ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សម្ដែងការខកចិត្តខ្លាំងជុំវិញរឿងរ៉ាវដែលអាជ្ញាធរយោធាកម្ពុជាបានវាយកម្ទេចអគារមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាជំនួយរបស់ខ្លួន។ ស្ថានទូតបង្ហាញក្តីបារម្ភថា ការវាយកម្ទេចនេះ អាចពាក់ព័ន្ធនឹងផែនការអនុញ្ញាតឲ្យចិនដាក់មូលដ្ឋានយោធានៅមូលដ្ឋានកងទ័ពជើងទឹករាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀត បដិសេធការចោទប្រកាន់នេះ ហើយប្រកាសថា ប្រទេសនានាអាចចូលចតនៅកំពង់ផែយោធាកម្ពុជាបាន ដោយគ្រាន់តែសុំការអនុញ្ញាតជាមុន។
មន្ត្រីផ្នែកព័ត៌មាននៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ឆាត រ៉ូដឺមៀ (Chad Roedemeir) គូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានការខកចិត្តជុំវិញការណ៍ដែលអាជ្ញាធរយោធាកម្ពុជាបានជ្រើសរើសយកការវាយកម្ទេចចោលអគារសន្តិសុខ លំហសមុទ្រនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលលោកថា ទើបតែមានអាយុកាល ៧ឆ្នាំ ហើយជាសញ្ញាណនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ លោកសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានកង្វល់ជុំវិញការណ៍ដែលថា ការវាយកម្ទេចចោលទាំងស្រុងនូវអគារជាជំនួយរបស់សហរដ្ឋអាមេរិកនេះ អាចជាប់ពាក់ព័ន្ធទៅនឹងផែនការនានាដែលកម្ពុជាអនុញ្ញាតឲ្យសាធារណរដ្ឋប្រជាមានិតចិនដាក់មូលដ្ឋានយោធា ដោយមានគ្រឿងបរិក្ខារយោធា និងកងទ័ពចិននៅទីនោះ។ សហរដ្ឋអាមេរិក ព្រមានថា ការអនុញ្ញាតឲ្យមានវត្តមានយោធាចិននៅទីនោះ នឹងធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ហើយក៏នឹងបង្អាក់ និងបង្កឲ្យមានអស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលផងដែរ។
ឆ្លើយតបនឹងកង្វល់របស់អាមេរិកជុំវិញរឿងចោទថា កម្ពុជាប្រគល់កំពង់ផែយោធារាម នៅខេត្តព្រះសីហនុ ទៅឲ្យចិនគ្រប់គ្រងផ្ដាច់មុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៧ តុលា ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សមួយនៅស្រុកកៀនស្វាយ ខេត្តកណ្តាល បដិសេធការចោទប្រកាន់នេះ។ លោកបញ្ជាក់ថា មិនមែនមានតែប្រទេសចិនមួយទេ ដែលមានសិទ្ធិប្រើប្រាស់កំពង់ផែយោធារាមនេះ តែកម្ពុជាស្វាគមន៍ប្រទេសដទៃទៀតដែលចង់ចូលចតនៅទីនោះ តែត្រូវសុំការអនុញ្ញាតជាមុនសិន ព្រោះកំពង់ផែរាម ជាកំពង់ផែយោធា មិនមែនជាកំពង់ផែដឹកទំនិញនោះទេ៖ « រហូតដល់ប៉ុន្មានថ្ងៃនេះ ចោទប្រកាន់ថា កម្ពុជាប្រគល់កំពង់ផែរាមឲ្យចិនប្រើប្រាស់ផ្ដាច់មុខទៅទៀត ដែលបង្ខំចិត្តត្រូវចាក់ឡើងវិញនូវអ្វីដែលខ្ញុំនិយាយនៅខេត្តព្រះសីហនុ តាំងពីខែ៦ ចាក់ឡើងវិញឲ្យស្ដាប់ បកជាភាសាអង់គ្លេសឲ្យមើលទៀត។ ហើយធ្វើកំណត់ទូតផ្ញើឲ្យគ្រប់ស្ថានទូតថាលោក ហ៊ុន សែន និយាយអញ្ចេះ ... ម៉េចក៏ថា ចង់ធ្វើកំពង់ផែយោធារាមឲ្យទៅជាកំពង់ផែអន្តរជាតិ ? ម៉ែអាណាធ្វើកំពង់ផែយោធាឲ្យទៅជាកំពង់ផែអន្តរជាតិ ? យើងអាចឲ្យចូលនៃនាវាប្រទេសច្រើន មិនមែនកំពង់ផែអន្តរជាតិដូចកំពង់ផែដឹកទំនិញ។ យើងមានកំពង់ផែមួយ កំពង់ផែយោធា ជាកំពង់ផែចម្បាំង។ អ៊ីចឹង ត្រូវសុំការអនុញ្ញាត មិនមែនគ្រាន់តែចិនមួយមានសិទ្ធិប្រើប្រាស់ទេ។ ប្រទេសដទៃដែលសុំការអនុញ្ញាត មកចូលចត ចាក់ប្រេង ឬឡើងគោក ដើម្បីសមយុទ្ធជាមួយនឹងកម្ពុជា ឬធ្វើកិច្ចការអ្វីមួយជាមួយនឹងកម្ពុជា យើងស្វាគមន៍»។
យ៉ាងណា លោក ហ៊ុន សែន ព្រលយឲ្យដឹងថា បើចិនមិនលូកដៃចូលជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជានោះទេ តើឲ្យប្រទេសដទៃណាជួយកម្ពុជា។
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ធ្លាប់អះអាងប្រាប់អាស៊ីសេរីថា ការវាយកម្ទេចអគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺជាសិទ្ធិអធិបតេយ្យរបស់កម្ពុជា ដូច្នេះកម្ពុជាមិនចាំបាច់ជូនដំណឹងប្រាប់ប្រទេសណាមួយនោះទេ។ លោកហៅការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា គ្រាន់តែជាមហិច្ឆតាបម្រើភូមិសាស្ត្រនយោបាយប៉ុណ្ណោះ។ យ៉ាងណា លោក ទៀ បាញ់ មិនបានចោទប្រកាន់ប្រទេសចិន យ៉ាងដូច្នោះនោះទេ។
កាលពីថ្ងៃទី៥ ខែតុលា គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ បញ្ជាក់ថា ខ្លួនធ្លាប់បានពន្យល់ប្រាប់សហរដ្ឋអាមេរិកអំពីផែនការផ្លាស់ប្ដូរទីតាំងនៃទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី ហើយពុំទទួលបាននូវការជំទាស់ជាផ្លូវការណាមួយ ចំពោះការផ្លាស់ប្ដូរនេះទេ។ ការផ្លាស់ប្ដូរទីតាំងនេះទៅទីតាំងថ្មីនៅលើកោះព្រាប គឺដោយសារតែបរិវេណមូលដ្ឋានកងទ័ពជើងទឹករាមមានទំហំតូច ហើយកំពង់ផែនៅទីនោះពុំអាចពង្រីករចនាសម្ព័ន្ធបាន។
អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត សេង សារី មានប្រសាសន៍ថា កម្ពុជាកំពុងតែប្រព្រឹត្តិកំហុសឆ្គងផ្នែកការទូតដោយសារតែមិនបានជូនដំណឹងដល់សហរដ្ឋអាមេរិកឲ្យបានច្បាស់លាស់អំពីការវាយកម្ទេចអគារជាជំនួយរបស់សហរដ្ឋអាមេរិកនេះ។ លោកថា ប្រសិនបើកម្ពុជាពិតជាមានផែនការអនុញ្ញាតឲ្យចិនប្រើប្រាស់ទីតាំងនោះជាមូលដ្ឋានយោធាមែន នោះកម្ពុជាត្រូវតែចេញមុខទទួលខុសត្រូវនៅចំពោះមុខប្រវត្តិសាស្ត្រ និងរដ្ឋធម្មនុញ្ញដែលបានហាមប្រាមបញ្ហានេះ៖ « រដ្ឋាភិបាលត្រូវទទួលខុសត្រូវនៅចំពោះមុខប្រវត្តិសាស្ត្រហើយ បើសិនជាក្នុងករណីយើងមិនធ្វើតាមអ្វីដែលយើងមាន ហើយអាវក្រោះ [ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ] មានហើយមិនព្រមប្រើ ហើយរដ្ឋធម្មនុញ្ញក៏បានកំណត់ឲ្យរដ្ឋាភិបាល ដែលទទួលបានការបោះឆ្នោតពីពលរដ្ឋហ្នឹង ត្រូវតែគោរពតាមរដ្ធម្មនុញ្ញ ក៏យើងមិនគោរពទៅតាមរដ្ឋធម្មនុញ្ញ។ នេះគឺបង្ហាញយ៉ាងច្បាស់ថា យើងត្រូវតែទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ហើយអ្វីដែលសំខាន់នោះគឺ បញ្ហាត្រង់ថា មកដល់ពេលនេះ រដ្ឋាភិបាលនៅតែប្រកាសមិនទទួលស្គាល់លើការចោទប្រកាន់ទាំងឡាយណា ដែលបង្ហាញទៅលើរដ្ឋាភិបាលថា មានភាពលម្អៀងទៅមហាអំណាចចិន ក៏ប៉ុន្តែ សកម្មភាពហើយនឹងអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ គឺបង្ហាញយ៉ាងច្បាស់ទៅលើរឿងហ្នឹង»។
ជាថ្មីម្តងទៀត មន្ត្រីផ្នែកព័ត៌មាននៃស្ថានទូតសហរដ្ឋអាមេរិក រម្លឹកឡើងវិញ អំពីលិខិតកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រធានាធិបតីអាមេរិក បានបើកផ្លូវឲ្យមានកិច្ចពិភាក្សាគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងការពារដល់អធិបតេយ្យរបស់កម្ពុជា ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។ លោកថា សហរដ្ឋអាមេរិក ស្វាគមន៍កិច្ចសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីតម្រូវការនានារបស់កម្ពុជា ដើម្បីកំណត់ថា តើ សហរដ្ឋអាមេរិកអាចជួយផ្ដល់ការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មូលដ្ឋានកងទ័ពជើងទឹករាមនេះបាន ដោយរបៀបណា ដែលនឹងធ្វើឲ្យកម្ពុជាទទួលបានផលប្រយោជន៍នៃភាពឯករាជ្យពិតប្រាកដនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។