អ្នកវិភាគ​ថា របប​ក្រុង​ភ្នំពេញ​កំពុង​ប្រើ​ប្រព័ន្ធ​តុលាការ​បំបាក់​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស

កញ្ញា សៅ ឧសភា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន មាតា​ធម្មជាតិ។
កញ្ញា សៅ ឧសភា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន មាតា​ធម្មជាតិ។ (រូប៖ ហ្វេសប៊ុក)

0:00 / 0:00

អ្នកវិភាគ​យល់​ថា របប​ក្រុង​ភ្នំពេញ​កំពុង​ប្រើ​តុលាការ​ដើម្បី​រាំង​ខ្ទប់​មិន​ឱ្យ​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​មាន​លទ្ធភាព​ទៅ​ទទួល​លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ចោទ​ប្រកាន់​ថា តុលាការ​នៃ​របប​ក្រុង​ភ្នំពេញ​កំពុង​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់​របស់​ខ្លួន ដែល​គ្មាន​អាវុធ​ក្នុង​ដៃ។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហេង ច័ន្ទរស្មី និយាយ​ថា របប​ក្រុង​ភ្នំពេញ​កំពុង​​ព្យាយាម​​បំបាក់​កម្លាំង​​គណបក្ស​​សង្គ្រោះ​ជាតិ​តាម​រយៈ​ប្រព័ន្ធ​តុលាការ ដែល​ទង្វើ​បែប​នេះ​ជា​ការ​បិទ​ផ្លូវ​មិន​ឲ្យ​មាន​ដំណោះស្រាយ​ជាតិ។ អ្នក​វិភាគ​រូប​នេះ​បន្ត​ថា ការ​ដែល​របប​ក្រុង​ភ្នំពេញ​កំពុង​ប្រើ​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់​​សកម្មជន​គណបក្ស​​សង្រ្គោះ​​ជាតិ​​បន្ត​បន្ទាប់​​ដូច​​សព្វ​ថ្ងៃ​នេះ គឺ​ជា​សញ្ញា​​បែកបាក់​ជាតិ៖ «បង្ហាញ​ពី​ការ​បែកបាក់​ជាតិ​ធ្ងន់ធ្ងរ ដោយសារ​យើង​ទទួល​ស្គាល់​ហើយ បញ្ហា​នេះ ជា​នយោបាយ​​ក្នុង​ស្រុក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​ខ្លួន​មិន​បើក​ផ្លូវ​ចរចា​ អ៊ីចឹង​ជា​កំហុស​មួយ ដែល​រដ្ឋាភិបាល​​មិន​​រៀបចំ និង​​បើក​​ឲ្យ​​ដៃគូ​​ប្រកួត​ប្រជែង​របស់​ខ្លួន​ធ្វើ​មាតុភូមិ​និវត្ត ដើម្បី​ធ្វើ​ការ​ចរចា និង​ផ្សះផ្សា​ជាតិ»

អ្នកវិភាគ​លើក​ឡើង​បែប​នេះ ខណៈ​តុលាការ​នៃ​របប​ក្រុង​ភ្នំពេញ កំពុង​ចេញ​ដីកា​ចាប់​ខ្លួន និង​​ចោទ​​ប្រកាន់​​សកម្មជន​​គណបក្ស​​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ករណី «រួមគំនិតក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម»។ ​

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន មាតា​ធម្មជាតិ កញ្ញា សៅ ឧសភា ដែល​រង​ការ​ចោទ​ប្រកាន់ និង​កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឲ្យ​អាស៊ី​សេរី​ដឹង​ថា ​កញ្ញា​សោក​ស្ដាយ ដែល​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​កញ្ញា ពី​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម» បែប​នេះ។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ថា កញ្ញា​ជា​ពលរដ្ឋ​ស្លូតត្រង់​គ្មាន​ចិត្ត និង​គ្មាន​លទ្ធភាព​ទៅ​ផ្ដួល​រំលំ​របប​ក្រុង​ភ្នំពេញ​នោះ​ទេ៖ « ខ្ញុំ​ចង់​សួរ​បក​ទៅ​មន្ត្រី​ក្នុង​របប​ក្រុង​ភ្នំពេញ ដែល​គាត់​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​ខ្ញុំ​ហ្នឹង តើ​ខ្ញុំ​មាន​កាំភ្លើង​មាន​ទាហាន​អី ដែល​អាច​ផ្ដួល​រំលំ​រដ្ឋាភិបាល​បាន​ទេ

ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ លោក​ កូយ សៅ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​កញ្ញា​ សៅ ឧសភា​ អាយុ​ ២៥ ឆ្នាំ​ ពី​បទ« រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម»​ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​អំឡុង​ឆ្នាំ២០១៩។ ដីកា​នេះ​បាន​ចុះ​កាលបរិច្ឆេទ​ពី​ថ្ងៃ​ទី១៦ កញ្ញា​កន្លង​ទៅ​ ប៉ុន្តែ​ទើប​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី២៧ ខែ​កញ្ញា។ ​

កញ្ញា សៅ ឧសភា ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​ម្ដង​រួច​ហើយ កាល​ថ្ងៃ​ទី២៣ សីហា​កន្លង​ទៅ ទាក់ទង​ករណី​ប្រើ​​ហ្វេសប៊ុក (facebook) បង្ហោះ​សារ​ជេរប្រមាថ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​ក្រោយ​សាកសួរ និង​ស្រាវជ្រាវ សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​កញ្ញា​ត្រឡប់​មក​ផ្ទះ​វិញ។ ក្រៅ​ពី​កញ្ញា សៅ ឧសភា ក៏​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត ក៏​រង​ការ​ចោទ​ប្រកាន់​បទ​ចោទ​បែប​នេះ ដែល​អ្នក​ខ្លះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​មួយ​ចំនួន​កំពុង​រត់​គេច​ខ្លួន រួម​ទាំង​កញ្ញា សៅ ឧសភា។

សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ចាប់​ខ្លួន និង​រង​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ភាគ​ច្រើន ពួក​គាត់​បាន​ទៅ​ចូល​រួម​ប្រជុំ​ជា​មួយ​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី និង​បាន​បង្ហោះ​សារ​គាំ​ទ្រ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​ព្រមាន​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា បើ​មិន​ចង់​បែកបាក់​គ្រួសារ​ កុំ​ចូលរួម​សកម្មភាព​ជាមួយ​លោក សម រង្ស៊ី។

គិតមកត្រឹមថ្ងៃទី២៨ ខែ កញ្ញា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ២៩នាក់។ ចំណែក​ឯ​សកម្មជន ដែល​ត្រូវ​បាន​តុលាការ និង​ប៉ូលិស​កោះ​ហៅ​ពី​មុន​មក មាន​ចំនួន ១៥៨នាក់។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ចោទ​ប្រកាន់​ថា របប​ក្រុងភ្នំពេញ​កំពុង​យក​លំនាំ​តាម​របប​ខ្មែរ​ក្រហម​រឿង​ធ្វើ​ទុក្ខ​បុក​ម្នេញ មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​លោក​ថា​យុទ្ធសាស្ត្រ​នេះ មិន​ជោគជ័យ​ទេ។ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្ទុះ​កំហឹង​ទៅ​វិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។