សមត្ថកិច្ច​ខេត្ត​ត្បូង​ឃ្មុំ​ហៅ​គ្រួសារ​អ្នក​គាំទ្រ​បក្ស​ភ្លើង​ទៀន ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ទៅ​សម្រប​សម្រួល​បិទ​សំណុំរឿង

0:00 / 0:00

សមត្ថកិច្ច​ខេត្ត​ត្បូង​ឃ្មុំ កោះហៅ​គ្រួសារ​អ្នក​គាំទ្រ​បក្ស​ភ្លើង​ទៀន ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​ក្នុង​ស្រែ​មក សម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​បិទ​បញ្ចប់​សំណុំរឿង។ សង្គម​ស៊ីវិល​យល់​ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពន្លឿន​ស្វែងរក​ជន​ដៃដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ដែល​ស្លាប់ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​កាត់​បន្ថយ​បទ​ល្មើស។

គ្រួសារ​ជន​រង​គ្រោះ​ដែល​ឃាតក​បាញ់​សម្លាប់​នៅ​កណ្ដាល​វាល​ស្រែ​នៅ​ខេត្តត្បូងឃ្មុំ លើក​ឡើង​ថា សមត្ថកិច្ច​បាន​ឱ្យ​លោកស្រី ទៅ​ជួប​នៅ​សាលាឃុំ ដើម្បី​ដោះ​ស្រាយ​សំណុំរឿង ដែល​ប្រជា​ការពារ​ភូមិ​បាញ់​សម្លាប់​ប្តី​របស់​លោកស្រី កាល​ពី​ថ្ងៃ១៦ តុលា យ៉ាង​អាណោចអាធ័ម​ក្នុង​វាលស្រែ។ ពួក​គាត់​យល់​ថា បទ​ល្មើស​ឆក់​ត្រី​ក្នុង​ស្រែ មិន​អាច​ឈាន​ដល់​ការ​បាញ់​សម្លាប់​មនុស្ស​នោះ​ឡើយ។

ប្រពន្ធ​ជន​រង​គ្រោះ លោកស្រី វេន គឹមយី ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ល្ងាច​ថ្ងៃ​ទី១៨ ខែតុលា ថា លោកស្រី​ទើប​ត្រឡប់​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំចក ស្រុកអូររាំងឪ ហើយ​សមត្ថកិច្ច កំណត់​ឱ្យ​លោកស្រី ទៅ​ជួប​នៅ​សាលា​ឃុំ នា​រសៀល​ថ្ងៃ​ដដែល​នេះ ដើម្បី​ចរចា​លុយ​បញ្ចប់​សំណុំរឿង​នេះ​ក្រៅ​ប្រព័ន្ធ​តុលាការ។ លោកស្រី​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ​នៅ​តែ​មិន​ទាន់​ចាប់​ឃាតក ដែល បាញ់​សម្លាប់​ប្តី មក​ផ្ដន្ទាទោស​តាម​ច្បាប់​ទេ​នោះ លោកស្រី​នឹង​មិន​សុខ​ចិត្ត​ឡើយ។ លោកស្រី​ថា សមត្ថកិច្ច​មិន​បក​ស្រាយ​ពី ប្រជា​ការពារ​ភូមិ​ឈ្មោះ លោក វេត បាន​កាំភ្លើង​មក​ពី​ណា ដើម្បី​ប្រើប្រាស់ និង​បញ្ជាក់​ពី​មូលហេតុ ដែល​ឃាតក បាញ់​សម្លាប់​ប្ដី​លោកស្រី​នោះ​ទេ។ លោកស្រី​បញ្ជាក់​ថា អាជ្ញាធរ និង​សមត្ថកិច្ច ទាក់ទង​លោកស្រី ដើម្បី​សម្រប​សម្រួល​ជាមួយ​ជន​ដៃដល់៖ « គេ​ថា គាត់​ចង់​ជូន​ខ្ញុំ ៧ពាន់ ( , ០០០ $) អ៊ីចឹង​បង ហ្នឹង​ហើយ​អ្នក​សម្លាប់​ហ្នឹង​ហើយ ដែលថាជូន៧ពាន់ហ្នឹង។ គេ​ថា ២នាក់ ឮ​គេ​ថា​អ៊ីចឹង។ ២នាក់ ម្នាក់​មាន​កាំភ្លើង ម្នាក់​សម្លាប់ ខាង​ប៉ុស្តិ៍​ប៉ូលិស​បង។ អត់​ទាន់​បាន​ជួប។ ដល់​អ៊ីចឹង ពិបាក​សួរ​គាត់​ទៀត ព្រោះអី​អត់​ទាន់​បាន​ជួប​ឃាតក​នោះ​ផង​បង។ ចា៎ ខ្ញុំ​ថា ខ្ញុំ​ទទួល​យក​សំណង​បង ព្រោះ​ខ្ញុំ​វា​ខ្វះ​ថវិកា​ច្រើន​ណាស់​បង ខ្ញុំ​ចាត់ចែង​ខ្មោច​ហ្នឹង ៧លាន​រៀល ( , ០០០ , ០០០៛ ) ៨លាន​រៀល ( , ០០០ , ០០០៛ ) ហើយ នៅ ៧ថ្ងៃ​ទៀត មិន​ដឹង​អស់​ប៉ុន្មាន​បង​ឯង​មើល។ អ៊ីចេះ​បង ថា អា ៧ពាន់​ហ្នឹង​ខ្ញុំ​អត់​យក​ទេ ខ្ញុំ​ចង់​ថា ខ្ញុំ​សុំ ១ម៉ឺន ៥ពាន់​ដុល្លារ ( ១៥ , ០០០ $) បង »

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ថា លោកស្រី ព្រមទាំង​សាច់ញាតិ និង​ក្រុម​គ្រួសារ​កំពុង​រង់ចាំ​យុត្តិធម៌​ពី​អាជ្ញាធរ ដើម្បី​ឱ្យ​វិញ្ញាណក្ខន្ធ​ប្ដី​បាន​ស្ងប់​ចិត្ត។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អធិការ​ស្រុកអូរាំងឪ លោក វង់ សុភី និង​មេ​ប៉ុស្តិ៍​ឃុំចក លោក អន សំអុន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៨ ខែតុលា។ រីឯ ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំ លោក ម៉ុន មាគ៌ា បាន​ចុច​ផ្ដាច់​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃ​ដដែល។ ប៉ុន្តែ​សាច់ញាតិ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​បាន​នាំ​ពាក្យ​ជន​ដៃដល់ ដើម្បី​ចរចា​ជាមួយ​លោកស្រី ដោយ​ថា បើ​ទាមទារ​គេ​ច្រើន​ពេក នោះ​គេ​នឹង​សុខចិត្ត​ជាប់​គុក ហើយ​ឆាប់​ចេញ​មក​វិញ ប៉ុន្តែ​ក្រុម​គ្រួសារ​សព និង​គ្មាន​ទទួល​បាន​ប្រាក់​សំណង​អ្វី​បន្តិច​ឡើយ។

ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ត្បូងឃ្មុំ លោក អេង ស្រូយ ប្រាប់ វិទ្យុ​អាស៊ី​សេរី​ថា ឃាតកម្ម​នេះ ជា​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ ហើយ​មិន​គួរ​កើត​ឡើង​ក្នុង​ខេត្តត្បូងឃ្មុំ​ឡើយ។ លោក​បន្ត​ថា សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​ពី​ការ​ស៊ើប​អង្កេត និង​ចាប់​ឃាតក​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ។ លោក អេង ស្រួយ ទទូច​រដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​មាន​តម្លាភាព​ក្នុង​ការ ស្វែងរក​ឃាតក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ឱ្យ​ភូមិ​ឃុំ​មាន​សុខ​សុវត្ថិភាព៖ «ប្រសិនបើ​ករណី​មួយ​កើត​ឡើង​ហើយ រក​ជន​ល្មើស​ឃើញ កើត​ឡើង​ហើយ​រក​ជន​ដៃដល់​មិន​ឃើញ កើត​ឡើង​ហើយ​រក​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​មិន​ឃើញ អា​ហ្នឹង​វា​ជា​ភាព​អាម៉ាស់​មួយ​របស់​សមត្ថកិច្ច​ហើយ។ ក្នុង​នាម​ជា​សមត្ថកិច្ច គួរតែ​ចាត់ចែង​វិធានការ​ទៅ រក​ឃើញ​ឱ្យ​វា​ច្បាស់លាស់ ឱ្យ​ស​ខ្មៅ​ទៅ វា​ជា​រឿង​អ្វី​ឱ្យ​ពិត​ប្រាកដ ដើម្បី​ឱ្យ​អស់​មន្ទិល​ទាំង​អស់​គ្នា រវាង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ។ អ៊ីចឹង មាន​តែ​សមត្ថកិច្ច​មាន​ជំហរ​លើ​អព្យាក្រឹត្យ ក្នុង​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​តែ​ប៉ុណ្ណឹង»។

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្តត្បូងឃ្មុំ និង​ខេត្តកំពង់ចាម លោក ឡេង សេងហាន ទទូច​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្វែងរក​ចាប់​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់ និង​ផ្តល់​សំណង​ទៅ​ឲ្យ​សាច់ញាតិ​ជន​រង​គ្រោះ​ប្រកប​ដោយ​យុត្តិធម៌។ លោក​បន្ត​បារម្ភ​ថា នៅ​ពេល​បទល្មើស​កើត​ឡើង ហើយ​សមត្ថកិច្ច​បណ្ដោយ​ឱ្យ​ជនល្មើស​រួច​ខ្លួន ប្រៀប​ដូច​លើក​ទឹក​ចិត្ត​ដល់​អ្នក​ប្រព្រឹត្ត ដែល​នាំ​បទល្មើស​កាន់តែ​កើន​ឡើង ផ្ទុយ​ពី​គោលការណ៍​នៃ​ច្បាប់។ លោក ឡេង សេងហាន បញ្ជាក់​ថា សំណុំរឿង​នេះ សមត្ថកិច្ច​មិន​អាច​សម្រួល​ក្រៅ​ប្រព័ន្ធ​ច្បាប់ ហើយ ឱ្យ​ជន​ដៃដល់​រួច​ផុត​ពី​ការ​ទទួល​ខុសត្រូវ តាម​ច្បាប់​បាន​ឡើយ៖ « យើង​ឃើញ​ថា ករណី​សម្លាប់​មនុស្ស​បែប​ហ្នឹង គឺ​ជា​អំពើ​មួយ​ផ្ទុយ​ទៅ​ហ្នឹង​គោលការណ៍​ច្បាប់​បាន​ចែង ព្រោះ​អំពើ​សម្លាប់​មនុស្ស​វា​ជា​អំពើ​មួយ ដែល​សាហាវ​ពេក​ហាស។ បើសិនជា​គាត់​ខុស​អ្វី​យ៉ាង​ណា គួរតែ​ហៅ​គាត់​មក​សួរនាំ​កន្លែង​រដ្ឋបាល​ទៅ។ កម្ពុជា​យើង​ការ​ផ្ដន្ទាទោស​ប្រហារ​ជីវិត​អត់​មាន​ទេ តែ​ទោស ១ជីវិត​វា​មាន អ៊ីចឹងការសម្លាប់ក្រៅប្រព័ន្ធច្បាប់ខុស១ ហើយ ហើយ​ទៅ​សម្រុះ​សម្រួល​ដោយ​ប្រការ​ណា​មួយ ដោយ​ករណី​ណា​មួយ​ទៀត ក៏​ជា​កំហុស​របស់​អ្នក​ពាក់ព័ន្ធ​ដែរ »

ជន​រង​គ្រោះ​លោក ប៉ូ ហ៊ីនលាន អាយុ ៤៧ឆ្នាំ ជា​អ្នក​ភូមិព្រីង ឃុំចក ស្រុកអូរាំងឪ មាន​ប្រពន្ធ និង​កូន ៣នាក់​ក្នុង​បន្ទុក។ លោក​ត្រូវ​បាន​ឃាតក​បាញ់​ពី​ក្រោយ​ខ្នង​ចំនួន ៣គ្រាប់ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើត​ហេតុ ខណៈ​លោក​ចេញ​ទៅ​រក​ត្រី​នៅ​តាម​វាល​ស្រែ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ ២គីឡូម៉ែត្រ កាល​ពី​យប់​ថ្ងៃ​ទី១៦ ខែតុលា។

កន្លង​មក​មាន​ករណី​ហិង្សា​ជា​ច្រើន បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ទៅ​លើ​សកម្មជន និង​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​គណបក្ស​ភ្លើង​ទៀន ជាពិសេស នៅ​មុន និង​ក្រោយ​រដូវ​កាល​បោះ​ឆ្នោត​ម្តងៗ។ ជន​រងគ្រោះ​ខ្លះ​បាន​ធ្លាក់​ខ្លួន​ពិការ​អស់​មួយ​ជីវិត ខ្លះ​ទៀត ត្រូវ​បាន​គេ​លួច​វាយ​ធ្វើ​បាប រួច​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក ហើយ​ខ្លះ​ទៀត ត្រូវ​បាន​ជន​ល្មើស​កាប់​សម្លាប់​ជា​ដើម។ អាជ្ញាធរ​តែងតែ​បដិសេធ​ករណី​ឃាតកម្ម​ទាំង​នោះ​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ថា សមត្ថកិច្ច​មិន​អាច​ចាប់​ជន​ដៃដល់​បាន ដោយសារ​តែ​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់។

កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន អះអាង​ថា ខ្លួន​មិន​ទាន់​មាន​តម្រុយ​ណា​មួយ​ឈាន​ទៅ​ចាប់​ខ្លួន​ជនល្មើស ដើម្បី​ឱ្យ​តុលាការ​ផ្ដន្ទាទោស ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា​លើ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​នោះ​ឡើយ ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៧ មក​ដល់​ពេល​ថ្មីៗ នេះ។

យោង​តាម​មាត្រា ២២៤ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​កម្ពុជា​ចែង​ថា អំពើ​ហិង្សា​ដោយ​ចេតនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ (ប្រាំពីរ)ឆ្នាំ ទៅ ១៥ (ដប់​ប្រាំ) ឆ្នាំ កាល​បើ​អំពើ​នេះ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ដោយ​គ្មាន​ចេតនា​សម្លាប់។

មាត្រា២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា "បទ​មនុស្សឃាត​ដោយ​អចេតនា គឺ​ជា​អំពើ​បណ្ដាល​ឱ្យ​ស្លាប់​អ្នក​ដទៃ ដោយ​ការ​ធ្វេស​ប្រហែស ការ​មិន​ប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ឆ្នាំ ទៅ ៣ឆ្នាំ និង​ពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។

គ្រួសារ​ជន​រងគ្រោះ មន្ត្រី​គណបក្ស​ភ្លើង​ទៀន និង​សង្គម​ស៊ីវិល ទទូច​ដល់​រដ្ឋាភិបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្ត​ការងារ​ដោយ​ឈរ​លើ​អព្យាក្រឹតភាព ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។