អ្នកវិភាគ​ជំរុញ​ទៅ​លោក​ កឹម​ សុខា​ ឱ្យ​សកម្ម​ថែម​ទៀត ​ទាំង​ជួប​ពលរដ្ឋ និង​បណ្ដា​អង្គទូត

ក្រុម​អ្នកវិភាគ​ជំរុញ​ទៅ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​កាន់​តែ​សកម្ម​ជួប​ពលរដ្ឋ និង​មន្រ្តី​ទូត​បរទេស​នានា ដើម្បី​អាច​រក​ដំណោះ​ស្រាយ​នយោបាយ និង​ជំរុញ​ស្មារតី​ពលរដ្ឋ និង​អ្នក​ប្រជាធិបតេយ្យ​នៅ​តែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​ចិត្ត​ចង់​ផ្លាស់​ដូរ​សង្គម។ ការ​ឡើង​បែប​នេះ ដោយសារតែ លោក កឹម សុខា មិន​បាន​បន្ត​ជួប​ពលរដ្ឋ​ក្រោយ​មាន​ការ​ព្រមាន​របស់​តុលាការ​ក្រុង​ភ្នំពេញ​ម្តង​រួច​មក។

អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា ទោះ​លោក កឹម សុខា នៅ​ពេល​នេះ​បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ និង​សិទ្ធិ​ចេញ​ក្រៅ​ប្រទេស ប៉ុន្តែ​អ្នក​នយោបាយ​ជាន់​ខ្ពស់​រូប​នេះ​នៅ​តែ​មាន​លទ្ធភាព​ជួប បណ្ដា​អង្គ​ទូត និង​ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​នានា ដូច​ដែល​លោក​បាន​ធ្វើ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។ ពួក​គេ​យល់​ថា រាល់​សកម្មភាព​លោក កឹម សុខា ពេល​ជួប​ពលរដ្ឋ ទោះ​មិន​ធ្វើ​នយោបាយ​ក៏​អាច​ធ្វើ​ឱ្យ​គាំទ្រ​បាន​ឃើញ និង​មាន​ទឹក​ចិត្ត​ក្នុង​ការ​បន្ត​ការ​គាំទ្រ ចំណែក​ការ​ជួប​បណ្ដា​អង្គ​ទូត គឺ​អាច​ធ្វើ​ឱ្យ​អ្នក​ទាំង​នោះ​ជួយ​សម្របសម្រួល​ឱ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​ឡើង​វិញ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់ថា លោក កឹម សុខា ត្រូវ​តែ​សកម្ម​នឹង​កិច្ចការ​សំខាន់​ទាំង​ពីរ​នេះ ព្រោះ​មាន​សារៈ​សំខាន់​ក្នុង​ការ​លើក​ទឹក​ចិត្ត​អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ ដើម្បី​បង្ហាញ​ថា លោក​នៅ​តែ​យក​ចិត្ត​ទុក​ក្នុង​ការ​នាំ​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រជាធិបតេយ្យ​ដដែល។ លោក​បន្ត​ថា ទោះ​តុលាការ​ធ្លាប់​ព្រមាន​លោក កឹម សុខា ឱ្យ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ធ្វើ​សកម្មភាព​ជួប​ពលរដ្ឋ​នា​ពេល​កន្លង​មក​ក្ដី ប៉ុន្តែ​លោក​ថា ការ​ព្រមាន​នេះ​ដោយ​សារ​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត ឬ​មិន​ចង់​ឱ្យ​លោក កឹម សុខា ធ្វើ​សកម្មភាព​បែប​នេះ តែ​ទោះ​យ៉ាង​ណា​លោក គឹម សុខ យល់ថា ធ្វើ​ការ​នយោបាយ​ជាមួយ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចរិត​ផ្ដាច់ការ គ្មាន​អ្វី​ក្រៅ​ពី​ភាព​ក្លាហាន​ឡើយ៖ « អ្នក​នយោបាយ​កំពូលៗ ទាល់​តែ​ក្លាហាន​ហ៊ាន​ឆ្លង​បន្ទាត់​ក្រហម​របស់​គេ ( រដ្ឋាភិបាល​លោក ហ៊ុន សែន ) ទើប​មាន​ការ​ប្រែប្រួល​ហើយ​កុំ​ខ្លាច​ភាព​ឆ្លង​បន្ទាត់​ក្រហម​អ្នក​ផ្ដាច់ការ គឺ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ »

កាល​ពី​ខែ​កក្កដា ក្នុង​ពេល​លោក កឹម សុខា កំពុង​សកម្ម​ក្នុង​ការ​ចុះ​ជួប​ពលរដ្ឋ តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​លិខិត ព្រមាន​ថា សកម្មភាព​ចុះ​តាម​បណ្ដា​ខេត្ត​នានា របស់​លោក កឹម សុខា អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន​ដែល​តុលាការ​បាន​​កំណត់។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី លើក​ឡើង​ដែរ​ថា ការ​ស្ងៀមស្ងាត់​ឡើង​វិញ​របស់​លោក កឹម សុខា មិនមែន​ជា​រឿង​ល្អ​សម្រាប់​លោក កឹម សុខា ក្នុង​នាម​អ្នក​នយោបាយ​នោះ​ទេ។​ លោក​ថា ការ​ដឹង​ពី​ស្ថានភាព​សង្គម ការ​វិវឌ្ឍ​សង្គម និង​ស្ថានភាព​ពលរដ្ឋ គឺ​មាន​សារ​សំខាន់​សម្រាប់​អ្នក​នយោបាយ ដូច្នេះ​លោក កឹម សុខា មិន​គួរ​មាន​ការ​ភ័យ​ខ្លាច​ហួស​ហេតុ​ពេក ចំពោះ​ការ​ព្រមាន​របស់​តុលាការ​នោះ​ទេ៖ « ការ​ចេញ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ឯកជន គឺ​មិន​បាន​បញ្ហា​ទេ​ណា​មួយ​មាន​មេធាវី​ទៅ​ជា​មួយ​ទៀត ដែល​អាច​ប្រាប់​គាត់ ( លោក កឹម សុខា ) ថា ចំណុច​ណា​មួយ​ជា​ចំណុច​ហាមឃាត់​យើង​មិន​បំពាន​ទៅ​នឹង​បម្រាម​តុលាការ​ទេ ប៉ុន្តែ​យើង​មិន​គួរ​នៅ​ស្ងៀម​នៅ​ពេល​យើង​មាន​សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ​ជា​លក្ខណៈ​ឯកជន »

លោក សេង សារី លើក​ឡើង​ទៀត​ថា ការ​ស្ងប់ស្ងាត់​មិន​មែន​ជា​ការ​ធ្វើ​នយោបាយ​អហិង្សា​នោះ​ទេ ប៉ុន្តែ​ជា​ការ​ធ្វើ​នយោបាយ​បែប​ភ័យ​ខ្លាច​ទៅ​វិញ​ទេ។

អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីក្រុមមេធាវី លោក កឹម សុខា បានទេនៅថ្ងៃទី២១ ខែសីហា។ ប៉ុន្តែ លោក ​ ចាន់​ ចេន ធ្លាប់ឱ្យអាស៊ីសេរីដឹងថា​ ​លោក​ កឹម សុខា​ នៅតែ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​​រួម​ទាំង​សិទ្ធិ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ដដែល​​​លើក​លែង​តែ​ការ​ចេញ​ក្រៅ​ប្រទេស ​​និង​សិទ្ធិ​ធ្វើ​នយោបាយ​ដែល​តុលាការ​បាន​ហាមឃាត់។

ទោះបី លោក កឹម សុខា បាន​ផ្អាក ជួប​ពលរដ្ឋ​នៅ​តាម​ខេត្ត ប៉ុន្តែ​លោក​បន្ត​ជួប​នឹង​មន្ត្រី​ការ​ទូត។ កាល​ពី​ពេលថ្មីៗនេះ លោក កឹម សុខា បាន​ជួប​អគ្គរដ្ឋទូត​ប្រទេស​សំខាន់​ពីរ គឺ​សហរដ្ឋ​អាមេរិក និង​ប្រទេស​អូស្ត្រាលី។ ​ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បាន​សរសេរ​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) ថា​ លោក​បាន​ពិភាក្សា​ជាមួយ​លោក កឹម សុខា អំពី​ខួប​៧០ នៃ​ទំនាក់​ទំនង​កម្ពុជា-អាមេរិក និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។​ លោក ប៉ាទ្រីក ម័រហ្វី បញ្ជាក់​ទៀតថា លោក​តែងតែ​កោត​សរសើរ​ចំពោះ​ភាព​រាបសា និង​ការ​លះបង់​របស់​លោក កឹម សុខា ចំពោះ​ប្រទេស​កម្ពុជា។ រីឯ ឯកអគ្គរដ្ឋទូត​​​ប្រទេស​អូស្ត្រាលី លោក ប៉ាបប្លូ កាង (Pablo Kang) បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធ័រ​ក្នុង​ពេល​ជួប​លោក កឹម សុខា ដែរថា ប្រទេស​អូស្ត្រាលីនៅតែបន្ត​ជួយ​កម្ពុជា និង​ការ​តស៊ូមតិ។ លោក​បន្ត​ថា ការ​ជជែក​ជាមួយ លោក កឹម សុខា មាន​លក្ខណៈ​ជា​ការ​បំផុស​គំនិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។