ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងពញាក្រែក ខេត្តត្បូងឃ្មុំអះអាងថា យោធាវៀតណាមប្រដាប់ដោយអាវុធ និងដំបងឆក់ជាង ៣០នាក់ ចូលឈ្លានពាន និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរជាច្រើនគ្រួសារ មិនឱ្យធ្វើស្រែលើដីរបស់ខ្លួនតាមបណ្ដោយព្រំដែន។ អ្នកភូមិថា សមត្ថកិច្ចខ្មែរនៅតំបន់នោះ មិនបានរារាំងទាហានវៀតណាមទាំងនោះទេ។ ចំណែកអាជ្ញាធរខេត្តត្បូងឃ្មុំ បដិសេធការចោទប្រកាន់នេះ។
ពលរដ្ឋរស់នៅក្បែរបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ឱ្យដឹងនៅថ្ងៃទី១៣ កក្កដាថា ថ្មីៗនេះ ទាហានវៀតណាម ប្រដាប់អាវុធជាង ៣០នាក់ ឆ្លងចូលមកទឹកដីខ្មែរជាង ១០០ម៉ែត្រ ក្នុងចន្លោះបង្គោលព្រំដែនលេខ១១៩ ដល់ ១២០ ដើម្បីដករបងព្រំដីរបស់ពលរដ្ឋខ្មែរ និងរារាំងអ្នកភូមិមិនឱ្យធ្វើកសិកម្មនៅតំបន់នោះ។ ចំណែកពលរដ្ឋខ្មែរប្រមាណ ៤០នាក់ បានផ្ទុះតវ៉ាទាមទារសិទ្ធិអាស្រ័យផល លើដីកេរដូនតារបស់ខ្លួនវិញ។
ពលរដ្ឋរងគ្រោះដីធ្លីម្នាក់ ក្នុងចំណោមពលរដ្ឋជាច្រើនទៀត ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឱ្យដឹងថា ក្រុមពលរដ្ឋខ្មែរជាង ៤០នាក់ បានផ្ទុះការតវ៉ា ខ្លះកាន់កាំបិត និងដំបង ស្រែកជេរទាហានវៀតណាម និងថតវីដេអូ បង្ហាញពីសកម្មភាពយោធាវៀតណាម ឈ្លានពានដីខ្មែរជាថ្មីទៀត កាលពីថ្ងៃទី១២ ខែកក្កដានេះ។ ចំណែកសមត្ថកិច្ចខ្មែរ មិនហ៊ានរារាំង ទាហានវៀតណាមទាំងនោះទេ បែរជាគំរាមកំហែងពលរដ្ឋខ្មែរមិនឱ្យងើបតវ៉ាទាមទារសិទ្ធិអាស្រ័យផល លើដីកេរដូនតារបស់ខ្លួនទៅវិញ៖ «យួនមកឈ្លានពានជាហូរហែ ខ្ញុំមានការឈឺចាប់ និងសោកស្ដាយជាខ្លាំង។ ការបាត់បង់ កេរដូនតាយើងនេះ ខ្ញុំពិតជាមានការសោកស្ដាយមែនទែន។ មិនថារូបខ្ញុំពលរដ្ឋ ក៏ដូចជាពលរដ្ឋគ្រប់រូប តាមបណ្ដោយខ្សែបន្ទាត់ព្រំដែនហ្នឹង។ ថ្វីត្បិតថាឥឡូវនេះខាំមាត់ សង្កត់ចិត្ត បៀមទុក្ខ លេបថ្ម លេបក្រួស មិនហ៊ាននិយាយស្តី ដោយសារតែខ្មោចស្រុក បើកដៃអ៊ីចឹង ពិបាកមែនទែន ពិបាកក្នុងការនិយាយណាស់»។
បុរសដដែលបន្ថែមថា ពលរដ្ឋខ្មែរជាច្រើនគ្រួសារត្អូញត្អែរ ពីការបាត់ដីស្រែកេរដូនតារបស់ខ្លួន ក្រោយពីរដ្ឋាភិបាលកំណត់បង្គោលព្រំដែន នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកថា គ្រួសាររបស់លោក បាត់បង់ដីស្រែជាង ១ហិកតារ ដែលវៀតណាមរំលោភយក ៖ «ខេត្តត្បូងឃ្មុំ ឱ្យតែជាប់ខ្សែបន្ទាត់ព្រំដែន មាន មិនសុខស្រួលទេ ខ្ញុំមើលទៅពិបាកចិត្តណាស់។ បង្គោលវៀតណាម បោះចំបង្គោលដីស្រែពុក ម្តាយខ្ញុំរស់នៅរាល់ថ្ងៃហ្នឹង»។
កាលពីថ្ងៃទី១២ កក្កដា ពលរដ្ឋខ្មែរជាង ៤០នាក់ ភាគច្រើនដែលម្ចាស់ដីស្រែ រស់នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង បានស្រែកតវ៉ា នៅចំណុចដីស្រែដែលវៀតណាមឈ្លានពានដោយខឹងសម្បារ នឹងទាហានវៀតណាមជាង ៣០នាក់ ប្រដាប់ដោយអាវុធ និងដំបងឆក់ឆ្លងចូលដីខ្មែរ ហើយពួកគេ បានថតវីដេអូបង្ហោះ តាមបណ្ដាញសង្គម។ ក្រុមពលរដ្ឋទាំងនោះ រិះគន់អាជ្ញាធរខ្មែរថា មិនហ៊ានតទល់ ជាមួយទាហានវៀតណាមទាំងនោះទេ៖ «មានករណីទាហានវៀតណាម ចូលមកឃាត់ប្រជាជន ក្នុងដីខ្មែរ មានកាំភ្លើង និងដំបងឆក់ ក្នុងទឹកដីខ្មែរយើង»។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ និងទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី១៣ កក្កដា។
ចំណែកស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន បដិសេធថា បញ្ហានេះ ពុំមែនជាការឈ្លានពានទឹកដីខ្មែរ ពីសំណាក់យោធាវៀតណាមនោះទេ។ លោកបញ្ជាក់ថា ស្ថានភាពព្រំដែននៅតំបន់នោះ រដ្ឋាភិបាលខ្មែរ និងវៀតណាម កំពុងឯកភាពគ្នាកំណត់ខ្សែបន្ទាត់ព្រំដែន មិនទាន់រួចរាល់នៅឡើយទេ។ រីឯពលរដ្ឋខ្មែរខ្លះ បានទៅបោះបង្គោល ចាប់យកដីនៅតំបន់នោះ បានជាទាហានវៀតណាម ហាមឃាត់។ លោកថា ក្រោយពីភាគីប្រទេសទាំងពីរ កំណត់បន្ទាត់ព្រំដែនរួច រដ្ឋាភិបាលខ្មែរ នឹងទទួលបានដី ៦០០ហិកតារ ពីវៀតណាមមកវិញ ដើម្បីប្រគល់ជូនពលរដ្ឋខ្មែរធ្វើកសិកម្ម។ ដោយឡែក អាជ្ញាធរខ្មែរ និងវៀតណាម បានសម្របសម្រួលគ្នារួចហើយ បញ្ឈប់បញ្ហានេះ៖ «យើងសម្របសម្រួលជាមួយពលរដ្ឋថា នៅពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានប្រគល់ឱ្យគ្នាជាផ្លូវការហើយនោះ នឹងជូនពលរដ្ឋហើយ។ ដីហ្នឹង ៦ហិកតារ ប្លាយដែលយើងដណ្តើមបានមកវិញ ហើយគាត់ទៅជាធ្វើ មិនរង់ចាំរដ្ឋធ្វើអីស្រួលប្រួល។ ឥឡូវយើងបានប្រាប់គាត់ អ៊ីចឹងទៅ គាត់យល់ហើយ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ចាត់ទុកបញ្ហានេះជាការឈ្លានពាន ដីខ្មែរពីសំណាក់ភាគីវៀតណាមជាថ្មីទៀត ឆ្លុះបញ្ចាំងថា រដ្ឋាភិបាលអសមត្ថភាព ក្នុងការការពារបូរណភាពទឹកដី និងក្នុងការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ ឱ្យដាច់ស្រឡះ៖ «នៅតំបន់ហ្នឹង មានផ្លូវក្រវាត់ព្រំដែន មានការឯកភាពពីវៀតណាម រឿងអីគាត់ចូលដីខ្មែរ ហួសចូលខ្សែក្រវាត់ព្រំដែន មករំលោភដីពលរដ្ឋខ្មែរយើង។ រដ្ឋាភិបាលខ្មែរយើងជំពាក់គុណវៀតណាម អ៊ីចឹងមិនហ៊ានតវ៉ាជាមួយវៀតណាមទេ»។
ក្រុមពលរដ្ឋរស់នៅក្បែរបន្ទាត់ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ បន្ថែមថា យោធាវៀតណាមតែងឆ្លងចូលដីខ្មែរ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន គំរាមកំហែង និងរារាំងពលរដ្ឋខ្មែរមិនឱ្យធ្វើស្រែលើដីរបស់ខ្លួន ជាញឹកញាប់ ក៏ប៉ុន្តែបាតុភាពនេះភាគច្រើនកើតឡើងដោយស្ងៀមស្ងាត់ និងគ្មាននរណាដឹង។ ចំណែកសមត្ថកិច្ច និងទាហានខ្មែរ ដែលឈរជើងនៅតំបន់នោះ មិនសូវអើពើដោះស្រាយ ក្តីកង្វល់រួមរបស់ពលរដ្ឋនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។