អ្នកវិភាគលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្មានជំរើសអ្វីផ្សេងក្រៅពី ត្រូវងាកមកពិភាក្សាគ្នាក្នុងក្របខណ្ឌអាស៊ាន ដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា (Burma) នោះ គឺជារឿងត្រឹមត្រូវ។
ការលើកឡើងរបស់អ្នកវិភាគនេះ ធ្វើឡើងនៅស្របពេលកម្ពុជាមិនអនុញ្ញាតឲ្យតំណាងរបបសឹកភូមាចូលរួមក្នុងកិច្ចប្រជុំចង្អៀតអាស៊ាននាពេលខាងមុខនេះទេ។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ លើកឡើងថា ប្រធានអាស៊ាន បានផ្លាស់ប្ដូរជំហររបស់ខ្លួននេះ គឺបង្ហាញថា កម្ពុជាបានងាកមកតាមជំហររួមរបស់អាស៊ានវិញ ក្រោយទទួលរងការរិះគន់ពីសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិ លើការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា (Myanmar) កន្លងមក មិនទទួលបានជោគជ័យ។
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ជារឿងល្អមួយ ដែលប្រធានប្ដូរវេនអាស៊ានផ្លាស់ប្ដូរជំហររបស់ខ្លួនលើបញ្ហាវិបត្តិនយោបាយនៅភូមានេះ។ លោកបញ្ជាក់ថា បើសិនជាកម្ពុជាមិនផ្លាស់ប្ដូរជំហរទេ គឺការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៦ ថ្ងៃ១៧ កុម្ភៈខាងមុខនេះ ក៏មិនអាចរៀបចំទៅបានដែរ៖ «របត់ជំហរនយោបាយរបស់កម្ពុជា ដើម្បីសម្របសម្រួលជាមួយអាស៊ាន បើសិនជាមិនផ្លាស់ប្ដូរជំហរទេ កម្ពុជាក៏មិនអាចរៀបចំថ្នាក់រដ្ឋមន្រ្តីការបរទេសបានទេ ហើយការរៀបចំកិច្ចប្រជុំនេះមិនបានគឺ មិនអាចកំណត់របៀបវារៈ ដើម្បីឈានទៅប្រជុំកំពូលអាស៊ានដែរ » ។
កម្ពុជាបានខកខានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានម្ដងរួចមកហើយ កាលពីខែមករា ឆ្នាំ២០២២ នេះ។ ការខកខាននេះ ដោយសារតែថ្នាក់ដឹកនាំអាស៊ានមួយចំនួនមិនពេញចិត្ត ចំពោះដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់លោក ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា (Myanmar) កាលពីថ្ងៃទី៧ និងថ្ងៃទី៨ មករា។ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក សៃហ្វុដឌីន អាប់ឌុលឡោះ (Saifuddin Abdullah) ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីខែមករាថា មូលហេតុចម្បងដែលរដ្ឋមន្រ្តីការបរទេសអាស៊ានមិនទៅចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅឯខែត្រសៀមរាបនោះ ដោយសារតែលោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាមិនបានពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ានជាមុនសិន។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី ឲ្យអាស៊ីសេរីដឹងតាមរយៈសារអេឡិចត្រូនិកកាលពីថ្ងៃទី៣ កុម្ភៈថា ការប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅពេលខាងមុខនេះ មិនឲ្យតំណាងរបបសឹកមកចូលរួមទេគឺអនុញ្ញាតត្រឹមអ្នកតំណាងរបស់មីយ៉ាន់ម៉ា ដែលមិនជាប់ពាក់ព័ន្ធនយោបាយឬ ជាមន្ត្រីបច្ចេកទេសតែប៉ុណ្ណោះ ពីព្រោះរបបសឹកភូមាអនុវត្តបានតិចតួច នៃកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ាន។ ម្យ៉ាងទៀត លោកបញ្ជាក់ថា ជាជាងទុកកៅអីរបស់មីយ៉ាន់ម៉ាទំនេរចោល។
ការម្រេចមិនអនុញ្ញាតឲ្យតំណាងរបបសឹកចូលរួមកិច្ចប្រជុំនេះ នៅក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានប្ដូរវេនអាស៊ាន បានស្នើជាថ្មីម្ដងទៀត កាលពីចុងខែមករាឲ្យមេដឹកនាំរដ្ឋប្រហារអនុវត្តកិច្ចព្រមព្រៀង ៤ចំណុច។ សំណើរទាំង ៤ចំណុចនោះ រួមមាន ស្នើឲ្យមេដឹកនាំរដ្ឋប្រហារអនុវត្តឲ្យបានគោលការណ៍ទាំង ៥ចំណុចរបស់អាស៊ាន។ ស្នើឲ្យបង្កលក្ខណៈល្អឲ្យប្រេសិតពិសេស ចូលទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ ត្រូវបញ្ឈប់នូវរាល់អំពើហិង្សា និងត្រូវផ្ដល់ការសហការជាមួយបណ្ដាប្រទេសជាសមាជិក ក្នុងការផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋមីយ៉ាន់ម៉ាជាដើម។
ក្នុងជំនួបរវាងលោក ហ៊ុន សែន និងលោក មីន អ៊ុងលាំង (Min Aung Hlaing) កាលពីថ្ងៃទី២៦ មករានោះ លោក ហ៊ុន សែន លើកឡើងថា បើសិនជារបបសឹកអនុវត្តគោលការណ៍ ៥ចំណុចរបស់អាស៊ាននោះ គឺកម្ពុជានឹងអនុញ្ញាតឲ្យមេដឹកនាំរបបសឹកនេះ អាចចូលរួមប្រជុំកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខបានទៀតផង។ ក៏ប៉ុន្តែមកទល់ពេលនេះ មេដឹកនាំរបបសឹកមិនទាន់ឆ្លើយតប ចំពោះសំណើរបស់លោក ហ៊ុន សែន វិញនៅឡើយ។
ក្រុមអ្នកវិភាគលើកឡើងថា កម្ពុជាផ្លាស់ប្ដូរជំហរមិនឲ្យតំណាងរបបសឹកមកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅពេលនេះ ទំនងជាប្រធានអាស៊ានរងភាពអាម៉ាស់ម្ដងហើយៗ ម្ដងទៀត ដែលមេដឹកនាំរបបសឹកមិនបានគោរពកិច្ចព្រមព្រៀងនេះ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន បានផ្លាស់ប្ដូរជំហររបស់ខ្លួនលើវិបត្តិនយោបាយនៅភូមានេះ ជារឿងល្អមួយ។ លោក ហ៊ុន សែន ហាក់ដូចជាលែងចាត់ទុករឿងបញ្ហាមីយ៉ាន់ម៉ាជាបញ្ហាអាទិភាពទៀតហើយ។ លោកបញ្ជាក់ថា ការផ្លាស់ប្ដូរនៅពេលនេះ ក៏ដោយសារតែការព្យាយាមដោះស្រាយវិបត្តិនៅភូមាមិនទទួលបានជោគជ័យ និងការរិះគន់ពីសមាជិកអាស៊ានផង និងពីសហគន៍អន្តរជាតិផង៖ «កម្ពុជាលែងចាត់ទុកវិបត្តិនយោបាយនៅភូមាជាបញ្ហាអាទិភាព ដោយសារតែយើងឃើញថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីទៅភូមានេះគឺ រងការដៀលត្មេះពីសមាជិកផង និងពីសហគមន៍អន្តរជាតិផ្សេងៗ ទៀតផង»។
ទាក់ទងនិងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅក្នុងវេទិកាទេសចរណ៍អាស៊ាននៅឯខែត្រព្រះសីហនុ កាលពីខែមករាថា អាស៊ានមានការងារច្រើនណាស់ ដែលត្រូវធ្វើ។ លោកបន្ថែមថា អាស៊ានមិនមែនជាចំណាប់ខ្មាំងរបស់មីយ៉ាន់ម៉ាឡើយ៖ «ខ្ញុំសូមបញ្ជាក់ថា កិច្ចការរបស់អាស៊ានសម្រាប់ឆ្នំា២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាតែមួយមុខនោះទេ យើងមានកិច្ចការជាច្រើន ដែលត្រូវធ្វើ។ ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំងរបស់មីយ៉ាន់ម៉ានោះដែរ សូមខ្ញុំបញ្ជាក់ប្រាប់អ្នកតាមដានកិច្ចការទាំងឡាយ»។
អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា បញ្ហាជម្លោះនយោបាយនៅមីយ៉ាន់ម៉ាប្រធានអាស៊ាននឹងមិនអាចដោះស្រាយបានទេ។ លោកអះអាងថា ការដោះស្រាយវិបត្តិនេះបានលុះត្រាតែកម្ពុជា ដែលជាប្រធានប្ដូវេនអាស៊ាន ធ្វើការសម្របសម្រួលនឹងរដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់អ្នកស្រី អ៊ុង សានសូជី (Aung Sann Sukyi និងតំណាងមេដឹកនាំរដ្ឋប្រហារ មីន អ៊ុងលាំង ដើម្បីឲ្យងាកមករកតុចរចានយោបាយឡើងវិញ ទើបអាចឈានទៅបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ាបាន។ លោកសង្កត់ធ្ងន់ថា ក្នុងស្ថានភាពបែបនេះ កម្ពុជារក្សាជំហរអាស៊ានរួមរបស់អាស៊ានមិនឲ្យមានតំណាងយោធាមកអង្គុយលើកៅអីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននេះ ជារឿងត្រឹមត្រូវ៖ «កម្ពុជាពុំទាន់មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការជំរុញឲ្យភូមាបញ្ឈប់អំពើហិង្សាបានឡើយ ដោយសារតែជម្លោះនៅភូមានេះស្រួចស្រាលខ្លាំង ហើយរដ្ឋាភិបាលកម្ពុជាមិនបានជួបភាគីរដ្ឋាភិបាលស៊ីវិល។ កន្លងមកកម្ពុជាជួបតែខាងយោធា ហើយខាងពលរដ្ឋវិញ ក៏មិនគាំទ្ររបបសឹកនេះដែរ»។
កាលពីខែមេសា ឆ្នាំ២០២១សមាជិកអាស៊ាន បានឯកភាពលើគោលការណ៍ប្រាំចំណុចរួមមាន៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់។ ចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌។ ប្រេសិតពិសេស និងគណៈប្រតិភូនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបភាគីពាក់ព័ន្ធទាំងអស់។ ក៏ប៉ុន្តែលោក មីន អ៊ុងលាំង មិនបានអនុវត្តតាមគោលការណ៍ទាំង ៥ចំណុចនេះឡើយ។ កាលពីឆ្នំា២០២១ ប្រុយណេ (Brunei) ដែលជាប្រធានប្ដូរវេនអាស៊ាននោះ ក៏មិនអនុញ្ញាតឲ្យតំណាងរបបសឹកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែរ។
ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា ក្នុងអាណត្តិរបស់កម្ពុជាជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២២ នេះ ក៏មិនអាចដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាបានដដែល ដោយសារតែមេដឹកនាំរដ្ឋប្រហារនៅតែបន្តប្រើអំពើហិង្សា និងសម្លាប់ពលរដ្ឋរបស់ខ្លួនដដែលនោះ។ មកទល់ពេលនេះ របបយោធាបានសម្លាប់មនុស្សជិត ១ពាន់ ៥រយនាក់ (១.៤៨៨នាក់) និងមនុស្សជិត ១ម៉ឺនពីរពាន់នាក់ផ្សេងទៀត (១១.៦៥១) កំពុងជាប់ឃុំ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា វិបត្តិនយោបាយនៅភូមានេះនឹងអូសបន្លាយយូរបន្តទៀត ហើយកម្ពុជានឹងរុញរឿងនេះទៅឲ្យប្រធានប្ដូរវេនអាស៊ានបន្ទាប់ គឺប្រទេសឥណ្ឌូនេស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។