ក្រសួងរតនាគារអាមេរិក ប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះ Union Development Group ឬ UDG ដែលកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍នៅតំបន់តារាសាគរ ខេត្តកោះកុង។ ការសម្រេចដាក់ទណ្ឌកម្មចូលក្នុងបញ្ជីខ្មៅបង្កកទ្រព្យសម្បត្តិរបស់អាមេរិកនេះ គឺដោយសារតែក្រុមហ៊ុនមួយនេះ មានជាប់ពាក់ព័ន្ធនឹងអំពើច្បាមយកដីធ្លីពីប្រជាកសិករខ្មែរ ករណីរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយនៅកម្ពុជា។
ការប្រកាសដាក់ទណ្ឌកម្មជាផ្លូវការចូលក្នុងបញ្ជីខ្មៅរបស់អាមេរិកនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ កញ្ញាដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (Office of Foreign Assets Control, OFAC) របស់ក្រសួងរតនាគារអាមេរិក ផ្អែកតាមច្បាប់ Global Magnitsky Act ដ៏មានឥទ្ធិពលរបស់ខ្លួន។ បើតាមក្រសួងរតនាគារអាមេរិក ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះ UDG នេះ បានពាក់ព័ន្ធនឹងសកម្មភាពរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយ តាមរយៈមន្ត្រីជាន់ខ្ពស់យោធាកម្ពុជាមួយរូប គឺនាយឧត្ដមសេនីយ៍ គន់ គីម ដែលសហរដ្ឋអាមេរិកធ្លាប់បានដាក់ទណ្ឌកម្មកាលពីចុងឆ្នាំ២០១៩ កន្លងទៅ។
Treasury sanctions Chinese entity in Cambodia under Global Magnitsky Authority
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្ទីវិន ម៉ានូជីន (Steven T. Mnuchin) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានចុះបញ្ជីក្លែងបន្លំបោកប្រាស់ថាជាក្រុមហ៊ុនមានសញ្ជាតិកម្ពុជា ដើម្បីទទួលបានដីសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍នៅតំបន់តារាសាគរ ក្រុមហ៊ុននេះ ក្រោយមក បានបានប្ដូរកម្មសិទ្ធិទៅជាក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋអំណាចចិនវិញ ហើយកំពុងបន្តប្រតិបត្តិការដោយគ្មានការចាត់វិធានការណាមួយពីរដ្ឋាភិបាលកម្ពុជា។
បើតាមក្រសួងរតនាគារអាមេរិក ក្រុមហ៊ុនចិនឈ្មោះ UDG នេះ មានជាប់ពាក់ព័ន្ធនឹងអំពើច្បាមយកដីធ្លី និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ក្រោមស្លាកអភិវឌ្ឍន៍នៅតំបន់តារាសាគរ ក្នុងខេត្តកោះកុង។ បន្ថែមពីលើនេះទៀត ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ ក៏ផ្តល់ឲ្យក្រុមហ៊ុននេះពង្រីកការកាន់កាប់របស់ខ្លួនលើតំបន់ឧទ្យានជាតិបូទុមសាគរ ដែលជាតំបន់អភិរក្សធម្មជាតិរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យទៀតផង។

អ្នកវិភាគនយោបាយបណ្ឌិត មាស នី សុំមិនអត្ថាធិប្បាយទៅលើការសម្រេចរបស់អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិននេះទេ។ ក៏ប៉ុន្តែ លោកថា ក្រុមហ៊ុនចិននេះ មានរឿងអាស្រូវច្រើនក្នុងរឿងទំនាស់ដីធ្លីជាមួយពលរដ្ឋក្នុងមូលដ្ឋាន៖ « យើងក៏មិនដឹងថាតើក្រុមហ៊ុន UDG នេះ មានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាល ទំហំប៉ុណ្ណាទេ។ ប៉ុន្តែ បើនិយាយរឿងអំពើហិង្សា ហើយនឹងបង្ក្រាបពលរដ្ឋដែលមានបញ្ហាដីធ្លីនៅក្នុងទឹកដី ឬតំបន់ដីសម្បទានរបស់ក្រុមហ៊ុន UDG នេះ វាហាក់ដូចជាភាគច្រើននៃទំនាស់ ច្រើនតែត្រូវបានបង្ក្រាបដោយកម្លាំងប្រដាប់អាវុធ។ យើងអត់ដឹងថាតើរដ្ឋាភិបាលបានផ្តល់នូវកិច្ចគាំពារប៉ុណ្ណា បានជាការតវ៉ារបស់ពលរដ្ឋនៅក្នុងតំបន់ UDG ច្រើនតែប្រឈមជាមួយនឹងការប្រើនូវកងកម្លាំងប្រដាប់អាវុធដើម្បីទប់ទល់ជាមួយនឹងការតវ៉ារបស់ពលរដ្ឋ »។
បណ្ឌិត មាស នី បន្តថា ទន្ទឹមនឹងនេះ ក្រុមហ៊ុនUDG របស់ចិននេះ ក៏រងនូវការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិក ថាកំពុងសាងសង់ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅដើម្បីបម្រើឲ្យមហិច្ឆតាយោធាចិននាពេលអនាគតផងដែរ៖ « យើងឃើញថា នៅក្នុងតំបន់នៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុន UDG ជាពិសេសដូចជានៅក្នុងខេត្តកោះកុង យើងបានឮសូរថា មានការចោទប្រកាន់ពីសហរដ្ឋអាមេរិកថា តំបន់អភិវឌ្ឍន៍ហ្នុង ហាក់ដូចជាកំពុងបានត្រូវប្រើសម្រាប់យុទ្ធសាស្ត្រយោធា ដែលគេប្រើពាក្យថា ប្រើជាតំបន់ភូមិសាស្ត្រនយោបាយដែលមានរួមទាំងការកសាងនូវកំពង់ផែទឹកជ្រៅ ហើយនឹងវាលយន្តហោះមួយ ដែលមានទំហំធំជាងផ្លូវរត់របស់យន្តហោះសម្រាប់ស៊ីវិលធម្មតា»។

បណ្ឌិត មាស នី ពន្យល់ថា ការសម្រេចដាក់ទណ្ឌកម្មនេះ ក៏បង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក ហាក់ដូចជាមិនទុកចិត្ត ជាច្រើនលើកច្រើនសារមកហើយចំពោះការពន្យល់របស់កម្ពុជា និងក្តីមន្ទិលអំពីទំនាក់ទំនងយោធាពិសេសរវាងក្រុមហ៊ុនចិនមួយនេះ ជាមួយនឹងរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោយពីមានការធ្លាក់យន្តហោះស៊ើបការណ៍សម្ងាត់គ្មានមនុស្សបើក ក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ុនមួយនេះ ហើយត្រូវរដ្ឋាភិបាលប្រញាប់ប្រញាល់ដឹកយកទៅកម្ទេចចោល ដោយពុំមានការស៊ើបអង្កេតត្រឹមត្រូវ។
រីឯ អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ថា ការសម្រេចដាក់ទណ្ឌកម្មរបស់អាមេរិកនេះ លាតត្រដាងឲ្យឃើញអំពីអំពើទុច្ចរិតរបស់ក្រុមហ៊ុន UDG ។ លោកថា វាជារឿងគួរឲ្យចាប់អារម្មណ៍ខ្លាំងដែលក្រសួងរតនាគារអាមេរិក បានបង្កើនចំណាត់ការរបស់ខ្លួនយ៉ាងដូច្នេះ ហើយក៏មានន័យថា ក្រុមហ៊ុនUDG នេះ នឹងត្រូវបានសហរដ្ឋអាមេរិករឹតបន្តឹង ដែលលោកថា ចាប់ពីឥឡូវនេះទៅ ក្រុមហ៊ុននេះនឹងមិនអាចធ្វើប្រតិបត្តិការណាមួយជាមួយធនាគារអាមេរិក ឬដោយប្រើលុយដុល្លារបានឡើយ។ លោកពន្យល់ថា ការណ៍នេះនឹងធ្វើឲ្យក្រុមហ៊ុនមួយនេះ រឹតតែពិបាកដោយសារតែនៅកម្ពុជាប្រើប្រាស់លុយដុល្លារ។
គិតត្រឹមម៉ោងផ្សាយនេះ អាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន UDG ដើម្បីសុំប្រតិកម្មបានទេ។ អាស៊ីសេរី ក៏មិនអាចទាក់ទងលោក គន់ គីម និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំប្រតិកម្មជុំវិញរឿងនេះបាននៅឡើយទេ។
ក្រសួងរតនាគារអាមេរិកថា សាធារណរដ្ឋប្រជាមានិតចិន បានប្រើប្រាស់គម្រោងរបស់ក្រុមហ៊ុន UDG នៅកម្ពុជា ដើម្បីពង្រីកមហិច្ឆតារបស់ខ្លួនក្នុងការពង្រីកអំណាចរបស់ចិននៅលើសាកលលោក។ បើតាមសហរដ្ឋអាមេរិក សកម្មភាពរបស់ក្រុមហ៊ុននេះ បានបណ្តាលឲ្យពលរដ្ឋកម្ពុជាជាច្រើននាក់ត្រូវរងគ្រោះដោយសារការបណ្តេញចេញពីដីធ្លីរបស់ពួកគេដោយបង្ខំ ការបំផ្លាញបរិស្ថាន និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ក្រោមស្លាកថា កែប្រែតំបន់នេះ ទៅជាគោលដៅទេសចរណ៍ និងច្រកដឹកជញ្ជូនទំនិញប្រចាំតំបន់។ មិនខុសពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ក្រុងប៉េកាំងដែរ ក្រសួងរតនាគារអាមេរិកថា សកម្មភាពអស់ទាំងនេះ បានផ្តល់អត្ថប្រយោជន៍ដោយមិនសមាមាត្រគ្នាដល់សាធារណរដ្ឋប្រជាមានិតចិន ក្រោមការខាតបង់របស់ពលរដ្ឋកម្ពុជា។
បន្ថែមពីលើនេះ ក្រសួងរតនាគារអាមេរិក ក៏បានលើកឡើងពីកង្វល់បន្ថែមជុំវិញសេចក្តីរាយការណ៍នានាពីប្រព័ន្ធផ្សព្វផ្សាយ ដែលថា អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់និយាយថា តំបន់តារាសាគរ អាចនឹងត្រូវបានបម្លែងទៅជាកន្លែងសម្រាប់បម្រើឲ្យកិច្ចការយោធា។ ក្រសួងរតនាគារអាមេរិក ព្រមានថា វត្តមានយោធាចិនជាអចិន្ត្រៃយ៍នៅលើទឹកដីកម្ពុជា អាចនឹងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងធ្វើឲ្យទន់ខ្សោយដល់ក្តីរំពឹងចង់ឲ្យមានការដោះស្រាយជម្លោះក្នុងតំបន់ដោយសន្តិវិធី ការលើកកម្ពស់ឲ្យមានចរាចរណ៍តាមផ្លូវសមុទ្រដោយសុវត្ថិភាព និងសន្តិសុខ ព្រមទាំងសេរីភាពនៃការធ្វើដំណើរតាមនាវា និងលើអាកាសផងដែរ។
ជាថ្មីម្តងទៀត ក្រសួងរតនាគារអាមេរិក សង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់ខ្លួននាពេលនេះ ធ្វើឡើងបន្ថែមទៅលើវិធានការនានាដែលសហរដ្ឋអាមេរិក បានធ្វើក្នុងរយៈពេលថ្មីៗនេះដើម្បីបង្ហាញពីការគាំទ្ររបស់សហរដ្ឋអាមេរិក ឲ្យមានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ និងការគោរពអធិបតេយ្យរបស់ប្រជាពលរដ្ឋកម្ពុជា។ ក្រសួងរតនាគារអាមេរិក ថា សហរដ្ឋអាមេរិក កំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីបង្អាក់ការវិនិយោគប្រកបដោយអំពើកេងប្រវ័ញ្ចរបស់ចិន និងដើម្បីឈរនៅជានិច្ចជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។
កាលពីខែឧសភា ឆ្នាំ២០០៨ ក្រុមហ៊ុន UDG គ្រប់គ្រងដោយរដ្ឋអំណាចចិន ទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួនដល់ទៅ ៣ម៉ឺន៦ពាន់ (៣៦.០០០) ហិកតា លើសពីច្បាប់ភូមិបាលកំណត់ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ក្នុងខេត្តកោះកុង។ ក្រុមហ៊ុននេះ បានចាប់ផ្តើមអភិវឌ្ឍន៍គម្រោងនៅតំបន់តារាសាគរ ក្រោមទឹកប្រាក់វិនិយោគសរុបតម្លៃ ៣ពាន់៨រយ (៣.៨០០) លានដុល្លារអាមេរិក ឲ្យក្លាយជាតំបន់ទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។