នាវាចម្បាំងប្រឆាំងនាវាមុជទឹកធុនធំ ឬនាវាពិឃាដរបស់កងទ័ពជើងទឹកប្រទេសរុស្សី បានចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។ ប៉ុន្តែអ្នកឃ្លាំមើលសង្គមថា វត្តមាននាច្បាំងរុស្សី បង្ហាញខ្លួននៅកម្ពុជា មិនអាចធ្វើឲ្យប្រសើរនូវកម្ដៅនយោបាយ ដែលបង្កការភ័យខ្លាចដល់ពលរដ្ឋកម្ពុជា នៅពេលបច្ចុប្បន្ននោះទេ។
មន្ត្រីនាំពាក្យនៃរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាចម្បាំងកងទ័ពជើងទឹករុស្សី ចំនួន ២គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងឱកាសនេះ លោកឧត្តមនាវីទោ អេដវ៉ដ មីខាយឡៅ (Eduard Mikhaylov) មេបញ្ជាការកងទ័ពជើងទឹកប្រទេសរុស្សី ប្រចាំតំបន់ប៉ាស៊ីហ្វិក មានគម្រោងចូលជួបពិភាក្សាជាលក្ខណៈមិត្តភាពជាមួយអភិបាលខេត្តព្រះសីហនុ ពិសេសជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទកម្ពុជា ទាំងកងទ័ពជើងគោក និងកងទ័ពជើងទឹក ដើម្បីពង្រឹងចំណងសាមគ្គីភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានចាត់ទុកវត្តមាននាវាចម្បាំងកងទ័ពជើងទឹករុស្សី ធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ពេលនេះថា នឹងជំរុញឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងវិស័យយោធា សេដ្ឋកិច្ច និងវិស័យទេសចរណ៍រវាងកម្ពុជា និងរុស្សី។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ហាក់មិនសូវចាប់អារម្មណ៍ចំពោះវត្តមានរបស់នាវាចម្បាំងកងទ័ពជើងទឹក ឬនាវាពិឃាតរុស្សី បង្ហាញខ្លួនក្នុងប្រទេសកម្ពុជា ពេលនេះទេ ព្រោះយល់ថា មិនអាចជួយបន្ថយកម្តៅនយោបាយកម្ពុជា ដែលកំពុងតានតឹងបានទេ។ អ្នកស្រីបន្តថា គោលជំហររបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ រួមជាមួយមេបញ្ជាការកងទ័ពជើងទឹក ជើងគោក និងកងកម្លាំងប្រដាប់អាវុធ នៅគ្រប់ស្ថាប័ននៅកម្ពុជា ពួកគេមិនមានជំហរឯករាជ្យដូចជាបណ្តាប្រទេសជឿនលឿននៅលើពិភពលោកទេ។ ផ្ទុយទៅវិញ ជានិច្ចជាកាល មានមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតាមស្ថាប័នខ្លះ បានប្រើពាក្យសម្តីគំរាមផ្តាច់ផ្តិលជីវិតប្រជាពលរដ្ឋខ្លួនឯងជាបន្តបន្ទាប់ មានដូចជា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគំរាមវាយប្រជាពលរដ្ឋបំបាក់ធ្មេញជាដើម។
អ្នកស្រី ជៀប សុធារី មានប្រសាសន៍បន្ថែមដូច្នេះ៖ «ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភឃើញថា ប្រទេសកម្ពុជា យើងកំពុងតែមានកំដៅនយោបាយខ្លាំង ជាពិសេសទៀតយើងឃើញសកម្មភាពរបស់មេបញ្ជាការកងទ័ព មិនថាជើងទឹក ឬជើងគោគទេ គឺបានប្រកាសក្តែងៗ ឲ្យមេបញ្ជាការកងទ័ព ក៏ដូចជាយោធាគ្រប់ស្ថាប័ន ធ្វើការរឹតបន្តឹងផ្នែកសន្តិសុខសណ្តាប់ធ្នាប់។ រាល់ការចេញបញ្ជាទាំងអស់ហ្នឹង ហាក់ដូចជាធ្វើឲ្យប៉ះពាល់ដល់ផ្នែកស្មារតីរបស់គណបក្សប្រឆាំងដែរ ជាពិសេសប្រជាពលរដ្ឋមួយចំនួនដែលគាត់មាននិន្នាការនយោបាយទៅរកគណបក្សប្រឆាំង»។
នាវាពិឃាតកងទ័ពជើងទឹករុស្សី ២គ្រឿង ដែលធ្វើទស្សនកិច្ចរយៈពេល ៦ថ្ងៃ នៅកម្ពុជា និងបានចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នាវាទី១មានឈ្មោះ ADMIRAL PANTELEYEN លេខ៥៤៨ ជាប្រភេទនាវាចម្បាំងប្រឆាំងនាវាមុជទឹកធុនធំ ឬប្រឆាំងនាវាពិឃាត មានបណ្ដោយ ១៦២,៨០ម៉ែត្រ ទទឹង ១៩,០២ម៉ែត្រ ជម្រៅទឹក ៦,២០ម៉ែត្រ ទំងន់ផ្ទុក ៦,៩៥៥តោន។ នាវាចម្បាំងនេះ ដឹកនាំដោយលោកវរនាវីឯក អាឡេក សេយ៍ អានីទីហ្វើរ៉ន (Alek Say Anitiferon) និងមាននាវិកនិងនាវិកាសរុប ៣៨៨នាក់។ នាវាទី២ ឈ្មោះ Boris Butoma លេខ ៦២១ ជាប្រភេទនាវាដឹកប្រេងមានបណ្ដោយ ១៦១,១ម៉ែត្រ ទទឹង ២១,៨០ ម៉ែត្រ ជម្រៅទឹក ១០ម៉ែត្រ ទម្ងន់ផ្ទុក ៧,១៥០តោន។ នាវានេះដឹកនាំដោយលោកមេបញ្ជាការ ស៊ឺហ្គេយ៍ បានដាក (Sergey Bandak) និងមានមនុស្សសរុបចំនួន ៧៥នាក់ សុទ្ធតែជាជនស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។