ប៉ូលិសក្រុងភ្នំពេញបានបញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង គឺលោក ឡុង ផារីទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ មីនា។ កូនស្រីលោក ឡុង ផារី ថ្លែងថា សមត្ថកិច្ចចាប់ខ្លួនឪពុករបស់លោកស្រីពាក់ព័ន្ធរឿងនយោបាយនិងដោយអយុត្តិធម៌។
តុលាការសម្រេចបញ្ជូនលោក ឡុង ផារី ទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោយពីសាកសួរចប់នៅរសៀលថ្ងៃទី១៨មីនា ពាក់ព័ន្ធរឿងនិយាយទូរស័ព្ទរឿងមេរោគកូវិដ១៩។
កូនស្រីប្រធានគណបក្សសង្គ្រោះជាតិស្រុកកំពង់ត្របែក ខេត្តព្រៃវៃង កញ្ញា ផល់ ជឿន ប្រាប់អាស៊ីសេរី ក្រោយពេលចេញពីសាលាដំបូងរាជធានីភ្នំពេញថា ការចាប់ខ្លួននេះជារឿងនយោបាយច្រើនជាង ដោយសារតែឪពុករបស់កញ្ញានៅតែបន្តគាំទ្រថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេស និងមានដីកាតាមចាប់ខ្លួនពីតុលាការអំឡុងយុទ្ធនាការបង្ក្រាបគណបក្សប្រឆាំងកាលពីឆ្នាំ២០១៩។ កញ្ញា ចាត់ទុកការចាប់ខ្លួនរបស់តុលាការនេះ ថាជារឿង អយុត្តិធម៌ មិនអាចទទួលយកបានឡើយ ពីព្រោះឪពុករបស់ខ្លួនពុំបានប្រព្រឹត្តខុសច្បាប់អ្វីនោះទេ៖ «ខ្ញុំសួរគាត់និយាយថា ដោយសារតែគាត់និយាយរឿងជំងឺកូវិដ១៩ គេលួចចាប់តាមបណ្ដាញទូរស័ព្ទ ហើយតុលាការសួរបូកបញ្ចូលទាំងសំណុំរឿងពីមុនៗ មកផង។ ខ្ញុំឆ្ងល់តែគ្រាន់តែរឿងប៉ុណ្ណឹងហេតុបានទៅចាប់គាត់ដាក់គុក ខ្ញុំមើលទៅប្រទេសគេផ្សេងគេបើចំហឱ្យប្រជាពលរដ្ឋគេនិយាយ តែចំពោះនៅស្រុកខ្មែរគឺ និយាយអត់បាន » ។
មន្ត្រីគណបក្សប្រឆាំងខេត្តព្រៃវែងលោក ឡុង ផារី ត្រូវបានប៉ូលិសរាជធានីភ្នំពេញចាប់ខ្លួននៅក្នុងហាងកាហ្វេមួយកន្លែងនៅម្ដុំផ្សារអូរឫស្សី នៅព្រឹកថ្ងៃទី១៨ មីនា។ សកម្មជនរូបនេះបានរត់គេចខ្លួននៅរាជធានីភ្នំពេញ អស់ជាច្រើនខែមិនទាន់ហ៊ានចូលផ្ទះនៅឡើយ។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុំ រិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅរសៀលថ្ងៃទី១៨មីនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
កូនស្រីជនជាប់ឃុំ កញ្ញា ជល់ ជឿន អះអាងថា ប៉ូលិសពុំបានជូនដំណឹងពីការចាប់ឪពុករបស់កញ្ញាដល់ក្រុមគ្រួសារបានដឹងពីទោសកំហុសនោះទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ប៉ូលិសពុំមានសិទ្ធិចាប់ប្រជាពលរដ្ឋដែលពុំបានប្រព្រឹត្តសុខច្បាប់នោះទេ ហើយការសមត្ថកិច្ចត្រូវតែប្រាប់មូលហេតុនៃការចាប់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវជូនដំណឹងដល់សាច់ញាតិឱ្យបានដឹងពីទោសកំហុសរបស់ជនជាប់ឃុំ។លោកបន្ថែមថា ការចាប់ខ្លួនដោយពុំបានបង្ហាញដីការបស់តុលាការ និងជូនដំណឹងដល់សាច់ញាតិ គឺជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋនិងរំលោភច្បាប់ជាធរមាន៖ «ព្រោះម្នាក់ៗ បារម្ភអីចឹងការបញ្ចេញមតិរបស់អាចនឹងខុសពីលក្ខណៈបច្ចេកទេសនៃជំងឺរលាកផ្លូវដង្ហើមហ្នឹង អីចឹងគាត់អាចបញ្ចេញតាមអារម្មណ៍របស់គាត់។បើយើងយករឿងនេះចាត់ទុកថាការផ្សាយព័ត៌មានមិនពិតហើយ អនុវត្តផ្លូវច្បាប់វាអាចប៉ះពាល់ទៅដល់សេរីភាពក្នុងការបញ្ចេញមតិ រឿងខ្លះ ហើយខ្លះទៀតគាត់អត់មានចេតនាទេក្នុងការដែលផ្សព្វផ្សាយអីហ្នឹង ប៉ុន្តែដោយសារការភ័យខ្លាចនឹងការគិតរបស់គាត់ទៅក៏គាត់ធ្វើអីចឹងទៅ » ។
លោក អំ សំអាត កត់សំគាល់ទៀតថា មួយរយៈនេះសកម្មជនគណបក្សប្រឆាំងនៅក្នុងស្រុកហាក់រងការធ្វើទុកទុក្ខបុកម្នេញដោយការវាយដំបង្កស្នាមរបួសពីជនមិនស្គាល់មុខ និងត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារជាថ្មីឡើងវិញ និងដោយមិនផ្តល់ដំណឹងអំពីការចាប់ខ្លួនដល់គ្រួសារ។ សកម្មជនគណបក្សសង្គ្រោះជាតិ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង លោក ឃុត ច្រឹក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១០ មីនា ដោយចោទប្រកាន់ថា បង្ហោះសារនៅលើហ្វេសប៊ុកបំផុសព័ត៌មានក្លែងក្លាយធ្វើឲ្យមានការជ្រួលច្របល់ក្នុងសង្គម។ មន្ត្រីសង្គមស៊ីវិលរូបនេះ ថា ការចោទប្រកាន់នេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ បានមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។