អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ទាមទារឱ្យលោក ហ៊ុន ម៉ានី នាំយកឪពុករបស់លោកមកប្រឈមមុខច្បាប់ដូចគ្នាដែរ ចំពោះការអត្ថាធិប្បាយរបស់លោកទាក់ទិននឹងអតីតសមាជិកព្រឹទ្ធសភាគណបក្សភ្លើងទៀន។ កាលពីថ្ងៃទី១០ មេសា លោក ហ៊ុន ម៉ានី បានចាត់ទុកការអត្ថាធិប្បាយរបស់លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស ភ្លើងទៀន ថាជាការប្រមាថអាយុជីវិតលោក ហ៊ុន សែន ក្រោយពីមន្ត្រីគណបក្សប្រឆាំងរូបនេះបានបានបង្ហោះរូបលោក ហ៊ុន សែន ភ្ជាប់ជាមួយរូបលោក សុខ អាន ដោយការសរសេរអក្សរថា «វាសនាត្រូវជួបគ្នា»។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ដែលកំពុងភៀសខ្លួននៅឯក្រៅប្រទេស បានហៅការលើកឡើងរបស់លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញថា មានភាពលំអៀង និងមិនមានភាពស្នើគ្នាចំពោះមុខច្បាប់។ លោកទទូចដល់លោក ហ៊ុន ម៉ានី ត្រូវតែហ៊ានធ្វើអត្ថាធិប្បាយក្នុងនាមជាអ្នកតំណាងរាស្ត្រម្នាក់ និងត្រូវតែហ៊ាននាំយកឪពុករបស់លោកមកប្រឈមនឹងផ្លូវច្បាប់ដូចគ្នានេះដែរ ចំពោះការប្រមាថដល់លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភាគណបក្សភ្លើងទៀន៖ «ករណីលោក ហ៊ុន សែន គំរាមរហូតដល់បាញ់រ៉ុកកែត កម្ទេចលោក សម រង្ស៊ី នឹងមានពាក្យមួយចំនួនប្រកាសស្ដាយមិនបានសម្លាប់គេផងនោះ ក៏ត្រូវតែប្រឈមចំពោះមុខច្បាប់ដែរនោះ ទើបសមជាយោបល់របស់តំណាងរាស្ត្រម្នាក់»។
មិនខុសគ្នាពីចរិតឪពុក លោក ហ៊ុន ម៉ានី កាលពីថ្ងៃទី១០ មេសា បានចេញមុខមកគំរាមអតីតសមាជិកព្រឹទ្ធសភាគណបក្សភ្លើងទៀនម្នាក់ ដោយប្រើពាក្យថា លោកមិនអាចបំភ្លេចបាននូវពាក្យប្រមាថរបស់ សោ ចាន់ដេត បានទេ ដោយលោកចាត់ទុកថា នេះជាទង្វើស្មោកគ្រោកមួយ ដែលលោកមិនអាចលើកលែងឲ្យបានឡើយ។
សមាជិកសភាតំណាងរាស្ត្រខាងគណបក្សកាន់អំណាច លោក ហ៊ុន ម៉ានី និងជាកូនប្រុសពៅលោក ហ៊ុន សែន បាននិយាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា សម្រាប់គ្រួសាររបស់លោក និងសម្រាប់លោកជាកូនប្រុសម្នាក់នៅក្នុងគ្រួសារ លោកពិតជាមានភាពតក់ស្លុត និងមានការហួសចិត្តជាពន់ពេក ក្រោយពេលអានសារសរសេរដោយលោក សោ ចាន់ដេត។
អតីតសមាជិកព្រឹទ្ធសភាគណបក្សភ្លើងទៀនលោក សោ ចាន់ដេត បានបង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់លោកកាលពីពេលថ្មីៗ នេះ ដោយបានភ្ជាប់រូបលោក ហ៊ុន សែន ភ្ជាប់ជាមួយរូបលោក សុខ អាន ដោយមានសរសេរអក្សរថា «វាសនាត្រូវជួបគ្នា» ក្រោយពីលោក សុខ អាន អតីតរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីនឹងជាដន្លងលោក ហ៊ុន សែន បានស្លាប់បាត់បង់ជីវិត កាលពីខែមីនា ឆ្នាំ២០១៧ ដោយសារជំងឺ។
លោក ហ៊ុន ម៉ានី បានចាត់ទុកថា សារដែលលោក សោ ចាន់ដេត បានបង្ហោះនេះ ជាការប្រមាថមួយ ដែលលោកមិនអាចបំភ្លេចបាន។
អ្នកតំណាងរាស្ត្ររបបក្រុងភ្នំពេញ និងជាកូនប្រុសពៅក្នុងគ្រួសារត្រកូលហ៊ុន គឺលោក ហ៊ុន ម៉ានី មិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមជុំវិញការលើកឡើងរបស់លោកនៅទំព័រហ្វេសប៊ុកជាមួយវិទ្យុអាស៊ីសេរី៖ «បងរស្មីខ្ញុំបានឃើញ និងទទួលសារពីបងតាមតេឡេក្រាមហើយ ក៏ប៉ុន្តែបទសម្ភាសន៍ណាក៏ដោយខ្ញុំអត់ទម្លាប់សម្ភាសន៍តាមទូរស័ព្ទទេ»។
អតីតសមាជិកព្រឹទ្ធសភាគណបក្សភ្លើងទៀន ដែលរបបឯកបក្ស បង្ខំឲ្យចុះចេញពីតំណែង លោក សោ ចាន់ដេត ធ្លាប់បានរិះគន់មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ម្ដងរួចទៅហើយថា វាសនាលោក ហ៊ុន សែន នឹងត្រូវកំបុតក្បាល។
ការបង្ហោះសារនេះបានបង្កអោយមានប្រតិកម្មយ៉ាងខ្លាំងពីលោក ហ៊ុន សែន ហើយបានបញ្ជាឱ្យមេធាវីដាក់ពាក្យបណ្ដឹងពីបទប្រមាថ និងញុះញង់ ព្រមទាំងព្រមានរឹបអូសយកទ្រព្យសម្បត្តិលោក សោ ចាន់ដេត ទៀតផង។
អតីតសមាជិកព្រឹទ្ធសភាខាងគណបក្សភ្លើងទៀនលោក សោរ ចាន់ដេត បញ្ជាក់ប្រាប់អាស៊ីសេរីថា ការដាក់រូបក្នុងទំព័រហ្វេសប៊ុកគ្មានពាក្យពេចន៍ណាមួយថា ជាការប្រមាថលោក ហ៊ុន សែនទេ។
លោកបញ្ជាក់ថា អ្វីដែលលោកនិយាយមិនអាចធ្វើឱ្យមនុស្សស្លាប់ទេ តែសកម្មភាពរបស់លោក ហ៊ុន សែន កន្លងមកទេ ដែលធ្វើឱ្យមនុស្សស្លាប់ ដែលយើងត្រូវតែបញ្ឈប់នយោបាយមួយ ដែលគេហៅថា សម្លាប់បំបាត់ពូជ និងជីករំលើងឫសគណបក្សប្រឆាំង ដែលធ្វើឡើងដោយរបបក្រុងភ្នំពេញ៖ «ចង់អោយលោក ហ៊ុន ម៉ានី គិតគូរឡើងវិញ គ្រាន់តែដាក់រូប យើងឈឺចាប់ប៉ុណ្ណឹង ចុះយើងគំរាមកំហែងដល់អាយុជីវិតលោក សម រង្ស៊ី បាញ់គ្រាប់បេ បាញ់មីស៊ិលផង អាហ្នឹងមិនមែនអាយុជីវិតតែលោក សម រង្ស៊ី ម្នាក់ប៉ុណ្ណោះទេ។ មានមនុស្សរាប់រយនាក់ រាប់ម៉ឺននាក់ ហើយមនុស្សស្លាប់ច្រើនណាស់បង្កហិង្សាច្រើនណាស់ អាហ្នឹងវាគួរតែគិតមើលឡើងវិញ » ។
ឪពុកបង្កើតលោក ហ៊ុន ម៉ានី គឺលោក ហ៊ុន សែនធ្លាប់បានប្រើពាក្យថា លោកសោកស្តាយថា មិនបានសម្លាប់មន្ត្រីគណបក្សប្រឆាំង ហើយចុងក្រោយនេះ លោកបានគំរាមថា នឹងប្រើកាំភ្លើងយន្តស្វ័យប្រវត្តិបាញ់កម្ទេចលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិប្រសិនបើហ៊ានវិលចូលប្រទេសកម្ពុជាវិញតាមច្រកព្រំដែនកម្ពុជា - ថៃ។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ថ្លែងថា លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅមេដឹកនាំរបបក្រុងភ្នំពេញ ត្រូវតែមានជំហរអព្យាក្រឹត្យក្នុងនាមជាអ្នកតំណាងរាស្ត្រចំពោះរាល់ការគំរាមជាសាធារណៈណា ដែលធ្វើឡើងដោយឪពុករបស់លោកកន្លងមក មិនមែនចាំតែរិះគន់ទៅលើមន្ត្រីគណបក្សប្រឆាំងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។