ប្រធាន​ក្រុម​សមាជិកសភា​អាស៊ានថា ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ភូមា​ធ្វើ​ឱ្យ​ខូច​កិច្ច​ខំ​ប្រឹង​ប្រែង​​របស់​អាស៊ាន

0:00 / 0:00

ប្រធាន​​ក្រុម​​សមាជិកសភា​​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) និង​​ជា​​តំណាងរាស្ត្រ​ម៉ាឡេស៊ីលោក ឆាល សាន់ទីយ៉ាហ្គោ ​(Charles Santiago) ​រិះគន់​​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​​បាន​ធ្វើ​ឱ្យ​កិច្ច​ខិតខំ​​ប្រឹងប្រែង​​​របស់​​អាស៊ាន​ក្នុង​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ឬ​ភូមា អាច​នឹង​ក្លាយ​ទៅ​ជា​អសារបង់។ លើស​ពី​នេះ​លោក​ថា ​ដំណើរ​ទៅ​ប្រទេស​ភូមា​របស់លោក ហ៊ុន សែន ពុំ​មាន​ប្រយោជន៍​អ្វី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អំពើ​ហិង្សា ការរំលោភ​សិទ្ធិមនុស្ស នៅ​ប្រទេស​នេះ​ទាល់តែសោះ។

ជាមួយ​គ្នា​នោះ លោក ឆាល សាន់ទីយ៉ាហ្គោ គាំទ្រ​ទង្វើ​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី ថា​ជា​រឿង​ត្រឹមត្រូវ ដែល​ចេញ​មុខ​រិះគន់​យុទ្ធសាស្ត្រ​ការទូតបែបខៅបូយ​​របស់​​លោក ហ៊ុន សែន ក្នុង​ទស្សនកិច្ច​ទៅ​ប្រទេស​ភូមា។

ប្រតិកម្ម​របស់​លោក ឆាល សាន់ទីយ៉ាហ្គោ នេះ​ធ្វើឡើងបន្ទាប់​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បរិហារ​ប្រមុខ​ការទូត​ម៉ាឡេស៊ីលោក សៃហ៊្វូឌីន អាប់ឌុលឡាស់​ (Saifuddin Abdullah)​​ ថា ​«ព្រហើន» និង​​ខ្វះ​ការគួរសម​ជា​មួយ​រូប​លោក ដែល​ជា​ប្រធាន​​ប្ដូរវេន​​អាស៊ាន ដោយសារ​​រដ្ឋមន្ត្រី​ការបរទេស​​ម៉ាឡេស៊ី​រូប​នោះ​​ បាន​​ចេញ​មុខ​រិះគន់​​លោក ហ៊ុន សែន ថា​​ខ្វះ​ការពិគ្រោះ​យោបល់​​ជាមួយ​​បណ្ដា​ប្រទេស​​ជា​​សមាជិក​​អាស៊ាន​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​ភូមា។

លោក ឆាល សាន់ទីយ៉ាហ្គោ ជំរុញ​ឱ្យលោក ហ៊ុន សែន បញ្ឈប់​​យុទ្ធសាស្រ្ត​ខ្ជីខ្ជា ដែល​ប្រឆាំង​ទាស់​នឹង​សេចក្ដី​សម្រេច​របស់​អាស៊ាន ហើយ​ត្រូវ​ងាក​មក​ធ្វើការ​ជិតស្និទ្ធ​ជា​មួយ​​​សមាជិក​អាស៊ាន ដើម្បី​បង្ខំ​ឱ្យ​មេដឹកនាំ​រដ្ឋ​ប្រហារ​ភូមាលោក មីន អ៊ុងល្លាំង (Min Aung Hlaing)​ ទទួល​​ខុសត្រូវ​​ចំពោះ​​អ្វី​ដែល​បាន​ព្រមព្រៀង​រួច​មក​ហើយ។​

លោក ឆាល សាន់ទីយ៉ាហ្គោ រំឭក​ថា ការឆ្លើយ​តប​របស់​អាស៊ាន​ទៅនឹង​ទង្វើ​រដ្ឋប្រហារ​នៅ​ភូមា ពិត​មែន​ថា ​មិន​ទាន់​ល្អឥតខ្ចោះ ប៉ុន្តែ​ដំណើរ​ទស្សកិច្ច​របស់​លោក ហ៊ុន សែន ទៅជួប​មេរដ្ឋប្រហារ​ភូមា​ អាច​ជា​ការ​បំផ្លាញ​ចោល​ទាំងស្រុង​នូ​វការ​រីក​ចម្រើន​នោះ។ លោក ឆាល សាន់ទីយ៉ាហ្គោ ដាក់​ជា​សំនួរ​ថា តើ​លោក ហ៊ុន សែន សម្រេច​បាន​អ្វី​ពី​ទស្សនកិច្ច​នោះ? លោកថា​ ក្នុងរយៈពេល​តែប៉ុន្មាន​ម៉ោង​ក្រោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាក​ចេញ​ពី​ប្រទេស​ភូមា មាន​របាយការណ៍​មក​ថា មានការ​បាញ់​ផ្លោង​កាំភ្លើងធំ​ដាក់​លើ​ជនស៊ីវិល​នៅតំបន់​នានា​ជាប់​ព្រំដែនថៃ​ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត អ្នកស្រី អ៊ង់ សានស៊ូជី​ (​Aung San Suu Kyi)​​ដែល​​កំពុង​​ជាប់ឃុំ​នោះ​ ត្រូវបាន​តុលាការ​ភូមា​កាត់ទោស​ឱ្យជាប់​ពន្ធនាគារ​បន្ថែម​ទៀត ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់។

​បណ្ដា​ប្រទេស​អាស៊ាន​អំពាវ​នាវ​ឱ្យរបប​សឹក​ភូមា​គោរព និង​អនុវត្ត​ចំណុច​ឯកភាព​គ្នា​ទាំង​៥​ចំណុច​ដែល​បាន​ព្រមព្រៀង​គ្នា​កន្លង​ទៅ។

សហគមន៍​ជាតិ អន្តរជាតិ និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ផង​រិះគន់លោក ហ៊ុន សែន ជុំវិញ​ជំហរ​ចង់​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ លោក មីន អ៊ុងហ្លាំង ​ចូលរួម​ប្រជុំ​អាស៊ាន​ឡើងវិញ។ ពួកគេ​ថា លោក ហ៊ុន សែន កំពុង​តែ​ដើរ​ផ្លូវ​ខុស​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ភូមា និង​កំពុង​នាំ​ភាព​ប្រេះឆា​ក្នុង​តំបន់​អាស៊ាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។