លោក កឹម សុខា ទម្លាយប្រាប់សាធារណជនថា លោករងការគំរាមកំហែងរាល់ថ្ងៃ ដែលធ្វើឲ្យលោកឈឺចាប់ ប៉ុន្តែលោកមិនបានតបតរឿងនេះដោយហិង្សា ឬបាតុកម្មដើម្បីវាយបកវិញទេ។ ចំណែកមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ប្រាប់ថា សមត្ថកិច្ចរង់ចាំអន្តរាគមន៍ ប្រសិនបើមានការស្នើសុំជាផ្លូវការពីគណបក្សសង្គ្រោះជាតិ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងប្រាប់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកុម្ភៈ នេះថា លោករងការគំរាមកំហែងរាល់ថ្ងៃ ប៉ុន្តែលោកមិនប្រាប់ថា អ្នកណាដែលជាអ្នកគំរាមកំហែងលោកនោះទេ។ លោក កឹម សុខា អះអាងថា លោកនៅតែបន្តអត់ធ្មត់ ដើម្បីដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៨ ខាងមុខ៖ «ខ្ញុំ កឹម សុខា ថ្ងៃណាក៏គេគំរាមដែរ ថ្ងៃណាក៏គេធ្វើឲ្យឈឺចាប់ដែរ...។ ខ្ញុំសូមបញ្ជាក់ថា ដរាបណាយើងអត់ធ្មត់បានប៉ុណ្ណា ប្រជាពលរដ្ឋគាំទ្រយើងបានច្រើនប៉ុណ្ណឹង»។
ការលើកឡើងរបស់លោក កឹម សុខា នៅពេលនេះ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា នឹងមានបាតុកម្មប្រឆាំងបាតុកម្ម ខណៈពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ថានឹងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៥ ខែកុម្ភៈ ក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។ កាលពីថ្ងៃទី១១ ខែកុម្ភៈ លោក កឹម សុខា អះអាងថា ទោះមានបាតុកម្មប្រឆាំងនឹងរូបលោកជាថ្មី ក៏មិនចាកចេញពីប្រទេសកម្ពុជាដែរ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់បន្ថែមលើប្រសាសន៍របស់ លោក កឹម សុខា ថា ការគំរាមកំហែងភាគច្រើនកើតចេញពីហ្វេសប៊ុក (Facebook)។ លោកថា ចាប់ពីខែ១០ ឆ្នាំ២០១៥ កន្លងទៅ គណបក្សសង្គ្រោះជាតិ បានជូនដំណឹង និងសុំអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដី ប៉ុន្តែក្រៅពីនេះ គណបក្សមិនទាន់សុំអន្តរាគមន៍បន្ថែមទេ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ រូបនេះ ស្នើសុំឲ្យសមត្ថកិច្ចពង្រឹងសុវត្ថិភាពជូនលោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិ៖ «យើងមានជំនឿថា អាជ្ញាធរដែនដីមានសមត្ថកិច្ច លោកនឹងពង្រឹងការពារសណ្ដាប់ធ្នាប់ជូនឯកឧត្ដម កឹម សុខា ក៏ដូចជាថ្នាក់ដឹកនាំសង្គ្រោះ និងប្រជាពលរដ្ឋទូទៅឲ្យមានសុខ សុវត្ថិភាពដូចអ្វីដែលយើងស្នើសុំ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថា មកទល់ថ្ងៃទី១២ ខែកុម្ភៈ មិនទាន់មានក្រុមណា ឬគណបក្សណាស្នើសុំមកក្រសួងមហាផ្ទៃ ដើម្បីធ្វើបាតុកម្មនៅភ្នំពេញ នៅឡើយទេ។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា ក្រសួងមហាផ្ទៃ មានកងកម្លាំងពិសេសតាមការពារមន្ត្រីបក្សប្រឆាំង ឬលោក កឹម សុខា ប្រសិនបើគណបក្សសង្គ្រោះជាតិ ស្នើសុំជាលាយលក្ខណ៍អក្សរ។ ប៉ុន្តែលោកថា មកដល់ថ្ងៃទី១២ ខែកុម្ភៈ មិនទាន់មានការស្នើសុំពីគណបក្សសង្គ្រោះជាតិទេ៖ «ខ្លួនថាខ្លាចខ្មោចលង នៅផ្ទះហ្នឹង ប៉ុន្តែអត់មានប្រាប់គេឲ្យមកជួយកំដរ។ ក្នុងន័យហ្នឹងដូចឯកឧត្ដម កឹម សុខា ថាមានគេគំរាមកំហែង ចេះតែថាទៅ អត់ស្នើសុំកម្លាំងទៅជួយ»។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ថា ការគំរាមកំហែងលើបក្សប្រឆាំង ព្រោះសម្ពាធផ្នែកនយោបាយលើបក្សប្រឆាំងដែលធ្វើឲ្យគណបក្សនេះ ពិបាកប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ លោកព្រួយបារម្ភថា អំពើហិង្សាអាចនឹងកើតឡើងជាថ្មីម្ដងទៀត ដែលអ្នករងគ្រោះជាគណបក្សប្រឆាំង បើផ្អែកលើស្ថានការណ៍សព្វថ្ងៃនេះ៖ «នៅកម្ពុជា មិនមែនជារឿងប្លែកទេ ជារឿងដដែលៗ។ យើងគួរតែជៀសវាងនូវបញ្ហាទាំងអស់នេះ ហើយងាកមកចរចាគ្នាដោយសន្តិវិធី បន្តវប្បធម៌សន្ទនា»។
កាលពីចុងខែតុលា ឆ្នាំ២០១៥ នៅពេលមានបាតុកម្មប្រឆាំងរូបលោកនៅប្រទេសបារាំង លោក ហ៊ុន សែន ប្រកាសថា នឹងមានបាតុកម្មនៅកម្ពុជា ដែរ ដើម្បីទាមទារដកលោក កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា ហើយបាតុកម្មនោះ បានឈានទៅដល់ប្រើហិង្សាវាយប្រហារ តំណាងរាស្ត្របក្សសង្គ្រោះជាតិ ពីររូបអោយរងរបួសធ្ងន់។ លើសពីនោះ ផ្ទះរបស់លោក កឹម សុខា នៅទួលគោក ត្រូវបានហ៊ុមព័ទ្ធដោយហ្វូងបាតុករជាច្រើនរយនាក់ ប្រើដុំថ្ម និងដបទឹកគប់ចូលបរិវេណផ្ទះទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។