សកម្មជនបក្សភ្លើងទៀននៅតាមខេត្តរាជធានី ខេត្តមួយចំនួនបន្តរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរមូលដ្ឋាន ក្រោម បទចោទថា តំណាងគណបក្សនេះយកឈ្មោះពលរដ្ឋទៅឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ទាំងដែលពលរដ្ឋសាមីខ្លួននោះមិនបានដឹង។ ទោះយ៉ាងណាអនុប្រធានគណបក្សភ្លើងទៀនថានេះ ជាការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សភ្លើងទៀន ព្រោះអ្នកចោទប្រកាន់មួយភាគច្រើនគ្មានភស្តុតាងច្បាស់លាស់ក្នុងចោទប្រកាន់នោះទេ។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនរិះគន់ថា អាជ្ញាធរ មិនបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវនោះទេ ឲ្យតែមានបណ្ដឹងគឺកោះហៅ និងចោទប្រកាន់លើតំណាងសកម្មជនគណបក្សនៅតាមមូលដ្ឋានតែម្ដង។ ការលើកឡើងបែបនេះ ធ្វើឡើង ខណៈអាជ្ញាធរតាមខេត្តមួយចំនួន បានកោះហៅ និងចោទប្រកាន់ថា សកម្មជនគណបក្សភ្លើងទៀនថា កំពុងដើរយកឈ្មោះពលរដ្ឋទៅឈរឈ្មោះដោយពុំសុំការអនុញ្ញាតពីសាមីខ្លួន។
ប្រធានក្រុមការងារបណ្ដោះអាសន្ន គណបក្សភ្លើងទៀននៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ស៊ឹម សុខឿន វិទ្យុអាស៊ីសេរីដឹងថ្ងៃទី២៩ ខែមីនាថា សមត្ថកិច្ចមូលដ្ឋានបានកោះហៅលោកឲ្យទៅបំភ្លឺនៅអធិការដ្ឋានស្រុកក្រគរ កាលពីថ្ងៃទី២៨ មីនា តាមបណ្ដឹង របស់ពលរដ្ឋម្នាក់ បង្ខំឲ្យអ្នកប្តឹងឈរឲ្យឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្នុងមូលដ្ឋានរបស់លោក។ លោកឲ្យដឹងទៀតថា ពេលលោកទៅបំភ្លឺនៅអធិការប៉ូលិសអ្នកប្ដឹងនោះ មិនបង្ហាញខ្លួននោះទេ ទោះសមត្ថកិច្ចបានហៅទូរស័ព្ទឲ្យមកបំភ្លឺជាច្រើនដងយ៉ាងណាក្ដី។ លោកយល់ថា នេះជាការធ្វើបុកម្នេញផ្នែកនយោបាយលើរូបលោក៖ «ដោយសារភាគីហ្នឹងគាត់ (អ្នកប្ដឹង ) អត់បានមកចូលរួមបំភ្លឺទេ ហើយអធិការគាត់តេហៅ (ហៅទូរស័ព្ទ ) ថា មកឥឡូវៗ រហូត ជាប់មួយម៉ោងជាង ខ្ញុំក៏ប្រាប់គាត់ថា សួរបញ្ជាក់ថា គាត់មកខ្ញុំនៅចាំ បើគាត់អត់មកខ្ញុំទៅផ្ទះ ហើយចាំគាត់មកចាំខ្ញុំមកវិញ ដល់ពេលនេះអធិការគាត់ថា ឲ្យទៅផ្ទះសិនទៅគាត់មកចាំហៅទៀត »។
សកម្មជនគណបក្សភ្លើងទៀន លោក ស៊ឹម សុខឿន ឲ្យដឹងទៀតថា ក្រោយដើមបណ្ដឹងមិនបានចូលខ្លួនមកបំភ្លឺសមត្ថកិច្ចបានឲ្យអនុញ្ញាតត្រឡប់មកផ្ទះវិញ។ លោកដឹងទៀតថា សព្វថ្ងៃនេះ បេក្ខជនឈរឈ្មោះឲ្យគណបក្សភ្លើងទៀន នៅក្នុងខេត្តពោធិ៍សាត់ពីនាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួននៅពេលអ្នកទាំងនោះសម្រេចមកចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន។
ទាក់ទងករណីនេះ នាយក ប្រតិបត្តិ អង្គការ ឃ្លាំមើល ការ បោះឆ្នោត នៅ កម្ពុជា ហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី ឲ្យដឹងថា តាមច្បាប់អាជ្ញាធរមូលដ្ឋានគ្មានសមត្ថកិច្ចដោះស្រាយវិវាទទាក់ទងការបោះឆ្នោតនោះទេ។ លោកបន្តបញ្ហា នេះជាតួនាទីរបស់ គណៈកម្មការរៀបចំការបោះឆ្នោត ឃុំ សង្កាត់ ខេត្ត និងរាជធានី៖ «អត់ទេការងារនេះជាការងាររបស់ គ .ជ .ប ទេ បើយើងពេញចិត្ត ឬមិនពេញដាក់បណ្ដឹងមក ទុកឲ្យ គ .ជ .ប ដោះស្រាយអង្គហេតុ សាក្សីមានអី ? មកបំភ្លឺហេតុការណ៍ប្ដឹងគេរឿងអី »។
វិទ្យុអាស៊ីសេរីមិនអាចសុំបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គនោះទេ នៅថ្ងៃទី២៩ ខែមីនា។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចោទប្រកាន់ថា គណបក្សភ្លើងទៀន យកឈ្មោះពលរដ្ឋនៅតាមឃុំមួយចំនួនទៅឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ទាំង ដែលពលរដ្ឋសាមីខ្លួននោះមិនបានដឹង។ លោកចាត់ទុកករណីនេះ ថា ជាកំហុស ដែលមានពិរុទ្ធភាព។ លោក ស ខេង លើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំតាមអនឡាញ (Online) កាលពីថ្ងៃទី២៨ ខែមីនា ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ។ លោកអះអាងទៀតថា ករណីនេះបានកើតឡើងនៅ ឃុំស្រែស្តុក ស្រុកកន្តៀង ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងនៅឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ទាក់ទងការចោទប្រកាន់នេះ អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឆ្លើយតបថា ដើម្បីផ្ដល់យុត្តិធម៌ដល់តំណាងគណបក្សភ្លើងទៀន និងដើមបណ្ដឹង គួរបង្កើតក្រុមការងារដោះស្រាយមួយដែលមានការចូលរួមពី គ.ជ.ប សមត្ថកិច្ចមូលដ្ឋាន តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល។ លោក ថាច់ សេដ្ឋា រិះគន់ថា ចំណាត់របស់អាជ្ញាធរ និងគណៈកម្មការរៀបចំបោះឆ្នោតឃុំ សង្កាត់ និងខេត្តក្រុង បានពេលទទួលបានបណ្ដឹង ដែលចោទប្ដឹងលើ លើសកម្មជនគណបក្សភ្លើងទៀន គឺមានការកោះហៅ តំណាងគណបក្សរបស់លោកយ៉ាងលឿន ហើយក៏មានករណីខ្លះមានការឃុំខ្លួនលើសកម្មជនគណបក្សភ្លើងទៀនទៀតផង ទាក់ទងការចោទប្រកាន់នេះ៖ «ខ្លះហ្នឹងប្ដឹងទាំងងងឹតងងុលមក គ .ជ .ប ក៏ជំនុំជម្រះទៅតាមបណ្ដឹង។ ប្ដឹងថា យកឈ្មោះបេក្ខជនទៅគាត់មិនដឹងខ្លួនមិនដឹងអី យកទៅគាត់ខ្លួនមកចាប់មកដល់ថ្ងៃហ្នឹងមិនទាន់លែងផងសុទ្ធសឹងចេញមកពីការគំរាមកំហែងបែបនេះឯង អត់មានការស៊ើបអង្កេតអីច្បាស់លាស់អីទេ »។
លោក ថាច់ សេដ្ឋា ឲ្យដឹងទៀតថា ពេលនេះសកម្មជនរបស់លោកស្ទើរគ្រប់ខេត្តរាជធានី កំពុងរងការចោទប្រកាន់ថា យកឈ្មោះពលរដ្ឋទៅឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ទាំងដោយសាមីជនមិនបានដឹងខ្លួន ប៉ុន្តែ លោកថា ដើមបណ្ដឹងភាគច្រើនគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងចោទប្រកាន់នោះទេ។ លោកឲ្យដឹងទៀតថា មានករណីខ្លះចោទប្រកាន់ថា បេក្ខជនរបស់លោកមិនចេះអក្សរ ប៉ុន្តែបេក្ខជន ដែលរងការចោទប្រកាន់នេះបានរៀនដល់ថ្នាក់បរិញ្ញាបត្រ។
លោក ថាច់ សេដ្ឋា ថា បើគណបក្សរបស់លោកបន្តជួបការគំរាមកំហែងដូចរាល់ថ្ងៃ លោកគ្រោងដាក់លិខិតទៅសហភាពអឺរ៉ុបប្រចាំកម្ពុជា និងបណ្ដាទូតប្រទេសសេរីនានា ឲ្យជួយតាមដាន និងធ្វើអន្តរាគមន៍លើរឿងនេះ ហើយបញ្ហានេះមិនបានដោះស្រាយ គណបក្សរបស់លោកអាចនឹងធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតខាងមុខឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។