ឥទ្ធិពលបន្តិចម្តងៗមកលើប្រទេសកម្ពុជា ។ ការលើកឡើងនេះ ក្រោយពីស្ថានទូតចិនបានចែកផ្សាយសៀវភៅចំនួនជាង ២០០ក្បាល របស់លោក ប្រធានាធិបតីចិនលោក ស៊ី ជីងពីង (Xi Jinping) ដល់មន្ត្រីរាជការខ្មែរចំនួន ១៧០នាក់មកពី ៣១ ស្ថាប័នផ្សេងៗគ្នា។
អ្នកវិភាគនយោបាយលោក គឹម សុខ ដែលកំពុងរស់នៅនិទ្ទេសខ្លួនក្នុងប្រទេសហ្វាំងឡង់ (Finland) បញ្ជាក់ថា ការចែកសៀវភៅនេះ គឺជាផ្នែកមួយនៃសុបិនរួម ដើម្បីឆ្ពោះទៅគ្រប់គ្រងពិភពលោក របស់ប្រទេសចិន។ លោកថា បំណងធំបំផុត គឺការបញ្ចូលគោលការណ៍ទាំងឡាយ នៃមនោគមវិជ្ជា យូរអង្វែងរបស់ប្រទេសចិន ទៅដល់មន្ត្រីរាជការនៃប្រទេសជាមិត្ត ដើម្បីឲ្យយល់ឃើញថា ចិនជាមហាអំណាចខ្លាំងគ្រប់វិស័យ ហើយអាចមានសក្ដានុពល អាចគ្រប់គ្រងពិភពលោកបានទៅថ្ងៃអនាគត៖ «ខ្លឹមសារទិសដៅនៃសៀវភៅនេះជំហានដំបូង ចិនទាក់ទាញឲ្យមន្ត្រីរាជការនៃប្រទេស ជាមិត្តជិតស្និទ្ធ មើលឃើញពីភាពអស្ចារ្យ របស់ចិនសិន ហើយបន្ទាប់មក គឺប្រើមន្ត្រីរាជការ ឲ្យផ្សព្វផ្សាយ បញ្ចុះបញ្ចូល ពលរដ្ឋរបស់ខ្លួនឱ្យគាំទ្រចិន។ អាចនិយាយថា ជំហានដំបូងចិនទិញទឹកចិត្តរាជការ បន្ទាប់មកគឺមន្ត្រីរាជការ ទូទៅហើយប្រើមាត់ ឲ្យលួងលោម ប្រជាពលរដ្ឋនៃប្រទេសជាមិត្តនានាហ្នឹងឲ្យគាំទ្រចិន។ រូបមន្តនេះ ចិនប្រើរូបភាពគម្រោងសេដ្ឋកិច្ចជាអាទិភាព នៅក្នុងមធ្យោបាយនាំមុខ»។
ស្ថានទូតចិន និងព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី២៩ កញ្ញា បានធ្វើកម្មវិធីផ្សព្វផ្សាយសៀវភៅរបស់លោក ស៊ី ជីនពីង មានចំណងជើងថា «ស្ដីពីអភិបាលកិច្ចប្រទេសចិន» ភាគ៣ ចំនួនជាង ២០០ក្បាល របស់ដល់មន្ត្រីរាជការចំនួន ១៧០នាក់មកពី ៣១ស្ថាប័នផ្សេងៗគ្នា។
អគ្គនាយកនៃអគ្គនាយកដ្ឋានព្រឹទ្ធសភា លោក អ៊ុំ សារិទ្ធ ប្រាប់អាស៊ីសេរីថា ការលើកឡើងរបស់អ្នកវិភាគគឺជារឿងមិនត្រឹមត្រូវទេ ដោយសារសៀវភៅ គឺសម្រាប់មនុស្សទូទៅ អាន ហើយសម្រាប់ខ្លឹមសារណាដែលល្អគេអាចរក្សាទុក ចំពោះខ្លឹមសារណាមិនល្អយើងបោះចោលទៅ វាមិនប៉ះពាល់ដល់ការពង្រីកឥទ្ធិពល និងវប្បធម៌របស់ចិនមកកម្ពុជាទេ៖ «ការចែក សៀវភៅដើម្បីអាន មិនមែនជាកំហុសអ្វីទេ គឺជាការចែករំលែក គំនិត និងបទពិសោធន៍ វាមានខុសអី ដូចយើងទៅទិញសៀវភៅ នៅក្នុងបណ្ណាគារ យកមកអាន។ វាមានអ្នកណាគ្របដណ្ដប់អ្នកណា ជាសិទ្ធិសេរីភាពរបស់យើងតើ»។
ទាក់ទិននឹងបញ្ហានេះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក វ៉ាង វិញធៀន (Wang Wentian) បានបញ្ជាក់នៅក្នុងគេហទំព័ររបស់ស្ថានទូតថា សៀវភៅនេះរួមមានរបាយការណ៍ សុន្ទរកថា និងអត្ថបទមតិសំណេះសំណាល គំនិតសំខាន់ៗនៃការកែទម្រង់អភិវឌ្ឍស្ថិរភាព កិច្ចការផ្ទៃក្នុង កិច្ចការការទូត កិច្ចការ ការពារជាតិ និងអភិបាលកិច្ចរបស់ប្រទេស និងយោធា។
សៀវភៅ មានចំណងជើងថា “ស៊ី ជីនពីង ស្ដីពីអភិបាលកិច្ចប្រទេសចិន”ភាគ៣ បានប្រមូលផ្តុំនូវឯកសារ តាំងពីសមាជមជ្ឈិមបក្សកុម្មុយនិស្តចិនលើកទី១៩ កាលពីខែតុលា ឆ្នាំ២០១៧ រហូតដល់ខែមករា ឆ្នាំ២០២០ របស់លោក ស៊ី ជីនពីង អគ្គលេខាធិការបក្ស ដែលក្នុងនោះមានចំនួន ៩២អត្ថបទ។
ពាក់ព័ន្ធរឿងសៀវភៅនៅនេះដែរ អ្នកវិភាគនយោបាយ និងសង្គមលោក បណ្ឌិត មាស នី បញ្ជាក់ថា របៀបធ្វើការរបស់ប្រទេសចិនមកលើកម្ពុជា វាមិនខុសពីប្រទេសមួយចំនួនទៀត ដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិន ដែលព្យាយាមធ្វើខ្លួនឲ្យនៅឆ្ងាយពីប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក។ លោកថា ឥទ្ធិពលទាំងអស់របស់ប្រទេសចិន មិនមែនត្រឹមតែឥទ្ធិពលសេដ្ឋកិច្ចទេ គឺថែមទាំងឥទ្ធិពលនយោបាយទៀតផង៖ «អ៊ីចឹងឥទ្ធិពលនយោបាយដែលភាសាអង់គ្លេសថា (Brain wash ) គឺជាមនោគមវិជ្ជាមួយដែលចិនចាប់ផ្តើមប្រើ។ ពីដើមមក ចិនចាប់ផ្ដើមផ្សាយលទ្ធិកុម្មុយនិស្ត។ ប៉ុន្តែនៅពេលដែលប្រទេសចិនហាក់បីដូចជាប្រើរបៀបថ្មីមួយ ក្នុងការសាបព្រួស នូវមនោគមវិជ្ជារបស់ខ្លួន។ ក្នុងនាមជាប្រទេសមហាអំណាច ហាក់បីដូចជាយកពាក់កណ្ដាលសេដ្ឋកិច្ច ពាក់កណ្តាលមូលធននិយម ហើយនឹងកុម្មុយនិស្ត។ អ៊ីចឹងហើយបានជាប្រទេសតូចៗដែលបានទទួល នូវផលប្រយោជន៍ពីចិន ហាក់បីដូចជាខិតខំផ្សព្វផ្សាយ នូវនយោបាយរបស់ចិន ពិសេស នយោបាយរបស់ ស៊ី ជីងពីង នេះបាទ»។
ដោយសារទំនាក់ទំនងចិនមកកម្ពុជានេះហើយបានធ្វើឲ្យ ក្រុមហ៊ុនសំណង់ធំៗ ជាច្រើននៅក្នុងទីក្រុងភ្នំពេញ និងនៅខេត្តព្រះសីហនុ ភាគច្រើនគ្រប់គ្រងដោយក្រុមហ៊ុនចិន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា បើគិតនៅត្រឹមបំណាច់ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងកម្ពុជាចិន កើនដល់ជាង ៥ពាន់លានដុល្លារ ថែមទាំងគ្រោងជំរុញបង្កើនឱ្យឡើងរហូតដល់ ៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ និងឈានទៅ ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ខាងមុខ។
កាលពីថ្ងៃទី១៥ កញ្ញា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ UDG ចូលក្នុងបញ្ជីខ្មៅ ដោយសារតែក្រុមហ៊ុនមួយនេះ មានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយនៅកម្ពុជា។ ក្រៅពីនៅក្នុងតំបន់នេះ ក្រសួងពាណិជ្ជកម្មអាមេរិក ក៏ទើបតែបានចាត់វិធានការប្រឆាំងក្រុមហ៊ុនចិនសរុបមិនតិចជាង ២០ក្រុមហ៊ុនដែរ ដែលគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ CCCC ហើយភាគច្រើនលួចអនុវត្តគម្រោងការសម្ងាត់ ដើម្បីពង្រីកឥទ្ធិពលយោធាចិននៅលើឆាកអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។