សមត្ថកិច្ចចាប់ខ្លួនអនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំស្រុកឈូកម្នាក់ នៅថ្ងៃទី១៧ សីហា តាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត ពីបទប្រឆាំងសាលដីកាតុលាការកំពូល និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ។ សាច់ញាតិទាមទារឱ្យមានការដោះលែងជាបន្ទាន់ ដោយការអះអាងថា សកម្មជនបក្សប្រឆាំងរូបនោះ មិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់ឡើយ។
អនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំស្រុកឈូក ដែលត្រូវចាប់ខ្លួន ឈ្មោះ នុត ពេជ អាយុ ៦៤ឆ្នាំ។ សមត្ថកិច្ចបានចុះទៅចាប់ខ្លួនលោក នុត ពេជ ពីក្នុងវាលស្រែ នៅពេលលោកកំពុងស្ទូងស្រូវ។ កូនប្រុសរបស់លោក នុត ពេជ ឈ្មោះ សន់ ធានី ប្រាប់ថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់បានជួបឪពុកលោកនៅឡើយទេ។
លោក សន់ ធានី ឱ្យដឹងពីហេតុការណ៍ថា សមត្ថកិច្ចមានគ្នា ៥នាក់ បានស្ទុះទៅចាប់ លោក នុត ពេជ ពីក្នុងវាលស្រែ ដោយមិនប្រាប់ពីមូលហេតុទេ ដោយគ្រាន់តែប្រាប់សាច់ញាតិឱ្យទៅសួរនាំនៅអធិការដ្ឋានស្រុកឈូក។
លោកបន្តថា ពេលសាច់ញាតិទៅសួរនាំនៅអធិការដ្ឋានស្រុកឈូក ប៉ូលិសបានប្រាប់ឱ្យទៅស្នងការខេត្តកំពតវិញ ដោយសារលោក នុត ពេជ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅទីនោះហើយ។ លោកបន្តថា ពេលមកដល់ស្នងការខេត្ត សមត្ថកិច្ចមិនអនុញ្ញាតឱ្យលោកបានចូលជួបឪពុកទេ៖ «អ្នកប្រាប់មកដល់ចាប់យកតែម្ដង ហើយថា ប្រសិនបើចង់ដឹងព័ត៌មានអ្វី ទៅ ( អធិការ ) ស្រុកទៅ។ ពេលខ្ញុំទៅស្រុក ( ប៉ូលិស ) ថា បញ្ជូនទៅ ( ស្នងការ ) ខេត្តហើយ។ ចង់ដឹងអ្វីទៅខេត្តទៀតទៅ ហើយឥឡូវតាំងពីពេល ( ចាប់ខ្លួន ) ហ្នឹងមក អត់បានជួបគាត់ផង ព្រោះថា គេអត់ឲ្យចូល។ គេតាមចាប់គាត់តាំងពីយូរ ហើយចេះតែគេចខ្លួន គេអ្វីអ៊ីចឹង ព្រោះថា ទៅធ្វើអ្វីឲ្យខុស អត់ដែលទេ ព្រោះគាត់តាំងពីជ្រួលច្របល់សារមុនមក អត់ដែលធ្វើអ្វីទេ។ គាត់អត់ដែលមានកំហុសអ្វីសោះ មកចាប់អ៊ីចឹងណា។ មកចាប់រាស្ត្រយើងសាមញ្ញ ធម្មតា អត់ដែលមានកំហុសអ្វីសោះ មកចាប់គាត់ ឃុំទុកអ៊ីចឹង »។
កូនប្រុសរបស់លោក នុត ពេជ រូបនេះ ទាមទារឱ្យសមត្ថកិច្ចដោះលែងឪពុកជាបន្ទាន់ ព្រោះលោក នុត ពេជ មានវ័យកាន់តែចាស់ហើយ និងមិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់ទេ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ បានទេ នៅថ្ងៃទី១៧ សីហា ដោយសារអ្នកលើកទូរស័ព្ទ ដំបូងឆ្លើយថា គឺជាស្នងការខេត្ត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ តែពេលអ្នកយកព័ត៌មានណែនាំខ្លួនថា ទូរស័ព្ទពីវិទ្យុអាស៊ីសេរី អ្នកលើកទូរស័ព្ទនោះប្រាប់ថា ច្រឡំលេខ៖ «បាទៗ ! បងសុំទោសអ្នកណាដែរបាទ ? បងរកពីណាគេ ? អូ ! ច្រឡំលេខហើយបាទ » ។
ក្នុងដីកាចាប់ខ្លួន លោក នុត ពេជ ដែលចេញដោយចៅក្រមស៊ើបសួរ លោក អ៊ី ឃាង នៅថ្ងៃទី១៧ សីហា បានបញ្ជាថា ឱ្យសមត្ថកិច្ចស្វែងរក និងចាប់ខ្លួន លោក នុត ពេជ យកមកឃុំខ្លួននៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនក្នុងខេត្តកំពត។ ចៅក្រមស៊ើបសួរ លោក អ៊ី ឃាង បានចោទប្រកាន់ថា អនុប្រធានប្រតិបត្តិបក្សប្រឆាំងស្រុកឈូក និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតស្រុកឈូករូបនេះ បានប្រឆាំងសាលដីកាតុលាការកំពូល ដោយបានប្រមូលផ្ដុំគ្នាញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តិនៅភូមិព្រៃសំណាងលើ ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត កាលពីខែមេសា និងឧសភា។ ចៅក្រមស៊ើបសួរ លោក អ៊ី ឃាង បានចោទប្រកាន់ លោក នុត ពេជ ថា បានល្មើសមាត្រា៥២៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងតម្រូវឱ្យឃុំខ្លួន។
លោក នុត ពេជ ជាមនុស្សទី១៥ ហើយ ដែលត្រូវបានចាប់ខ្លួន នៅក្នុងឆ្នាំ២០១៩ ក្នុងយុទ្ធនាការបង្ក្រាបសកម្មជនបក្សប្រឆាំង កុំឱ្យប្រមូលផ្ដុំគ្នារង់ចាំទទួលលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ សមាជិកបក្សប្រឆាំងទាំង ១៥នាក់ ដែលត្រូវបានរបបក្រុងភ្នំពេញបង្ក្រាបរយៈពេល ៨ខែមកនេះ មាននៅខេត្តស្វាយរៀង ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះសីហនុ និងខេត្តកំពត។ ដោយឡែកសកម្មជនបក្សប្រឆាំង ១៤១នាក់ ផ្សេងទៀត ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង បន្ទាយមានជ័យ និងកំពង់ធំ ជាដើម បានកោះហៅឱ្យចូលខ្លួន និងចេញដីកាសាកសួរ ជាបន្តបន្ទាប់ តែមិនបានចាប់ខ្លួនដាក់ពន្ធនាគារទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ការចាប់ខ្លួនសកម្មជនបក្ស ប្រឆាំង ដោយចោទពីបទប្រឆាំងសាលដីកាតុលាការកំពូល ឬបទញុះញង់ជាការចោទ ដោយប្រើបទចោទមិនសមស្រប។ លោកថា ពលរដ្ឋគ្រប់រូបមានសិទ្ធិជួបជុំគ្នាថ្លែងសារនយោបាយ ឬគាំទ្រនយោបាយ ដែលគេពេញចិត្ត។ សង្គមស៊ីវិលរូបនេះថ្លែងថា ការបន្តធ្វើទុក្ខបុកម្នេញសមាជិកបក្សប្រឆាំង នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះស្ថាប័នតុលាការកាន់តែអាក្រក់ក្នុងភ្នែកពលរដ្ឋ។ ចំណែកកេរ្តិ៍ឈ្មោះរដ្ឋាភិបាលវិញ ក៏កាន់តែអាក្រក់ ក្នុងក្រសែភ្នែកអន្តរជាតិដែរ៖ «ក្នុងមាត្រានេះ ហាក់ដូចជាចេះតែចោទឡើង ក្នុងរយៈកាលចុងក្រោយ ជាមួយសកម្មជនគណបក្សប្រឆាំង ទាំងកន្លងមកមានការឃុំខ្លួន និងកំពុងតែមានការចោទប្រកាន់ក្នុងពេលបច្ចុប្បន្ននេះជាដើម។ ខ្ញុំយល់ថា វាអត់មានសមហេតុសមផលអ្វីទាល់តែសោះ ធ្វើឡើងដោយមិនមានភាពត្រឹមត្រូវអ្វីទេ។ ជាទស្សនៈរបស់ខ្ញុំ ខ្ញុំគិតថា រឿងទាំងអស់ហ្នឹង បើកាលណាយើងធ្វើអត់ត្រឹមត្រូវ អ្វីដែលជារឿងជះឥទ្ធិពលនោះ គឺជះត្រលប់ទៅលើអ្នកដែលបានអនុវត្តដោយគ្មានភាពត្រឹមត្រូវទៅវិញទេ » ។
អនុប្រធានបក្សប្រឆាំងស្រុកឈូក លោក នុត ពេជ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពតហើយ នៅម៉ោងជាង ៤រសៀល។ កូនប្រុសរបស់ លោក នុត ពេជ គឺលោក សន់ ធានី ប្រាប់ថា ឪពុកលោកមិនទាន់មានមេធាវីការពារខ្លួនទេ។ លោកថា ការចាប់ខ្លួនឪពុកលោក ជាការធ្វើឡើងមិនត្រឹមត្រូវ។ លោកនៅតែទទូចដល់អាជ្ញាធរឱ្យដោះលែង លោក នុត ពេជ ជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។