រដ្ឋមន្ត្រី​ការពារ​ជាតិ​បារម្ភ​ពលរដ្ឋ​ចាញ់​បោក​ក្រុម​បក្ស​ប្រឆាំង​​ចូលរួម​ផ្ដួល​រំលំ​របប​ខ្លួន

0:00 / 0:00

បន្ទាប់​មាន​ពី​ការកំណត់​ថ្ងៃ​វិល​ចូល​ស្រុក​វិញ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​រដ្ឋមន្ត្រី​ជួរមុខ​របប​ក្រុងភ្នំពេញ​ជាច្រើន​នាក់ ហាក់​បង្ហាញ​ការ​បារម្ភ និង​ចេញ​សារ​គំរាម​ពលរដ្ឋ​ទុក​មុន​បាត់​ទៅ​ហើយ។ មន្ត្រី​ទាំងនោះ​បារម្ភ​ខ្លាច​ពលរដ្ឋ​នាំគ្នា​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​មេ​ដឹក​គណបក្ស​ប្រឆាំង។ លោក ទៀ បាញ់​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក​ជនខិលខូច​។ លោក​ថា ការ​ធ្វើ​បាតុកម្ម​ជា​អំពើ​ល្មើសច្បាប់។ ទន្ទឹម​គ្នា​នេះ​ពលរដ្ឋ​មួយ​ចំនួន អះអាង​ថា ពួកគេ​ត្រៀម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ឡើងវិញ។ មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា​ការចូលរួម​ផ្នែក​នយោបាយ​ជា​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ដោយ​ស្របច្បាប់។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​របប​ក្រុងភ្នំពេញ​លោក ទៀ បាញ់ ដែល​ធ្លាប់​គំរាម​វាយ​ពលរដ្ឋ​របស់​ខ្លួន​នឹង​គល់​ឫស្សី​ឱ្យ​បែក​ធ្មេញ ប្រសិនបើ​ពួកគេ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ចេញ​មុខ​បង្អើល​ពលរដ្ឋ​ជាថ្មី​ទៀត​ហើយ។ លោក ទៀ បាញ់ ជា​មនុស្ស​ទី​២​ហើយ បន្ទាប់ពី​លោក ស ខេង ដែល​ព្រួយបារម្ភ​អំពី​កម្លាំង​មហាជន​ផ្ដួល​រំលំ​របប​ឯក​បក្ស​នោះ។ លោក ទៀ បាញ់ បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ សីហា ដោយ​ទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ប្រុងប្រយ័ត្ន​កុំ​ឱ្យ​ចាញ់​ការ​បោកប្រាស់​របស់​ជន​ខិលខូច​មួយ​ចំនួន ដែល​គេឯង​ដឹង​ថា ជនខិលខូច​នេះ គឺ​លោក​សំដៅ​ទៅលើ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​នាំ​ឱ្យ​ពលរដ្ឋ​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​ល្មើសច្បាប់​ផ្សេងៗ ជាពិសេស​ការចូលរួម​ប៉ុនប៉ង​ផ្ដួល​រំលំ​របប​ដឹកនាំ​សព្វថ្ងៃ។រដ្ឋមន្ត្រី​របប​លោក ហ៊ុន សែន រូប​នេះ អះអាង​ថា របប​ដឹកនាំ​របស់​ខ្លួន​កើត​ចេញ​ពី​ការបោះឆ្នោត​ត្រឹមត្រូវ ដោយ​ស្របច្បាប់។

កាល​ថ្ងៃ​ទី​១៤ សីហា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង មាន​ប្រសាសន៍​ថា របប​ក្រុងភ្នំពេញ​កើត​ចេញ​ពី​ការបោះឆ្នោត​ត្រឹមត្រូវ មាន​ប្រជាធិបតេយ្យ និង​មានការ​ទទួលស្គាល់​ពី​បណ្ដាល​ប្រទេស​ច្រើន​នៅ​លើ​ពិភពលោក។ លោក​រដ្ឋមន្ត្រី​រូប​នេះ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ត្រចៀក​ស្រាល​ឆាប់​ជឿ​តាម​ការឃោសនា​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​ដឹកនាំ​សព្វថ្ងៃ​អី ព្រោះ​លោក​ថា ជា​អំពើ​ខុសច្បាប់ និង​ជា​ការ​បង្ក​អសន្តិសុខ​នៅ​សង្គម​ទៅវិញ។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ​ពលរដ្ឋ​មួយ​ចំនួន​យល់ថា ទឹក​ឡើង​ជិត​ដល់​ច្រមុះ​ហើយ ទើប​លោក​រដ្ឋមន្ត្រី​ទាំង​នេះ ធ្វើ​ជា​ចិត្តល្អ​ដាក់​ពលរដ្ឋ​ទៅវិញ​។ ពលរដ្ឋ​ទាំងនោះ​បន្ត​ថា ការ​ធ្វើ​ជា​និយាយ​ល្អ​នេះ គឺជា​ការ​ខំ​លួង​ចិត្ត​ពលរដ្ឋ​កុំ​ឱ្យ​តវ៉ា ដើម្បី​បក្ខពួក​របស់​ខ្លួន​បាន​បន្ត​អំណាច​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​បាត់ដំបង លោក សុខ សុភ័ក្ត្រ ប្រាប់​អាស៊ីសេរី​ថា លោក ទៀ បាញ់ មិន​គួរណា​មើលស្រាល​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះ​ទេ។ លោក​បញ្ជាក់​ថា សព្វថ្ងៃ​ពលរដ្ឋ​ខ្មែរ​យល់ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ច្បាស់​ជាង​អាជ្ញាធរ​មួយ​ចំនួន​ក្នុង​របប​ក្រុងភ្នំពេញ​ទៅ​ទៀត ហើយ​លោក​ថា ពួកគាត់​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទៅ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខ ដោយ​មិន​ខ្លាច​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មក​លើ​ពួកគាត់​នោះ​ឡើយ៖ «លើក​មុន​លោក ទៀ បាញ់ ចង់​វាយ​ពលរដ្ឋ​នឹង​គល់​ឫស្សី ឱ្យ​បែក​ធ្មេញ ហើយ​លើក​នេះ ហាមប្រាម​ពលរដ្ឋ​កុំ​ឱ្យ​ជឿ គាត់​ហាម​ជា​សិទ្ធិ​របស់​គាត់​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគច្រើន​គេ​មិន​ស្ដាប់​គាត់​ទេ ព្រោះ​គេ​ថ្លឹងថ្លែង​មើល​គ្រប់យ៉ាង។ ការ​ពិត​ទៅ តួនាទី​របស់​លោក ទៀ បាញ់ ការ​ពារជាតិ​ការពារ​ព្រំដែន មើល​ទឹកដី​ខ្មែរ អ៊ីចឹង​សុំ​ឱ្យ​លោក​គិត ពង្រឹង​អំពី​ព្រំដែន​ផង ក្រែង​លោ​ខ្មាំង​សត្រូវ​គេ​ឈ្លានពាន​មក​លើ​ទឹកដី​ខ្មែរ ហើយ​នឹង​ពង្រឹង​កម្លាំង​ទ័ព​ដើម្បី​ការពារ​បូរណភាព​ទឹកដី»។

ចំណែក​ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង ម្នាក់ទៀត កញ្ញា សៅ សុគន្ធា ថ្លែង​ថា លោក ទៀ បាញ់ ប្រហែល​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ភ័យខ្លាច​កម្លាំង​មហាជន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ខ្លួន​ហើយ បាន​ជា​លោក​បង្ហោះ​សារ​ប្រៀនប្រដៅ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​គោរព​ច្បាប់​នោះ។ កញ្ញា​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​មិន​ស្ដាប់​តាម​ការ​អំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី​នោះ​ទេ ព្រោះ​របប​លោក ហ៊ុន សែន សម្លាប់​ប្រជាធិបតេយ្យ​ធ្វើ​ឱ្យ​ប្រទេស​លោក​សេរី​ស្អប់ខ្ពើម​កម្ពុជា និង​ធ្វើ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ ដោយសារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មក​លើ​កម្ពុជា។ កញ្ញា​បញ្ជាក់​ទៀត​ថា ប្រសិនបើ​លោក ទៀ បាញ់ ចង់​រក្សា​អំណាច​របស់​ខ្លួន​ឱ្យ​បាន​យូរ​មុខ​ទៀត សូម​លោក​ប្រញាប់​ប្រាប់​ទៅ​ចៅហ្វាយ​របស់​ខ្លួន​ឱ្យ​ងាក​មក​ចរចា​រក​ដំណោះស្រាយ​ផ្នែក​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ គឺ​ពួកគេ​នឹង​មិន​ទៅ​ចូលរួម​អម​ដំណើរ​មេដឹកនាំ​គណបក្សប្រឆាំង​នោះ​ទេ៖ «ខ្ញុំ​ចង់​និយាយ​ថា នៅ​ក្នុង​ពេលនេះ​គឺ​សម័យ​បច្ចេកវិទ្យា​ទៅ​ហើយ គ្មាន​បុគ្គល​រូប​ណា​ម្នាក់​ទៅ​ចាញ់បោក​អ្នកនយោបាយ​រូប​ណា​ទេ ព្រោះ​មុននឹង​ជឿជាក់​អ្នក​នយោបាយ​រូប​ណា​ម្នាក់​គឺ​ពលរដ្ឋ មានការ​ស្វែងយល់​ល្អិតល្អន់​ណាស់ ពីព្រោះ​ពួកគាត់​ទទួល​បាន​ព័ត៌មាន​ក្នុង​ដៃ​គ្រប់គ្នា​រួចហើយ។ នាង​ខ្ញុំ​សំណូមពរ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​សុំ​ឱ្យ​ងាក​មក​គិត​អំពី​បញ្ហា​ជាតិ​របស់​យើង ទាន់​យើង​មានឱកាស ព្រោះ​បើ​សិន​យើង​បាត់បង់​ឱកាស​ទៅ​យើង​នឹង​មាន​វិប្បដិសារី​នៅ​ថ្ងៃក្រោយ​ជាមិនខាន»។

អ្នក​សម្របសម្រួល និង​អង្កេត​អង្គការ​ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើង​ថា ការចូលរួម​កិច្ចការ​នយោបាយ និង​ការចូលរួម​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី គឺជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា មន្ត្រី​រដ្ឋាភិបាល​អំពាវនាវ​ដល់​ពលរដ្ឋ​នេះ ដោយសារ​ព្រួយបារម្ភ​ខ្លាច​សហភាព​អឺរ៉ុប​ផ្ដាច់​ប្រពន្ធ​អនុគ្រោះ​EBA ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ជាពិសេស​កម្មករ​រោងចក្រ​អត់​ការងារ​ធ្វើ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញចិត្ត​រដ្ឋាភិបាល​សព្វថ្ងៃ ហើយ​នាំគ្នា​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​គណបក្ស​ប្រឆាំង ស្រប​ពេល​ដែល​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​នៅ​ខែ​វិច្ឆិកា និង​បាន​អំពាវនាវ​ពលរដ្ឋ​ចូលរួម​បាតុកម្ម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ៖ «អ៊ីចឹង​រឿង​សំខាន់​ថា តើ​ការបោះឆ្នោត​កន្លង​មក​នឹង​វា​មាន​ការ​សុខចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​ហើយ​ឬ​នៅ ហើយ​ហេតុ​អី​បាន​វា​អាច​កើតឡើង​នូវ​បញ្ហា​រឿង​នេះ។យើង​ត្រូវ​សម្របសម្រួល​រឿង​នឹង​ឡើងវិញ បើសិនជា​វា​មាន​បញ្ហា​កើត​ឡើងលើ​រឿង​នេះ​មិន​សុខចិត្ត​លើ​រឿង​នឹង ដោយ​ពី​ណា​គេ​ត្រូវ​ដោះស្រាយ ថា​តើ​យើង​ដោះស្រាយ​របៀប​ម៉េច គឺ​មានតែ​អ្នក​នយោបាយ​នឹង​ទេ​ដែល​លោក​អាច​ជជែក ជាពិសេស​យើង​មើល​ឃើញ​ហើយ​សហគមន៍​ជាតិ និង​អន្តរជាតិ​ទាក់ទង​រឿង​សិទ្ធិមនុស្ស​រឿង​សេរីភាព​នយោបាយ​ជាដើម​នឹង ដែល​ជា​ចំណុច​ត្រូវ​គិត​និង​ស្ដារ​ស្ថានការណ៍​ឡើងវិញ»។

ថ្មីៗ​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ពិនិត្យ​ឃើញ​ថា ស្ថានការណ៍​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ការ​វិវឌ្ឍ​តិចតួច​បំផុត​។ ការ​វិវឌ្ឍ​នោះ គឺ​របប​ក្រុងភ្នំពេញ​បាន​ទម្លាក់​ចោល​បណ្ដឹង​មួយ​ចំនួន​ប្រឆាំង​ថ្នាក់ដឹកនាំ​សហជីព និង​បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ក៏ប៉ុន្តែ លក្ខខណ្ឌ​ស្តារ​ប្រជាធិបតេយ្យ ដូចជា ការ​ដោះលែង​លោក កឹម សុខា ការ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរការ ការ​ផ្ដល់​អាសនៈ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ដល់​មន្ត្រី​បក្ស​ប្រឆាំង និង​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ របប​លោក ហ៊ុន សែន មិន​បាន​បង្ហាញ​ចេតនា​ណាមួយ​ក្នុង​ការ​ដោះស្រាយ​ឡើយ។ ចំណែក​ឯ​ភាព​ស្របច្បាប់​នៃ​របប​ក្រុងភ្នំពេញ​វិញ ប្រទេស​ប្រជាធិបតេយ្យ​ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម មិន​ទទួល​ស្គាល់​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ស្របច្បាប់​នោះ​ទេ ដោយសារ​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រួច​បង្កើត​ឱ្យ​មាន​ការ​បោះឆ្នោត​ក្លែងក្លាយ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨​កន្លងទៅ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។