ជនមិនស្គាល់មុខ ២នាក់ ជិះម៉ូតូ ឆ្មក់វាយសកម្មជនបក្សប្រឆាំងម្នាក់នៅខណ្ឌមានជ័យរាជធានីភ្នំពេញ បណ្ដាលឲ្យរបួសក្បាលធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា។ សាច់ញាតិជនរងគ្រោះ ចាត់ទុកការវាយប៉ុនប៉ងសម្លាប់ប្ដី ជាចេតនានយោបាយ ជាជាងគំនុំផ្ទាល់ខ្លួន។ តែនគរបាលបដិសេធ។ ដោយឡែក កូនប្រុសរបស់សកម្មជនបក្សប្រឆាំងម្នាក់ទៀត ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ពេលធ្វើដំណើរទៅលេងស្រុក នៅខេត្តស្វាយរៀង។
សកម្មជនបក្សប្រឆាំង ដែលរងរបួសក្បាលធ្ងន់ធ្ងរ គឺជាអគ្គលេខាធិការគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត នៅខណ្ឌមានជ័យ លោក ឌិន វ៉ារិន។ ប្រពន្ធរបស់ លោក ឌិន វ៉ារិន គឺ លោកស្រី ចាន់ សុភ័គ ហៅ ចាន់ អ៊ីន ឲ្យដឹងថា ស្ថានភាពរបួសរបស់ប្ដីលោកស្រីធ្ងន់ធ្ងរ ដោយសារ ហូរឈាមច្រើន ប្រឡាក់ជោគខោអាវរបស់លោកស្រី និងនៅតែសន្លប់ ហើយក្អួតឈាម ហូរតាមមាត់។
លោកស្រី ចាន់ អ៊ីន ប្រាប់ថា ជនមិនស្គាល់មុខ ២នាក់ ជិះម៉ូតូឌុបគ្នា ប្រើដុំថ្មវាយលោក ឌិន វ៉ារិន ពីចំហៀង បណ្ដាលឲ្យបែកក្បាល ដួលសន្លប់នៅលើចិញ្ចឹមផ្លូវ ក្នុងពេលលោកដើរមកពីពិសាកាហ្វេវិញ នៅព្រឹកថ្ងៃទី១៩ តុលា។ លោកស្រីជឿជាក់ថា ការវាយធ្វើបាបប្ដី មិនមែនជារឿងគំនុំផ្ទាល់ខ្លួនទេ ព្រោះលោក ឌិន វ៉ារិន ជាមនុស្សស្លូតបូត និងស្ថានភាពគ្រួសារ ក្រីក្រខ្លាំង។
លោកស្រី ចាន់ អ៊ីន ប្រាប់ថា កូនប្រុសរបស់លោកស្រី បានទៅដាក់ពាក្យប្ដឹង នៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែក្រោមរួចហើយ។ តែលោកស្រីគ្មានជំនឿលើប៉ូលិសទេ ព្រោះជនមិនស្គាល់លបវាយសកម្មជនបក្សប្រឆាំងច្រើនករណីហើយមិនដែលស្វែងរក និងចាប់ខ្លួនបានម្ដងណាឡើយ៖ « ខ្ញុំសឹងតែដើរទៅណា ខ្ញុំកាន់ដំបងហើយឥឡូវហ្នឹង។ បើមិនអ៊ីចឹង ខ្ញុំកាន់កាំបិតកញ្ចែកាប់ជ្រូកហើយ។ អ្នកណាថា ខ្ញុំឆ្កួតក៏ថា ខ្ញុំឆ្កួតចុះ។ ខ្ញុំអត់ខ្លាចអ្វីទេ ឥឡូវហ្នឹង ខ្ញុំអត់ខ្លាចតែម្ដង។ ឥឡូវមកធ្វើបានប្ដីខ្ញុំ ហេតុអ្វីគាត់មានរឿងអ្វី ខ្ញុំសួរ ? គណបក្សស្អី ដែលរំលាយអស់ហើយហ្នឹង មកធ្វើបាបគាត់អ្វីទៀត។ កុំធ្វើបាបគាត់។ គាត់មានកាំភ្លើងឯណាកាន់ ទៅតដៃជាមួយគេ។ ឲ្យគាត់ រកស៊ី មួយរស់ៗ ទៅ។ គាត់ទៅធ្វើអ្វីកើត។ មិនអាណិតខ្មែរដូចគ្នាសោះ។ បើគាត់នៅតែសុខៗ មកធ្វើអ្វីគាត់។ ប្ដីខ្ញុំ មិនដែលមានជម្លោះជាមួយអ្នកណាទេ។ ក្រ តែក្រហើយ ស្លូតហើយ បងឯងចាំទៅ។ បានអ្វីទៅឈ្លោះ។ លក់តែបន្លែ ពងមាន់ ពងទា ដើម្បីចិញ្ចឹមជីវិត។ ដោះលុយធនាគារ មិនមែនចិញ្ចឹមជីវិតទេណាបង។ ជំពាក់គេ។ ប្ដីប្រពន្ធខ្ញុំ វេទនាណាស់។ ទម្រាំតែបានមកដល់ឥឡូវថា គ្រាន់បើហើយ។ មកឲ្យខ្ញុំវេទនាទៀត។ ខ្ញុំវេទនា ទៀតហើយ»។
លោកស្រី ចាន់ អ៊ីន និងប្ដី គឺជាអ្នកលក់បន្លែ និងសាច់ជ្រូក នៅផ្សារចាក់អង្រែក្រោម។ លោកស្រី ប្រាប់ថា ចាប់តាំងពីការរំលាយគណបក្សប្រឆាំងមក ប្ដីរបស់លោកស្រី បានប្ដូរអាជីព មកឌុបសាច់ជ្រូក និងជួយលក់បន្លែ ជាមួយប្រពន្ធវិញ។ លោកស្រី សោកស្ដាយចំពោះទង្វើរបស់ជនមិនស្គាល់មុខ និងអ្នកបញ្ជាពីក្រោយ ដែលនាំគ្នា ធ្វើបាប លោក ឌិន វ៉ារិន។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា ខាងប៉ូលិស បានទទួលពាក្យប្ដឹងពីគ្រួសារជនរងគ្រោះរួចហើយ និងកំពុងស្រាវជ្រាវ ស៊ើបអង្កេត។ លោក ប្រាប់ថា ខាងប៉ូលិស បានសួរនាំគ្រួសារបន្ថែម ពីករណីនេះរួចហើយ តែមិនទាន់អាចសន្និដ្ឋានបានថា ជាករណីអ្វីឡើយ ដោយត្រូវការស៊ើបអង្កេតបន្ថែមទៀត៖ « ដូចខ្ញុំបានបញ្ជាក់ពីអម្បាញ់មិញអ៊ីចឹងថា ពីជំហាន មិនអាចមាននរណាម្នាក់ទៅវាយតម្លៃថា វាជាករណីអ្វីបានដែរ។ លុះត្រា ដល់ពេលមានសមត្ថកិច្ចទៅស្រាវជ្រាវឃើញថា ជាករណីអ្វីមួយ ជាករណីគំនុំ ឬក៏ករណីអ្វីមួយ ទើបយើងអាចវាយតម្លៃបាន។ បើសិនក្នុងករណីនេះ យើងធ្វើម្ដេចទៅវាយតម្លៃចោទប្រកាន់កើត។ ឧបមាករណីណាមួយ យើងទៅចោទប្រកាន់វា អ៊ីចេះអ៊ីចុះ យើងអត់អាចចោទប្រកាន់បានទេ ព្រោះក្នុងនាមសមត្ថកិច្ចធ្វើការ យើងស្រាវជ្រាវឲ្យមានប្រភពច្បាស់លាស់ មានភស្តុតាងច្បាស់លាស់ ទើបយើងធ្វើការបាន ក្នុងនាមជាសមត្ថកិច្ច»។
នាយករង ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត ឲ្យដឹងថា ជនមិនស្គាល់មុខ បានលបវាយសកម្មជនបក្សប្រឆាំង នៅភ្នំពេញ និងតាមខេត្ត សរុប ជាងដប់នាក់ហើយ ហើយសមត្ថកិច្ច មិនទាន់ចាប់បានជនដៃដល់ យកមកផ្ដន្ទាទោសឡើយ ជាហេតុធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿ និងបន្តចោទប្រកាន់ ថា ហិង្សាទាំងឡាយកន្លងមក ជារឿងនយោបាយ។
លោក អំ សំអាត បន្តថា ការឆ្មក់វាយ លោក ឌិន វ៉ារិន ជាអំពើហិង្សាដោយចេតនា ដូច្នេះ សមត្ថកិច្ច ត្រូវចាប់ជនដៃដល់ យកមកផ្ដន្ទាទោសតាមច្បាប់ ទើបរួចផុតពីការរិះគន់ទាំងឡាយ។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ ព្រួយបារម្ភថា បើករណីហិង្សានេះ នៅតែមិនអាចចាប់ជនដៃដល់ យកមកផ្ដន្ទាទោសបានទេ នឹងបណ្ដាលឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ នៅតែព្រួយបារម្ភសុវត្ថិភាព៖ « អ៊ីចឹង បញ្ហាទាំងអស់នេះ បើតាមផ្លូវច្បាប់ បានន័យថា អាជ្ញាធរ គឺផ្ដល់កិច្ចការពារសន្តិសុខ ហើយនិងផ្ដល់យុត្តិធម៌ សម្រាប់ពលរដ្ឋគ្រប់រូប ដោយមិនមានការរើសអើង។ អាហ្នឹង បានជាកាតព្វកិច្ចរបស់អាជ្ញាធរ ដែលមានសមត្ថកិច្ច»។
អំពើហិង្សា លបវាយសកម្មជនបក្សប្រឆាំង និងសង្គមស៊ីវិល កើតឡើងជាហូរហែ បណ្ដាលឲ្យសកម្មជន ជាងដប់នាក់ហើយ រងរបួសធ្ងន់ស្រាល។ អ្នករងរបួសពីអំពើហិង្សាទាំងអស់ មិនទាន់ទទួលបានយុត្តិធម៌ទេ ខណៈជនរងគ្រោះខ្លះ ស្លាប់បាត់ទៅហើយ ឯជនរងគ្រោះខ្លះ ត្រូវជាប់ពន្ធនាគារពីបទញុះញង់ និងខ្លះទៀត ធ្លាក់ខ្លួន ជាជនពិការក៏មាន។
ដោយឡែក កូនប្រុសរបស់សកម្មជនបក្សប្រឆាំងម្នាក់ លោក ជុំ ពុទ្ធី ដែលកំពុងជាប់ពន្ធនាគារព្រៃស «ម១» ឈ្មោះ ជុំ ពុទ្ធោ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅខេត្តស្វាយរៀង នៅម៉ោងប្រមាណ ៤កន្លះរសៀល ថ្ងៃទី១៨ តុលា ពេលធ្វើដំណើរទៅលេងស្រុកកំណើត។
ប្រពន្ធរបស់ លោក ជុំ ពុទ្ធី និងជាម្ដាយរបស់ សពលោក ជុំ ពុទ្ធោ គឺ លោកស្រី ឈិន សុវណ្ណា យល់ថា គ្រោះថ្នាក់កូនប្រុស មិនមែនជារឿងនយោបាយទេ ព្រោះការធ្វើដំណើរ គឺបុកគ្នា ជាមួយរថយន្តដឹកកម្មករ។ ប៉ុន្តែ លោកស្រីមានបំណងឲ្យឆ្មាំពន្ធនាគារអនុញ្ញាតឲ្យលោក ជុំ ពុទ្ធី ជាឪពុក បានទៅចូលរួមពិធីបុណ្យសពកូនប្រុស នៅខេត្តស្វាយរៀងមួយរយៈ។
លោកស្រី ឈិន សុវណ្ណា បានដាក់លិខិតស្នើសុំតាមលោកមេធាវី សំ សុគង់ រួចហើយ ដើម្បីស្នើសុំអាជ្ញាធរពន្ធនាគារ ពិចារណាឲ្យ លោក ជុំ ពុទ្ធី បានទៅធ្វើបុណ្យសព បើទោះជាស្ថិតក្រោមការឃ្លាំមើល ឬការនាំខ្លួន ទៅធ្វើបុណ្យក៏ដោយ ក៏លោកស្រីរំពឹងថា អាជ្ញាធរ នឹងអនុញ្ញាត។ លោក ជុំ ពុទ្ធី ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារ មានកូន ក្នុងបន្ទុកចំនួន៦នាក់ ដែលកូនច្បង ឈ្មោះ ជុំ ពុទ្ធោ គ្រោះថ្នាក់ចរាចរណ៍ស្លាប់ មានអាយុ២០ឆ្នាំ ខណៈប្រពន្ធ គឺ លោកស្រី ឈិន សុវណ្ណា កំពុងមានផ្ទៃពោះ៦ខែ ជិតសម្រាល កូនទី៧៖ « ស្ថានភាពពិបាកខ្លាំងមែនទែន។ នៅទីទ័លហើយ អត់មានលុយធ្វើបុណ្យសពកូនទៀត ហើយអត់ទាន់ដឹងថា យ៉ាងណា យ៉ាងណី វិលវល់អស់ហើយ អត់ទាន់បានគេងផង តាំងពីម្សិលមិញ ដល់ថ្ងៃហ្នឹង។ ខ្ញុំរកទៅពន្ធនាគារ ស្អែកហ្នឹង ទៅឲ្យដំណឹងគាត់ ហើយសុំទៅខាងមេគុកមើល តើគាត់ (មន្ត្រី ) អនុញាតិឲ្យគាត់ ( ជុំ ពុទ្ធី ) ទៅធ្វើបុណ្យសពកូន ឬអត់ ? នេះគ្រាន់ជាគំនិតរបស់ខ្ញុំ តែអត់ទាន់ដឹងថា ខាងមេគុកហ្នឹង គាត់គិតយ៉ាងម្ដេចទេណា !»។
កងកម្លាំងចម្រុះរាជធានីភ្នំពេញ បានចូលចាប់ខ្លួនក្រុមគ្រួសារលោក ជុំ ពុទ្ធី និងភរិយារបស់លោក រួមទាំងសកម្មជនបក្សប្រឆាំងពីរនាក់ទៀត គឺ លោក ឈួរ ផេង និង លោក អ៊ុក សំអូន នៅក្នុងវត្តថាន់ កាលពីយប់ថ្ងៃទី៤ ខែ សីហា ក្នុងពេលពួកគេ ទៅឃ្លាំមើលអាជ្ញាធររបបក្រុងភ្នំពេញ និងមន្ត្រីសង្ឃឃាត់ព្រះកាយព្រះសង្ឃ ចំនួន៨អង្គ ដែលគ្រោងចូលរួម តវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យដោះលែង លោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពការងារ និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។
ក្រោយចាប់ខ្លួន នគរបាល បានដោះលែងប្រពន្ធរបស់ លោក ជុំ ពុទ្ធី និង លោក អ៊ុក សំអូន តែបន្តចោទសកម្មជន លោក ជុំ ពុទ្ធី និង លោក ឈួរ ផេង ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សង្គម ខណៈមន្ត្រីសង្ឃ និងជ្ញាធរ បានចាប់បញ្ជូនព្រះសង្ឃ ៨អង្គ ដែលគ្រោងចូលរួមតវ៉ាកាលនោះ ត្រលប់ទៅវត្ត នៅខេត្តបាត់ដំបងវិញ៕