ជនភៀសខ្លួន​មួយ​គ្រួសារ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​អាជ្ញាធរ​ថៃ​តាម​ចាប់ខ្លួន​ផ្ទួនៗ​គ្នា

0:00 / 0:00

សកម្មជន​គណបក្ស​ភ្លើងទៀន​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​មួយ​គ្រួសារ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​អាជ្ញាធរ​ថៃ​តាម​ចាប់ខ្លួន​ផ្ទួនៗ​គ្នា។ ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​។ មន្ត្រី​សិទ្ធិមនុស្ស​ទទូច​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​វិបត្តិ​យោ​បាយ និង​គោរព​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ។

សកម្មជន​បក្ស​ភ្លើងទៀន​មួយ​គ្រួសារ​បង្ខំចិត្ត​រត់​ភៀសខ្លួន ដើម្បី​គេច​ចេញ​ពី​ការ​តាម​ធ្វើទុក្ខបុកម្នេញ​របស់​សមត្ថកិច្ច​កម្ពុជា​កំពុង​ប្រឈម​គ្រោះថ្នាក់​ដល់​សុវត្ថិភាព ដោយសារ​សកម្មភាព​ត​ស៊ូ​មតិ​នៅ​ក្រៅ​ប្រទេស។

សកម្មជន​គណបក្ស​ភ្លើងទៀន​នៅ​ខេត្តពោធិ៍សាត់​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​លោក ជាតិ ខេមរា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បារម្ភ​ខ្លាច​មានការ​ចាប់​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយសារ​ជន​មិន​ស្គាល់​អត្តសញ្ញាណ រួម​ទាំង​ប៉ូលិស​ថៃ​គំរាមកំហែង​សុវត្ថិ​ភាពជា​បន្តបន្ទាប់​។ លោក​ថា លោក​ត្រូវ​បាន​បុគ្គល​ម្នាក់​ដែល​ស្គាល់​អាសយដ្ឋាន​បន្ទប់​ជួល​របស់​លោក​នៅ​ទីក្រុង​បាងកក​បាន​យក​ប្រើ​ហ្វេសប៊ុក​ឈ្មោះ មុល ម៉ុច ផ្ញើ​សារ​មក​គំរាម​សម្លាប់ កាល​ពី​ថ្ងៃទី​១២ ខែវិច្ឆិកា ហើយ​ដែល​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ក៏បាន​ឃើញ​សារ​នោះ​ដែរ​។ លោក​បន្ត​ថា លោក​បាន​ប្តូរ​កន្លែង​ស្នាក់នៅ​ថ្មី​បាន ១០​ថ្ងៃ ស្រាប់តែ​សមត្ថកិច្ច​ថៃ​ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល​ជាច្រើន​នាក់​ប៉ុនប៉ង​ចាប់ខ្លួន​។ លោក​អះអាង​ថា ទង្វើ​គំរាមកំហែង​បែបនេះ​បាន​កើត​ឡើង​ច្រើន​លើក​មក​ហើយ ពីព្រោះ​លោក​នៅតែ​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​នៅ​លើ​បណ្តាញ​សង្គម​។ ជនភៀសខ្លួន​នយោបាយ​រូប​នេះ​ស្នើ​ទៅ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ​ឱ្យ​ជួយ​តាមដាន និង​ធានា​អំពី​សុវត្ថិភាព​ចំពោះ​ជនភៀសខ្លួន​ផង។

លោក ជាតិ ខេមរា៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​ណាស់ ហើយក៏​ស្នើសុំ​អង្គការUNHCRអង្គការ​ផ្សេងទៀត​ជួយ​រក​ទីទួល​សុវត្ថិភាព​ឱ្យ​ពួក​ខ្ញុំ​ផង ខ្ញុំ​មិនអាច​រស់នៅ​កន្លែង​នោះ​បាន​ទេ ដោយសារ​មានការ​ស៊ើបអង្កេត​ពី​រដ្ឋាភិបាល​ថៃ​ផង ពី​ក្រុម​ដែល​យើង​មិន​ស្គាល់​ពី​ប្រវត្តិ​ច្បាស់​ផង អ៊ីចឹង​ខ្ញុំ​ស្នើ​អង្គ​ការ​ជួយ​ក្រុម​គ្រួសារ​របស់ខ្ញុំ​ទាំង​ខ្ញុំ​មានកូន​តូច​ពិបាក​ក្នុង​ការរស់នៅ​ណាស់ ហើយ​កូន​ពីរ​ខួប​ឈឺ​ទៀត​ត ធ្ងន់​ណាស់ ហើយ​ទៅ​ពេទ្យ​ក៏​គ្មាន​ប្រាក់​អ្វី​សម្រាប់​ដោះស្រាយ​ដែរ»។

លោក ជាតិ ខេមរា អតីត​ពលករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ថៃ​កាលពី​ឆ្នាំ​២០១៧​។ បច្ចុប្បន្ន​លោក​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។ ប៉ុន្តែ​លោក​បាន​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ កាលពី​ខែមីនា ឆ្នាំ​២០២៣ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នៅ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCR)​ប្រចាំ​នៅ​ប្រទេស​ថៃ ក្រោយពេល​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​លោក​យក​ទៅ​សាកសួរ​ចំនួន​ពីរ​ដង​ទាក់ទង​សកម្មភាព​រិះគន់​រឿង​អយុត្តិធម៌​នៅក្នុង​សង្គម។

លោក ជាតិ ខេមរា តែងតែ​ចេញមុខ​គាំទ្រ​គណបក្ស​ប្រឆាំង​យ៉ាងសកម្ម ជាពិសេស​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩ និង​រិះគន់​ការបោះឆ្នោត​កាលពី​ខែកក្កដា​ដោយ​គ្មាន​វត្តមាន​គណបក្ស​ភ្លើងទៀន​ផង​ដែរ​។ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​វិញ លោក​បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​រិះគន់​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន និង​កូនប្រុស​គឺ​លោក ហ៊ុន ម៉ាណែត។

សកម្មជន​គណបក្ស​ភ្លើងទៀន លោក ផន ផាន់ណា ដែល​ទើបតែ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប​កាល​ពីពេល​កន្លង​ទៅ លើក​ឡើង​ថា ករណី​មាន​បុគ្គល​ផ្ញើ​សារ​គំរាម​សម្លាប់ ហើយ​មាន​សមត្ថកិច្ច​ថៃ​ឆ្មក់​ចាប់ខ្លួន​លោក ជាតិ ខេមរា ពុំ​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​។ លោក​ថា បញ្ហា​នេះ​បាន​គំរាមកំហែង​ពី​សុវត្ថិភាព​របស់​ជនភៀសខ្លួន​បន្ថែម​ទៀត។

លោក ផន ផាន់ណា៖ «ហេតុអ្វី​អាជ្ញាធរ​ថៃ​ធ្វើទុក្ខបុកម្នេញ​លើ​គាត់​ដែល​ជា​សកម្មជន​នយោបាយ អ៊ីចឹង​ខ្ញុំ​គិតថា​វា​មិន​ជាការ​ចៃដន្យ​ទេ រឿង​ហ្នឹង​អាច​មាន​អាជ្ញាធរ​ខ្មែរ ឬ​អ្នក​ដែល​មាន​និន្នាការ​ជាមួយ​បក្ស​កាន់អំណាច​អាច​ប្តឹង​ទៅ​អាជ្ញាធរ​ថៃ​ឱ្យ​ធ្វើទុក្ខបុកម្នេញ​ជាពិសេស​ជនភៀសខ្លួន​បក្ស​ប្រឆាំង​នៅ​ថៃ​តែម្តង»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន ដើម្បី​ឆ្លើយតប​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍​ថា ជនភៀសខ្លួន​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​កំណើត​ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​។ លោក​មើល​ឃើញ​ថា បច្ចុប្បន្ន​ពួកគេ​នៅតែ​រង​ការ​គំរាមកំហែង និង​បំភិតបំភ័យ​នៅ​ប្រទេស​ថៃ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ខ្លាំង​។ លោក​ទទូច​ឱ្យ​អង្គការ​សហប្រជាជាតិ​ចាត់វិធានការ​ចំពោះ​ប្រទេស​ដែល​រំលោភសិទ្ធិ​មនុស្ស ជាពិសេស​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនភៀសខ្លួន​ជា​បន្តបន្ទាប់​មក​នេះ។

លោក ស៊ឹង សែនករុណា៖ «គប្បី​មានការ​ការពារ​សុវត្ថិភាព​របស់​អ្នក​ទាំងនោះ​មិនមែន​ទៅ​ធ្វើទុក្ខបុកម្នេញ​បន្ថែម​ធ្វើ​ឱ្យ​ពួកគេ​មានការ​ភ័យខ្លាច​ពី​សម្ពាធ​ផ្សេងៗ​នៅក្នុង​ប្រទេស​របស់​ខ្លួន​ហើយ​បែរជា​ទៅដល់​ប្រទេស​មួយ​មាន​ក្តី​រំពឹង​ថា នឹង​អាច​មាន​សុវត្ថិភាព ការរស់នៅ​ល្អ​ប្រសើរ​ជាមុន​ជាដើម ផ្ទុយទៅវិញ​ពួកគេ​មិន​ទទួល​បាន​បែប​ហ្នឹង​វា​ជា​ការ​រំលោភ​លើ​គោលការណ៍​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ជនភៀសខ្លួន​ហ្នឹង»។

យ៉ាងហោចណាស់​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ភ្លើងទៀន​ជាង ៧០​នាក់​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​វាយ​ធ្វើបាប ឬ​ចាប់​ដាក់​ពន្ធនាគារ​។ ទោះ​យ៉ាងណា​កន្លងទៅ​មាន​សកម្មជន​គណបក្ស​ប្រឆាំង​មួយចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ទៅ​កម្ពុជា​វិញ ហើយ​សកម្មជន​គណបក្ស​ភ្លើងទៀន​មួយ​ចំនួន​ទៀត​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន តែ​ត្រូវ​បាន​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ​ជួយ​ទាន់ពេល​នឹង​បាន​បញ្ជូន​ទៅ​ប្រទេស​ទី​៣​។ ដោយឡែក​សកម្មជន​គណបក្ស​ភ្លើងទៀន​មួយ​ចំនួន​ទៀត​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ​ព្រួត​វាយ​ឱ្យ​រង​បួស​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។