សមត្ថកិច្ចឃាត់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញលោក ខឹម ចាន់វណ្ណៈ ដោយគ្មានដីកាឃាត់ខ្លួន នៅរសៀលថ្ងៃទី ១៥មករា។ មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនខុសនីតិវិធីច្បាប់លើមន្ត្រីគណបក្សភ្លើងទៀននេះ ជាការរឹតត្បិត និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ។
សមត្ថកិច្ចក្រុងភ្នំពេញប្រមាណ ២០ នាក់ ស្លៀកពាក់ឯកសណ្ឋានកងកម្លាំង និងស៊ីវិល នៅរសៀលថ្ងៃទី ១៥មករា បានសម្រុកចូលផ្ទះ និងឃាត់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញលោក ខឹម ចាន់វណ្ណៈ ទាំងកំរោល នៅផ្ទះរបស់លោក នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កូនប្រុសលោក ខឹម ចាន់វណ្ណៈ គឺលោក ខឹម សុវណ្ណមង្គល ប្រាប់វិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃទី ១៥មករាថាការឃាត់ខ្លួនឪពុកលោកនេះ សមត្ថកិច្ចមិនបានបង្ហាញដីកានោះទេ ថែមទាំងដកហូតទូរស័ព្ទរបស់ឪពុកលោក និងក្រុមគ្រួសារថែមទៀត។ លោកថា មកទល់ពេលនេះ អាជ្ញាធរបាននាំខ្លួនឪពុករបស់លោក ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក ខឹម សុវណ្ណមង្គល៖ «បារម្ភបង បារម្ភព្រោះអីគេមកចាប់គាត់សូម្បីតែខោអត់ឲ្យស្លៀកពាក់អី ក៏អត់ឲ្យពាក់ហើយទៅសុទ្ធតែដាក់ខ្នោះ មកចាប់អូសធ្វើដូចស្អីអីចឹងបង ពិបាកភ្នែកមើលបង»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ដើម្បីសុំសួរពីបញ្ហានេះបាននៅឡើយទេ នៅរសៀលថ្ងៃទី ១៥មករា ដោយទូរស័ព្ទចូល តែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការឃាត់ខ្លួនជនណាម្នាក់ ដោយគ្មានដីកាឃាត់ខ្លួន និងមិនបង្ហាញឲ្យសាច់ញាតិដឹងពីការឃាត់ខ្លួននោះ ជាការអនុវត្តផ្ទុយពីក្រមនីតិវិធីព្រហ្មទណ្ឌ។
លោក ស៊ឹង សែនករុណា៖ «ចង់មិនចង់ គឺរងការរិះគន់បែបហ្នឹងហើយ ពីព្រោះថា ទោះបីអ្នកហ្នឹងជាសកម្មជននយោបាយ ឬក៏ពលរដ្ឋសាមញ្ញ មិនសាមញ្ញក៏ដោយ ធ្វើម៉េចក្នុងការអនុវត្តច្បាប់ ធ្វើឡើងឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ហើយបើសិនជាសមត្ថកិច្ច ដែលមានគ្នាច្រើនទៅអនុវត្តច្បាប់ដោយមិនគោរពទៅតាមនីតិវិធីច្បាប់ វាជាការមើលឃើញថា ជាការរំលោភបំពានទៅលើច្បាប់ហើយ។ ចង់មិនចង់ ច្បាស់ជាមានការរិះគន់អំពីសាធារណជន បើសិនជាការអនុវត្តច្បាប់មិនត្រឹមត្រូវបែបហ្នឹង»។
លោក សឹង សែនករុណា ចង់ឃើញរដ្ឋាភិបាល បើកលំហសេរីភាពនយោបាយ ដោយបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព និងការឃាត់ខ្លួនខុសពីនីតិវិធីច្បាប់ជាដើម។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សរូបនេះ ទទូចដល់រដ្ឋាភិបាលឲ្យដោះលែងអ្នកជាប់ឃុំនយោបាយរូបនេះ និងអ្នកជាប់ឃុំនយោបាយដទៃទៀត ឲ្យមានសេរីភាពឡើងវិញ ដើម្បីឲ្យពួកគាត់អនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន ជាពិសេសនោះ គឺសិទ្ធិនយោបាយ។
លោក ខឹម ចាន់វណ្ណៈ ជាអតីតចៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ របស់គណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សា សង្កាត់កាកាប២ គណបក្សភ្លើងទៀន។
ទាក់ទងនឹងរឿងនេះ គណបក្សភ្លើងទៀនថ្កោលទោសអាជ្ញាធរក្រុងភ្នំពេញ ដែលចាប់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ និងចាត់ទុកករណីនេះ ថាជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីពលរដ្ឋមិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។
គណបក្សភ្លើងទៀនបន្តថាករណីនេះ ក៏ជាការធ្វើឱ្យបរិយាកាសនយោបាយកាន់តែអាប់អួនៅមុនការបោះឆ្នោតអសកលក្នុងឆ្នាំ ២០២៤ នេះ គឺការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី ៥ និងការបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ។
គណបក្សភ្លើងទៀនអំពាវនាវដល់អាជ្ញាធរដោះលែងលោក ខឹម ចាន់វណ្ណៈ ឱ្យមានសេរីភាពមកវិញបន្ទាន់ ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ គ្រប់រូបភាព លើថ្នាក់ដឹកនាំ សមាជិក និងសកម្មជនគណបក្សតទៅទៀត ដើម្បីធានាបរិយាកាសល្អនៅមុនការបោះឆ្នោតទាំង២នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។