មេដឹកនាំគណបក្សប្រឆាំង និងអ្នកវិភាគអះអាងថា គណបក្សប្រជាជនកម្ពុជា កំពុងតែបែកបាក់ផ្ទៃក្នុង ទើបធ្វើឲ្យលោក ហ៊ុន សែន ប្រញាប់ប្រញាល់ប្រកាសតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ នៅមុនពេល គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការបែបនេះ។
អ្នកវិភាគចាត់ទុកការប្រកាសរបស់លោក ហ៊ុន សែន ដែលថា លោក ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្ត្រីភ្លាមៗ ក្រោយពីរដ្ឋាភិបាលថ្មីបានបង្កើតឡើងនោះ គឺជាការបោកប្រាស់ព្រះមហាក្សត្រ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន កំពុងតែប្រមាថព្រះមហាក្សត្រ និងប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺគាំទ្រលោកធ្វើជានាយករដ្ឋមន្ត្រី។ លោកបញ្ជាក់ថា បញ្ជីឈរឈ្មោះជានាយករដ្ឋមន្ត្រីសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតកាលពីថ្ងៃទី២៣ កក្កដានោះ លោក ហ៊ុន សែន មិនមែនជាលោក ហ៊ុន ម៉ាណែត ឡើយ។
លោក គឹម សុខ៖ «ការប្ដូរភ្លាមៗ របស់លោក ហ៊ុន សែន គឺជាការក្បត់ព្រះមហាក្សត្រ ក្បត់គណបក្សប្រជាជនកម្ពុជា និងក្បត់ប្រជាពលរដ្ឋខ្មែរ ពីព្រោះក្នុងអាណត្តិនេះ គាត់បានសន្យាជាមួយប្រជាពលរដ្ឋថា គាត់ជាបេក្ខជននាយករដ្ឋមន្ត្រី។ ដូច្នេះគាត់ត្រូវធ្វើជានាយករដ្ឋមន្ត្រីសិន ទើបអាចផ្ទេរអំណាចទៅបាន»។
ការលើកឡើងរបស់អ្នកវិភាគនេះ នៅបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសនៅរសៀលថ្ងៃទី២៦ កក្កដាថា លោកនឹងមិនធ្វើជាការនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថ្មីនេះទេ។ លោកអះអាងថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ។ ចំណែកលោក ហ៊ុន សែន នឹងទៅអង្គុយតំណែងប្រធានព្រឹទ្ធសភាជំនួសលោក សាយ ឈុំ ដែលនឹងចូលនិវត្តន៍នៅពេលខាងមុខ។
លោក ហ៊ុន សែន៖ «អ្វីដែលជាការជឿទុកចិត្តរបស់ខ្ញុំ គឺប្រជាពលរដ្ឋនឹងបន្តគាំទ្រ ហ៊ុន ម៉ាណែត មិនមែនជាការបន្តវេន ដូចព្រះមហាក្សត្រតែងតាំងព្រះជាយាទទេ។ ដូច្នេះទោះបីជាហ៊ុន ម៉ាណែត មិនមែនជាកូនរបស់ខ្ញុំ ក៏ខ្ញុំគាំទ្រ ជានាយករដ្ឋមន្ត្រីដែរ»។
លោក ហ៊ុន សែន ផ្ទេរអំណាចឲ្យលោក ហ៊ុន ម៉ាណែត នៅក្រោយបោះឆ្នោតបែបនេះ គឺបង្ហាញថា លោកព្រួយបារម្ភខ្លាចប្រជាពលរដ្ឋមិនបោះឆ្នោតគាំទ្រគណបក្សរបស់លោក។ លោក ហ៊ុន សែន ធ្វើដូច្នេះ គឺបង្ហាញថា លោក ហ៊ុន ម៉ាណែត អសមត្ថភាពក្នុងការចេញមុខប្រកួតប្រជែងដោយខ្លួនឯង ខុសពីយុវជននៅថៃ ដែលលោក ភិថា ចារើនរ៉ាត់ (Pita Jaroenrat) បានដឹកនាំ គណបក្ស ប្រឆាំងឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី។
អ្នកវិភាគនយោបាយ លោក គឹម សុខ បានហៅលោក ហ៊ុន ម៉ាណែត ថា ជាមនុស្សកំសាក និងជាអ្នកនយោបាយចាំស៊ីកេរឪ៖ «ហ៊ុន ម៉ាណែត ស៊ីកេរគ្រប់រឿងហើយ ពីព្រោះនយោបាយរបស់ហ៊ុន ម៉ាណែត មកដល់ពេលនេះ គាត់មានគោលនយោបាយតែមួយគត់គឺធ្វើតាមឱគាត់»។
រីឯលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ហាក់អស់សំណើច នៅពេលឃើញលោក ហ៊ុន សែន បានតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយកមន្ត្រីភ្លាមៗ ក្នុងពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការផងនោះ។ លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន ប្រកាសប្រគល់តួនាទីឲ្យលោក ហ៊ុន ម៉ាណែត តពូជយ៉ាងតក់ក្រហល់បែបនេះ គឺបញ្ជាក់ថា គណបក្សកាន់អំណាចកំពុងតែមានបញ្ហាផ្ទៃក្នុង។
លោក គឹម សុខ៖ «ហ៊ុន សែន គាត់តក់ក្រហល់ ផ្ទេរតំណែងឲ្យកូនគាត់នេះ គឺមានរឿងអីមួយគាត់ដឹងថា គម្រោងផ្ទេរតំណែងពីឱទៅកូនយ៉ាងប្រញាប់ប្រញាល់ និងតក់ក្រហល់នេះ ពីព្រោះលោកនឹងពិបាកអនុវត្ត ពីព្រោះវាអត់សមហេតុសមផល ដោយសារតែនៅក្នុងជួរផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាគេជំទាស់ ប្រជាពលរដ្ឋគេជំទាស់។ ដូច្នេះ ខ្មែរទាំងអស់ គណបក្សនយោបាយទាំងអស់ ត្រូវរួមគ្នា ដើម្បីទប់ស្កាត់ការផ្ទេរអំណាចតពូជ»។
ទាក់ទងនឹងបញ្ហានេះ លោក ហ៊ុន សែន បានស្នើដល់មន្ត្រីទាំងឡាយ ដែលមិនបន្តតំណែងក្នុងគណៈរដ្ឋមន្ត្រីតទៅទៀត សុំមេត្តាយោគយល់ និងត្រូវតែមានការលះបង់មួយ ហើយអ្នកដែលលះបង់ធំជាងគេ គឺខ្លួនលោក បើទោះបីជាកូនរបស់លោកបន្តវេនក៏ដោយ ក៏ប៉ុន្តែអ្នកដែលធ្លាប់មានអំណាចបញ្ជា គឺអត់មានអំណាចបញ្ជា នោះគឺជាការលះបង់ហើយ ដូច្នេះសុំឱ្យរដ្ឋមន្ត្រីនានា ដែលមិនទទួលតំណែងជារដ្ឋមន្ត្រីតទៅទៀត អង្គុយនៅក្នុងសភាជាតំណាងរាស្ត្រ ព្រោះពួកមន្រ្តីទាំងនេះចាស់ៗណាស់ហើយ។ លោក ហ៊ុន សែន បន្ថែមថាមន្ត្រី មួយចំនួន ក៏អាចតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល និងមួយចំនួនទៀតក៏អាចក្លាយជាសមាជិកព្រឹទ្ធសភា នៅពេលខាងមុខដែរ។
នៅទន្ទឹមនឹងលោក ហ៊ុន សែន ស្នើសុំអង្វរករមន្ត្រីរបស់លោកឲ្យយោគយល់នេះ រីឯខ្លួនលោកវិញ នឹងទៅកាន់តួនាទីជាប្រធានព្រឹទ្ធសភាជំនួសលោក សាយ ឈុំ ដែលលោកឲ្យចូលនិវត្តន៍។ ក្រៅពីនេះ លោក ហ៊ុន សែន ក្ដោបក្ដាប់គ្រប់គ្រងស្ថាប័នរាជបល្ល័ង្កដែរ គឺលោកនឹងកាន់តួនាទីមួយទៀតគឺ ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ។ រីឯអនុប្រធានគណបក្សប្រជាជនកម្ពុជាបីរូបទៀត គឺលោក ស ខេង អ្នកស្រី ម៉ែន សំអន និងលោក ទៀ បាញ់ មកទល់ពេលនេះមិនទាន់ឃើញឈ្មោះត្រូវទៅដឹកនាំស្ថាប័នណាមួយនៅឡើយទេ។ បញ្ហានេះថា តើលោក ហ៊ុន សែន នឹងបញ្ជូនពួកគេឲ្យទៅអានកាសែត ឬយ៉ាងណា?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។