គ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ ២នាក់ បានសម្រេចចិត្តសរសេរលិខិតបញ្ជាក់ថា ឈប់ធ្វើសកម្មភាពនយោបាយទាំងអស់ ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ ដើម្បីបញ្ចៀសការធ្វើទុក្ខបុកម្នេញ បណ្ដេញចេញពីក្របខណ្ឌក្រសួងអប់រំ ឬអាចរងការព្រួតវាយធ្វើបាបបន្តទៀត។
អ្នកនាំពាក្យក្រសួងអប់រំ ថា ការសម្រេចចិត្តនេះ គឺ ជាសិទ្ធិសម្រេចរបស់គ្រូបង្រៀនទាំងពីរនាក់ ហើយក្រសួងមិនទាន់មានចំណាត់ការបែបណា លើពួកគាត់នៅឡើយទេ។ ប៉ុន្តែសង្គមស៊ីវិលថា នេះជាករណីរំលោភសិទ្ធិ សេរីភាព នយោបាយ របស់ គ្រូបង្រៀន។
គ្រូបង្រៀន លោក ស៊ុន ធន់ និងលោក ថៃ ធីម បានធ្វើលិខិតប្រកាសថា លោកទាំងពីរនឹងបញ្ឈប់សកម្មភាពនានាពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ និងឈប់ចូលរួមសកម្មភាពនយោបាយជាមួយគ្រប់គណបក្សនយោបាយទាំងអស់ ចាប់ពីថ្ងៃទី១ កក្កដាតទៅ។ ក្នុងសេចក្ដីប្រកាសព័ត៌មានផ្ទាល់ខ្លួនរបស់លោកទាំងពីរ មិនបានបញ្ជាក់ពីមូលហេតុនៃការឈប់ធ្វើសកម្មភាពនយោបាយឡើយ។
ប៉ុន្តែសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំម្នាក់ ជាមិត្តភក្ដិរបស់ លោកគ្រូបង្រៀនទាំងពីរ គឺលោក ថោង វិបុលសុខុម អះអាងថា លោក ស៊ុន ធន់ និងលោក ថៃ ធីម រងសំពាធ និងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរទើបត្រូវបង្ខំចិត្តសរសេរលិខិតផ្អាកសកម្មភាពនយោបាយមួយរយៈ៖ « ការដែលគេធ្វើទុកបុកម្នេញ លោកគ្រូ ស៊ុន ធន់ និងលោកគ្រូ ថៃ ធីម លោកគ្រូទាំង២ មិនបានធ្វើឲ្យសកម្មជនយើងបាក់ទឹកចិត្តទេ។ ធ្វើឲ្យសកម្មជនយើង មានទឹកចិត្តខ្លាំងឡើងថែមទៀត ដោយសារតែពួកគេប្រើគ្រប់មធ្យោបាយ ដើម្បីកម្ចាត់ពួកគាត់ ព្យាយាមធ្វើបាបគាត់។ អ៊ីចឹងដំណោះស្រាយរបស់ពួកគាត់ គឺសកម្មជនតាមមូលដ្ឋានបានដឹងឮអស់ហើយ » ។
នៅមុនការចេញលិខិតប្រកាសឈប់ធ្វើនយោបាយ លោក ស៊ុន ធន់ និងលោក ថៃ ធីម ប្រាប់ថា មន្ត្រីមន្ទីរអប់រំខេត្តកំពង់ធំប្រាប់ថា ថ្នាក់លើមានគម្រោងបណ្ដេញពួកលោកចេញពីក្របខណ្ឌគ្រូបង្រៀន ដោយសារពួកលោកបានចុះជួបសកម្មជនគណបក្សសង្គ្រោះជាតិ តាមមូលដ្ឋាន ហើយបង្កើតកម្មវិធីហូបនំបញ្ចុក ក្នុងន័យបម្រើសកម្មភាពឲ្យបក្សប្រឆាំង។ ក្រោយមក លោកទាំងពីរត្រូវបានការិយាល័យអប់រំស្រុកបារាយណ៍ និងមន្ទីរអប់រំខេត្តកំពង់ធំ ហៅទៅសួរនាំពីសកម្មភាពទាំងនោះ។ នៅថ្ងៃទី២៨ មិថុនា លោក ស៊ុន ធន់ ក៏រងការព្រួតវាយពីជនមិនស្គាល់មុខ ៤នាក់ ក្រោយពេលល្បួងលោកឡើងឡានដឹកយកទៅកន្លែងស្ងាត់។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ប្រាប់អាស៊ីសេរីថា ក្រសួងមិនទាន់មានចំណាត់ការលើគ្រូបង្រៀនទាំងពីរនាក់នេះទេ ព្រោះប្រសិនបើមានការដកពិតមែន គឺក្រសួងមាននីតិវិធីរបស់ក្រសួង។ លោក រស់ សុវាចា មិនបញ្ជាក់ថា គ្រូបង្រៀនទាំងពីរ ត្រូវរងការគំរាមឲ្យបញ្ឈប់សកម្មភាពឬអត់ទេ តែលោកប្រាប់ថា ក្រសួងអប់រំ គោរពតាមច្បាប់របស់កម្ពុជា៖ « ក្រសួងអប់រំ យុវជន និងកីឡា មាននីតិវិធីរដ្ឋបាល ដូចខ្ញុំបានជម្រាបជូនលើកមុនអ៊ីចឹង។ ក្រសួងកំពុងតែបន្តពិនិត្យទៅលើករណីនេះ។ មកដល់ពេលនេះ គឺមិនទាន់មានជាព័ត៌មានផ្លូវការ ដែលអាចជម្រាបជូនសាធារណជនបាននៅឡើយទេ។ ខ្ញុំសូមជម្រាបជូនប៉ុណ្ណេះ ពេលនេះ » ។
អ្នកសម្របសម្រួល និងអង្កេតនៃអង្គការខុមហ្វ្រ៊ែល លោក កន សាវាង្ស យល់ថា ប្រសិនបើមានការគាបសង្កត់ផ្នែកនយោបាយមែន ជាការអនុវត្តស្តង់ដារ ២ ក្នុងវិស័យគ្រួបង្រៀន ព្រោះគ្រូបង្រៀនច្រើនណាស់ ដែលជាសកម្មជនគណបក្សនយោបាយ ក្រៅពីគណបក្សប្រឆាំង។ លោក កន សាវាង្ស ថា គ្រូបង្រៀនត្រូវបានហាមឃាត់ កុំឲ្យធ្វើសកម្មភាពនយោបាយនៅក្នុងសាលាប៉ុណ្ណោះ តែចំពោះសកម្មភាពនយោបាយ នៅទីកន្លែងផ្សេងក្រៅពីសាលារៀន គឺគ្រូបង្រៀន មានសិទ្ធិធ្វើនយោបាយ ដូចពលរដ្ឋធម្មតា។ លោកថា ក្រសួងអប់រំ គួរបកស្រាយបញ្ហានេះ ប្រាប់សាធារណៈជន និងគ្រូបង្រៀនទាំងពីរ ដើម្បីឲ្យពួកគាត់លែងបារម្ភពីការធ្វើទុកបុកម្នេញ៖ « ឧបមាថា គាត់ធ្វើគ្រូ ហើយចូលធ្វើជាក្រុមប្រឹក្សាទៀត អត់បានទេ អាហ្នឹងត្រូវតែព្យួរ។ ប៉ុន្តែអានេះ គ្រាន់តែការចូលរួម ការនិយាយគាត់មានសិទ្ធិ។ កុំឲ្យតែគាត់ធ្វើកិច្ចការងារហ្នឹងនៅក្នុងសាលា។ សាលាជាកន្លែងមួយមានការហាមឃាត់។ សម្រាប់ខ្ញុំបើសិនជាករណីហ្នឹង អាជ្ញាធរ ឬក្រសួងចាត់ទុកថា ជាការខុស អ៊ីចឹងមានន័យថា ត្រូវពិនិត្យមើលគ្រូផ្សេងៗទៀតដែរ មិនត្រូវមើលតែគ្រូម្នាក់ហ្នឹង។ គ្រូច្រើនណាស់ ជាសកម្មជនគណបក្សនយោបាយផ្សេង » ។
ទោះជាយ៉ាងណា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ លោក ថោង វិបុលសុខុម ថា សកម្មជនបក្សប្រឆាំងនៅខេត្តកំពង់ធំ គាំទ្រជំហររបស់គ្រូបង្រៀនទាំងពីរ ហើយក្រុមសកម្មជននឹងបន្តសកម្មភាពរបស់លោកទាំងពីរ គឺនៅតែរ៉ៃអង្គាសគ្នា បង្កើតកម្មវិធីជួបជុំគ្នាហូបនំបញ្ចុករាល់សប្ដាហ៍តទៀត។ លោកថា នៅថ្ងៃទី១០ កក្កដា សកម្មជនបក្សប្រឆាំងខេត្តកំពង់ធំ នឹងនាំគ្នាធ្វើពិធីបុណ្យឧទ្ទិសគម្របខួប ៣ឆ្នាំ ដល់បណ្ឌិត កែម ឡី ហើយកម្មវិធីនោះ សកម្មជនបក្សប្រឆាំងនឹងបន្តហូបនំបញ្ចុកជុំគ្នាទៀត។ លោក ថោង វិបុលសុខុម ជឿថា បើលែងមានការធ្វើទុកបុកម្នេញ លោក ស៊ុន ធន់ និងលោក ថៃ ធីម នឹងត្រឡប់វិញ ចូលធ្វើសកម្មភាពនយោបាយវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។