អ្នកវិភាគថា ស្ថានទូតសហរដ្ឋអាមេរិកចេញសារអំពាវនាវឲ្យរបបលោក ហ៊ុន សែន ដោះលែងមនុស្សទាំងឡាយ ដែលរបបនេះចាប់ឃុំខ្លួនទាក់ទងរឿងនយោបាយ និងឃុំខ្លួនទាំងបង្ខំនោះ មិនមែនជារឿងចៃដន្យទេ បើសិនជារបបលោក ហ៊ុន សែន មិនធ្វើតាមទេ ប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក នឹងដើរតាមមេរិកដែរ ក្នុងការដាក់សម្ពាធទៅរបបក្រុងភ្នំពេញ។
ការលើកឡើងរបស់អ្នកវិភាគនេះ នៅបន្ទាប់ពីស្ថានទូតអាមេរិកចាត់ទុកការឃុំខ្លួនយុវជនពីរនាក់ គឺ គង់ រៃយ៉ា និង សួងនាគ ព័ន្ធ និងមនុស្សមួយចំនួនទៀត ថា ជាការចាប់ឃុំខ្លួនខុសច្បាប់ ដែលជាការរំលោភសិទ្ធិរបស់ពួកគេធ្ងន់ធ្ងរ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា ការចាប់ឃុំខ្លួនមនុស្សទាំងនេះ គឺជាការអនុវត្តច្បាប់ និងដើម្បីរក្សាសន្តិសុខសាធារណៈ ។
អ្នកឃ្លាំមើលពីបញ្ហាសង្គម លោក គឹម សុខ អះអាងថា របបក្រុងភ្នំពេញនឹងរងសម្ពាធពីប្រទេសលោកសេរីកាន់តែខ្លាំង បើសិនជារបបលោក ហ៊ុន សែន នៅតែបន្តចាប់ចាប់ឃុំខ្លួនមនុស្សទាំងបង្ខំចិត្ត និងធ្វើឡើងមានចរិតនយោបាយនោះ។
លោក គឹម សុខ មានប្រសាសន៍ថា ស្ថានទូតចេញសារចំៗ ទាមទារឲ្យរបបលោក ហ៊ុន សែន ដោះលែងមនុស្សមួយចំនួនឡើងវិញនេះ គឺបង្ហាញថា ស្ថានទូតអាមេរិកនឹងមិនព្រងើយកន្តើយចំពោះរបបឯកបក្សកំពុងតែរំលោភសិទ្ធិមនុស្ស និងគាបសង្កត់អ្នករិះគន់ឡើយ។ លោកបន្ថែមថា របបលោក ហ៊ុន សែន នឹងរងសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជា សហគមន៍អឺរ៉ុបជាដើម៖ «»
របបលោក ហ៊ុន សែន កំពុងប្រឈមនឹងបញ្ហាផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA និង GSP របស់សហរដ្ឋអាមេរិក។ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងច្បាស់ និងបានដាស់តឿនរបបក្រុងភ្នំពេញម្ដងហើយម្ដងទៀតថា ប្រសិនបើរបបនេះនៅចង់ទទួលបានការអនុគ្រោះពន្ធ EBA បន្តទៅទៀត របបនេះត្រូវតែកែលម្អ បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឱ្យបានពិតប្រាកដ និងគួរឱ្យទុកចិត្តបាន។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា អំពាវនាវឲ្យរបបលោក ហ៊ុន សែន ដោះលែងយុវជនពីររូប គឺ គង់ រ៉ៃយ៉ា សួង នាគព័ន្ធ និងមនុស្សមួយចំនួនឲ្យមានសេរីភាពឡើងវិញ ព្រោះថា តុលាការចោទប្រកាន់ ពួកគេគ្មានមូលដ្ឋាន និងមានលក្ខណៈនយោបាយ។ ស្ថានទូតអាមេរិកសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ឃុំខ្លួនតាមអំពើចិត្ត ដែលជាការយាយីពលរដ្ឋរបស់ខ្លួន ពិសេសការចាប់ខ្លួនមនុស្សមួយចំនួន ដែលពួកគេ គ្រាន់តែធ្វើពិធីគោរពដល់វិញ្ញាណក្ខន្ធលោក កែម ឡី ដោយសន្តិវិធីនោះ។
សេចក្ដីថ្លែងការណ៍បន្តថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គួរតែអាចអនុវត្តសិទ្ធិរបស់ខ្លួនបានពេញលេញ ក្នុងការបញ្ចេញទស្សនៈ ដោយសេរី ដែលប្រមូលផ្តុំគ្នាដោយសន្តិវិធីនោះ។ ស្ថានទូតអាមេរិក តែងតែអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដកចេញ នូវការរឹតត្បិតនយោបាយដ៏ហួសហេតុទៅលើមនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជា និងដោះលែង អ្នកជាប់ពន្ធនាគារទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត ឬទាំងខុសច្បាប់ ហើយប្រកាន់ខ្ជាប់នូវសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយតបភ្លាមៗ ថា វិធានការរបស់រដ្ឋាភិបាលកាលពីពេលថ្មីៗ នេះ មិនមានចរិតនយោបាយអ្វីឡើយ តែជាយន្តការអនុវត្តន៍ច្បាប់ ដើម្បីទប់ស្កាត់ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ហើយអាជ្ញាធរមានសមត្ថកិច្ចមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការទប់ស្កាត់ និងឃាត់ខ្លួន ដែលពួកគេបានប្រឆាំង និងរដ្ឋាភិបាល៖ «»
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់ អមរិន្រ្ទ បណ្ឌិត សុក សំអឿន ឱ្យដឹងថា កន្លងទៅនេះ ឲ្យតែមានបណ្ដឹងចូលតុលាការ គឺតុលាការតែងតែឃុំខ្លួនបណ្ដោះអាសន្ន។ ប៉ុន្តែចំពោះការឃាត់ ឃុំខ្លួនយុវជនថ្មីៗ នេះវិញ លោកពន្យល់ថា ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិបញ្ចេញមតិរបស់ពួកគាត់ ពីព្រោះថា ការចោទពីបទញុះញង់តាមព្រហ្មទណ្ឌទៅបានលុះត្រាតែ អ្នកនោះញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ៖ «»
សកម្មជនសង្គមលោក គង់ រ៉ៃយ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមួយថ្ងៃ មុនថ្ងៃខួបគម្រប់ ៣ឆ្នាំបណ្ឌិត កែម ឡី បន្ទាប់ពីលោកបានប្រកាសលក់អាវយឺតដែលមានរូបបណ្ឌិត កែម ឡី និងប្រសាសន៍របស់លោកថា " បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ "។ ចំណែកសកម្មជនសង្គមមួយរូបទៀត គឺលោក សួង នាគព័ន្ធ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលលោកទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅទីតាំង ស្តារ ម៉ាត កាល់តិច (Star Mart Caltex) ស្តុបបូកគោ ដោយរងការចោទថា បានចែកខិត្តប័ណ្ណញុះញង់ពាក់ព័ន្ធនឹងឃាតកម្មបណ្ឌិត កែម ឡី។ ខ្លឹមសារនៃខិត្តប័ណ្ណនោះ គឺស្នើសុំឱ្យមានការបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។