​តុលាការ​សម្រេច​ឃុំ​ខ្លួន​ ​អ្នកស្រី ឡាញ់ ថាវរី មេឃុំ​គណបក្ស​ប្រឆាំង នៅ​ពន្ធនាគារ​ព្រៃ​ស

0:00 / 0:00

មេធាវី​ការពារ​ក្ដី​ឱ្យ​មេឃុំ​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា លោក​ស្រី ឡាញ់ ថាវរី ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​តាម​ការ​សំណើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ បច្ចុប្បន្ន​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស (ម២) ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី២១ វិច្ឆិកា។ មន្រ្តី​សង្គម​ស៊ីវិល​សោកស្ដាយ និង​ថ្កោលទោស ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ថៃ និង​កម្ពុជា​ដែល​កំពុង​​រំលោភ​​​សិទ្ធិ​​មនុស្ស​ធ្ងន់​ធ្ងរ​ និង​​​មិន​​​អាច​​​ទទួល​​យក​​​បាន​​​ឡើយ។

តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស (ម២) ជា​បណ្ដោះអាសន្ន ដោយ​ពុំ​ទាន់​បាន​ជួប​គ្រួសារ និង​មេធាវី​នៅ​ឡើយ បន្ទាប់ពី​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ជា​ប្រញាប់​ឱ្យ​អាជ្ញាធរ​ខ្មែរ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត កាល​ថ្ងៃ​ទី២០ វិច្ឆិកា។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោកស្រី ឡាញ់ ថាវរី គឺ​លោក សំ សុគង់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​កូន​ក្តី​របស់​លោក​ពី​បទ "ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម" តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ និង​បាន​បញ្ជូន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស (ម២) កាល​ពី​រសៀល​ពី​ថ្ងៃ​ទី២១ ខែវិច្ឆិកា។ លោក​គ្រោង​ជួប​កូន​ក្តី​ក្នុង​ពន្ធនាគារ​នៅ​ថ្ងៃ​ទី២៣ ឬ ២៤ វិច្ឆិកា ខាងមុខនេះ ដើម្បី​ជជែក​ជុំវិញ​ករណី​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ខ្លួន​ឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ និង​អង្គហេតុ​មួយ​ចំនួន​ទៀត​ផង​ដែរ។ លើស​ពី​នេះ លោក​នឹង​ដាក់​លិខិត​ការពារ​សិទ្ធិ​កូន​ក្តី​ទៅ​តុលាការ និង​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ពីព្រោះ​លោក​យល់​ថា បទ​ចោទ​ប្រកាន់​នេះ តុលាការ​គួរ​ឱ្យ​លោកស្រី ឡាញ់ ថាវរី នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន៖ «លោក​ស្រី ឡាញ់ ថាវរី ត្រូវ​បាន​តុលាការ​កាល​ពី​ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ កាល​ពី​ម្សិល​មិញ​បញ្ជូន​ពី​ថៃ​ចូល​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​រុញ​មក​ដល់​ភ្នំពេញ មាន​បុណ្យ​ច្រើន​អ៊ីចឹង​កាល​ពី​ម្សិល​មិញ​បាន​ទៅ​ដល់​ពន្ធនាគារ​ព្រៃស ម២ ហើយ​គ្រោង​ដាក់​សុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​សារ​បទ​ចោទ​របស់​គាត់​ជា​បទ​មជ្ឈិម​ដែរ»។

លោក​ស្រី ឡាញ់ ថាវរី គឺ​ជា​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​នៅ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​ឆ្នាំ២០១៧ ហើយ​លោកស្រី​បាន​រស់​នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​ជាង ៤ឆ្នាំ និង​ត្រូវ​បាន​ទទួល​ស្គាល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ដោយ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ប្រចាំ​នៅ​ប្រទេស​ថៃ។ អាជ្ញាធរ​​ថៃ​​​​​​ចាប់​​​ខ្លួន​​លោកស្រី​​កាល​​​ពី​​ថ្ងៃ​ទី ១៩ វិច្ឆិកា និង​បញ្ជូន​ទៅ​កម្ពុជា​វិញ​ចក្រ​ព្រំ​ដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​កាល​ពី​ព្រឹក​​ថ្ងៃ​ទី២០ វិច្ឆិកា។

Lanh_Thavry_FB_072817.jpg
លោក​ស្រី ឡាញ់ ថាវរី កាលជា​មេឃុំ​ជាប់​ឆ្នោត​ពី​ខាង​គណបក្ស​ប្រឆាំង ​នៅ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​ឆ្នាំ២០១៧។ រូប៖ ហ្វេសប៊ុក Lanh Thavry

ប្ដី​របស់​លោក​ស្រី ឡាញ់ ថាវរី គឺ​​លោក ភិន រ៉ាដង់ រៀបរាប់​ថា លោក​ព្រួយ​បារម្ភ​អំពី​សុខទុក្ខ​ប្រពន្ធ​ក្នុង​ពន្ធនាគារ​ជា​ខ្លាំង ជាពិសេស សុខភាព​គាត់ ដែល​កើត​ជំងឺ​រលាក​សួត​រាំរ៉ៃ ដោយ​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ពី​គ្រូពេទ្យ​ជា​ប្រចាំ។ លោក​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ គឺ​ជា​រឿង​អយុត្តិធម៌​បំផុត។ លោក​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ព្រោះ​ប្រពន្ធ​របស់​លោក​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​របស់​តុលាការ​នោះ​ឡើយ៖ «មាន​ការ​សោក​ស្ដាយ​វា​អយុត្តិធម៌​ណាស់ មិន​ដឹង​ធ្វើ​យ៉ាង​មិច មិន​ដឹង​ជួយ​យ៉ាង​មិច នៅ​ខ្មែរ​សុំ​ឱ្យ​គេ​ជួយ​មើល​ផង​លុយ​ក៏​មិន​មាន​ចាយ​មាន​តែ​មួយ​រយ​បាត​ជាប់​ខ្លួន សុខ​ភាព​គ្នា​នៅ​ថៃ​នេះ​លេប​ថ្នាំ​ព្រឹក​ល្ងាច​ព្រឹកល្ងាច»។

ជុំវិញ​រឿង​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​អង្គការ​​​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា សង្គម​ស៊ីវិល​សោក​ស្ដាយ ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន​លើ​ស្ត្រី​សកម្មជន​គណបក្ស​ប្រឆាំង​ពេល​នេះ។ លោក​ថា សហគមន៍​ជាតិ-អន្តរជាតិ​នៅ​តែ​ចាត់​ទុក​ការ​ចាប់ និង​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ គឺ​ជា​សារ​គំរាម​កំហែង និង​រឹតត្បិត​លើ​សេរីភាព​ផ្នែក​នយោបាយ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ៖ «បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ជា​អង្គការសង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​អង្គ​ការ​អន្តរ​ជាតិ និង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ គេ​វាយ​តម្លៃ​ថា​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហ្នឹង​វា​មាន​ការ​ធ្លាក់​ចុះ​រួច​ទៅ​ហើយ ជា​ពិសេស សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​តែ​ម្ដង​ដែល​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង»។

ក្រៅ​ពី​លោកស្រី ឡាញ់ ថាវរី កាល​ពី​ថ្មីៗ នេះ អាជ្ញាធរ​ថៃ ក៏​បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​​ពីរ​នាក់ ដែល​មាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន គឺ​លោក វឿង សំណាង និង​លោក វឿន វាសនា ហៅ​​​គ្រញូង​​​ព្រៃ​ឡង់ បញ្ជូន​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ទាំង​ពីរ អំពី​បទ រួម​គំនិត​ក្បត់ ដោយ​ដាក់​ពន្ធនាគារ​ព្រៃ​ស​ផ្នែក​បុរស។

ការ​ចាប់​​​បញ្ជូន​ជន​ភៀស​ខ្លួន ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់​នេះ អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Right watch) និង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ប្រចាំ​ប្រទេស​ថៃ ​សោក​ស្ដាយ និង​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​ថៃ និង​កម្ពុជា​ថា កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។ ពួក​គេ​ចាត់​ទុក​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​នយោបាយ​ត្រឡប់​ទៅវិញ​ក្នុង​ទម្រង់​ជា​ការ​ដោះ​ដូរ​ទំនិញ​បែប​នេះ គឺ​បង្ក​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​រាប់រាយ​នាក់ ដែល​រត់​គេច​ពី​ការ​បង្ក្រាប​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ ត្រូវ​តែ​លើក​កម្ពស់​កិច្ច​ការពារ​ជន​ភៀស​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។