សមត្ថកិច្ច​បញ្ជូន​កញ្ញា សេង ធារី ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃស​វិញ ក្រោយ​ពីបញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​រុស្សី​ជាង ១០ម៉ោង

0:00 / 0:00

សមត្ថកិច្ច​បញ្ជូន​កញ្ញា សេង ធារី ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃស​វិញ កាល​ពី​យប់​ថ្ងៃ​ទី១៣ ធ្នូ ក្រោយ​ពេល​បញ្ជូន​កញ្ញា​ទៅ​មន្ទីរ​ពេទ្យ​រុស្សី​ក្នុង​រាជធានី​ភ្នំពេញ​អស់​រយៈ​ពេល​ជាង ១០ម៉ោង។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​ព្រួយបារម្ភ​ពី​សុខភាព​របស់​កញ្ញា​ដោយ​ខ្លាច​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ខណៈ​មេធាវី​ខ្មែរ​អាម៉េរិកាំង​រូប​នេះ​បន្ត​ធ្វើ​កូដកម្ម​បង្អត់​អាហារ​​​មិន​ទាន់​ឈប់​នៅ​ឡើយ។

សុខភាព​របស់​កញ្ញា សេង ធារី មិន​ទាន់​បាន​ប្រសើរ​ឡើងវិញ​នៅ​ឡើយ​ទេ ដោយ​ស្ថិត​ក្នុង​ការ​តាមដាន​ពី​គ្រូពេទ្យ​នៅ​ពន្ធនាគារ​ព្រៃស​នៅ​ឡើយ។

អគ្គនាយករង នៃ​អគ្គនាយកដ្ឋានពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៤ ធ្នូ​ថា សមត្ថកិច្ច​បាន​ដឹក​កញ្ញា សេង ធារី ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃស​វិញ នៅ​យប់​ថ្ងៃ​ទី១៣ ធ្នូ បន្ទាប់​ពី​គ្រូពេទ្យ​បាន​តាមដាន​សុខភាព​របស់​កញ្ញា​រក​ឃើញ​ថា សុខភាព​គ្រាន់​តែ​ចុះ​ខ្សោយ​ជាង​មុន ក៏​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​នោះ​ទេ។ លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​កញ្ញា សេង ធារី​ នៅ​តែ​មិន​ព្រម​ហូប​អាហារ​អ្វី​ទាំង​អស់​លើកលែង​តែ​ទឹក​ និង​ទឹក​ក្រូចឆ្មារ​ប៉ុណ្ណោះ។

លោក នុត សវនា៖ «អាហារ​យើង​ដាក់​ឱ្យ​គាត់​អត់​ហូប​ទេ​ យើង​រៀប​ចំ​ឱ្យ​គាត់​ជា​ប្រចាំ​ទេ។ ទេ​... បើ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ម៉េច​ពេទ្យ​គេ​ឱ្យ​គាត់​ចេញ​មក​វិញ? សុខភាព​គាត់​ទូទៅ​វា​គ្រាន់​តែ​ខ្សោយ ហើយ​យើង​ត្រៀម​ថ្នាំ​សង្កូវ​ត្រៀម​អី ដើម្បី​សង្គ្រោះ​ក្នុង​ហេតុ​ការណ៍​ណា​មួយ​ អីចឹង​បើ​គាត់​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ គេ​មិន​ឱ្យ​គាត់​ចេញ​ពី​ពេទ្យ​ទេ»។

កញ្ញា សេង ធារី កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ​រយៈ​ពេល ១០ថ្ងៃ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ចាប់​ពី​ថ្ងៃ​ទី៧ ​ដល់​ថ្ងៃ​ទី១៦ ធ្នូ ដើម្បី​ទាមទារ​ឱ្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ផ្ដល់​សេរីភាព​ដល់​កញ្ញា​វិញ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល ​៨​ថ្ងៃ​ហើយ​ ដោយ​កញ្ញា​មិន​ទាន់​ទទួល​យក​អាហារ​ឡើង​វិញ​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​មន្ទីរ​ពេទ្យ​រុស្សី លោក ងី ម៉េង ដើម្បី​សាកសួរ​បន្ថែម​ពី​​​សុខភាព​របស់​កញ្ញា​ សេង ធារី​ បាន​ទេ​ នៅ​ថ្ងៃ​ទី១៤ ធ្នូ។

ជុំ​វិញ​រឿង​នេះ​ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​​ថា បើ​ទោះ​បី​ជា​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​សមត្ថកិច្ច​បញ្ជូន​កញ្ញា​ត្រឡប់​ទៅ​មន្ទីរឃុំឃាំង​វិញ​ក៏​ដោយ​ ក៏​លោក​នៅ​តែ​ព្រួយបារម្ភ​ពី​សុខភាព​របស់​មេធាវី​ខ្មែរ​អាម៉េរិក​រូប​នេះ​ដដែល​ ព្រោះ​ការ​បង្អត់​អាហារ​ច្រើន​ថ្ងៃ​​បែប​នេះ​ ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។ លោក​បន្ថែម​ថា ​តុលាការ​គួរតែ​ដោះលែង​កញ្ញា​ឱ្យ​មាន​សេរីភាព​វិញ​​តាម​ការ​ស្នើ​សុំ​។

លោក នី សុខា៖ «ពីព្រោះ​ការ​បង្អត់​អាហារ​នេះ​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់​ អាច​​បារម្ភ​ពី​អាយុ​ជីវិត​ ក៏​ថា​បាន​ ពីព្រោះ​ថា​ ការ​បង្អត់​អាហារ​វា​ធ្វើ​ឱ្យ​មនុស្ស​​បាក់​កម្លាំង​។​ យើង​ឃើញ​ហើយ​ខាង​នាយកដ្ឋាន​ពន្ធនាគារ​​បាន​បញ្ជាក់​ហើយ​ថា បើ​សិន​មាន​បញ្ហា​ធ្ងន់​អី​​ គេ​អាច​មាន​ពេទ្យ​អី​សង្គ្រោះ​អីចឹង​មែន​ ប៉ុន្តែ​គ្រាន់​តែ​ថា​ បើ​សិន​​មាន​បញ្ហា​ឈឺ​ធ្លាក់​ខ្លួន​ធ្ងន់​នេះ​ វា​អាច​នឹង​​ប៉ះពាល់​ដល់​អាយុ​ជីវិត​ដែរ​។ អា​នេះ​ជា​ការ​ព្រួយបារម្ភ​របស់​យើង​ធំ​ណាស់​ ហើយ​បើ​សិន​មាន​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ អា​នោះ​កាន់​តែ​ជះឥទ្ធិពល​​មិន​ល្អ​ខ្លាំង​ណាស់ ចំពោះ​ប្រទេស​យើង»។

សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​កញ្ញា សេង ធារី កាលពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ២០២២ នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​កាត់ទោស​កញ្ញា​ឱ្យ​ជាប់​ពន្ធនាគារ ៦ឆ្នាំ ដោយ​ចោទ​ពី​បទ "រួមគំនិត​ក្បត់" ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ២០១៩។

មេធាវី​ការ​ពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី​បាន​ប្ដឹង​ទាស់​​នឹង​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​នេះ​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​។​​ ប៉ុន្តែ​ កាល​ពី​ថ្ងៃ​ទី​១៣ ​ធ្នូ​​​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​​នៃ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​គឺ​លោក​ យ៉ុន ណារ៉ុង​ បាន​​លើក​ពេល​ជំនុំជម្រះ​ក្ដី​លើ​សំណុំ​រឿង​របស់​កញ្ញា សេង ធារី ទៅ​​ពេល​ក្រោយ​​ដោយ​គ្មាន​ថ្ងៃ​កំណត់ ក្រោម​ហេតុ​ថា ដោយសារ​សកម្មជន​សិទ្ធិមនុស្ស និង​ជា​​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ​រូប​នេះ មាន​សុខភាព​ទ្រុឌទ្រោម​មិន​អាច​ជំនុំជម្រះ​បាន។

​កាល​ពី​ពេល​កន្លង​ទៅ ​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ចាត់​ទុក​ការ​ចាប់​ខ្លួន​កញ្ញា សេង ធារី ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ និង​ស្នើ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ។

មន្ត្រី​សង្គម​ស៊ីវិលលើក​ឡើង​ថា ការ​បន្ត​ឃុំ​ខ្លួន​កញ្ញា សេង ធារី នឹង​មិន​បាន​​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​សង្គម​ជាតិ​ឡើយ។ ផ្ទុយ​ទៅ​វិញ កាន់​តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រង​ភាព​អាម៉ាស់​ផ្នែក​ការ​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​នៅ​លើ​ឆាក​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។