សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុម្នាក់ទៀតហើយ គឺលោក ម៉ៃ ហុកស្រ៊ាង ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន កាលពីវេលាយប់ម៉ោង៨ និង ២០នាទី នៅរាជធានីភ្នំពេញ និងបានបញ្ជូនទៅឃុំខ្លួននៅក្រសួងមហាផ្ទៃ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ការចាប់ខ្លួន លោក ម៉ៃ ហុកស្រ៊ាង ដែលជាម្ចាស់ហ្វេសប៊ុកឈ្មោះ ««ទោះស្លាប់ក៏ជាខ្មែរ»»នេះ ដោយសារតែលោក ហ៊ាន សរសេររិះគន់ចំៗ និងដោយចំហដល់លោក ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត៖ «លោក ម៉ៃ ហុកស្រ៊ាង នេះ គឺមានភាពសកម្មបញ្ចេញមតិតាមបណ្ដាញសង្គមហ្វេសប៊ុក។ កន្លងមក អាជ្ញាធរចង់ចាប់ខ្លួនជាច្រើនដងយូរហើយ តែគាត់បានចេញពីផ្ទះ ទៅធ្វើការនៅកន្លែងផ្សេងៗទៅ ទើបតែចាប់ខ្លួនយប់មិញនេះឯង។ និយាយរួម អ្នកដែលមានមតិផ្ទុយ រិះគន់ គណបក្សប្រជាជនកម្ពុជា ដែលធ្វើសកម្មភាពចំហគឺចាប់ខ្លួនតែម្ដង រហូតមកដល់ពេលនេះ គឺចាប់ខ្លួនជាង ១០នាក់ហើយនៅឆ្នាំ២០១៩នេះ។ មុនចាប់ខ្លួន ហុកស្រ៊ាង នេះ អាជ្ញាធរក៏បានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តពោធិ៍សាត់ដែរ ដោយចោទប្រកាន់ពីបទរុករានព្រៃ»។
ក្នុងគេហទំព័រហ្វេសប៊ុកលោក ម៉ៃ ហុកស្រ៊ាង ដែលមានឈ្មោះថា ««ទោះស្លាប់ក៏ជាខ្មែរ»» ក្នុងប៉ុន្មានថ្ងៃមកនេះ បានសរសេររិះគន់ខ្លាំងៗ ដូចជាថា...« ប្រភពព័ត៌មានច្បាស់ការពី គ៨៥ ទាំងយប់ ដែលស្និទ្ធនឹងគណបក្សប្រជាជនបានឱ្យដឹងថា ក្រោយពី ហ៊ុន សែន ផ្ទេរកិច្ចការងារសំខាន់ឱ្យទៅ ស ខេង មិនមែនផ្ទេរដោយចិត្តស្មោះត្រង់ទេ តែធាតុពិត ហ៊ុន សែន ចង់បង្ការ ឬកម្ចាត់កម្លាំង ស ខេង ចោល ដោយដឹងថា ស ខេង ត្រៀមកំលាំងវ៉ៃស្កាត់ មកលើកម្លាំង ហ៊ុន សែន តែ ហ៊ុន សែន ដឹងមុនកម្ចាត់ ស ខេង មុន»។
កាលពីថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ហ្វេសប៊ុកដដែល ក៏បានសរសេរមិនបញ្ចេញឈ្មោះ ដោយចំអកថា ««ឈឺឱ្យដឹងឈឺ ឈឺក៏នៅតែញញឹមព្រមទទួលការពិត កុំឈឺគេចវេះពីការងារជាតិ ដើរថតរូបជូនចៅឆ្កុយទៅអញ្ចឹង ម៉េចជាតិខ្ញុំមិនស្មើចៅមែនទេ? ក្រែងរស់ដោយសារលួចពីជាតិតើហ្អី។ បន្ថែមពីនេះ លោក ម៉ៃ ហុកស្រ៊ាង បានថតរូបខ្លួនឯងកាន់ក្រដាស សរសេរថា ហ៊ុន សែន ប្រែមកថា បោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។