សាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចរក្សាបទចោទលើកូនប្រុសរបស់គ្រួសារសកម្មជនបក្សប្រឆាំង គឺក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ក៏ប៉ុន្តែបានសម្រេចបន្ធូរបន្ថយលក្ខខ័ណ្ឌត្រួតពិនិត្យស្រាយជាងមុន។ មេធាវី និងម្ដាយ របស់ កាក់ សុវណ្ណច្ឆ័យ មិនពេញចិត្ត ចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នេះទេ ហើយបន្តទាមទារឱ្យតុលាការលើកលែងបទចោទលើកូនប្រុសរបស់លោកស្រី។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូ បានបើកសវនាការឡើងវិញ តាមសេចក្ដីសម្រេចរបស់តុលាការកំពូល ពាក់ព័ន្ធនឹងបណ្ដឹងឧទ្ធរណ៍របស់ក្មេងប្រុស កាក់ សុណ្ណច្ឆ័យ ដែលមិនសុខចិត្ត ចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសរូបគាត់ឲ្យជាប់ពន្ធនាគាររយៈពេល ៨ខែ ប៉ុន្តែតម្រូវឲ្យអនុវត្តទោស ៤ខែកន្លះ ពីបទញុះញង់ និងពីបទប្រមាថមន្ត្រីរាជការសាធារណៈតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងតេឡេក្រាម (Telegram)។ ភ្លាមៗ បន្ទាប់ពីសវនាការបានបញ្ចប់ ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក សួស សំអាត បានប្រកាសសាលដីកា ដោយសម្រេចឱ្យ កុមារ កាក់ សុវណ្ណច្ឆ័យ ស្ថិតក្រោមបទចោទប្រកាន់ដដែល ប៉ុន្តែសម្រួលលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន ដូចជា ឱ្យអនីតិជនរូបនេះ ទៅព្យាបាលជំងឺ និងទទួលបានការសិក្សាឡើងវិញ។ ក្រៅនេះ តុលាការហាមឃាត់អនីតិជនរូបនេះ សេពគប់ ឬទៅកន្លែង ដែលមានការប្រើប្រាស់គ្រឿងស្រវឹង និងសេពគប់ជាមួយជនល្មើស ព្រមទាំងហាមឃាត់អនីតិជនកាន់កាប់អាវុធ ឬគ្រឿងផ្ទុះផ្សេងៗ។
មេធាវីការពារក្ដីឱ្យ កុមារ កាក់ សុវណ្ណច្ឆ័យ គឺលោក សំ សុខគង់ ប្រាប់វិទ្យុអាស៊ីសេរីថា សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍លើវិធានការដាក់ឱ្យត្រួតពិនិត្យ កុមារ កាក់ សុវណ្ណច្ឆ័យ លើកទី២ នេះ មានភាពធូរស្រាលជាងវិធានការលើកមុន ដែលតម្រូវឱ្យកុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបង្ហាញមុខនៅប៉ុស្តិ៍នគរបាលប្រចាំខែ និងត្រូវសុំការអនុញ្ញាតពីតុលាការមុនធ្វើដំណើរទៅក្រៅប្រទេស។ ទោះជាយ៉ាងណាក្ដី លោក សុំ សុខគង់ នឹងពិចារណាជាមួយកូនក្ដីរបស់លោក ដើម្បីដាក់បណ្ដឹងសាទុក្ខឡើងវិញ បើសិនជាកូនក្ដីរបស់លោកជំទាស់នឹងសេចក្ដីសម្រេចនេះ។
ករណីកូនប្រុសរបស់គ្រួសារសកម្មជនបក្សប្រឆាំង គឺក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ នេះ សាលាឧទ្ធរណ៍ ធ្លាប់បើកសវនាការលើបណ្ដឹងឧទ្ធរណ៍ម្ដងរួចហើយ ដោយរក្សាការចោទប្រកាន់ដដែល និងរុញទៅតុលាការកំពូលតាំងពីដើមឆ្នាំ២០២២ ប៉ុន្តែត្រូវបានតុលាការកំពូល សម្រេចរុញមកឲ្យសាលាឧទ្ធរណ៍កាត់ក្តីឡើងវិញ។
ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ មានអាយុ ១៧ឆ្នាំ គឺជាកូនប្រុសរបស់លោក កាក់ កុម្ភារ ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃសពីបទរួមគំនិតក្បត់ និងញុះញង់។ កម្លាំងសមត្ថកិច្ចបានឃាត់ក្មេងប្រុសរូបនេះ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដោយចោទថា ក្មេងប្រុសរូបនេះ បានជេរប្រមាថមេដឹកនាំរដ្ឋាភិបាលក្នុងក្រុមបណ្ដាញសង្គមតេឡេក្រាម Telegram)។ បន្ទាប់ពីបានជាប់ឃុំនៅពន្ធនាគារព្រៃស ម២ អស់រយៈពេល ៤ខែ ១៥ថ្ងៃមក ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ ថ្វីដ្បិតតែត្រូវបានដោះលែងក្តី តុលាការក្រុងភ្នំពេញ បានដាក់ក្មេងប្រុសរូបនេះ ឱ្យស្ថិតក្រោមការព្យួរទោសសាកល្បងរយៈពេល ២ឆ្នាំ។ ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ធ្លាប់អះអាងថា គាត់គ្មានបំណងញុះញង់ និងប្រមាថមន្ត្រីរាជការសាធារណៈនោះទេ ប៉ុន្តែមានសកម្មជនគណបក្សប្រជាជនកម្ពុជាម្នាក់រស់នៅប្រទេសកាណាដា (Canada) បានទាញ (Add) គាត់ចូលក្នុងគ្រុប (Group) តេឡេក្រាម ហើយបានជេរប្រមាថឪពុកម្ដាយរបស់គាត់ ទើបបណ្ដាលឲ្យគាត់ខឹង និងជេរតបទៅវិញ។ ចំពោះការបង្ហោះរូបភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើបណ្ដាញសង្គមហ្វេសប៊ុកវិញ គាត់គ្រាន់តែចែកចាយបន្តពីហ្វេសប៊ុកអ្នកដទៃប៉ុណ្ណោះ។
ម្ដាយកុមារ កាក់ សុវណ្ណច្ឆ័យ គឺលោកស្រី ព្រំ ចន្ថា ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីមិនពេញចិត្តចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នេះទេ ហើយលោកស្រី រួមជាមួយមេធាវី ក៏នឹងដាក់បណ្ដឹងសាទុក្ខលើកទី២ ទៅតុលាការកំពូលឡើងវិញ ក្នុងពេលខាងមុខផងដែរ។ លោកស្រីបន្ថែមថា តុលាការគួរលើកលែងបទចោទប្រកាន់ទាំងអស់មទៅលើ កូនរបស់លោកស្រី ព្រោះតាមរយៈសេចក្ដីរបស់តុលាការបែបនេះ គឺដូចជាទទួលស្គាល់ថាកូនរបស់លោកស្រីមានជំងឺសតិអារម្មណ៍ ឬអូទិសហ្ស៊ឹម (Autism) រួចទៅហើយ។ លោកស្រី ព្រំ ចន្ថា បន្ថែមថា ការរក្សាបទចោទមកលើកូនរបស់លោកស្រីដូច្នេះ គឺជាការរំលោភលើសិទ្ធិកុមារធ្ងន់ធ្ងរ ហើយក៏នឹងបណ្ដាលឱ្យប៉ះពាល់ដល់អនាគតរបស់កូនលោកស្រីដែរ។
ក្មេងប្រុស កាក់ សុណ្ណច្ឆ័យ បានរងគ្រោះផ្ទួនៗ ក្រោយពីរូបគាត់ និងម្តាយ គឺលោកស្រី ព្រំ ចាន់ថា តែងតែសកម្មក្នុងការចេញតវ៉ាដោយអហិង្សា ដើម្បីទាមទារឱ្យដោះលែងឪពុក និងសកម្មជនគណបក្សសង្គ្រោះជាតិដទៃទៀត ដែលកំពុងជាប់ឃុំ។
ក្រៅពីធ្លាប់ជាប់ពន្ធនាគារ កូនប្រុសរបស់គ្រួសារសកម្មជនបក្សប្រឆាំងរូបនេះក៏ធ្លាប់ត្រូវបានជនមិនស្គាល់មុខ ២នាក់ យកដុំឥដ្ឋគប់ចំក្បាលរបួសរហូតដល់ដេរ ២០ថ្នេរ កាលពីចុងខែមេសា ឆ្នាំ២០២១ ដូចករណីគប់ដំថ្ម និងវាយដំទៅលើសកម្មជនបក្សប្រឆាំងផ្សេងទៀតដែរ ហើយមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បានជនដៃដល់ណាម្នាក់យកមកផ្ដន្ទាទោសនៅឡើយទេ។
កន្លងមក ក្រុមអង្គការជាតិ និងអន្តរជាតិ ចាត់ទុកករណីទាំងនេះ គឺជាការគំរាមកំហែង ការយាយី និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើគ្រួសាររបស់សកម្មជនបក្សប្រឆាំង។ លើសពីនេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏ធ្លាប់បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិរបស់កុមារ កាក់ សុវណ្ណច្ឆ័យ ដែលត្រូវបានការពារស្របតាមគោលការណ៍ឧត្ដមផលប្រយោជន៍របស់កុមារ ដោយអនុលោមតាមអនុសញ្ញាស្ដីពីសិទ្ធិកុមារ អនុសញ្ញាស្ដីពីសិទ្ធិជនពិការ និងច្បាប់កម្ពុជាផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។