អ្នក​វិភាគ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​កាន់​តែ​​តាន​តឹង​​ក្រោយអាមេរិក​​ផ្តាច់​​អាហារូបករណ៍​​និស្សិត​​យោធា​កម្ពុជា

0:00 / 0:00

អ្នក​វិភាគ​នយោ​បាយមើល​ឃើញ​ថា ទំនាក់​ទំនង​ការ​ទូត សេដ្ឋ​កិច្ច និងពាណិជ្ជ​កម្ម​រវាង​សហ​រដ្ឋ​អាមេរិក​និង​កម្ពុជា នឹង​កាន់​តែ​រង​ផល​ប៉ះ​ពាល់​ថែមទៀត ហើយ​​ប្រសិន​បើកម្ពុជា​មិន​ពិចារណា​ជុំវិញ​រឿង​នេះ។

សាស្ត្រា​ចារ្យ​​​ខាង​​​វិទ្យា​​សាស្ត្រ​​​នយោ​បាយ និង​​ទំនាក់​​ទំនង​​អន្តរ​ជាតិលោក ឯម សុវណ្ណារ៉ា ថ្លែង​ថា ចំណាត់​ការ​របស់​​សហរដ្ឋ​អាមេរិក​នេះ​ ដោយ​សារ​ជំហរនយោ​បាយ​របស់​​រដ្ឋា​ភិបាល​កម្ពុជា​​មិន​បាន​ឆ្លើយ​​តបតាម​សំណើរបស់សហ​រដ្ឋ​អាមេរិក​ពាក់​ព័ន្ធ​នឹង​ការ​​សង្ស័យ​រឿង​មូល​ដ្ឋាន​ទ័ព​ចិន​នៅ​សមុទ្រ​នាខេត្ត​ព្រះ​សីហនុ។ លោក យល់​ថា រដ្ឋា​ភិបាល​កម្ពុជាគួរ​តែ​ចាប់​យក​គ្រប់​ភាគីដោយ​ប្រកាន់​​គោល​នយោ​បាយ​​អព្យា​ក្រឹត​​​ដូច​មាន​​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ព្រោះជំហរ​នយោ​បាយ​ចិន​តែ​មួយ​​មិន​​អាច​​​ជួយ​​ជ្រោង​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​បាននោះ​ទេ។ លោកបន្តថា រដ្ឋា​ភិបាល​ ឬ​ ក្រសួង​កា​រ​ពារ​ជាតិ​គួរ​លាង​​ជម្រះ​ការ​មិនទុក​ចិត្ត​ជា​មួយ​សហរដ្ឋ​អាមេរិក ដើម្បី​កសាង​ជំនឿ​ចិត្ត​​ឡើង​វិញ៖ «ជា​ទូទៅ​បាន​ន័យ​ថា ​ប្រតិ​កម្ម​ពី​ខាង​វិស័យ​យោ​ធា​នឹង​មុនគេ​ហើយ ប្រសិន​បើ​ទំនាក់​ទំនង​ខាង​វិស័យ​យោធា​ធ្លាក់​ចុះ ខ្ញុំ​គិត​ថា​ទំនាក់ទំនង​ខាង​វិស័យ​ការ​ទូត​និង​វិស័យសេដ្ឋ​កិច្ច ​ពាណិជ្ជ​កម្ម​ក៏​ធ្លាក់​ចុះ​ដែរ បើ​យើងមើល​អំពី​វិស័យ​ការ​ទូត​សហរដ្ឋ​អាមេរិក​ហ្នឹង​ក៏​ជា​អ្នក​គាំទ្រ​មួយ​ខ្លាំង​នៅ​លោកខាង​លិច​ដែល​ជួយ​ជ្រុំ​ជ្រែង​ថា​ កម្ពុជា​​ជា​រដ្ឋ​ស្មើ​មុខ​ស្មើ​មាត់ ភាគី​ចិន​តែ​មួយ​មិនអាច​ទ្រទ្រង់​កម្ពុជា​ស្មើ​មុខ​ស្មើ​មាត់​លើ​សកល​លោក​បាន​ទេ បើ​ខ្វះ​លោក​ខាងលិច​ជា​ពិសេស​សហ​រដ្ឋ​អាមេរិក »។

ចំណែក​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គមលោក​បណ្ឌិត សេង សារី យល់​ឃើញ​ថា មេ​ដឹក​នាំ​កម្ពុជា​តែង​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​​ម្តង​ហើយ​​​ម្ត​ង​​ទៀត ដែល​ធ្វើ​ឱ្យ​ប្រទេស​​នៅ​ក្នុង​​តំបន់​​ព្រួយ​បារម្ភ ដូច្នេះ​ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក​នេះ​ ជា​​សារ​ផ្ញើ​ទៅ​រដ្ឋា​ភិបាល​កម្ពុជា​ អំពី​ផល​ប្រយោជន៍​​និង​ទំនាក់​ទំនង​រវាង​​ប្រទេស​ទាំង​ពីរ៖ «នៅ​អឺរ៉ុប​ក្តី​ប្រទេស​នៅ​អាមេរិក​ហ្នឹង​គឺ​រវល់​នៅ​ក្នុង​ការ​ទប់ស្កាត់​ជា​មួយ​ការ​រីក​រាល​ដាល​ជំងឺ​​កូវី​ដ១៩ ហើយ​ឥឡូវ​នេះ​នៅ​អឺ​រ៉ុប​និង​អាមេរិកចាប់ផ្តើមមានស្ថានភាពធូរស្បើយហើយក៏ចាប់ផ្តើមគិតគូរអំពីរឿងទំនាក់ទំនង​ក្រៅ​ប្រទេស ​គិត​គូរ​អំពី​ប្រទេស​ណា​ដែល​រំលោភ​ប្រជា​ធិបតេយ្យ​និយាយ​មិនស្តាប់​គ្នា​ហ្នឹង​ គឺ​ចាប់​ផ្តើម​បណ្តើរៗ​ទៀត​ហើយ ខ្ញុំ​គិត​ថា​ សញ្ញា​មួយ​នេះ​ គឺ​សញ្ញាដែល​បង្ហាញ​ទៅ​កម្ពុជា​គួរ​តែ​ដល់​ពេល​វេលា​ពិចារ​ណា​ជំហរ​របស់​ខ្លួន​ឡើង​វិញក្នុង​ការ​រក្សា​តុល្យ​ភាព​ក្នុង​ការ​ទំនាក់​ទំនង​ចិន​អាមេ​រិក »។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ផ្តាច់​អាហារូប​ករណ៍​ពី​និស្សិតយោធា​កម្ពុជា​ចំនួន ​៦ រូប ដែល​កំពុង​សិក្សា​នៅ​បណ្ឌិត​យោធា​ជើង​គោក West Point ចំនួន​ ២ ​រូប បណ្ឌិត​សភា​ទ័ព​អាកាស​ចំនួន ​២ ​រូប កង​ទ័ព​ជើង​ទឹក​ចំនួន​ ១ រូប និង​ឆ្មាំ​សមុទ្រ​ចំនួន ​១ រូប។ សហរដ្ឋ​អា​មេរិក​ផ្តាច់​អាហារូប​ការណ៍​នេះ ដោយ​សារកម្ពុជា​បាត់​បង់​ភាព​ស្រប​ច្បាប់​​ក្នុង​ការ​ទទួល​ជំនួយ​ពី​អាមេរិក​ក្រោយ​ពី​កម្ពុជា​កាត់​បន្ថយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ផ្នែក​ជា​ច្រើន​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​ជាប្រពៃណី​រវាង​យោធា​ទាំង​ពីរ។

ជុំវិញ​​រឿង​​នេះ​ប្រធាន​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាលលោក ផៃ ស៊ីផាន អះអាង​ថា ​ការ​ផ្អាច់​អាហារូប​ករណ៍​និស្សិត​យោធា​កម្ពុជា​​មិន​ប៉ះ​ពាល់​ដល់ទំនាក់​ទំនង​​ឬ​កិច្ច​សហ​​ប្រតិបត្តិ​ការ​ល្អ​រវាង​សហរដ្ឋ​និង​កម្ពុជា​នោះ​ទេ៖ «រដ្ឋា​ភិបាល​កម្ពុជា​ប្រកាន់​ជំហរ​អធិប​តេយ្យ​ភាព​របស់​កម្ពុជា មិនរងកាបង្គាប់​បញ្ជាពី​បរ​ទេស​ណា​មួយ​ទេ តាម​ការ​បញ្ជា​និង​ចង្អុល​ប្រាប់​របស់​រដ្ឋាភិបាល​កម្ពុជា​អាហ្នឹង​ជា​ជំហរ​កម្ពុជា​ដើម្បី​ផល​ប្រយោជន៍​កម្ពុជា ​ហើយ​កម្ពុជា​មិនមែន​នាំ​មហា​អំណាច​ណា​ឈ្លោះ​គ្នា​គឺ​អត់​ទេ គឺ​យើង​នៅ​កណ្តាល​នៅ​តែនិយាយ​ដើរ​តួ​ជា​អ្នក​រៀប​ចំ​វេទិកា​ដើម្បី​ការ​ពារ​ស្ថិរ​ភាព​សន្តិ​ភាព »

ទោះ​ជា​យ៉ាង​ណា ​ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា ​ការ​ផ្តាច់​អាហារូប​ករណ៍​និស្សិតយោធា​កម្ពុជា​នេះ ​គឺ​បង្ហាញ​ពី​ទំនាក់​ទំនង​ល្អក់​កករ​រវាង​សហរដ្ឋ​អាមេរិក​និងកម្ពុជា​បន្ថែម​ទៀត ក្រោយ​ពី​កម្ពុជា​លុប​ចោល​សម​យុទ្ធ​ជា​មួយ​កម្ពុជា​នៅ​ឆ្នាំ២០១៧ និង​រដ្ឋា​ភិបាល​កម្ពុជា​ប្រកាស​ជំហរ​ងាក​ទៅ​រក​ប្រទេស​ចិន រួម​ទាំង​ការរំលាយ​ប្រជា​ធិបតេយ្យ​​នៅ​កម្ពុជា​​ជា​ដើម។

សហ​រដ្ឋ​អាមេរិក​អនុញ្ញាត​ឱ្យ​និស្សិត​ទាំង​នោះ​បន្ត​ការ​សិក្សា ​ប្រសិន​ពួក​គេ​អាចរក​ថវិកា​បង់​ថ្លៃ​សិក្សា​បាន ​ឬ​រដ្ឋា​ភិបាល​កម្ពុជា​បង់​ថ្លៃ​សិក្សា​ដោយ​សារ​ពួក​គេខិត​ខំ​សិក្សា​និង​មាន​លទ្ធ​ផល​ល្អ។

ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២ ខែកក្កដា ប្រកាស​ថា ​សហរដ្ឋ​អាមេរិកបាន​សម្រេច​ដោយ​ឯក​​តោ​ភាគី​ដែល​បញ្ឈប់​ការ​បង់​ថ្លៃ​សិក្សា​ដល់​និស្សិតយោធា​កម្ពុជា។ ក្រសួង​នេះ ​បញ្ជាក់​​ទៀត​ថា ​រដ្ឋា​ភិបាល​នឹង​ទទួល​បន្ត​បង់​ថ្លៃសិក្សា​សម្រាប់​និស្សិត​យោធា​កម្ពុជា ​ចំនួន ៦​ នាក់​នោះ ​រហូត​បញ្ចប់​ការ​សិក្សានៅ​សហរដ្ឋ​អាមេរិក។

ក្នុង​ចំណោម​និស្សិត​ទាំង ៦ នាក់​នេះ មាន​និស្សិត​ខ្លះ នឹង​​ត្រូវ​​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ២០២២, ២០២៣ និង​ ២០២៤។ រដ្ឋា​ភិបាល​កម្ពុជា នឹង​ត្រូវ​​ចំណាយប្រាក់​ជាង ១ លានដុលារ (១,១ លានដុល្លារ) ដើម្បី​​បង់​​ថ្ងៃ​សិក្សា​សម្រាប់បញ្ចប់​ការ​សិក្សា​របស់​ពួក​គាត់។

ក្រុម​អ្នក​តាម​ដាន​ដាន​ស្ថាន​ការណ៍​កម្ពុជា​យល់​​ថា ​ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក​នេះ ​ទំនង​ចង់​បញ្ជាក់​ប្រាប់​ថា ​កម្ពុជា​កំពុង​ដើរ​លើ​បន្ទាត់​ក្រហម ដែល​ផ្ទុយពី​​រដ្ឋ​ធម្ម​នុញ្ញ​របស់​ខ្លួន។ ម្យ៉ាង​វិញ​ទៀត ​រដ្ឋា​ភិបាល​កម្ពុជា​មិន​គួរ​ឆ្លើយ​តប​តាមរយៈ​កាយ​វិការ​ជួយ​បង់​ថ្លៃ​សិក្សា​ឱ្យ​និស្សិត​នោះ​ទេ ព្រោះ​ជំហរ​នយោ​បាយបែប​នេះ​មិន​មែន​​ជា​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ការ​មិន​ទុក​ចិត្ត​គ្នា ឬ​បង្កើតទំនាក់​ទំនង​ល្អ​ឡើង​វិញ​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ទន្ទឹម​នឹងនេះ អ្នក​វិភាគ​នយោ​បាយ ជំរុញ​​ឱ្យ​​រដ្ឋា​ភិបាល​កម្ពុជា​អនុវត្ត​កាតព្វ​កិច្ច​របស់​ខ្លួនដោយ​ឈរ​លើ​គោល​ការណ៍​អព្យា​ក្រឹត​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​​ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​និង​ផ្តល់​ប្រយោជន៍​​ដល់​ពលរដ្ឋ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។