ទំនាក់​ទំនង​គ្រួសារ​លោក ថាក់ ស៊ីន និង​លោក ហ៊ុន សែន «មិន​អាច​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើយ»

0:00 / 0:00

ក្រោយ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​រួច លោក ហ៊ុន សែន និង​គ្រួសារ​អតីត​មេ​ដឹកនាំ​ថៃ​ លោកថាក់ស៊ីនស៊ីណាវ៉ាត្រា (Thaksin Shinawatra) បាន​ជួប​គ្នា​ជា​ថ្មី​នៅ​លើ​ទឹក​ដី​កម្ពុជានៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់ លោក ហ៊ុន សែន។ ក្នុង​ជំនួប​នោះពួកគេ​បាន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​រវាង​គ្រួសារ​ទាំង​ពីរ។ទោះ​​ជា​យ៉ាង​ណាជំនួប​នេះត្រូវ​បាន​អ្នក​ឃ្លាំ​មើល​យល់​ថាអតីត​មេ​ដឹក​នាំ​ថៃកំពុង​តែ​ខ្ចីដៃ​កម្ពុជាដើម្បី​ជំរុញ​ទៅ​មេ​ដឹក​នាំ​យោធា​ថៃ​បើក​ផ្លូវ​ឲ្យ​ខ្លួន​បាន​ចូល​ប្រទេស​ថៃ​វិញ​តែ​ប៉ុណ្ណោះប៉ុន្តែ​មិន​បាន​ជួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​កំពុង​ធ្លាក់​ចុះឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ឡើយ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគនិង​មន្ត្រី​បក្ស​នេះបន្ទាប់​ពី​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​ប្អូន​ស្រី​របស់​លោក​បាន​មក​ចូលរួម​កម្ម​វិធី​ខួប​កំណើត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៥ សីហា។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៦ សីហា ថាមេ​ដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ជួប​ជាមួយលោក ថាក់ស៊ីនស៊ីណាវ៉ាត្រា និង​លោកស្រី យ៊ីងលាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra)នា​ពេល​នេះដើម្បី​ទំនាក់ទំនង​រវាង​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំងស្រប​ដែល​លោក ហ៊ុន សែន ​ត្រៀម​ផ្ទេរ​អំណាច​ឲ្យ​កូន​ប្រុស​ច្បង​របស់​លោក​នៅ​ពេល​ខាង​មុខ។

មួយ​វិញ​ទៀត លោក ហ៊ុន សែន ជួប​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បី​ធានា​ថានៅ​ពេល​គណបក្ស​​កូនស្រី​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​ប្រទេស​មួយ​នេះ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះឲ្យ​ជួយ​បិទ​ផ្លូវ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ គឺ លោក សម រង្ស៊ី កុំ​ឲ្យ​​យក​ដី​ទឹក​ថៃ ធ្វើ​ជា​មធ្យោបាយ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។

តែ​លោក​ជំនឿ​ថា បើ​គណបក្ស​កូន​ស្រី​របស់​លោក ថាក់ស៊ីន ដឹក​នាំ​រដ្ឋាភិបាល​នា​ពេល​ខាង​មុខ​នោះវា​ប្រាកដ​ជា​មិន​ដូច​រដ្ឋាភិបាល​ចាស់​របស់​លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha)នោះ​ទេដោយសារ​ជា​គណបក្ស​ដែល ​ស្រឡាញ់​យុត្តិធម៌គោរព​សិទ្ធិ​មនុស្សនិង​មិន​ធ្វើ​ទុក្ខបុកម្នេញមិន​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​បញ្ជូន​ទៅ​កម្ពុជា​វិញ​ឡើយ។

លោក អ៊ុំ សំអាន «លោក ប្រាយុទ្ធ ចាន់អូចា គាត់​ថា មិន​កាន់​អំណាច​ទៀត​ទេ​ដូច្នេះ​ហើយ ស្ថានភាព​នៅ​ថៃ​មិន​អាក្រក់​ទេ នឹង​ល្អ​ទៅ​មុខ​ទៀត ព្រោះ​លោក ប្រាយុទ្ធ មិន​ព្យាយាម​កាន់​អំណាច​ទៀត នឹង​ផ្ទេរ​អំណាច​ទៅ​ដល់​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​អ៊ីចឹង​ខ្ញុំ​យល់​ថា ប្រហែល​គណបក្ស​កូន​ស្រី​លោក ថាក់ស៊ីន នឹង​បាន​ដឹក​នាំ​ប្រទេស​អ៊ីចឹង​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​ថៃ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថៃ​ប្រាកដ​ជា​ល្អ​ជាង​នៅ​កម្ពុជា»។

ចំណែក​អ្នក​វិភាគ​នយោបាយ​និង​សង្គម​លោក គឹម សុខ យល់​ឃើញ​ថាអតីត​មេ​ដឹក​នាំ​ថៃលោក​ថាក់ស៊ីនកំពុង​ប្រើ​ប្រាស់​លោក ហ៊ុន សែនដើម្បី​បន្ទន់​ចិត្ត​ពួក​យោធា​ថៃឲ្យ​ជឿ​ជាក់​ទៅ​រូប​លោកក្នុង​គោល​ដៅដើម្បី​រក​ស៊ី​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​ខាង​មុខខណៈ​កន្លង​មក​លោក ថាក់ស៊ីនក៏​ធ្លាប់​មាន​គម្រោង​បើក​ទី​ក្រុង​មួយ​លើ​ទឹក​នៅ​ខេត្ត​កោះកុង ជាមួយ​លោក ហ៊ុន សែន ផង​ដែរ​ ។

លោក​យល់​ថាជំនួប​រវៀង​គ្រួសារ​ទាំង​ពីរ​នេះវា​ល្អ​ប្រសើរ​សម្រាប់​តែ​ទំនាក់ទំនង​គ្រួសារ​នៃ​មេ​ដឹក​នាំ​ទាំង​ពីរ​ប៉ុណ្ណោះប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ឡើយ។

លោក គឹម សុខ៖ «ថៃ​បាន​ផល​ប្រយោជន៍​ផ្សេង​ទៀត​គួរសម​ដែរ​ពី​ទំនាក់ទំនង​លោក ថាក់ ស៊ីន និង​ លោក ហ៊ុន សែន ចំណែក​ឯ​កម្ពុជា​វិញ​ប្រជាធិបតេយ្យ​ក៏​រីក​លូតលាស់​ពិបាក​ហើយ​ចំណែក​ផល​ប្រយោជន៍​ផ្សេងៗ​ទៀត​ក៏​មិន​បាន ហើយ​អាច​ខាត​ផល​ប្រយោជន៍​ធំ​ពី​ទំនាក់ទំនង​លោក ថាក់ស៊ីន និង​លោក ហ៊ុន សែន នេះ​ទៀត​ផង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ទេ​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា នេះដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ធ្លាប់​ប្រើ​ប្រាស់​ទឹក​ដី និង​លិខិត​ឆ្លង​ដែន​កម្ពុជាដើម្បី​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ទី​៣ បន្ទាប់​ពី​លោក ប្រាយុទ្ធ ចាន់អូចារ ឡើង​គ្រប់គ្រង​អំណាច​ពី​ពេល​កន្លង​ទៅខណៈ​លោកថាក់ស៊ីនស៊ីណាវ៉ាត្រា បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​កាល​ពី​ឆ្នាំ​២០០៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។