ក្រុម​អ្នកវិភាគ​សង្ស័យ​ថា ដំណើរ​ទស្សនកិច្ច​របស់​តំណាងរាស្ត្រ​អាមេរិក ៤​រូប អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បញ្ចុះបញ្ចូល​កុំឱ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម

0:00 / 0:00

ក្រុម​អ្នកវិភាគ​ដាក់​ការ​សង្ស័យ​ថា ដំណើរ​ទស្សនកិច្ច​របស់​តំណាងរាស្ត្រ​អាមេរិក ៤​រូប នៅ​កម្ពុជា នា​រយៈពេល​ចុងក្រោយ​នេះ អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បញ្ចុះបញ្ចូល​របស់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​កុំឱ្យ​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​របស់​លោក​។ ទោះ​យ៉ាងណា ពួកគេ​យល់ថា លោក ហ៊ុន សែន នឹង​មិន​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​យុទ្ធនាការ​បញ្ចុះបញ្ចូល​អាមេរិក​នេះ​ឡើយ។

ដំណើរ​ទស្សនកិច្ច​របស់​សមាជិកសភា ឬ​តំណាងរាស្ត្រ​សហព័ន្ធ​អាមេរិក ៤​រូប នៅ​កម្ពុជា នា​រយៈពេល​ចុងក្រោយ​នេះ កំពុង​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ខ្លាំង​ពី​ក្នុងចំណោម​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​។ តំណាងរាស្ត្រ​ទាំង​៤​រូបនោះ រួមមាន​មួយរូប​មកពី​គណបក្សកាន់អំណាច​គឺ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ថេ​ណឺ​ស៊ី (Tennessee) គឺ ​លោក ស្ទីហ្វ ខូហិន (Steve Cohen)និង​៣​រូប​ទៀត​មកពី​គណបក្សប្រឆាំង គឺ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​តិចសាស់ (Texas) អ្នកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) លោក រ៉ុន អេស្តេស៍ (Ron Estes)ប្រចាំ​រដ្ឋ​ខេន​សាស់ (Kansas) និង​ អ្នកស្រី ខារ៉ូល ម៊ីល័រ (Carol Miller)ប្រចាំ​រដ្ឋ​វេស្ត៍ វឺជីញៀ (West Virginia)​។ ចាប់​អារម្មណ៍ គឺ​នៅ​ត្រង់​ថា ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​នៅ​រយៈពេល​មិន​ដល់ ២​សប្តាហ៍​ផង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិក ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​គឺ​ លោក អេដវឺត ម៉ារឃីយ៍ (Edward Markey)ដែល​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​កិច្ចការ​ទំនាក់ទំនង​បរទេស​ប្រចាំ​តំបន់​អាស៊ី​-​បូព៌ា ប៉ាស៊ីហ្វិក និង​សន្តិសុខ​អ៊ីនធឺណិត​អន្តរជាតិ​នៃ​ព្រឹទ្ធសភា​អាមេរិក និង​ជា​អ្នក​ផ្ដួចផ្ដើម​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មក​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ឬ S.3052។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អ្នកនាង ស្តេហ្វានី អារហ្សាត (Stephanie Arzate) ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា ដំណើរ​ទស្សនកិច្ច​របស់​តំណាងរាស្ត្រ​សហព័ន្ធ​អាមេរិក​ទាំង​៤​រូប​នេះ​នៅ​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​ឯកជន​ដែល​ទទួល​បាន​ការ​ផ្តល់​មូលនិធិ​គាំទ្រ​ដោយ​ វិទ្យាស្ថាន​អាមេរិក​ -​អាស៊ី (U.S.-Asia Institute, USAI)និង​មាន​រយៈពេល ៦​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៦ រហូត​ដល់​ថ្ងៃទី​៣១ ខែ​សីហា​។ អ្នកស្រី​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​គោល​បំណង​ជាក់លាក់ និង​ថា តើ​គណៈប្រតិភូ​ជួប​ជាមួយ​ភាគី​កម្ពុជា​ណាខ្លះ។

វិទ្យុ​អាស៊ីសេរី កំពុង​ទាក់ទង​វិទ្យាស្ថាន​អាមេរិក​-​អាស៊ី ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​ជុំវិញ​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ក៏ប៉ុន្តែ នៅ​ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​៣០ ខែ​សីហា។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរស​រង​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ អារីហ្សូណា ស្តេត (Arizona State University) បណ្ឌិត អៀ សុផល ថា វិទ្យាស្ថាន​ដែល​ចេញ​ថវិកា​ដល់​ដំណើរ​ទស្សនកិច្ច​របស់​តំណាងរាស្ត្រ​ទាំងនេះ មាន​លក្ខណៈ​ស្របច្បាប់ បើ​តាម​រូបភាព​ពី​ខាង​ក្រៅ​។ ក៏ប៉ុន្តែ លោក​ដាក់​ជា​មន្ទិល​សង្ស័យ​ថា គេ​មិន​ដឹង​ថា តើ​វិទ្យាស្ថាន​នេះ​បាន​ទទួល​ជំនួយ ឬ​ការ​បរិច្ចាក​ណាមួយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ​ពី​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ដែល​លោក ហ៊ុន សែន ជួល​ឱ្យ​ជួយ​នោះ​ទេ​។ លោក​ពន្យល់​ថា កាលពី​ឆ្នាំ​២០២០ វិទ្យាស្ថាន USAI មាន​ហិរញ្ញវត្ថុ​មិនសូវ​ល្អ​​នោះ​ទេ ខណៈ​ចំណូល​របស់​វិទ្យាស្ថាន​នេះ​បាន​ធ្លាក់ចុះ​ពី​ជាង ៧​សែន​ដុល្លារ (៧៤៤.៥៩៤ ដុល្លារ​) មក​ត្រឹម​ជាង ៦​សែន​ដុល្លារ (៦៦៧.៥២៤ ដុល្លារ​) និង​ថា​ទំនង​ដូចជា​វិទ្យាស្ថាន​នេះ​ទទួល​កម្ចី​ជាច្រើន​។ លើស​ពី​នេះ​ទៀត លោក​ថា គណៈកម្មាធិការ​នាយក​របស់​វិទ្យាស្ថាន​នេះ ក៏​មាន​បញ្ចូល​នូវ​សាច់ញាតិ​របស់​ពួកគេ​មួយ​ចំនួន​ផង ខណៈ​វិទ្យាស្ថាន​នេះ​មិនមែន​ជា​មូលនិធិ​ជា​លក្ខណៈ​គ្រួសារ​នោះ​ទេ។

ទោះ​យ៉ាងណា ក្នុង​ពេល​ដែល​រដ្ឋសភា​ពេញអង្គ​អាមេរិក​បាន​ដាក់​ឱ្យ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា ឬ​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០២១ (H.R 4686) តំណាងរាស្ត្រ​ទាំង​៤​រូប​នេះ សុទ្ធតែ​បាន ​បោះឆ្នោត​គាំទ្រ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​នេះ​។ បច្ចុប្បន្ន សេចក្តី​ស្នើ​ច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ព្រឹទ្ធសភា​អាមេរិក​ដើម្បី​ពិនិត្យ​អនុម័ត​បន្ត។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​មិន​ព្រម​បញ្ជាក់​ថា តើ​ក្រុម​តំណាងរាស្ត្រ​អាមេរិក​ទាំងនេះ បាន​មាន​ជំនួប​ពិភាក្សា​ជាមួយ​តំណាង ឬ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ដោយ​លោក​ថា​លោក​មិនដឹង​ព័ត៌មាន​នេះ​។ ទោះ​យ៉ាងណា លោក សុខ ឥសាន អះអាង​ថា គណបក្ស​របស់​លោក​មិន​ចាំបាច់​បញ្ចុះបញ្ចូល​ឱ្យ​អាមេរិក​កុំ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មក​លើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ឡើយ​៖ «​ខ្ញុំ​យល់ថា​ដូច​មិនបាច់​បញ្ចុះបញ្ចូល​អី​ទេ​។ បើ​គាត់​មក​ឃើញ​ការ​ពិត​ហើយ គាត់​និយាយ​ការ​ពិត​ហើយ គាត់​យល់​ពី​ការ​ពិត​ហើយ ខ្ញុំ​យល់​ថា ចេតនា​ដែល​ដាក់ទណ្ឌកម្ម​នេះ វា​មិន​មាន​តទៅ​ទៀត​ទេ»។

បើ​ទោះបី​ជារឿយៗ​លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​របស់​លោក តែង​ប្រើ​វោហារសាស្ត្រ​ឌឺដង មិន​ខ្លាច ឬ​ពន្យុះ​ឱ្យ​សហរដ្ឋអាមេរិក​ប្រញាប់​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​លោក​យ៉ាង​ណា​ក្តី ក៏​នៅ​ពីក្រោយ​ឆាក​ឯក​ណោះ​វិញ មន្ត្រី​របស់​លោក ជាពិសេស​មន្ត្រី​ឯកអគ្គរាជទូត​របស់​លោក​ប្រចាំ​សហរដ្ឋអាមេរិក បាន​ខ្វាត់ខ្វែង​ចាត់ចែង​ជួល​ក្រុមហ៊ុន​អាមេរិកាំង​ឱ្យ​ជួយ​បញ្ចុះបញ្ចូល​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក និង​ក្រុម​អ្នកធ្វើ​គោលនយោបាយ​អាមេរិកាំង​កុំឱ្យ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​របស់​លោក​។ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ជះ​លុយ​មិន​តិច​ជាង ១​លាន​ដុល្លារ​ទេ​ក្នុង​មួយឆ្នាំៗ​ដើម្បី​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​របស់​អាមេរិក​ឱ្យ​ជួយ​កុំឱ្យ​អាមេរិក​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​មក​លើ​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួន​។ ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ដែល​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជួល​ទាំងនោះ រួមមាន​ដូចជា ក្រុមហ៊ុន អាឃីន ហ្គាំ (AKIN GUMP STRAUSS HAUER & FELD LLP) ក្រុមហ៊ុន ខ័រវីស (Qorvis Communications LLC) ក្រុមហ៊ុន ប៉ាករីម ប្រ៊ីជីស (PacRim Bridges) និង​ក្រុមហ៊ុន​ប្រោនស្តាញ ហៃយ៉ាត់ ហ្វាប៊័រ ស្រិក (Brownstein Hyatt Farber Schreck) ជាដើម​។​

អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា បណ្ឌិត មាស នី យល់ថា ដំណើរ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​របស់​ក្រុម​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​របស់​អាមេរិក​នេះ ទំនង​ដូចជា​សហរដ្ឋអាមេរិក ចង់​បង្ហាញ​នូវ​កង្វល់​ពី​បញ្ហា​ធ្លាក់ចុះ​នៃ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង និង​កត្តា​មួយទៀត គឺ​សហរដ្ឋអាមេរិក​មិន​ចង់ឃើញ​កម្ពុជា​ធ្លាក់​ចូលក្នុង​អន្ទាក់​របស់​ប្រទេស​ចិន​កុម្មុយនិស្ត៖ «​ក៏ប៉ុន្តែ ក្នុង​ហ្នុ​ង​ក៏​ខ្ញុំ​មើលទៅ សហរដ្ឋអាមេរិក​ក៏​នៅ​តែ​មាន​បំណង​មិន​ចង់ឱ្យ​កម្ពុជា​របូត​ទៅ​ក្នុង​ដៃ​របស់​ចិន​ទាំងស្រុង​ផង​ដែរ ពីព្រោះ​យើង​ដឹង​ហើយ​ថា​នៅក្នុង​តំបន់​ឥណ្ឌូ​ -​ ប៉ាស៊ីហ្វិក កម្ពុជា​ក៏​ជា​ផ្នែក​មួយ​នៃ​ប្រទេស​នៅក្នុង​តំបន់​ដែរ​។ ដូច្នេះ ប្រសិនបើ​អាមេរិក​បណ្តោយ​ឱ្យ​កម្ពុជា​ត្រូវ​បាន​ក្តោប​ក្តាប់​ដោយ​ចិន​ទាំងស្រុង​នោះ នោះ​វា​នឹង​អាច​បង្ក​ឱ្យ​មាន​អស្ថិរភាព​នៅក្នុង​តំបន់​ផង​ដែរ​សម្រាប់​សហរដ្ឋ​អាមេរិក»។

បណ្ឌិត មាស នី យល់​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​បញ្ចុះបញ្ចូល​ក្រុម​អ្នកធ្វើ​គោល​នយោបាយ​របស់​អាមេរិក​កុំឱ្យ​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា​យ៉ាងណាក៏ដោយ ក៏​លោ​ក​ថា រដ្ឋាភិបាល​ទំនងជា​ពិបាក​សម្រេច​បាន​នូវ​បំណង​នេះ ប្រសិនបើ​នៅតែ​មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ​នោះ​៖ « ខ្ញុំ​គិតថា​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​នៅ​ពេល​នេះ ខ្ញុំ​គិតថា​វា​នឹង​មាន​ការពិបាក​ច្រើន ប្រសិនបើ​កម្ពុជា​គាត់​នៅតែ​ធ្វើ​នៅ​អ្វី​ដែល​គាត់​នៅតែ​គិតថា​គាត់​កំពុងតែ​ដើរ​នៅ​លើ​ផ្លូវត្រូវ ក្នុង​ខណៈដែល​អាមេរិក​នៅតែ​បន្ត​ការរិះគន់​។ ខ្ញុំ​គិតថា​ការ​បញ្ចុះ​បញ្ចូល​ទាំងឡាយ​ណា វា​ពិបាក​នឹង​បាន​ទទួល​ជោគជ័យ​ណាស់ លុះត្រាតែ​កម្ពុជា​ត្រូវតែ​ពិនិត្យមើល​ទៅលើ​ការ​កំណែទម្រង់​ណាមួយ​ដែល​អាច​ធ្វើ​ឱ្យ​មាន​ភាព​ទុកចិត្ត​ឡើងវិញ​រវាង​កម្ពុជា និង​អាមេរិក​។ តែបើ​ឱ្យ​ថា​ទទួល​បាន​ជោគជ័យ​ដោយសារតែ​ការ​លួងលោម​នោះ ខ្ញុំ​ដូចជា​មើល​មិនទាន់​ឃើញ​ទេ»។

ដោយឡែក ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋអាមេរិក អ្នកស្រី ធិត គឹមហ៊ុន យល់ថា​សហរដ្ឋអាមេរិក​នឹង​នៅតែ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជានិច្ច​បើទោះបីជា​រដ្ឋាភិបាល​លោក ហ៊ុន សែន ខិតខំ​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​អាមេរិក​ឱ្យជួយ​យ៉ាងណាក៏ដោយ​៖ «​ទោះបីជា ហ៊ុន សែន មានអំណាច ទោះបីជា ហ៊ុន សែន មាន​លុយ​មហាសាល​ជួល​នូវ​ក្រុមហ៊ុន​បញ្ចុះបញ្ចូល Law Firms ដែល​មាន​ដូចជា Akin Gump, Qorvis ជាដើម មួយឆ្នាំ​ជាង​មួយ​លាន​ដុល្លារ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ​។ បើសិន​ជា​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​មិនមែន​សន្ទុះ​នៃ​សេចក្តី​ស្នើ​ច្បាប់ [​ ដាក់ទណ្ឌកម្ម​ ] នេះ​ឈាន​មកដល់​ដំណាក់កាល​ខ្ពស់​មួយ​គន្លាក់​ទៀត​ដែល​ជាប់​នៅពេល​ថ្មីៗ​នេះ​។​អញ្ចឹង​នៅក្នុង​នោះ​ដែរ កិច្ចការ​នៅក្នុង​ការ​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​មាន​ដំណើរការ​ទៅមុខ​ទៀត ហើយ​សូម​បងប្អូន​ចូលរួម​ទាំងអស់គ្នា​ដោយ​ប្រើ​នូវ​សំឡេង​យើង​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​នេះ គឺ​ចូលរួម​ជួយ​ទៅដល់​ការ​ធ្វើ​យុទ្ធនាការ​ដើម្បី​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​នេះ​បាន​ចូល​ជា​ច្បាប់​នៅក្នុង​សហរដ្ឋអាមេរិក​នេះ ជា​ធរមាន»។

គិត​ត្រឹម​ថ្ងៃទី​៣០ ខែ​សីហា គណៈប្រតិភូ​នៃ​តំណាងរាស្ត្រ​អាមេរិក​ទាំង​បួន​រូប​នេះ បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តំណាង​រដ្ឋសភា​ឯក​បក្ស រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ លោក ហ៊ុន សែន បាន​ប្រាប់​ក្រុម​តំណាងរាស្ត្រ​ទាំងនេះ​ថា កម្ពុជា និង​សហរដ្ឋអាមេរិក​គួរ​នាំគ្នា «​សម្លឹង​ទៅមុខ​» និង «​ក្តាប់​ឱកាស​» កំពុង​មាន​បច្ចុប្បន្ន​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​អប់រំ ធ្វើជា​មូលដ្ឋាន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង។

ក៏ប៉ុន្តែ នៅ​ពុំ​ទាន់​មាន​ព័ត៌មាន​ថា ក្រុម​តំណាងរាស្ត្រ​អាមេរិក​ទាំង​បួន​រូប​នេះ មាន​គម្រោង​ជួប​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ដើម្បី​លើកឡើង​ពី​បញ្ហា​កង្វល់​អំពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅឡើយ​ទេ។

កាលពី​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​ពាក់កណ្តាល​ខែសីហា​របស់​គណៈប្រតិភូ​ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិក ដឹកនាំ​ដោយ​លោក អេដវឺត ម៉ារឃីយ៍ គណៈប្រតិភូ​ទាំងនេះ​បាន​ជួប​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ក្រុម​មេដឹកនាំ​សង្គម​ស៊ីវិល​វ័យក្មេង​នៅ​កម្ពុជា​មួយ​ចំនួន និង​តំណាង​ស្ថាប័ន​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា​។ ក៏ប៉ុន្តែ ពួក​លោក​មិន​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។ សមាជិក​ព្រឹទ្ធសភា​លោក អេដវឺត ម៉ារឃីយ៍ និង​ក្រុម​សមាជិក​រដ្ឋសភា​អាមេរិក​បួន​រូប​ទៀត បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​អ្នក​ទោសនយោបាយ​នៅ​កម្ពុជា​ទាំងអស់ ក្នុង​នោះ​ក៏​រួមមាន​ទាំង​សកម្មជន​សិទ្ធិមនុស្ស និង​ជា​មេធាវី​សញ្ជាតិ​ខ្មែរ​-​អាមេរិកាំង គឺ​កញ្ញា សេង ធា​រី ផង​ដែរ ដោយ​ធានា​ថា អ្នក​ទោស​នយោបាយ​ទាំងនោះ​អាច​ចូលរួម​ដោយ​សេរី​នៅក្នុង​ការបោះឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាងមុខនេះ​។ ក្រុម​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិក ក៏បាន​លើកឡើង​ពី​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដែល​សង្ស័យ​ថា កម្ពុជា​លួច​អនុញ្ញាត​ឱ្យ​កងទ័ព​រំដោះប្រជាជន​ចិន​ប្រើប្រាស់​កំពង់ផែ​កងទ័ពជើងទឹក​រាម​ផ្ដាច់មុខ​។​

គណៈកម្មាធិការ​ទំនាក់ទំនង​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​បានសម្រេច​បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រី​កម្ពុជា ឬ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា ឆ្នាំ​២០២២ (S.3052) ទៅ​ព្រឹទ្ធសភា​ពេញអង្គ​របស់​អាមេរិក​អនុម័ត កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។