អ្នកវិភាគ​ថា លោក កឹម សុខា ​បញ្ចេញ​សារ​អហិង្សា ដែល​អាច​ឈាន​ទៅ​បញ្ចប់​ជម្លោះ​នយោបាយ​បាន

0:00 / 0:00

អ្នកវិភាគ​លើក​ឡើង​ថា ទោះ​បី​ជា​លោក កឹម សុខា នៅ​ជាប់​បម្រាម​របស់​តុលាការ​ក៏​ដោយ ក៏​លោក​ហាន​និយាយ​ជាង​មុន ដោយ​ឈរ​លើ​ធម៌ អហិង្សា និង​ចង់​បង្រួបបង្រួម​ជាតិ​នោះ គឺ​ជា​មធ្យោបាយ​មួយ​ដ៏​សំខាន់ ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​នយោបាយ​បាន​នៅ​ពេល​ខាង​មុខ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ នៅ​ក្រោយ​លោក គឹម សុខា បាន​អះអាង​ថា ការ​បង្រួបបង្រួម​ជាតិ គឺ​ជា​កាតព្វកិច្ច និង​ជា​មុខមាត់ និង​កិត្តិយស​របស់​ខ្មែរ​គ្រប់​រួប។

អ្នកវិភាគ​លើក​ឡើង​ថា លោក កឹម សុខា ជា​តួអង្គ​មួយ​សំខាន់​នៅ​ក្នុង​ការ​សម្របសម្រួល​ឈាន​ទៅ​រក​ការ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​ពេល​ខាង​មុខ ដោយ​ឈរ​លើ​គោលការណ៍​បង្រួបបង្រួម និង​អហិង្សា។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា បើ​សិន​ជា​អ្នក​នយោបាយ​ខ្មែរ មិន​ប្រើ​សារ​នយោបាយ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​នោះ អាច​នឹង​ងាយ​ដល់​ការ​ឈាន​ទៅ​រក​ការ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​ជាប់​គាំង​រ៉ាំរ៉ៃ​នេះ​ជាង។ លោក​បញ្ជាក់​ថា លោក កឹម សុខា ប្រើ​សារ​អហិង្សា​នេះ ក៏​ជា​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ដទៃ​ទៀត​ដែរ ក្នុង​ការ​ឈាន​ទៅ​ដល់​ការ​ចរចា​ជាមួយ​គូបដិបក្ខ៖ «

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី១ ធ្នូ​ថា ការ​បង្រួបបង្រួម​ខ្មែរ គឺ​ជា​កាតព្វកិច្ច និង​ជា​កិត្តិយស​របស់​ខ្មែរ ជា​ពិសេស​របស់​អ្នក​ដឹក​នាំ​គ្រប់​រូប។ ការ​កម្ចាត់​គ្នា «នាំ​ឲ្យ​បាត់បង់​ពេល​វេលា និង​ធនធាន ដើម្បី​បម្រើ ការពារ និង​កសាង​មាតុភូមិ​កម្ពុជា ដើម្បី​ខ្មែរ​ទាំង​អស់​គ្នា»។

លោក កឹម សុខា បញ្ជាក់​ថា បើ​យើង​មិន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រើសអើង សងសឹក​គ្នា​នោះ​ទេ ខ្មែរ​អាច​រស់​នៅ​ដោយ ឯករាជភាព ដោយ​សុខដុមរមនា និង​ដោយ​វឌ្ឍនភាព​សម្រាប់​ខ្មែរ​ដូច​គ្នា​គ្រប់​រូប។

ការ​លើក​ឡើង​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី១ ធ្នូ​នេះ នៅ​ស្រប​ពេល​មេ​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​និរទេស​ខ្លួន ប្រកាស​ពី​ផែនការ​វិល​ចូល​ស្រុក​វិញ នៅ​ដើម​ខែ​មករា ឆ្នាំ២០២១ ខាង​មុខ។

សេចក្ដី​ប្រកាស​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី១ ធ្នូ បាន​សម្រេច​ឲ្យ​អ្នកស្រី មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ដឹក​នាំ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​វិល​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៤ ខែ​មករា ឆ្នាំ២០២១ ខាង​មុខ ដើម្បី​ទៅ​តាំង​រឿង​ក្ដី​នៅ​តុលាការ។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជ្រើសរើស​យក​អ្នកស្រី មួរ សុខហួរ ជា​អ្នក​ដឹក​នាំ​សមាជិក​គណបក្ស​ប្រឆាំង​ដទៃ​ទៀត​វិល​ទៅ​កម្ពុជា​វិញ​នេះ ដោយសារ​តែ​អ្នកស្រី មាន​សញ្ជាតិ​ពីរ អាច​ប្រើ​លិខិត​ឆ្លងដែន​អាមេរិក​ក្រោយ​ពី​អាជ្ញាធរ​លោក ហ៊ុន សែន បាន​លុប​សុពលភាព​លិខិត​ឆ្លង​ដែន​ខ្មែរ​របស់​អ្នកស្រី និង​ម្យ៉ាង​ទៀត​ដោយ​មើល​ឃើញ​ថា ស្ត្រី​មាន​ភាព​ទន់​ភ្លន់​ជាង​ក្នុង​ការ​ទៅ​ប្រឈម​ជាមួយ​របប​លោក ហ៊ុន សែន។

ជា​ការ​កត់​សម្គាល់ អ្នកស្រី មួរ សុខហួរ បាន​បង្ហាញ​ភាព​ទន់ភ្លន់​ជាង​មុន​ក្នុង​ការ​វិល​ទៅ​កម្ពុជា​វិញ​នេះ តែ​អ្នកស្រី​អះអាង​ថា អ្នកស្រី នៅ​តែ​រឹងមាំ​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ដឹក​នាំ​សមាជិក​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​វិល​ទៅ​កម្ពុជា​វិញ​នេះ គឺ​អ្នកស្រី មិន​ចុះ​ញ៉ម​ឡើយ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ​ក៏​ដោយ៖ «

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ជ្រើសរើស​យក​អ្នកស្រី មួរ សុខហួរ ជា​មេ​ដឹក​នាំ​វិល​ទៅ​កម្ពុជា​វិញ​នេះ ជា​រឿង​ល្អ​មួយ ដែល​ស្ត្រី​កាត់​បន្ថយ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ស្ថានភាព​នយោបាយ​តានតឹង​រវាង​គណបក្ស​ទាំង​ពីរ៖ «

ទាក់ទង​នឹង​សារ​របស់​លោក កឹម សុខា ដែល​ចង់​បង្រួបបង្រួម​ជាតិ​វិញ អ្នកស្រី មួរ សុខហួរ លើក​ឡើង​ថា លោក កឹម សុខា ជា​មេ​ដឹក​នាំ​ប្រកាន់​ភ្ជាប់​នូវ​ធម៌​អហិង្សា។ អ្នកស្រី​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​អហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​បណ្ដឹង ដែល​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​ដែរ​នោះ បាន​សរសេរ​ថា ក្នុង​កាលៈទេសៈ​នេះ លោក​យល់​ច្បាស់​ថា លោក​មិន​មាន​សិទ្ធិ សេរីភាព​ពេញលេញ​ចង់​ធ្វើ​អ្វី ចង់​និយាយ​ស្តី​អ្វី ដើម្បី​ជា​ប្រយោជន៍​ឲ្យ​បាន​ច្រើន​សម្រាប់​មាតុភូមិ​កម្ពុជា សង្គម​ខ្មែរ និង ប្រជាពលរដ្ឋ​ខ្មែរ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឡើយ ក៏​ប៉ុន្តែ​អ្វី​ដែល​លោក​អាច​ធ្វើ​បាន ដោយ​មិន​រំលោភ​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ឬ​មិន​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​នោះ គឺ លោក​ព្យាយាម​ធ្វើ​តាម​លទ្ធភាព ដើម្បី​ខ្មែរ ទោះ​បី​មាន​សមត្ថកិច្ច​នៅ​កន្លែង​ខ្លះ​បាន​សហការ​ល្អ​បង្ក​លក្ខណៈ​ងាយ​ស្រួល និង​កន្លែង​ខ្លះ​ទៀត​មាន​ការ​តាម​ដាន ឃ្លាំមើល ថតរូប ថតសម្លេង សូម្បី​តែ​ក្នុង​សកម្មភាព​មនុស្សធម៌ សកម្មភាព​ឯកជន​ជាមួយ​ក្រុម​គ្រួសារ កន្លែង​ស្នាក់​នៅ និង​ពេល​ទៅ​ធ្វើ​ចម្ការ​ផ្ទាល់​ខ្លួន​របស់​លោក​ក៏​ដោយ។

លោក កឹម សុខា សរសេរ​បន្ថែម​ថា លោក​ដឹង​ច្បាស់​ថា " អ្វី​ដែល​លោក​អាច​ធ្វើ​បាន អ្វី​ដែល​មិន​អាច​ធ្វើ​បាន ទោះ​បី​មាន​អ្នក​ខ្លះ​ប្រឹង​រុញ​ច្រាន​ឲ្យ​លោក​ចូល​ក្នុង​អន្ទាក់​គេ​ក៏​ដោយ ក៏​លោក​នៅ​តែ​រក្សា​ជំហរ អហិង្សា មិន​យក​ខ្មែរ​ណា​ជា​សត្រូវ មិន​បង្ក​ជម្លោះ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​ប្រទេស​ជាតិ​ខ្លួន​ឡើយ " ។

សំណេរ​របស់​លោក កឹម សុខា នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ លោក កឹម សុខា អះអាង​ថា លោក​បាន​កំណត់​ហើយ​ថា «ប្រជាពលរដ្ឋ​ខ្មែរ ជា​ជន​រួម​ជាតិ ជា​ជន​រួម​ឈាម ជា​បង​ប្អូន​របស់​លោក » ហើយ « ប្រទេស​កម្ពុជា ជា​មាតុភូមិ ជា​ទឹក​ដី​កំណើត ជា​កន្លែង​ដែល​លោក កើត រស់ និង​ស្លាប់ »ដែល​លោក​មិន​អាច​បោះបង់ និង​មិន​គាំទ្រ​អ្នក​ណា​ដែល​បង្ក​រង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​មាតុភូមិ​កម្ពុជា​ឡើយ ទោះ​បី​លោក​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ចុះ។

ទាក់ទង​នឹង​ចំណុច​នេះ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ទោះ​បី​ជា​លោក កឹម សុខា នៅ​ជាប់​បណ្ដឹង​នៅ​តុលាការ​ក្ដី តែ​លោក​ហ៊ាន​និយាយចំៗ ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​លោក។ លោក ឯម សុវណ្ណារ៉ា បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក កឹម សុខា ទំនង​ជា​លោក​ចង់​សំដៅ​ទៅ​លើ​គណបក្ស​កាន់​អំណាច​ច្រើន​ជាង៖ «

លោក កឹម សុខា បាន​រៀបរាប់​ពី​សកម្មភាព​របស់​លោក​នៅ​ក្នុង​ស្រុក​ថា ក្នុង​រយៈ​ពេល​ប្រមាណ​បី​ខែ​ចុង​ក្រោយ​នេះ លោក​អាច​ធ្វើ​ដំណើរ​ទៅ​តាម​មូលដ្ឋាន​ខ្លះ ដើម្បី​ចូលរួម​ក្នុង​ពិធី​ទំនៀម​ទម្លាប់​ប្រពៃណី សាសនា​ខ្មែរ បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ និង​បាន​ស្វែង​យល់​ពី​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ជន​រួម​ជាតិ​ដោយ​ផ្ទាល់ គឺ​កាន់​តែ​ធ្វើ​ឲ្យ​លោក​អាណិត ស្រឡាញ់ និង​ដឹង​គុណ​បំផុត​ចំពោះ​មាតុភូមិ​កម្ពុជា និង​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ មិន​អាច​បោះបង់​បាន​ឡើយ។ លោក កឹម សុខា សង្កត់​ធ្ងន់​ថា ទឹក​ដី​យើង មាន​ភូមិសាស្ត្រ និង​ធនធាន​ធម្មជាតិ​អំណោយ​ផល​ល្អ​ណាស់ ឲ្យ​តែ​គ្រប់គ្រង​បាន​ត្រឹមត្រូវ មិន​បំផ្លិចបំផ្លាញ រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជា​ទូទៅ​មាន​ទឹក​ចិត្ត​ល្អ​គួរ​ឲ្យ​គោរព​ស្រឡាញ់​ណាស់។

តុលាការ​របប​លោក ហ៊ុន សែន បាន​ដក​សិទ្ធិ លោក កឹម សុខា មិនឲ្យធ្វើនយោបាយជាង៣ឆ្នាំ មក​ហើយ គិត​ចាប់​ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ថា ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ មក​ទល់​ពេល​នេះ តុលាការ​នៅ​មិន​ទាន់​យក​សំណុំ​រឿង​លោក កឹម សុខា មក​ជំនុំជម្រះ​ជា​ថ្មី​ទៀត​នៅ​ឡើយ ទោះ​បី​ជា​ក្រុម​មេធាវី​របស់​លោក​បាន​ស្នើសុំ​ឲ្យ​ពន្លឿន​យ៉ាង​ណា​ក៏​ដោយ ក៏​តុលាការ​លើក​ហេតុផល​ថា មក​ពីជំងឺកូវីដ១៩ មិន​អាច​ជួបជុំ​គ្នា​ច្រើន​បាន ខណៈ​តុលាការ​បាន​បើក​សវនាការ​ជា​ទ្រង់ទ្រាយ​ធំ​ជំនុំជម្រះ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០០នាក់ កាល​ពី​ពេល​ថ្មីៗ នេះ។

សហរដ្ឋអាមេរិក ធ្លាប់​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អះអាង​ថា មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​លោក កឹម សុខា ឡើងវិញ ដោយ​ឥត​លក្ខខ័ណ្ឌ។

ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង គួរ​តែ​បញ្ឈប់​ការ​លាប​ពណ៌ និង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ងាក​មក​តុ​ចរចា​វិញ​ទេ ដែល​ជា​ជម្រើស​ល្អ​ជាង​គេ ដើម្បី​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ​ពិត​ប្រាកដ​វិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។