លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ផ្សាយខិត្តប័ណ្ណ ៧ចំណុច ស្ដីពីផលប្រយោជន៍ នៃការវិលត្រឡប់ទៅកម្ពុជាវិញរបស់លោក និងមន្ត្រីបក្សប្រឆាំង។ លោកផ្សព្វផ្សាយខិត្តប័ណ្ណនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១ ខែកក្កដា និងអំពាវនាវសុំឲ្យពលរដ្ឋខ្មែរ ជួយចែកចាយ និងផ្សព្វផ្សាយបន្ត។ ខិត្តប័ណ្ណនោះថា លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍ ដើម្បីអនុវត្តគោលនយោបាយ ដូចជា ស្ដារលទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋ រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដើម្បីរក្សាឆ្នាំងបាយកម្មករ ប្រគល់សងដីធ្លី និងផ្ទះសម្បែងជូនជនរងគ្រោះ ដែលបានបាត់បង់ទ្រព្យសម្បត្តិ ដោយសារអំពើអយុត្តិធម៌ ពីសំណាក់រដ្ឋ អំណាច និងជនខិលខូច និងដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋក្រីក្រ ដោយរឹបអូសលុយពុករលួយពីថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃ ដើម្បីយកមកសងបំណុលជំនួសប្រជាពលរដ្ឋជាដើម។
អាស៊ីសេរី មិនទាន់អាចទាក់ទងមន្ត្រីនាំពាក្យនៃរបបលោក ហ៊ុន សែន ដើម្បីសុំការឆ្លើយតបទៅនឹង ខ្លឹមសារក្នុងខិត្តប័ណ្ណរបស់លោក សម រង្ស៊ី នេះនៅឡើយទេ។ ប៉ុន្តែមន្ត្រីរបបនេះ កំពុងរៀបជើងព្រួល ដើម្បីកម្លាកុំឲ្យលោក សម រង្ស៊ី វិលទៅស្រុកខ្មែរវិញ។ វិធីទប់ស្កាត់ទាំងនោះ រួមមាន ការបន្តប្ដឹងផ្ដល់លោក សម រង្ស៊ី ជាង ១០ករណី និងការធ្វើទុក្ខបុកម្នេញមន្ត្រីបក្សប្រឆាំងនៅមូលដ្ឋាន ដែលហ៊ានប្រកាសទទួលស្វាគមន៍លោក សម រង្ស៊ី។ សូម្បីតែអ្នកជួបជុំគ្នាហូបនំបញ្ចុក ដែលជាសកម្មជនបក្សប្រឆាំង ក៏ត្រូវអាជ្ញាធររបបលោក ហ៊ុន សែន និង តុលាការកោះហៅទៅសាកសួរជាង ១៤០នាក់ហើយ។
ទោះជារងការធ្វើទុក្ខម្នេញ ឥតស្រាកស្រាន្ត ពីសំណាក់របបលោក ហ៊ុន សែន លើមន្ត្រីបក្សប្រឆាំង នៅមូលដ្ឋាន និងមានបណ្ដឹងជុំទិសប្រឆាំងលោក សម រង្ស៊ី និងដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់បក្សនេះ ជាច្រើនរូបយ៉ាងណាក្តី ក៏លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត របស់បក្សប្រឆាំងនេះ បង្កើនសារនយោបាយជុំវិញការវិលត្រឡប់ទៅកម្ពុជាវិញនេះ។ ពួកគាត់បានកំណត់ថា នឹងវិលទៅកម្ពុជាវិញ មិនឲ្យហួសខែកញ្ញាខាងមុខនេះទេ ស្របពេលដែលសហភាពអឺរ៉ុប ក៏នឹងបិទបញ្ចប់នីតិវិធីត្រួតពិនិត្យ និងវាយតម្លៃសភាពការណ៍រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៃរយៈពេល ៦ខែដំបូងរបស់ខ្លួន។
សកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋានជាច្រើន នៅតែបញ្ជាក់ជំហរថា ពួកគាត់នឹងទៅទទួលស្វាគមន៍លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង ពេលពួកគាត់ធ្វើដំណើរទៅប្រទេសកម្ពុជាវិញនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។