ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​បក្ស​ប្រឆាំង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល

0:00 / 0:00

ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​បក្ស​ប្រឆាំង ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ បើ​ទោះ​ជា​គណបក្ស​នេះ​ធ្លាប់​សន្យា​ថា នឹង​បង្កើត​ទូរទស្សន៍​នេះ​នៅ​ចុង​ឆ្នាំ​២០១៦ ក្តី។ យ៉ាង​ណា​ក៏ដោយ​ចុះ សម្រាប់​មន្ត្រី​បក្ស​កាន់​អំណាច​យល់​ថា ទោះ​បក្ស​ប្រឆាំង​មាន​ទូរទស្សន៍ ឬ​គ្មាន​ទូរទស្សន៍ ក៏​គ្មាន​អ្វី​ចម្លែក​ដែរ ព្រោះ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន តែងតែ​ផ្តល់​សំឡេង​ឲ្យ​គណបក្ស​ប្រឆាំង​ទៅ​ហើយ។

នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ឆ្នាំ​២០១៦ នឹង​ឆ្លង​ចូល​ឆ្នាំ​២០១៧ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​អាច​បង្ហាញ​កំណត់​ត្រា​ថ្មី​របស់​ខ្លួន​បាន ដែល​ជា​ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ (SUNTV) ដែល​គណបក្ស​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក។ បញ្ហា​ចោទ​ខ្លាំង​ចំពោះ​ដំណើរ​ការ​នេះ ព្រោះ​ការ​ជាប់​គាំង​នៃ​ការ​សាងសង់​អង់តែន​ទូរទស្សន៍។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា នៅ​ពេល​នេះ ដំណើរ​ការ​នៃ​ការ​បង្កើត​ទូរទស្សន៍​ឈាន​ដល់​ដំណាក់​កាល​សុំ​ប័ណ្ណ​កម្មសិទ្ធិ ដើម្បី​គ្រប់គ្រង​លើ​ដី​ថ្មី​ដែល​គ្រោង​សាងសង់​អង់តែន។ លោក​ថា នៅ​ពេល​គណបក្ស​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ នឹង​ដំឡើង​អង់តែន​ទូរទស្សន៍​ភ្លាម ប៉ុន្តែ​លោក​មិន​ទាន់​អាច​ឲ្យ​ដឹង​ថា ទូរទស្សន៍​នេះ​ចេញ​រូបរាង​នៅ​ពេល​ណា​នោះ​ទេ៖ «សូម​មេត្តា​អធ្យាស្រ័យ ព្រោះ​អំណាច​នៃ​ការ​សម្រេច​ទាំង​ស្រុង មិន​មែន​ទាក់ទង​នឹង​គណបក្ស​សង្រ្គោះជាតិ​ទេ មាន​ទាក់ទង​ទៅ​នឹង​ការ​សម្រេច​របស់​សមត្ថកិច្ច អ៊ីចឹង​ហើយ​យើង​មិន​អាច​ដឹង​បាន​ថា ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​បំពេញ​បែប​បទ​ផ្លូវ​ច្បាប់​ដើម្បី​ដំឡើង​អង់តែន​ទេ»

ដំណើរ​ឆ្ពោះ​ទៅ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រសូត​ចេញ​ពី​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ជា​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ ដោយ​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​ចូល​សភា។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ការ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ ដើម្បី​ដំណើរ​ការ​ផ្សាយ ប៉ុន្តែ​គណបក្ស​ទើប​ទទួល​បាន​ថវិកា​ប្រមាណ ៧០​ម៉ឺន​ដុល្លារ។

លោក យឹម សុវណ្ណ ព្យាយាម​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​ដំណើរ​ការ​នៃ​ទូរទស្សន៍​នេះ​ទៅ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា ពន្លឺ​នៃ​កំណើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​បក្ស​ប្រឆាំង ព្រោះ​មាន​ការ​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ ដូច្នេះ​ដើម្បី​ឲ្យ​ទូរទស្សន៍​នេះ​អាច​ចេញ​រូបរាង​ពិត​ប្រាកដ​បាន លុះត្រា​គណបក្ស​ទាំង​ពីរ​មាន​ការ​ចរចា​បន្ត​ទៀត៖ «ខ្ញុំ​មើល​ទៅ​វា​ជា​ហេតុផល​មួយ​ដ៏​សំខាន់​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​នៃ​ការ​បង្កើត​ទូរទស្សន៍​ហ្នឹង ព្រោះ​កន្លង​មក​បក្ស​រក​កន្លែង​ដើម្បី​ដំឡើង​អង់តែន ប៉ុន្តែ​ឃើញ​មាន​ក្រុម​ប្រជាពលរដ្ឋ​តវ៉ា​ជាដើម ហើយ​ក៏​មាន​ការ​លើក​ឡើង​ក្រោម​ហេតុផល​នយោបាយ​ដែរ»

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និយាយ​ថា ទោះ​បី​ជា​បក្ស​ប្រឆាំង​មាន ឬ​គ្មាន​ទូរទស្សន៍​របស់​ខ្លួន ក៏​គ្មាន​អ្វី​ចម្លែក​ដែរ ព្រោះ​បណ្ដាញ​ផ្សព្វផ្សាយ ដូចជា​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​កាសែត​ផ្សេងៗ​មួយ​ចំនួន​ទៀត តែង​ផ្តល់​សំឡេង​ដល់​គណបក្ស​នេះ​រួច​ទៅ​ហើយ។ លោក​ថា ការ​ដែល​ស្ថាប័ន​ទាំងនេះ​ផ្តល់​សំឡេង​ដល់​បក្ស​ប្រឆាំង មិន​មែន​មាន​ន័យ​ថា ពួក​គេ​គាំទ្រ​ទៅ​បក្ស​ប្រឆាំង​ទេ ប៉ុន្តែ​គ្រាន់​តែ​បុគ្គល​ខ្លះ​នៃ​ស្ថាប័ន​នេះ ធ្វើ​ហួស​ពី​វិជ្ជាជីវៈ។ លោក ផៃ ស៊ីផាន បន្ត​ថា ទូរទស្សន៍​របស់​គណបក្ស​ប្រឆាំង ប្រសិន​បើ​ត្រូវ​បាន​បង្កើត​ឡើង មិន​បាន​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ទូទៅ​ទេ គ្រាន់​តែ​បម្រើ​ក្រុម​បក្ខពួក​នៃ​គណបក្ស​នេះ​ប៉ុណ្ណោះ៖ «គាត់ (គណបក្ស​សង្រ្គោះជាតិ) ប្រើប្រាស់​ប្រជាពលរដ្ឋ​រហូត​ដល់​ស្លាប់ រង​របួស រហូត​ដល់​ជាប់​គុក គាត់​ដែល​ភ័យ​អង្កាល់? ដូច្នេះ​គណបក្ស ទូរទស្សន៍​គាត់​បម្រើ​តែ​ក្រុម​គាត់ គណបក្ស​គាត់ គាត់​មាន​បម្រើ​ប្រយោជន៍​ទូទៅ​ឯ​ណា ព្រោះ​ទូរទស្សន៍​ឈ្មោះ​គណបក្ស​គាត់»

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បន្ទុក​ការងារ​ទូរទស្សន៍​ព្រះអាទិត្យ លោក គី វណ្ណដារ៉ា ធ្លាប់​បញ្ជាក់​ថា ទូរទស្សន៍​នេះ​មិន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បារី​នោះ​ទេ។ លោក​បន្ត​ទៀត​ថា គណបក្ស​កំពុង​បណ្ដុះ​ធនធាន​មនុស្ស​រៀបចំ​កម្មវិធី និង​បច្ចេកទេស​ជា​បណ្ដើរៗ និង​មាន​អ្នក​ជំនាញការ​ជា​ជន​បរទេស​ខ្លះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។