តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំនៅពន្ធនាគារក្នុងរឿងរិះគន់ពីបញ្ហាព្រំដែន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការដែលលោកត្រូវគេចាប់ដាក់ពន្ធនាគារនោះមានសុវត្ថិភាពជាងរស់នៅខាងក្រៅ ដែលអាចនឹងមានករណីបាញ់សម្លាប់ដូចលោកបណ្ឌិត កែម ឡី ដោយសារតែហ៊ានរិះគន់រឿងព្រំដែន និងរឿងមុខជំនួញរបស់ត្រកូលហ៊ុន។
ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ ដៃជាប់ខ្នោះ បណ្ដើរដោយកងសន្តិសុខ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលកំពុងជាប់ពិរុទ្ធក្នុងរឿងរិះគន់ពីបញ្ហាព្រំដែន បាននិយាយថា លោកបានដឹងចំពោះការបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ។
នៅពេលចេញពីបន្ទប់សវនាការសាលាឧទ្ធរណ៍ នៅថ្ងៃទី១២ កក្កដា ដែលមានក្រុមសន្តិសុខក្រៀកលោកបណ្ដើរចូលរថយន្តយ៉ាងប្រញាប់ប្រញាល់ លោក អ៊ុំ សំអាន បានឆ្លៀតថ្លែងទៅកាន់អ្នកកាសែតថា បើលោកមិនជាប់ពន្ធនាគារទេ លោកអាចមានវាសនាដូចលោកបណ្ឌិត កែម ឡី។
លោក អ៊ុំ សំអាន ថ្លែងថា «ព្រោះលោក កែម ឡី គាត់ហ៊ានរិះគន់រដ្ឋាភិបាល ហ៊ានរិះគន់ជំនួញរបស់ត្រកូលហ៊ុន តាមរបាយការណ៍ គ្លបល វីនេស (Global witness) ហើយរិះគន់រឿងព្រំដែនបានជាគេសម្លាប់គាត់។ ដូច្នេះនៅក្នុងពន្ធនាគារនោះមានសុវត្ថិភាពជាងក្រៅ។ សម័យនេះអ្នកដែល ស្នេហាជាតិ អ្នកដែលការពារព្រំដែនជាប់គុក ហើយអ្នកដែលកាត់ដីឲ្យយួនបែបជារួចខ្លួន»។
មន្ត្រីផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានទស្សនៈថា ការលើកឡើងរបស់លោក អ៊ុំ សំអាន គឺជាការព្រួយបារម្ភអំពីភាពសុវត្ថិភាពផ្ទាល់ខ្លួន និងភាពអសន្តិសុខ នៅបន្ទាប់ពីមានការបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី ដែលហ៊ានរិះគន់ និងនិយាយចំៗពីបញ្ហានយោបាយ ព្រំដែន សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម៖ «សម្ដេចនាយករដ្ឋមន្ត្រីក៏គាត់លើកឡើងដែរ អំពីបញ្ហានៃការធ្វើឃាតទៅលើលោក កែម ឡី ។ នេះការមានការឆកល្វែងនៃការផ្ដល់កិច្ចការពារសន្តិសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទូទៅ ពិសេសលោក កែម ឡី គាត់ ជាអ្នក វិភាគ ហើយមានការរិះគន់ធ្ងន់ទៅលើគណបក្សកាន់អំណាច គណបក្សជំទាស់ និងទៅ លើរដ្ឋាភិបាល នោះបាទ»។
ការថ្លែងនេះ បន្ទាប់ពីសភាស៊ើបសួរសាលាឧទ្ធរណ៍ បើកសវនាការជំនុំជម្រះលើបណ្ដឹងមោឃភាពនីតិវិធីលើពាក្យបណ្ដឹងរបស់មេធាវីលោក អ៊ុំ សំអាន ដែលក្រុមមេធាវីយល់ថា ចាប់តាំងពីចំណាត់ការនៅប៉ូលិសរហូតដល់ចៅក្រមស៊ើបសួរ បំពាននីតិវិធី។
សភាស៊ើបសួរសាលាឧទ្ធរណ៍ បានសម្រេចច្រានចោលពាក្យបណ្ដឹងរបស់មេធាវីការពារតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដោយផ្ដល់ហេតុផលចំនួនពីរ គឺពាក្យបណ្ដឹងរបស់មេធាវីមិនអាចទទួលយកបាន និងបង្វិលសំណុំរឿងទៅសាលាដំបូងចាត់ការបន្ត។
ទាក់ទងសេចក្ដីសម្រេចនេះ មេធាវីការពារក្ដីលោក អ៊ុំ សំអាន គឺលោក ហែម សុជាតិ មានប្រសាសន៍ថា ក្រុមមេធាវីនឹងធ្វើបណ្ដឹងសាទុក្ខទៀតលើករណីនេះ។ លោកថា នីតិវិធីតុលាការបំពានមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ដែលលោក អ៊ុំ សំអាន នៅជាអ្នកតំណាងរាស្ត្រមិនទាន់ដកអភ័យឯកសិទ្ធិ៖ «សភាស៊ើបសួរយល់ថា គាត់អត់មានសមត្ថកិច្ចពិចារណាលើមាត្រាទី៨០ នៃរដ្ឋធម្មនុញ្ញទេ គឺ គាត់អត់ ពិចារណាចំណុចហ្នឹងទេ គឺជាចំណុចសំខាន់ គឺគាត់បានច្រានចោលរបស់យើង។ យើងក៏ បានស្នើ សុំឲ្យសភាពិចារណាលើចំណុចនេះ តែទីបញ្ចប់ សភាស៊ើបសួរសាលាឧទ្ធរណ៍ គឺគាត់ថា គាត់អត់ មានសមត្ថកិច្ចពិចារណាលើមាត្រានេះទេ។ ខ្ញុំយល់ឃើញថា សភាស៊ើបសួរសាលាឧទ្ធរណ៍ គាត់មាន សមត្ថកិច្ចអាចពិចារណា ពីព្រោះគាត់ត្រូវពិនិត្យអំពីនិយតភាពនៃនីតិវិធី ប៉ុន្តែនៅពេលនេះ សភាស៊ើបសួរគាត់យល់ថា ចំណាត់ការរបស់អយ្យការសាលាដំបូង និងរបស់ចៅក្រមស៊ើបសួរ គាត់យល់ថាត្រឹមត្រូវ ។ ប៉ុន្តែសម្រាប់មេធាវីនៅតែចាត់ទុកថា មិនមែន ជាការត្រឹមត្រូវ ទេ»។
ទោះយ៉ាងណា លោក អ៊ុំ សំអាន យល់ថា សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នៅពេលនេះ រំលោភមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ដោយតុលាការឃុំខ្លួនលោកដែលកំពុងមានអភ័យឯកសិទ្ធិនៅឡើយ។ នេះជារឿងអយុត្តិធម៌។
លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។ មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួន លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅគុកព្រៃស ដោយចោទប្រកាន់ពីរបទល្មើស គឺញុះញង់ឲ្យប្រព្រឹត្តអំពើឧក្រិដ្ឋ និងញុះញង់ឲ្យមានការរើសអើងជាអាទិ៍នៃក្រមព្រហ្មទណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។