វិធីតែមួយគត់របស់គណបក្សប្រឆាំង ដើម្បីសម្ដែងភាពមិនពេញចិត្តនៅពេលដែលខ្លួនទាមទារអ្វីមួយមិនបាននោះ គឺដើរចេញពីអង្គប្រជុំ ដោយភាគច្រើនគេឃើញនៅក្នុងកិច្ចប្រជុំសភា។ ប៉ុន្តែថ្នាក់ដឹកនាំក្រោមជាតិរបស់គណបក្សសង្គ្រោះជាតិ វិញ ក៏បានជ្រើសវិធីនេះតាមមេដឹកនាំរបស់ខ្លួនដែរ ដោយនាំគ្នាដើរចេញពីកិច្ចប្រជុំសាមញ្ញលើកទីបួនរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ កញ្ញា នៅសាលារាជធានីភ្នំពេញ លើការបង្កើតគណៈកម្មការលទ្ធកម្មរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ។
បន្ទាប់ពីដើរចេញពីកិច្ចប្រជុំនោះភ្លាម សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញមកពីគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទសារព័ត៌មានភ្លាម ដោយចោទប្រកាន់មន្ត្រីថ្នាក់ក្រោមជាតិមកពីគណបក្សប្រជាជនកម្ពុជា ថាធ្វើកិច្ចការលម្អៀងទៅរកបក្ខពួករបស់ខ្លួន និងបដិសេធការចូលរួមរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចការរដ្ឋបាលសាធារណៈ។
តំណាងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញមកពីគណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា ដែលដឹកនាំសមាជិករបស់ខ្លួនប្រាំរូបផ្សេងទៀត ដើរចេញពីអង្គប្រជុំនោះមានប្រសាសន៍ថា លោកចង់ឲ្យគណៈកម្មការលទ្ធកម្មនេះមានសមាសភាពមួយរូបមកពីគណបក្សសង្គ្រោះជាតិ និងចំនួនពីររូបទៀតមកពីគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមធ្វើកិច្ចការនេះ បម្រើផលប្រយោជន៍ដល់សាធារណជន។ ប៉ុន្តែការស្នើសុំនេះ ត្រូវបានគេបដិសេធដោយសមាជិកក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា៖ «សំឡេង»។
វិទ្យុអាស៊ីសេរី បានទាក់ទង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ តែទូរស័ព្ទមិនអាចទាក់ទងបាន នៅថ្ងៃទី១១ កញ្ញា។
ប៉ុន្តែ មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ការបកស្រាយរបស់សមាជិកក្រុមប្រឹក្សាមកពីគណបក្សសង្គ្រោះជាតិ ថាមិនមានមូលដ្ឋាន និងមិនត្រឹមត្រូវ។ លោកបញ្ជាក់ថា យោងតាមច្បាប់នៃការបង្កើតគណៈកម្មការនេះ គឺមិនមានតំណាងមកពីគណបក្សសង្គ្រោះជាតិ ទេក្នុងនោះ គណៈកម្មការនេះត្រូវមានសមាសភាពបីរូបច្រើនបំផុត។ ទីមួយមកពីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទីពីរ មកពីក្រុមប្រឹក្សារាជធានី និងទីបី មកពីអភិបាលរាជធានី៖ «សំឡេង»។
ទោះជាយ៉ាងណា គោលបំណងនៃការបង្កើតគណៈកម្មការលទ្ធកម្មនេះ គឺជាការខិតខំមួយរបស់រដ្ឋាភិបាល ក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងដើម្បីឲ្យមានតម្លាភាព ក្នុងការដេញថ្លៃសាធារណៈ។ អង្គការសង្គមស៊ីវិល និងម្ចាស់ជំនួយអភិវឌ្ឍន៍មួយចំនួន យល់ឃើញថា ការបង្កើតគណៈកម្មការដោយមានការចូលរួមពីគ្រប់ភាគីទាំងអស់ គឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីត្រួតពិនិត្យប្រសិទ្ធភាពនៃការដេញថ្លៃគម្រោង និងការអនុវត្តគម្រោងជាសាធារណៈ។
នាយកអង្គការតម្លាភាព លោក ព្រាប កុល មានប្រសាសន៍ថា អំពើពុករលួយនៅក្នុងគម្រោង ដែលអនុវត្តនៅប្រទេសកម្ពុជា មានរូបភាពជាច្រើនដែលត្រូវគេលាក់បាំង។ អ្នកប្រព្រឹត្តិអំពើពុករលួយ មានល្បិចកលខ្ពស់បំផុត ឆ្លៀតកេងចំណេញពីនីតិវិធីនីមួយៗដូចជា ការធ្វើលទ្ធកម្ម គាត់មានគ្នីគ្នា ឬមានក្រុមហ៊ុនដែលជាមិត្តភ័ក្ដិដាក់ដេញថ្លៃ ជាដើម។ លោកបញ្ជាក់ថា ប្រសិនបើយើងពិនិត្យមើលនីតិវិធីទាំងនេះនឹងភ្នែក គឺមិនខុសអីទេ ប៉ុន្តែនៅពីក្រោយនៃការអនុវត្ត គឺមានល្បិចផ្សេងៗដែលនាំឲ្យមានការកេងប្រយោជន៍ ដើម្បីចំណេញថវិកាផ្ទាល់ខ្លួន។
បន្ថែមលើនេះ មន្ត្រីថ្នាក់ខ្ពស់ផ្នែកកិច្ចការសង្គមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា លោក ម៉ារ សុភា បានអះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ី ធ្លាប់ដាក់ទណ្ឌកម្មផ្សេងៗដល់អ្នកអនុវត្តន៍គម្រោងមកពីជួររដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញការដែលជួយក្នុងការអនុវត្តគម្រោង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។