ្ទះដទៃទៀត សុទ្ធតែពួកគេទិញ នៅប្រទេសដែលមានប្រជាធិបតេយ្យរឹងមាំ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី។ ការទិញទ្រព្យសម្បត្តិទុកនៅបរទេសនេះ បង្ហាញឱ្យឃើញនូវទំនោរសកលមួយ នៃក្រុមគ្រួសារមន្ត្រីបក្សកាន់អំណាច។
លោក Oliver Bullough សរសេរនៅក្នុងសៀវភៅ ដែលមានចំណងជើងថា ដែនដីប្រាក់ ឬ Moneyland ដែលបោះពុម្ពផ្សាយនៅឆ្នាំ ២០១៨ បានរៀបរាប់អំពីរបៀបដែលលុយដែលបានពីអំពើទុច្ចរិត ដូចជាបានពីអំពើពុករលួយ ត្រូវគេបន្លំឱ្យលាយឡំគ្នាជាមួយលុយសុចរិត នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសកល។ គេអាចធ្វើដូច្នេះបាន តាមមធ្យោបាយច្រើនយ៉ាង។ មធ្យោបាយមួយ គឺធ្វើតាមរយៈការទិញអចលនទ្រព្យនៅប្រទេសលោកខាងលិច។
លោក Oliver ប្រាប់អាស៊ីសេរីថា «អ្នកនឹងឃើញលំនាំបែបនេះ នៅក្នុងប្រទេសដែលមានរដ្ឋាភិបាលលួចជាតិ ដោយមន្ត្រីរដ្ឋាភិបាលលួចជាតិខ្លួន និងយកទ្រព្យដែលលួចបាននោះ ទៅផ្ញើទុកនៅធនាគារក្រៅប្រទេស»។
អ្វីដែលជាលក្ខណៈអំណោយផលល្អ សម្រាប់មន្ត្រីលួចជាតិ អាចបន្តលួចជាតិ ដោយទិញអចលនទ្រព្យនៅទីក្រុងឡុងដ៍ ឬញូវយ៉ក បាននោះ គឺដោយសារតែការរីកលូតលាស់ទ្វេរដង ដែលមិនធ្លាប់មាន នៃទីផ្សារអចលនទ្រព្យនៅទីក្រុងធំៗ នៃប្រទេសប្រជាធិបតេយ្យ។ ជាអកុសល ការរីកលូតលាស់ខ្លាំងនៃវិស័យអចលនទ្រព្យនោះ មួយភាគធំ គឺមកពីពួកមន្ត្រីលួចជាតិ ប្រើទីក្រុងទាំងនោះ ជាកន្លែងសម្រាប់សន្សំទុកទ្រព្យមហាសាលរបស់ខ្លួន។ ជាឧទាហរណ៍ ទីប្រជុំជននៃក្រុង Mayfair និង Manhattan បានក្លាយទៅជាយាន្តសម្រាប់អ្នកមានទ្រព្យដោយអំពើទុច្ចរិត សម្រាប់លាងទាំងលុយវកខ្វក់ និងបង្កើនទ្រព្យទុច្ចរិតរបស់ពួកគេ ឱ្យកើនទ្វេដងថែមទៀតផង។
លោក អៀ សុផល នៃសកលវិទ្យាល័យ ដែលមានឈាមជ័រជាខ្មែរ ព្រោះលោកកើតនៅកម្ពុជា ប្រាប់អាស៊ីសេរី ថា ផ្ទះទាំងឡាយ ដែលអាស៊ីសេរីរកឃើញនោះ គឺជាទ្រព្យដែលបានមកពីអំពើទុច្ចរិត និងត្រូវតែយកទៅប្រគល់សងម្ចាស់ដើមវិញ គឺពលរដ្ឋខ្មែរទូទៅ “អ្វីដែលអ្នកទាំងនោះ រកបាន គឺបានមកពីការវិនិយោគបន្ត របស់ពួកគេមែនហើយ ប៉ុន្តែទ្រព្យទាំងនោះ ពីដំបូងមិនមែនជាទ្រព្យរបស់ពួកគេនោះឡើយ។ យើងសង្ឃឹមថា ថ្ងៃណាមួយនឹងមានយុត្តិធម៌។ ពេលនោះទ្រព្យរបស់អ្នកទាំងនេះ នឹងត្រូវយកទៅប្រគល់ជូន ដែលសមនឹងទទួលបានទ្រព្យនេះ គឺប្រជាពលរដ្ឋខ្មែរទូទៅ ដើម្បីឱ្យពួកគាត់អាចអាស្រ័យផល ពីទ្រព្យដែលគេលួចពីគាត់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។