សមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់បញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះ កាលពីថ្ងៃទី២៦កក្កដា ដោយបទចោទទន្ទ្រានដីព្រៃខុសច្បាប់។ ប៉ុន្តែ សាច់ញាតិជនជាប់ឃុំនិងមន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួននេះថា ជារឿងនយោបាយ។
ភរិយាជនជាប់ឃុំនៅខេត្តពោធិ៍សាត់ ទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយស្វាមីឱ្យមានសេរីភាពឡើងវិញឱ្យបានឆាប់ និងដោយគ្មានលក្ខខណ្ឌ ព្រោះស្វាមីគ្មានកំហុសដូចការចោទប្រកាន់នោះទេ។
អ្នកស្រី ឌី រិន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៧ កក្កដាថា ប៉ូលិសជាច្រើននាក់បានទៅឡោមព័ទ្ធចាប់ស្វាមីនៅពេលលោកកំពុងលាក់ខ្លួននៅផ្ទះកូនស្រីខេត្តកំពត កាលពីព្រឹកថ្ងៃទី២៥ កក្កដា ហើយបានបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ កក្កដាដដែល។ អ្នកស្រីបន្តថា ការចាប់ខ្លួន គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើស្វាមី ដោយសារលោកជាប្រធានគណបក្សសង្គ្រោះជាតិ ស្រុកវាលវែង ដែលជាឆ្អឹងទទឹងកររបស់អាជ្ញាធរគណបក្សកាន់អំណាច៖ «ខ្ញុំសំដៅទៅលើរឿងនយោបាយតែម្ដងចាប់ប្ដីខ្ញុំ ព្រោះអីគេមកហៅគាត់ដល់ផ្ទះឱ្យចុះចូលជាមួយគណបក្សកាន់អំណាច តែគាត់មិនព្រម។ខ្ញុំចង់ឱ្យទម្លាក់ការចោទប្រកាន់នឹងចេញ ព្រោះប្ដីខ្ញុំមានជំងឺ ហើយគាត់ស្គមខ្លាំងពេកមិនដឹងយ៉ាងណាទេសុខភាពតបស់គាត់។ខ្ញុំសុំឱ្យអង្គការសង្គមស៊ីវិលជួយរកយុត្តិធម៌ដល់ប្ដីខ្ញុំក្នុងរឿងនេះមើល មានតែរឿងមួយមុខនេះឯងដែកគេចាប់គាត់ » ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោក ហេង ដូននី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៧ កក្កដា ដោយសារទូរស័ព្ទចូលជាច្រើនលើក ពុំមានអ្នកទទួល។
ប៉ុន្តែ ប្រពន្ធជនជាប់ឃុំ អ្នកស្រី ឌី រិន អះអាងថា សមត្ថកិច្ចចាប់ខ្លួនស្វាមី គឺលោក ឡុង ខន ដោយចោទប្រកាន់ពីបទទន្ទ្រានដីព្រៃនៅស្រុកវាលវែងធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ អ្នកស្រីបន្តថា ស្វាមីមិនបានទន្ទ្រានដីព្រៃដូចការចោទប្រកាន់នោះទេ៖ «ការចោទប្រកាន់ប្ដីខ្ញុំបែបនេះខ្ញុំមិនអាចទទួលយកបានទេ ព្រោះខ្ញុំគ្មានដីផង ហើយដីរបស់ខ្ញុំមានតែបន្តិចគេយកជិតអស់ហើយ ហើយខ្ញុំមកនៅស្រុកវាលវែងជិត៣០ឆ្នាំហើយ។ការចាប់នេះបានប៉ះពាល់ដល់ក្នុងគ្រួសារ ព្រោះខ្ញុំមានវ័យចាស់ហើយ គ្មានមុខរបររកចំណូលទេ ហើយខ្ញុំក៏ជំពាក់លុយធនាគារច្រើនដែរ មិនមានលុយសងគេវិញទេ ពេលប្ដីខ្ញុំនៅគាត់ដឹកបន្លែលក់បានប្រាក់ចំណូលខ្លះជួយដល់គ្រួសារ ដល់ពេលគេចាប់គាត់អីចឹងមិនដឹងធ្វើយ៉ាងម៉េចបើខ្ញុំនៅម្នាក់ឯងជាមួយចៅ ហើយចៅក៏មិនមានការងារអីធ្វើដែរ » ។
មន្ត្រីស៊ើបអង្កេតអង្គការ លីកាដូ (Licadho) ខេត្តពោធិ៍សាត់ លោក កែម គិមស្រន់ លើកឡើងថា ការចាប់ខ្លួននេះ គឺជាការគំរាមកំហែងផ្នែកនយោបាយ ធ្វើឱ្យសកម្មជនគណបក្សសង្គ្រោះជាតិដទៃទៀតភ័យខ្លាច ដើម្បីកុំឱ្យពួកគេហ៊ានធ្វើសកម្មភាពនយោបាយនៅខេត្តពោធិ៍សាត់ទៀត។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា សមត្ថកិច្ចធ្វើបែបនេះនឹងមិនបានផលចំណេញដល់រដ្ឋាភិបាលនោះទេ។ ផ្ទុយទៅវិញ ធ្វើឱ្យប្រជាប្រិយរបស់គណបក្សកាន់អំណាចកាន់តែធ្លាក់ចុះ ព្រោះប្រជាពលរដ្ឋឈប់គាំទ្រ៖ «ហើយគាត់ក៏ត្រូវបានអាជ្ញាធរបក្សកាន់អំណាចបញ្ចុះបញ្ចូលច្រើនលើកហើយ រហូតដល់ផ្ដល់តំណែងតួនាទីផ្ដល់វត្ថុអ្វីមួយធ្វើយ៉ាងម៉េចឱ្យគាត់ចុះចូល ប៉ុន្តែគាត់អត់ព្រមចូល អីចឹងតាំងពីពេលនោះមកគាត់ក៏រងការ គំរាមកំហែងជា បន្តបន្ទាប់ រហូតមានការបង្កើតជាព្រិត្តការណ៍និងជាបទល្មើស ដើម្បីចាប់ខ្លួនគាត់។ខ្ញុំសុំ អំពាវនាវឱ្យឈប់ធ្វើ សកម្មភាពទាំងអស់នេះដើម្បីធ្វើបាបមកលើសកម្មជនបក្សប្រឆាំងបន្តទៀត » ។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបន្តថា ប្រធានគណបក្សសង្គ្រោះជាតិ ស្រុក វាលវែង លោក ឡុង ខន ចាប់តាំងពីសមត្ថកិច្ចចាប់ខ្លួនមកដល់ម៉ោងផ្សាយនេះមិនទាន់មានមេធាវីការពារក្ដីនៅឡើយទេ។ សកម្មជនបក្សប្រឆាំងរូបនេះ បានរត់គេចខ្លួនទៅស្នាក់នៅផ្ទះកូនស្រីនៅខេត្តកំពតថ្ងៃទី២៩ ឧសភាកន្លងទៅ ដោយព្រួយបារម្ភខ្លាចប៉ូលិសស្រុកវាលវែងតាមចាប់ខ្លួន ក្រោយពីសកម្មជនបក្សប្រឆាំងចំនួន ២នាក់ផ្សេងទៀត ត្រូវបានប៉ូលិសចាប់បញ្ជូនទៅពន្ធនាគារ។
គិតត្រឹមថ្ងៃទី២៧ កក្កដា មានសកម្មជនគណបក្សសង្គ្រោះខេត្តពោធិ៍សាត់ ចំនួន ៧នាក់ហើយ ដែលត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះ ក្រោមបទចោទប្រកាន់តែមួយ គឺការទន្ទ្រានដីព្រៃខុសច្បាប់។ ចំណែកសកម្មជនជាច្រើននាក់ទៀត កំពុងរត់គេខ្លួនរកទីសុវត្ថិភាព មិនទាន់វិលត្រឡប់ទៅផ្ទះវិញនៅទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។