អ្នកវិភាគ​ថា លោក នេត សាវឿន មិន​អាច​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​នៅ​តាម​ព្រំដែន

អ្នកឃ្លាំមើល​ស្ថានភាព​សង្គម​លើកឡើង​ថា លោក នេត សាវឿន មិន​អាច​ដោះស្រាយ​បញ្ហា​នៅ​តាម​ព្រំដែន​ជូន​ពលករ​បាន​ទេ។ ការ​លើក​ឡើង​នេះ​គឺ​បន្ទាប់ពី លោក ហ៊ុន ម៉ាណែត តែងតាំង លោក នេត សាវឿន ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ច្រក​ចេញចូល​របស់​ពលករ​ខ្មែរ​នៅ​តាម​ព្រំដែន។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម​រិះគន់​រឿង​ដែល លោក ហ៊ុន ម៉ាណែត តែង​តាំងតែ​សែស្រឡាយ​ខ្លួនឯង​ឱ្យ​កាន់​តួនាទី​សំខាន់ៗ​នៅក្នុង​ស្ថាប័នរដ្ឋ​នឹង​បង្ក​ឱ្យ​មាន​អំពើពុករលួយ​កាន់តែ​ធ្ងន់ធ្ងរ។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ​លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ កញ្ញា ថា គឺជា​រឿង​គ្មាន​ប្រយោជន៍​នោះ​ទេ ចំពោះ​ការតែងតាំង​គណៈកម្មការ​ដោះ​ស្រាយ​បញ្ហា​ពលរដ្ឋ​នៅ​តាម​ព្រំដែន ពីព្រោះ​មន្ត្រី​ភាគច្រើន​សុទ្ធតែ​ឡើង​តាម​សែស្រឡាយ​បក្ខពួក។ លោក​បារម្ភ​ថា ការ​តែងតាំង​មន្ត្រី​ដែល​មាន​តួនាទី​ច្រើន​នៅក្នុង​ស្ថាប័នរដ្ឋ ធ្វើ​ឱ្យ​បាត់បង់​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ជាពិសេស​យុវជន​បាត់បង់​ឱកាស​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន។

លោក ប៉ោ មករា៖ «និយាយ​រួម​ខ្ញុំ​មើលឃើញ​ការតែងតាំង​គួរ​បែងចែក​ឱ្យ​មាន​តួនាទី​ម្នាក់​មួយ​ច្បាស់លាស់​ទៅ ប្រសិន​មាន​ចេតនា​ដោះស្រាយ​បញ្ហា ព្រោះ​បញ្ហា​ត្រូវ​រត់​រក​មេដឹកនាំ​ព្រោះ​យើង​យោង​ទៅ​តាម​បណ្ដាញ​សង្គម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បញ្ហា​នឹង​វា​មក​ដល់​មេដឹកនាំ​អ្នក​នយោបាយ និង​ក្រសួង​អី​ទាំងអស់​ពលរដ្ឋ​មួយចំនួន​បាន​ដាក់​បញ្ហា​តាម​បណ្ដាញ​សង្គម​ដើម្បី​ស្វែងរក​ដំណោះស្រាយ»។

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​សង្គម​រូប​នេះ​គឺ​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១៣ កញ្ញា តែងតាំង​ឧបនាយករដ្ឋមន្ត្រី លោក នេត សាវឿន ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ​របស់​លោក ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ច្រក​ចេញ​ចូល​របស់​ពលករ​ខ្មែរ​នៅ​តាម​ព្រំដែន ខណៈ​លោក នេត សាវឿន ក៏​ទើប​តែងតាំង​តួនាទី​មួយ​ទៀត គឺជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។ ក្រៅពី​លោក នេត សាវឿន នៅ​មាន លោក គៀត ច័ន្ទថារិទ្ធ បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ឱ្យ​ទៅ​ជា អនុប្រធាន​ប្រចាំការ​ព្រំដែន លោក សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ឱ្យ​ទៅ​ជា អនុប្រធាន និង​អ្នក​មួយ​ចំនួន​ទៀត​ជា​សមាជិក។ នៅក្នុង​អាណត្តិ​ថ្មី​នេះ លោក នេត សាវឿន កំពុង​ត្រូវប៉ាន់ ដោយ​ត្រូវ​បាន​ប្អូនថ្លៃ ជា​នាយករដ្ឋមន្ត្រី តែងតាំង​តួនាទី​សំខាន់ៗ​ដល់​លោក​ជា​បន្តបន្ទាប់​ជាពិសេស លោក នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ស្ដីទី​នៅពេល​អវត្តមាន​លោក ហ៊ុន ម៉ាណែត។ អ្នកឃ្លាំមើល យល់​ថា ការតែងតាំង​តួនាទី​ច្រើន​ដល់ លោក នេត សាវឿន បែបនេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ ព្រោះ​តួនាទី​ស្នួល​តែមួយ​មុខ​នោះ លោក​មិនអាច​បំពេញ​តួនាទី​បាន​ត្រឹមត្រូវ​ផង ទម្រាំ​កាន់​តួនាទី​ជាច្រើន​ថែមទៀត នឹង​កាន់តែ​ស្មុគស្មាញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង លោក នេត សាវឿន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​១៥ កញ្ញា។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ មិន​រំពឹង​ខ្ពស់​ថា លោក នេត សាវឿន អាច​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលករ​នៅ​តាម​ព្រំដែន​នោះ​ទេ ព្រោះ​កន្លង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​មន្ត្រី​នៅក្នុង​ស្ថាប័នរដ្ឋ​ភាគច្រើន​អសកម្ម​ក្នុង​កា​​​​រ​​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ទុក្ខ​លំបាក។ លោក​បន្ត​ថា ដរាបណា​គ្មាន​កំណែទម្រង់​លុបបំបាត់​អំពើពុករលួយ​នៅក្នុង​ជួរ​រដ្ឋាភិបាល​ទេ បើ​ទោះជា​ដក​អ្នក​ចាស់​តែងតាំង​អ្នកថ្មី​ក៏​នៅតែ​ពុំ​ទទួល​ក៏​ការ​អនុវត្ត​ច្បាប់​នៅ​តែ​គ្មាន​ប្រសិទ្ធភាព។

លោក កើត សារ៉ាយ៖ «ប្រសិទ្ធភាព​ឬ​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​កិច្ច​ការងារ​ហ្នឹង​ថា តើ​វា​បាន​ជំរុញ​ដោយមាន​វិធីសាស្ត្រ​យុទ្ធសាស្ត្រ ឬ​លក្ខណសម្បត្តិ​មួយចំនួន​ដើម្បី​ធានា​ថា ការ​ដាក់​លោក នេត សាវឿន គឺ​ពិតជា​អាច​សម្រួល​មួយ​ផ្នែក​ធំ​ដល់​កិច្ច​ការងារ​កម្មករ​នៅ​តាម​ព្រំដែន»។

កន្លងទៅ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញ​ថា លោក នេត សាវឿន មាន​ប្រវត្តិ​បាតដៃ​កខ្វក់​ពូកែ​ខាង​ធ្វើ​ទារុណកម្ម​ជន​សង្ស័យ អ្នក​ទោស​នយោបាយ និង​ការ​បាញ់​សម្លាប់ ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​សាហាវព្រៃផ្សៃ​។ ជាង​នេះ​ទៅ​ទៀត លោក នេត សាវឿន ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ទិញ​សញ្ជាតិ​ពី​ប្រទេស​ស៊ីប (Cyprus) ដែរ។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ប្រសិនបើ​រដ្ឋាភិបាល​ពិត​ជា​មាន​ឆន្ទៈ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ជាដំបូង​រដ្ឋាភិបាល​គួរតែ​មាន​កំណែទម្រង់​លុបបំបាត់​អំពើពុករលួយ​នៅក្នុង​ស្ថាប័នរដ្ឋ និង​បញ្ឈប់​ការតែងតាំង​សែស្រឡាយ សាច់ញាតិ​របស់​ខ្លួន​នៅក្នុង​ស្ថាប័នរដ្ឋ​ជាមុន​សិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។