ពលរដ្ឋ​នៅ​ព្រំដែន​ភាគ​ពាយ័ព្យ​​រិះគន់​​របប​ក្រុង​ភ្នំពេញ​ថា​ ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ច្រើន ជា​រឿង​ឥត​ប្រយោជន៍​

នគរបាល​ក្រុង​ប៉ោយប៉ែត ពេល​ប្រជុំជួរ​នៅ​ថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ២០១៩។
នគរបាល​ក្រុង​ប៉ោយប៉ែត ពេល​ប្រជុំជួរ​នៅ​ថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ២០១៩។ (Provided photo)

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ ក្នុង​ខេត្ត​ឧត្ដរមានជ័យ ​និង​ខេត្ត​បន្ទាយមានជ័យ​រិះគន់​របប​ក្រុង​ភ្នំពេញ​​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន​ជា​ច្រើន​នាក់​ថា​ ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​គ្មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​ឡើយ​។ ពួកគាត់​ថ្លែង​ថា​ ប្រសិន​បើ​អាជ្ញាធរ​យក​កង​កម្លាំង​ទាំង​នោះ​ដាក់​ការពារ​តាម​មូលដ្ឋាន​ទប់ទល់​អំពើ​ចោរកម្ម​ដើម្បី​ភាព​សុខសាន្ត​ជូន​ពលរដ្ឋ​ប្រសើរ​ជាង​ការ​ធ្វើ​បែប​នេះ។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧត្ដរ​មានជ័យ​និង​ ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ស្រដៀង​គ្នា​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ អ្នក​រស់​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ មិន​មាន​សេចក្ដី​សុខ​ដូច​ពេល​មុន​នោះ​ទេ ដោយសារ​ម្នាក់ៗ ភ័យ​ព្រួយ​ពី​អាជ្ញាធរ​ដាក់​ពង្រាយ​កង​កម្លាំង​ដ៏​ច្រើន​ស្អេកស្កះ ដើម្បី​បម្រើ​មហិច្ឆតា​នយោបាយ ដោយ​មិន​បាន​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​នៅ​ទីនោះ​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៣០ តុលា​ថា ស្ថានការណ៍​នយោបាយ​កាន់​តែ​អាក្រក់​ទៅ​ និង​បង្ក​ការ​ក្ដៅ​ក្រហាយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​បណ្ដើរ​ហើយ។ ពលរដ្ឋ​រូប​នេះ អះអាង​ថា មួយ​រយៈ​នេះ​ចោរ ឆក់ លួច និង​ប្លន់​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​កើត​មាន​ជាហូរហែ ហើយ​គ្មាន​អាជ្ញាធរ​ណា​អើពើ​ទប់ស្កាត់​ជូន​ពួកគាត់​នោះ​ទេ។ លោក​ស្រី​បញ្ជាក់​ថា ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ជា​មួយ​លោក​ស្រី មិន​ពេញ​ចិត្ត​នឹង​អាជ្ញាធរ​ដាក់​ពង្រាយ​កង​កម្លាំង​តាម​ព្រំដែន​នោះ​ទេ ហើយ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​ដោយ​ឥតប្រយោជន៍ ព្រោះ​មិន​ការពារ​សេចក្ដី​សុខសាន្ត​ជូន​ពួក​គាត់​ឡើយ៖ «អ៊ីចឹង​វា​ទៅ​ជា​ចលាចល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​កក់​ក្ដៅ​ដូច​ពេល​មុន​ ដោយសារ​តែ​ធ្វើ​ខ្ញុំ​ភ័យ​ខ្លាច​កាន់​តែ​ច្រើន​ជាង​មុខ។ ព្រោះ​កង​កម្លាំង​ប្រដាប់​អាវុធ​ស៊ី​ប្រាក់​ខែ​ដែល​ប្រជាពលរដ្ឋ​បង់ពន្ធ​ជូន​រដ្ឋ​ គឺ​ត្រូវ​ការពារ​ពលរដ្ឋ​អីចឹង​យើង​មាន​ភាព​កក់​ក្ដៅ។ តែ​ដាក់​កម្លាំង​ការពារ​រឿង​ផ្សេង​ ដោយ​មិន​បាន​ការពារ​ពលរដ្ឋ​ បែប​នេះ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ ព្រោះ​ជា​ការ​ចំណាយ​កម្លាំង​ឥត​ប្រយោជន៍ »

រីឯ​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​ឯ​ណោះ​វិញ​ ដែល​​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ដែរ​នោះ​ ថ្លែង​ថា របប​លោក ហ៊ុន សែន បញ្ជូន​កង​កម្លាំង​ដាក់​ប្រចាំ​ការ​តាម​ព្រំដែន​ខេត្ត​នេះ គ្រប់​ទី​កន្លែង ជា​ពិសេស នៅ​ច្រក​សំខាន់ៗ ដូច​ជា ច្រក​ព្រំដែន​អូស្មាច់ ក្នុង​ក្រុង​សំរោង ច្រកជាំស្រងាំ ស្រុក​អន្លង់វែង និង​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អម្ពិល​ជា​ដើម។ លោក​បន្ត​ថា ច្រក​ព្រំដែន​ទាំង​នេះ​មាន​ប៉ូលិស ទាហាន និង​មន្ត្រី​កងរាជអាវុធហត្ថ​ចន្លោះ​ពី ៥០ ទៅ​ជាង ១០០​នាក់ និង​មាន​អាវុធ​គ្រប់​ដៃ​ដាក់​ប្រចាំ​ការ​នៅ​ជួរ​មុខ​ជាប់​ព្រំដែន រីឯ​មួយ​ចំនួន​ទៀត​ដាក់​ពង្រាយ​តាម​ព្រៃ​តំបន់​មាន​ពលករ​ឆ្លង​ដែន៖ «វា​ខុស​ប្លែក​ត្រង់​ថា​ មិន​មាន​រឿង​អី​ផង​មក​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ស្អេកស្កះ​បែប​នេះ​ ហើយ​ប្រជាពលរដ្ឋ​មិន​គាំទ្រ​ទេ ព្រោះ​តាម​ព្រំដែន​កម្ពុជា​អត់​មាន​សង្គ្រោះ​អត់​មាន​សត្រូវ​អី ដែល​ត្រូវ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​បែប​នេះ​ទេ។ ការ​ដាក់​កម្លាំង​នេះ​ខាត​បង់​ថវិកា​ជាតិ​ច្រើន​ណាស់​ ទៅ​ការ​ចំណាយ​ផ្សេង​ក្នុង​ការ​ហូបចុក​របស់​កងទ័ព​​នេះ ខ្ញុំ​ស្ដាយ​ខ្លាំង​ថវិកា​ទាំង​នេះ​ខ្លាំង​ណាស់​ ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​បើ​ខ្ញុំ​គ្មាន​អំណាច »

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ លោក ម៉ែន លី និង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​លោក អាត់ ខែម ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣០ តុលា ដោយ​ទូរស័ព្ទ​ចូល​​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ បាញ់ ប្រាប់​អាស៊ី​សេរី​កាល​ពីថ្ងៃ​ទី២៩ តុលា​ថា មន្រ្តី​យោធា​ត្រូវ​បាន​ក្រសួង​ដាក់​នៅ​តាម​ព្រំដែន ប៉ុន្តែ​មិន​ប្រាប់​ចំនួន​ឡើយ។ លោក ទៀ បាញ់ គាំទ្រ​សំដី​មន្រ្តី​យោធា ដែល​លើក​ឡើង​ថា លោក សម រង្ស៊ី ជា​ដំបៅ​មហារីក​ចាំ​បាច់​ត្រូវ​តែ​កាត់​ចេញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

រីឯ​មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិសភូមិភាគទី៤ និងទី៥ លោក​ខេង សុមេធ​ បញ្ជា​ដល់​នគរបាល​អន្តរាគមន៍ និង​នគរបាល​ការពារ​ព្រំដែន​ទាំង​អស់ ត្រូវតែ​កម្ចាត់​ក្រុម​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គ្រោង​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ពេល​ខាង​មុខ​ឱ្យ​ទៅ​ជា​ផេះ។ លោក​អះអាង​សំណេះ​សំណាល ជា​មួយ​អង្គភាព​នគរបាល​អន្តរាគមន៍ និង​ការពារ​ព្រំដែន នៅ​អង្គភាព​នគរបាល​អន្តរាគមន៍ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា​ថា ការ​វិល​ចូល​ស្រុក​របស់​ក្រុង​លោក សម រង្ស៊ី គឺ​ក្រុម​ដែល​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​​ដឹក​នាំ​សព្វ​ថ្ងៃ។

អ្នកវិភាគ​ហៅ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​បែបនេះ​ ជា​រឿង​មិន​សម​ហេតុផល​ និង​មិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ។

អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​ពង្រាយ​កម្លាំងប្រដាប់អាវុធ​ និង​យោធា​តាម​ព្រំដែន​ទាំង​នេះ​គឺ​ផ្ទុយពី​ច្បាប់​រដ្ឋធម្មនុញ្ញ។ លោក​ពន្យល់​ថា​ កងទ័ព​ជាតិ​អាច​ប្រើប្រាស់​បាន​ លុះត្រា​មាន​សេចក្តី​សម្រេច​ពី​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះប្រធាន​ និង​ជា​មេបញ្ជាការ​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ។ លោក​បន្ត​អាជ្ញាធរ​ដាក់​ពង្រាយ​កង​កម្លាំង​ច្រើន​ស្អេកស្កះ​ តាម​បណ្ដោយ​ព្រំដែន​បែប​នេះ​ ឆ្លុះ​បញ្ចាំង​ពី​អំណាច​ផ្ដាច់​មុខ​ របស់​លោកនាយ​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ដែល​បាន​បញ្ជា​កងទ័ព​ជាតិ​តាម​អំពើ​ចិត្ត​ ដោយ​មើល​រំលង​ ឧត្តម្ភ​ក្រុមប្រឹក្សា​ការពារ​ជាតិ​ ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះប្រធាន៖ «សិទ្ធិ​អំណាច​ការពារ​កងទ័ព​ហ្នឹង​ គេ​ត្រូវ​ធ្វើតាម​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ អាហ្នឹង​វា​ត្រឹមត្រូវ​តាមច្បាប់​។ បើស​ម្រេច​អត្តនោ​ម័ត​ដោយ​នាយក​រដ្ឋមន្ត្រី​ ឬអគ្គ​មេ​បញ្ជា​ ឬមេទ័ព​ ហ្នឹង​ដូចជា​មិន​សមស្រប​និង​ច្បាប់​ទេ​។ ច្បាប់​រដ្ឋធម្មនុញ្ញ​ គឺ​ព្រះមហាក្សត្រ​ ជា​មេបញ្ជាការ​កំពូល​ហើយ​លោក​ជា​ ព្រះប្រធាន​នៃ​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ »

ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ប្រញាប់​ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​ព្រំដែន​​ឱ្យ​នៅ​ដូច​ដើម​ឡើង​វិញ​ ដើម្បី​កុំ​មាន​ការ​ប៉ះទង្គិច​គ្នា​ណា​មួយ​កើត​ឡើង​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​គ្រោង​ទៅ​ចូល​រួម​អម​ដំណើរ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​តាម​ព្រំដែន​កម្ពុជា​- ថៃ​នោះ។ អាជ្ញាធរ​ថៃ​ប្រាប់​អាស៊ី​សេរី​ថា ទោះ​បី​ទទួល​បាន​សំណើ​ពី​កម្ពុជា ឲ្យ​ចាប់​ខ្លួន ប៉ុន្តែ​អាជ្ញាធរ​ថៃ នឹង​មិន​ចាប់​ខ្លួន​មន្រ្តី​បក្ស​ប្រឆាំង​ឡើយ។ ពលរដ្ឋ​ព្រួយបារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ដក​សមត្ថកិច្ច​ចេញ​ពី​ព្រំដែន​ទេ អាច​នឹង​មាន​ការ​បង្ហូរ​ឈាម​ដាក់​គ្នា ដែល​នាំ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ។ ពួក​គាត់​មាន​ជំនឿ​ថា ប្រជា​ពលរដ្ឋ​នឹង​ទៅ​ទទួល​លោក សម រង្ស៊ី ​ភ្ល្លូកទឹកភ្លូកដី​ ដោយសារ​ពួកគាត់​ស្អប់ខ្ពើម​របប​ដឹក​នាំ​សព្វ​ថ្ងៃ ​ពុករលួយ​ដល់​ឆ្អឹង ​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការ​ចាប់ចង​មនុស្ស​តាម​អំពើ​ចិត្ត​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។