ការចេញតវ៉ាស្វែងរកយុត្តិធម៌ជូនសមាជិកគ្រួសារពួកគាត់ដោយកោរសក់បន់ស្រន់បែរបន់បែបសាសនា ព្រមទាំងស្នើសុំកិច្ចអន្តរាគមន៍ពីមន្ត្រីស្ថានទូតសហភាពអឺរ៉ុប និងអាមេរិកប្រចាំក្រុងភ្នំពេញនេះ គឺដោយសារពួកគាត់អស់ជំនឿលើស្ថាប័នតុលាការ។ មន្ត្រីសង្គមស៊ីវិលស្នើយ៉ាងទទូចដល់រដ្ឋាភិបាលគួរទទួលយកអនុសាសន៍សហគមន៍ជាតិ និងអន្តរជាតិទៅកែលម្អ ដើម្បីគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ក្រុមស្រ្តីថ្ងៃសុក្រជាង ១០នាក់ នៅថ្ងៃទី២៦ ខែសីហា បានប្រមូលផ្ដុំតវ៉ាដោយសន្តិវិធីនៅមុខស្ថានទូតសហភាពអឺរ៉ុប និងអាមេរិកប្រចាំទីក្រុងភ្នំពេញ ក្រោមការឃ្លាំមើលពីសំណាក់ក្រុមសន្តិសុខ និងសមត្ថកិច្ចក្រុងភ្នំពេញជាច្រើននាក់ ប៉ុន្តែពុំមានការប៉ះពាល់ទង្គិចគ្នាដូចលើកមុនៗ នោះទេ ដោយគ្រាន់តែស្រែកសម្លុត គំរាមកំហែងពួកគាត់ ស្របពេលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមានវត្តមាននៅកម្ពុជា។ ក្នុងពេលតវ៉ានោះស្ត្រីថ្ងៃសុក្រ ២នាក់ គឺលោកស្រី ព្រុំ ចាន់ថា និងលោកស្រី សេង ចាន់ថន បានកោរសក់ដោយដៃកាន់ផ្កាឈូក អុជធូប ទៀនបន់ស្រន់តាមបែបសាសនា ដើម្បីបង្ហាញទៅសហគមន៍ជាតិ និងអន្តរជាតិពីអំពើអយុត្តិធម៌ក្នុងសង្គមក្រោមហេតុផលនយោបាយ ហើយអំពាវនាវឱ្យអាជ្ញាធរក្រុងភ្នំពេញបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ ដែលកំពុងជាប់ឃុំទាំងអស់ជាបន្ទាន់។
ក្រុមស្ត្រីថ្ងៃសុក្រ ស្នើឱ្យឯករដ្ឋទូតនៃប្រទេសប្រជាធិបតេយ្យធំៗ ទាំងនោះ ជួយអន្តរាគមន៍ឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងប្ដី និងឪពុករបស់ពួកគេឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ដើម្បីពួកគាត់ទទួលបានការព្យាបាលជំងឺ និងចូលរួមការធ្វើនយោបាយឡើងវិញ។ មន្ត្រីស្ថានទូតអឺរ៉ុប និងអាមេរិកបានអនុញ្ញាតឱ្យតំណាងស្ត្រីថ្ងៃសុក្រ ៥នាក់ ចូលជួបពិភាក្សានៅក្នុងស្ថានទូតបន្ទាប់ពីប្រមូលផ្តុំតវ៉ានៅតាមទីតាំងនីមួយៗ។
ប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ប្រាប់វិទ្យុអាស៊ីសេរីក្រោយជំនួបថា មន្ត្រីស្ថានទូតបានទទួលស្វាគមន៍ និងកោតសរសើរចំពោះការលះបង់ពួកលោកស្រីក្នុងការទាមទារយុត្តិធម៌ជូនសាច់ញាតិ។ លោកស្រី ព្រុំ ចាន់ថា ឱ្យដឹងថា ពួកលោកស្រីក៏បានលើកឡើងពីទុក្ខលំបាក ការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពីសំណាក់រដ្ឋាភិបាល ជាពិសេសថ្មីៗ នេះ អាជ្ញាធរពន្ធនាគារបានបញ្ជូនសាច់ញាតិពួកគាត់ពីពន្ធនាគារព្រៃសទៅពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនវៀតណាម ដោយតក់ក្រហល់ និងមិនផ្តល់ដំណឹងឱ្យក្រុមគ្រួសារ ឬមេធាវីដឹងមុនឡើយ ។ ទោះយ៉ាងណាក្ដី លោកស្រីថា មន្ត្រីស្ថានទូតបានបញ្ជាក់ថា សហគមន៍អន្តរជាតិមិនបោះបង់ពួកលោកស្រីចោលនោះទេ ហើយសន្យានឹងលើកយកបញ្ហានេះទៅជជែកជាមួយរដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធិមនុស្ស និងបន្តតាមឃ្លាំមើលករណីនេះតទៅទៀត៖ «ខ្លឹមសារនោះ ពួកខ្ញុំចង់ឱ្យពួកគាត់ជំរុញឱ្យរដ្ឋាភិបាលរកដំណោះស្រាយឱ្យបានឆាប់ៗ ឬក៏ជំរុញឱ្យរដ្ឋាភិបាលដោះលែងក្រុមគ្រួសារពួកខ្ញុំឱ្យបានឆាប់ៗ ដោយគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅប្រទេសកម្ពុជា កុំឱ្យធ្វើទុក្ខបុកម្នេញក្រុមគ្រួសារគណបក្សប្រឆាំង និងអាចធ្វើនយោបាយស្របច្បាប់ដូចគ្នាដូចឯងដែរ»។
លោកស្រី ព្រុំ ចាន់ថា បញ្ជាក់ថា មូលហេតុដែលលោកស្រីងាកមកកោរសក់បែរបន់បែបសាសនា និងស្វែងរកកិច្ចអន្តរាគមន៍ពីប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពេលនេះ ដោយសារលោកស្រីគ្មានជំនឿលើប្រព័ន្ធតុលាការ ដែលស្ថិតក្រោមសម្ពាធរបស់អ្នកនយោបាយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៦ ខែសីហា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សកម្មភាពតវ៉ារបស់ក្រុមស្ត្រីថ្ងៃសុក្រតាមបែបសាសនា និងការស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតប្រទេសប្រជាធិបតេយ្យនានា គឺជាសិទ្ធិសេរីភាព។ ទន្ទឹមនឹងនេះ លោកសង្កេតឃើញថា សំណើពួកគេតែងតែទទួលបានការយកចិត្តទុកដាក់តាមដានតាមរយៈមធ្យោបាយការទូតពីសហគមន៍អន្តរជាតិ ដោយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនបក្សប្រឆាំងទាំងនោះឱ្យមានសេរីភាពឡើងវិញ ដើម្បីគោរពសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយឆ្ពោះទៅរកការបោះឆ្នោតខាងមុខដំណើរការល្អប្រសើរ។ លោកថា រដ្ឋាភិបាលគួរឆ្លើយតបនឹងអនុសាសន៍នានា ដោយវិជ្ជមាន ដើម្បីបញ្ចៀសការរិះគន់ និងការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធពីអាមេរិក និងសហភាពអឺរ៉ុប៖ «យើងឃើញថា បណ្ដាប្រទេសមួយចំនួនដូចសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត យកចិត្តទុកដាក់តាមដានទៅលើការចាប់ និងការឃុំខ្លួនអតីតសកម្មជនគណបក្សប្រឆាំង ហើយក៏មានការទាមទារឱ្យដោះលែងពួកគេ ដើម្បីឱ្យលំហសេរីភាពនយោបាយមានភាពល្អប្រសើរឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ»។
លោក អំ សំអាត បន្ថែមថា ការបញ្ជូនសកម្មជនបក្សប្រឆាំងទៅឆ្ងាយពីក្រុមគ្រួសារប៉ះពាល់ដល់ការប្រាស្រ័យទាក់ទងគ្នា ខណៈគ្រួសារតែងតែចេញមុខតវ៉ានៅរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា ការបញ្ជូនជនជាប់ឃុំពីពន្ធនាគារមួយទៅពន្ធនាគារមួយដោយមិនបានជូនដំណឹងឱ្យមេធាវីការពារក្ដី ឬក្រុមគ្រួសារដឹងជាមុន គឺជាការរំលោភសិទ្ធិរបស់ពួកគាត់។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំងជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិនយោបាយរបស់ពួកគាត់។
កាលពីដើមខែឧសភា សមាជិកសភាអឺរ៉ុបបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីគ្រប់រូបភាពលើការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋ ការដោះលែងអ្នកជាប់ឃុំនយោបាយ និងទម្លាក់ចោលបទចោទប្រកាន់មិនត្រឹមត្រូវលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងការស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្មលើអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាល ជាដើម។ ទន្ទឹមនឹងនេះ សភាអឺរ៉ុបបានជំរុញឱ្យស្ថាប័នអឺរ៉ុបអនុម័តវិធានការនានា ប្រឆាំងនឹងក្រុមមេដឹកនាំកម្ពុជា ក្នុងនោះរួមទាំងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងផងដែរ ប្រសិនបើរកឃើញថា ការបោះឆ្នោតមានភាពអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។