អ្នកវិភាគ និងអ្នកសិក្សាភូមិសាស្ត្រនយោបាយសង្កេតឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន ដែលជាប្រធានអាស៊ាន កំពុងបន្ទន់ជំហរក្នុងវិបត្តិនៅមីយ៉ាន់ម៉ា (Myanmar) ឬភូមា ដោយងាកទៅធ្វើតាមអ្វី ដែលក្រុមប្រទេសជាសមាជិកអាស៊ានបានព្រមព្រៀងគ្នាឡើងវិញ។ ការលើកឡើងនេះ ក្រោយពេលដែលប្រធានអាស៊ានបានចេញសេចក្ដីថ្លែងការណ៍លើកទី១ របស់ខ្លួន ដោយបញ្ជាក់ជំហរថា ប្រទេសសមាជិកអាស៊ានជំរុញឱ្យអាជ្ញាធរនៃរបបសឹកភូមាអនុវត្តតាមកិច្ចព្រមព្រៀង ៥ចំណុច របស់កិច្ចប្រជុំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១។
រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បើទោះជាមិនបានបញ្ជាក់ច្បាស់ពីជំហររបស់ខ្លួនក្នុងនាមជាប្រធានអាស៊ាន នៅក្នុង សេចក្ដីថ្លែងការណ៍លើកដំបូងរបស់ខ្លួនក៏ដោយ ក៏ទំនងជាចង់បញ្ជាក់ថា ជំហរចំពោះវិបត្តិនៅភូមាបានផ្លាស់ប្ដូរ ខុសស្រឡះពីជំហរតែឯងកាលពីចុងឆ្នាំ២០២១ នៅមុនពេលលោក ហ៊ុន សែន ទៅជួបមេដឹកនាំរបបសឹកលោក មីន អ៊ុងលាំង (Min Aung Hlaing)។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយលោក វណ្ណ ប៊ុនណា ឱ្យវិទ្យុអាស៊ីសេរីដឹងកាលពីយប់ថ្ងៃទី២ ខែកុម្ភៈថា ជំហររបស់ប្រធានអាស៊ាន គឺត្រជាក់ជាងមុន ដែលទំនងដោយសារប្រធានអាស៊ានរងការរិះគន់ជុំទិសពីប្រទេសជាសមាជិកអាស៊ានផង និងពីសហគមន៍អន្តរជាតិផង ម្យ៉ាងដោយសារទទួលបានមេរៀនមិនទុកមុខ ទុកមាត់ឱ្យលោក ហ៊ុន សែន ពីសំណាក់ លោក មីន អ៊ុងលាំង ទាក់ទងនឹងការសន្យាបទឈប់បាញ់។ លោក ប៊ុនណា បន្តថា ប្រធានអាស៊ានកំពុងងាកមកប្រើប្រាស់កិច្ចព្រមព្រៀងទាំង ៥ចំណុច របស់ប្រទេសជាសមាជិកអាស៊ានឡើងវិញ៖ « ដោយសារកម្ពុជាហាក់ដូចជាអន់ចិត្តដែរចំពោះអ្វីដែលខ្លួនបានធ្វើ ក៏ដូចជាបានសន្យាជាមួយនឹងពួកយោធា ប៉ុន្តែពួកយោធាបែរជាមិនអនុវត្ត ប៉ុន្តែបែរជាបន្តសកម្មភាពទាំងអស់នោះ។ ទាក់ទងនឹងការតែងតាំងប្រេសិតពិសេស ដែលមានឯកឧត្តម ប្រាក់ សុខុន ជាប្រេសិតពិសេសហ្នឹង គឺគ្រាន់តែជាគោលការណ៍ព្រមព្រៀងគ្នា ៥ចំណុចរបស់អាស៊ាន ជារឿងដែលកម្ពុជា ក្នុងនាមជាប្រធានអាស៊ានត្រូវតែធ្វើ ហើយលទ្ធផលថា បានជោគជ័យ ឬយ៉ាងណា យើងពិបាកនឹងដឹង ប៉ុន្តែគឺមិនសូវមានសង្ឃឹមទេ ដោយសារពួកយោធាហាក់មិនឱ្យតម្លៃកម្ពុជាជាប្រធានអាស៊ាន»។
កម្ពុជា ដែលជាប្រធានអាស៊ានបានចេញសេចក្ដីថ្លែងការណ៍ជាលើកដំបូង កាលពីថ្ងៃទី២ ខែកុម្ភៈ បន្ទាប់ពីបានចូលកាន់តំណែងនេះបានមួយខែ។ សេចក្ដីថ្លែងការណ៍ស្ដីពីស្ថានភាពនៅមីយ៉ាន់ម៉ា ក្នុងរយៈពេល ១ឆ្នាំក្រោយអំពើរដ្ឋប្រហារនៅភូមា មិនបានថ្លែងចំៗ ដោយប្រើពាក្យ «រដ្ឋប្រហារ» នេះទេ។ សេចក្តីថ្លែងការណ៍នេះក៏មិនបានបង្ហាញពីជំហរផ្ទាល់របស់ប្រធានអាស៊ានដែរ។ ផ្ទុយទៅវិញ បានបញ្ជាក់ឡើងវិញ ពីជំហររបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងនោះរួមមាន ក្ដីបារម្ភពីការវិវត្តន៍នានានៅភូមា រួមទាំងការបន្តកើនឡើងនូវអំពើហិង្សា និងការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស ការជំរុញឱ្យអាជ្ញាធររបបសឹកភូមាមានសកម្មភាពជាក់លាក់អនុវត្តពេញលេញកិច្ចព្រមព្រៀង ៥ចំណុចរបស់សមាជិកអាស៊ាន ដែលព្រមព្រៀងកាលពីខែមេសា ឆ្នាំ២០២១ ព្រមទាំងសម្រួលឱ្យប្រេសិតពិសេសរបស់អាស៊ាន ដែលមានរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ជាប្រធាន បានជួបគ្រប់ភាគីនយោបាយភូមាទាំងអស់ក្នុងពេលធ្វើទស្សនកិច្ចដំបូងនៅពេលខាងមុខឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ប្រភពដដែលបន្តថា សមាជិកអាស៊ានប្ដេជ្ញាចិត្ត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយដល់មីយ៉ាន់ម៉ា ស្របតាមឆន្ទៈនៃប្រជាពលរដ្ឋប្រទេសនេះ ផ្អែកលើបទដ្ឋានច្បាប់របស់អាស៊ានដែលមានស្រាប់។ ឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋភូមានេះ មិនត្រូវបានលោក ហ៊ុន សែន លើកមកនិយាយទេ កាលពីពេលដែលលោកទៅធ្វើទស្សនកិច្ចដ៏ចម្រូងចម្រាស ដើម្បីគាំទ្រមេដឹកនាំរបបសឹកភូមាកាលពីដើមខែមករាកន្លងទៅដូចតាមការចង់បានរបស់ចិន។
សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា ASEAN Chairman’s Statement on the Situation in Myanmar
Posted by ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation on Wednesday, February 2, 2022
អ្នកសិក្សាការអភិវឌ្ឍ និងវិភាគនយោបាយលោកបណ្ឌិត សេង សារី ដែលធ្លាប់មើលឃើញផលវិជ្ជមានពីការលូកដៃរបស់លោក ហ៊ុន សែន ទៅដោះស្រាយបញ្ហាភូមានោះ យល់ថា តាមរយៈសេចក្ដីថ្លែងការណ៍នេះ កម្ពុជាហាក់បន្ថយការយកចិត្តទុកដាក់របស់ខ្លួនទៅលើបញ្ហានៅភូមា។ លោកបារម្ភថា កម្ពុជាអាចទុកបញ្ហានេះបន្តទៅប្រធានប្ដូរវេនអាស៊ានបន្ទាប់ទៀត ហើយបញ្ហាអំពើហិង្សា និងការរំលោភសិទ្ធិមនុស្សនៅតែបន្តកើតមាននៅទីនោះ៖ «បញ្ហាភូមាវាអាចនៅវែងឆ្ងាយតទៅទៀត អំពើហិង្សាប្រហែលជាមិនអាចដោះស្រាយបាន។ អ៊ីចឹង ៥ចំណុចហ្នឹងក៏មិនអាចដោះស្រាយបានដែរ។ ហេតុនេះ ៥ចំណុច ក៏ដូចជាបញ្ហាវិបត្តិនៅភូមានឹងបន្តទៅដល់វេនទៅដល់ប្រទេសឥណ្ឌូណេស៊ី (Indonesia) ម្ដង។ ខ្ញុំគិតថា វិបត្តិនៅភូមានឹងក្លាយជាវិញ្ញាសារ វាស់វែងសមត្ថភាពអាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ទាំងមូល»។
សេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានដដែលទទួលស្គាល់ថា «សន្ដិភាព និងការបង្រួបបង្រួមជាតិយូរអង្វែងអាចកើតមានលុះត្រាតែមានដំណោះស្រាយនយោបាយ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ»។ ជាមួយគ្នានេះ ប្រទេសសមាជិកអាស៊ានស្វាគមន៍ការគាំទ្រពីដៃគូខាងក្រៅទាំងការជំរុញការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុច និងជំនួយមនុស្សធម៌។
គោលការណ៍ទាំង ៥ចំណុច ដែលបានព្រមព្រៀងនោះនេះរួមមាន៖ ការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់។ ការចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ជាដើម។ ក្រៅពីនោះ ក៏មានការតម្រូវឱ្យរបបសឹកសម្រួលឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចរៀបចំកិច្ចសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។