ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ស៊ុន ចាន់ថុល លើកឡើងថា រដ្ឋាភិបាលកម្ពុជាស្វាគមន៍នាវាទ័ពបរទេសទាំងអស់ រាប់ទាំងនាវាទ័ពសហរដ្ឋអាមេរិកផង អាចចូលចតនៅមូលដ្ឋានទ័ពរាមនៅខេត្តព្រះសីហនុ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលចិន បន្ទាប់ពីបានបញ្ចប់សាងសង់ជាស្ថាពរ។
ការអះអាងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ធ្វើឡើងនៅក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតោន (Washington D.C.) កាលពីថ្ងៃទី១ ខែតុលា។
លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា មូលដ្ឋានទ័ពរាម មិនមែនកសាងឡើងសំរាប់ចិនទេ។ រដ្ឋាភិបាលចិនផ្តល់ជំនួយធ្វើទំនើបកម្មនេះ ដើម្បីពង្រីកមូលដ្ឋានការពារជាតិរបស់កម្ពុជាតែប៉ុណ្ណោះ មិនមែនសំរាប់ប្រើប្រាស់ដោយកងទ័ពចិន ដើម្បីប្រឆាំងនឹងប្រទេសណាមួយនោះឡើយ។ រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមានយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួនឡើយ។
លោកអះអាងបន្តថា កងនាវាចរបរទេសណាក៏អាចមកចតបានដែរ ដរាបណានាវានោះ សំរាប់ការសង្គ្រោះមនុស្សធម៌ និងគ្រោះមហន្តរាយ ឬក៏សំរាប់សមយុទ្ធយោធារួមគ្នា។
សហរដ្ឋអាមេរិក និងប្រទេសជិតខាងកម្ពុជា បង្ហាញក្តីបារម្ភពីការធ្វើទំនើបកម្មនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយរបស់ចិន ចាប់តាំងពីឆ្នាំ២០២១ មក។ សហរដ្ឋអាមេរិកសង្ស័យថា ចិននឹងប្រើប្រាស់មូលដ្ឋានទ័ពរាមនេះ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ទាំងលោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន ក៏បានបដិសេធម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ប្រាប់ទីភ្នាក់ងារព័ត៌មានអេភី (AP) កាលពីដើមខែកញ្ញាកន្លងមកនេះថា រដ្ឋាភិបាលចិន មានគំរោងផ្តល់នាវាចម្បាំងចិនពីរគ្រឿង ដែលជាប្រភេទនាវាចំបាំង កំពុងចតនៅមូលដ្ឋានទ័ពរាម តាមការស្នើសុំរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជា។
អ្នកវិភាគយោធាជាច្រើននាក់ ក្នុងនោះក៏មានទាំងមន្ត្រីជាន់ខ្ពស់នៅសកលវិទ្យាល័យអន្តរជាតិរ៉ាយ៉ា រ៉ាត់ណាម ក្នុងប្រទេសសិង្ហបុរី (S. Rajaratnam School of International Studies) លោក កូលីន កោះ (Collin Koh) លើកឡើងថា កម្ពុជាទំនងជាផ្ដល់អាទិភាពខ្ពស់ ទៅឲ្យនាវាចម្បាំងចិន ចូលចតនៅមូលដ្ឋានទ័ពជើងទឹករាម នៅពេលស្នើសុំម្តងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។