អ្នកវិភាគនយោបាយលើកឡើងថា លិខិតរបស់ក្រុមមេធាវីលោក កឹម សុខា ដែលហាមមិនឱ្យអ្នកនយោបាយយកឈ្មោះ លោក កឹម សុខា ទៅពាក់ព័ន្ធនឹងការបង្កើតគណបក្សថ្មីនោះ គឺជាការបញ្ជាក់ថា លោក កឹម សុខា នៅតែមានឆន្ទៈរឹងមាំដដែល ក្នុងនាមជាប្រធានគណបក្សសង្រ្គោះជាតិ។
អ្នកវិភាគ និងអ្នកឃ្លាំមើលមួយចំនួនជឿថា មេបក្សប្រឆាំងលោក កឹម សុខា នៅមិនទាន់មានឆន្ទៈបោះបង់គណបក្សសង្គ្រោះជាតិចោល ហើយទៅបង្កើតបក្សថ្មី តាមការចង់បានរបស់គណបក្សកាន់អំណាចឡើយទេ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានចេញលិខិតកម្រមួយបំភ្លឺទៅសាធារណៈជនថា បុគ្គល ឬក្រុមណា ដែលមានបំណងបង្កើត ឬកំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយ ឬចលនានយោបាយណាមួយ សូមកុំយកករណី ឬឈ្មោះលោក កឹម សុខា ទៅភ្ជាប់ពាក់ព័ន្ធជាមួយ។ សេចក្ដីថ្លែងការណ៍ ចុះកាលពីថ្ងៃទី៧ កុម្ភៈប្រាប់ទៅបុគ្គលឬក្រុមទាំងនោះឱ្យមានសេចក្ដីក្លាហាន និងទទួលខុសត្រូវដោយខ្លួនឯង។
សហមេធាវីរបស់លោក កឹម សុខា ម្នាក់លោក ផែង ហេង សរសេរលើហ្វេសប៊ុក (Facebook) លោកថា ក្រុមមេធាវីចេញសេចក្ដីថ្លែងនេះ គឺដើម្បីជាប្រយោជន៍កូនក្ដី។
ស្រដៀងគ្នានេះដែរ អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា លិខិតមេធាវីលោក កឹម សុខា ជាការប្រាប់ទៅតុលាការថា លោក កឹម សុខា មិនជាប់ពាក់ព័ន្ធនឹងការបង្កើតបក្សដែលជាបម្រាមរបស់តុលាការនោះទេ។ លោកលើកឡើងទៀតថា នេះក៏ជាសារប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួនថា លោកនៅតែមានជំហររឹងមាំជាមួយយគណបក្សសង្គ្រោះជាតិដដែល៖ «ការបង្ហាញលោក កឹម សុខា អាចបញ្ជាក់ទិដ្ឋភាពមួយលោក កឹម សុខា នៅមានឆន្ទៈរក្សាទឹកចិត្តប្រជារាស្រ្តដដែលទេ»។
អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយរូបនេះ លើកឡើងទៀតថា នេះក៏ជាយុទ្ធសាស្រ្តមួយរក្សាមន្រ្តីរបស់លោក កឹម សុខា មិនឱ្យចាកចេញទៅបង្កើតបក្សថ្មី។
ណែកអ្នកវិភាគនយោបាយលោក គឹម សុខ វិញ លោកយល់ថា ក្នុងដំណាក់កាលនេះ បើលោក កឹម សុខា បង្ហាញជំហរគាំទ្រការបង្កើតបក្សថ្មីក៏ខុស មិនគាំទ្រក៏ខុស។ ដូច្នេះ លោកមានតែមានបង្ហាញជំហរកណ្ដាលមួយ គឺនៅស្ងៀមស្ងាត់បែបនេះ៖ «និយាយថា មិនគាំទ្រមិនឱ្យបង្កើតបក្សនយោបាយណាមួយក៏ខុស ពីព្រោះគាត់អត់បានធ្វើអ្វីផងប៉ុន្តែបិទសិទ្ធិមិនឱ្យគេ ចំណែកឯកបើគាត់ ( លោក កឹម សុខា ) ប្រកាសគាត់គាំទ្រឱ្យបក្សនយោបាយគាំទ្រសកម្មជននយោបាយណាមួយទៀត ក៏គាត់ខុស ព្រោះតាមផ្លូវច្បាប់គេហាមទៅហើយ»។
រីឯប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសណ័រវ៉េ លោក ម៉ែន ណាត លោកនិយាយថា លិខិតរបស់លោក កឹម សុខា អាចជាការទប់ស្កាត់មិនឱ្យកម្លាំងរបស់លោកបែកបាក់ទៅបង្កើតបក្សថ្មី។ លោករម្លឹកថា ការចរចានយោបាយកន្លងមកលោក ហ៊ុន សែន តែងទាមទារឱ្យលោក កឹម សុខា បង្កើតបក្សថ្មី ប៉ុន្តែលោក កឹម សុខា នៅរក្សាជំហរទាមទារយកឈ្មោះគណបក្សសង្រ្គោះជាតិដដែល។ លោក ម៉ែន ណាត ជំរុញទៅលោក កឹម សុខា គួរធ្វើសកម្មភាពនយោបាយការទូតបន្ថែមនិងព្យាយាមសរសេរលិខិតផ្លូវការទៅលោក ហ៊ុន សែន ទាមទារឱ្យមានគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣៖ «ជាសេចក្ដីអំពាវនាវទេ លោក កឹម សុខា គួរមានជំហរច្បាស់លាស់ក្នុងផ្លូវនយោបាយថា គាត់ទៅមុខទៀត ឬគាត់នៅដដែល។ បើសិនជាគាត់ទៅមុខទៀត គាត់ត្រូវតែជំរុញការធ្វើនយោបាយការទូតជាមួយអ្នកការទូតអន្តរជាតិ ហើយគាត់ខ្លួនឯង ត្រូវបើកផ្លូវជជែកជាមួយលោក ហ៊ុន សែន ដើម្បីផលប្រយោជន៍ជាតិ»។
ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលត្រូវតុលាការចោទប្រកាន់ពីបទក្បត់ជាតិ កាលពីឆ្នាំ២០១៧។ ប៉ុន្តែមកដល់ពេលនេះ តុលាការមិនទាន់បញ្ចាប់ការជំនុំជម្រះក្ដីលោកនៅឡើយទេ ទោះមានការស្នើសុំពីពីក្រុមមេធាវីរបស់លោក កឹម សុខា ជាច្រើនដងហើយក្ដី។ នៅពេលលោក កឹម សុខា កំពុងជាប់ក្ដីក្ដាំនៅតុលាការបែបនេះ អតីតមន្រ្តីគណបក្សសង្គ្រោះជាតិមួយចំនួន ដែលជាប់សម្រាមនយោបាយបានសុំសិទ្ធិបង្កើតបក្សថ្មី អ្នកទាំងនោះភាគច្រើន បានត្រឹមតែលើកពីករណីលោក កឹម សុខា និងអវត្តមានគណបក្សសង្រ្គោះជាតិក្នុងឆាកនយោបាយ។
គិតត្រឹមចុងឆ្នាំ២០២០ មានមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ១៤នាក់ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោមអ្នកនយោបាយ ១១៨នាក់ ដែលជាប់បម្រាម។
ក្រុមអ្នកវិភាគលើកឡើងថា លិខិតរបស់លោក កឹម សុខា ពេលនេះធ្វើឱ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលបានបង្កើតបក្សថ្មី ឬគ្រោងបក្សថ្មីនឹងពិបាករកសំឡេងគាំទ្រពីពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។