សមត្ថកិច្ច​ចាប់​ខ្លួន​សមាជិក​ភ្លើង​ទៀន​ដែល​ថត​វីដេអូ​អាជ្ញាធរ​​កត់​ឈ្មោះ​ពលរដ្ឋ​ទៅ​បោះឆ្នោត

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចាប់ខ្លួន​សមាជិក​បក្ស​បក្ស​ភ្លើងទៀន​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​ថត​បង្ហោះ​វីដេអូ​ចោទ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​មួយ​ក្រុម​ដែល​គាំទ្រ​បក្ស​កាន់អំណាច​អង្គុយ​កត់​ឈ្មោះ​ពលរដ្ឋ​ទៅ​បោះឆ្នោត កាលពី​ថ្ងៃ​បោះឆ្នោត​កន្លងទៅ។ សង្គម​ស៊ីវិល ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ជា​រឿង​នយោបាយ។

សមាជិក​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ខេត្តបាត់ដំបង លោក ឡី សុខុន ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ពាក់ព័ន្ធ​នឹង​ការ​ថត​វីដេអូ​ក្រុម​មន្ត្រី​បក្ស​កាន់អំណាច​នៅ​មូលដ្ឋាន អង្គុយ​កត់​ឈ្មោះ​ពលរដ្ឋ​នៅ​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​កន្លង​ទៅ។

ប្រពន្ធ​របស់​លោក ឡី សុខុន គឺ​លោកស្រី លីន លីដា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប៉ូលិស​ខេត្តបាត់ដំបង បាន​ចាប់ខ្លួន​ប្តី​របស់​លោកស្រី​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​ក្រុង​បាត់ដំបង ហើយ​បញ្ជូន​ទៅ​សួរ​ចម្លើយ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ លោកស្រី​ចាត់ទុក​ការ​ចាប់ខ្លួន​ប្តី​របស់​លោកស្រី ជា​រឿង​អយុត្តិធម៌ និង​ទាមទារ​ឲ្យ​ប៉ូលិស​ដោះលែង​ប្តី​វិញ៖ «​ខ្ញុំ​ចង់​ឲ្យ​ដោះលែង​គាត់​ត្រឡប់មកវិញ ព្រោះ​អី​គាត់​អត់​មាន​កំហុស​អី​ទេ។ គាត់​គ្រាន់តែ​ឡាយ​វីដេអូ​នោះ​គឺជា​ការពិត ឆ្លុះ​បង្ហាញ​ហើយ​គាត់​អត់​មាន​បាន​ធ្វើ​អី​ខុស​ទេ ។​ហេតុ​អី​ប្តឹង​គាត់​ហេតុ​អី​ចាប់​គាត់ និង​ចោទប្រកាន់​គាត់​ច្រើន​ទៀត ហេតុ​អី​ ? វា​អយុត្តិធម៌​សម្រាប់​គ្រួសារ​ខ្ញុំ​ខ្លាំង​មែនទែន»។

លោក ឡី សុខុន មាន​វ័យ​៤៩​ឆ្នាំ​គឺជា​សមាជិក​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ខេត្ត​បាត់ដំបង និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៅ​សកលវិទ្យាល័យ។​នៅ​ថ្ងៃ​បោះឆ្នោត​ឃុំ​-​សង្កាត់​កន្លងទៅ លោក បាន​ថត​វីដេអូ​មន្ត្រី​បក្ស​ប្រជាជន​មួយ​ក្រុម​មាន​ទាំង​មេភូមិ​ជាដើម បាន​ដាក់​តុ​អង្គុយ​កត់​ឈ្មោះ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នៅ​ក្បែរ​ការិយាល័យ​បោះឆ្នោត ស្ថិត​នៅ​ភូមិ​កំពង់​សំបួរ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។ វីដេអូ​នោះ មាន​រយៈពេល​ជាង ៤​នាទី ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែកចាយ​ព្រោងព្រាត​។ ក្នុង​វីដេអូ​នោះ បង្ហាញ​ពី​សមាជិក​បក្ស​ប្រឆាំង ស្តី​ឲ្យ​មន្ត្រី​បក្ស​ប្រជាជន​ទាំងនោះ​ថា កំពុង​បំពាន​ច្បាប់បោះឆ្នោត ហើយ​មន្ត្រី​ទាំងនោះ ហាក់​ភ័យ​ស្លន់ស្លោ និង​ប្រមូល​ឯកសារ​ងើប​ដើរ​ចេញ​រៀងៗ​ខ្លួន៖ «ជម្រាប​សួ​របងៗ​ជម្រាបសួរ​អស់លោក ! កំពុង​ធ្វើ​អី​គេ​បាទ មាន​តារាង​គ . . ប​ពេញៗ​ដៃ​ ? អាជ្ញាធរ​ម្នាក់​ឆ្លើយ​​​​ថា ចង់​មើល​ពលរដ្ឋ​បោះឆ្នោត​បាន​ប៉ុន្មាន​នាក់​។ ហេតុ​បាន​ចង់​មើល​គាត​ ? អាជ្ញាធរ​ថា ចង់​ដឹង​ប្រជាជន​សល់​ប៉ុន្មាន ដើម្បី​កៀរគរ​គាត់​មក​បោះ​ទៀត​។ ហេតុ​អី​បង​ត្រូវ​មក​កៀរគរ ? បង​កៀរគរ​នេះ ខុសច្បាប់​ដឹង​នៅ​។ អាជ្ញាធរ ថា អ៊ីចឹង​ទៀត​ ? ខុសច្បាប់​ហ្អា​ស បទល្មើស​ជាក់ស្តែង»។

នៅមុន​ការ​ចាប់ខ្លួន​លោក​មួយថ្ងៃ លោក ឡី សុភាព ក៏បាន​ផ្ញើ​សារ​ប្រាប់​អ្នកសារព័ត៌មាន​អាស៊ីសេរី​ដែរ​ថា មាន​ជន​ប្លែក​មុខ​បាន​តាមដាន​លោក​ដល់​ផ្ទះ​ដែរ៖ «មាន​ជនសង្ស័យ​ពីរ​រូប​បាន​ពាក់​ម៉ាស់ ពាក់មួក​ការពារ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​មុខ​ផ្ទះ​ហើយ​ម្នាក់​ចុះ​ថត​ពី​ខាងក្រៅ របង​ផ្ទះ​ខ្ញុំ​ថត​យក​ឡាន និង​ក្នុងផ្ទះ​។ នេះ​ជា​រូបភាព​គំរាមកំហែង​ដ៏​អាក្រក់​មែនទែន​?

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក សាត គឹមសាន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទាក់ទង​ករណីនេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀត​បណ្ដោះអាសន្ន​ខេត្ត​បាត់ដំបង លោក ភូ សុវណ្ណ​ថា ថ្លែង​ថា ករណី​ប៉ូលិស ចាប់ខ្លួន​ក្រុមការងារ​របស់​លោក​នេះ ដោយសារ​មាន​បណ្តឹង​ពី​មេក្រុម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ភូមិ​កំពង់​សំបួរ ដោយ​ចោទ​លោក ឡី សុខុន ពី​បទ​រំលោភសិទ្ធិ​លំនៅឋាន ក្រោយពេល​លោក​ថត​វីដេអូ​មេភូមិ និង​មន្ត្រី​បក្ស​ប្រជាជន អង្គុយ​កត់​ឈ្មោះ​ពលរដ្ឋ​ទៅ​បោះឆ្នោត​។​ទោះជា​យ៉ាងណា លោក ភូ សុវណ្ណ​ថា ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ដើម​បណ្តឹង​រូប​នោះ បាន​ដក​បណ្តឹង​វិញ​ហើយ ប៉ុន្តែ​ប៉ូលិស​មិន​ព្រម ដោយ​អះអាង​ថា សំណុំរឿង​បា​នបញ្ចូន​ដល់ដៃ​តុលាការ ដូច្នេះ​ត្រូវ​រង់​ចាំ​ដោះស្រាយ​នៅ​តុលាការ​ដោយ​ខ្លួនឯង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​ឧសភា៖ «ភាគច្រើន​ពួកយើង​ទាំងអស់គ្នា​ធ្វើការ​តាម​នីតិវិធី​ក្នុង​ថ្ងៃ​បោះឆ្នោត គឺ​យើង​គោរព​ក្នុង​ថ្ងៃ​បោះឆ្នោត តែ​ពួក​គណបក្ស​ប្រជាជន ធ្វើ​ខុស យើង​ប្តឹង​ទៅ​សិក គឺ​មិន​ដែល​មាន​ដំណោះស្រាយ​ទេ មានតែ​សម្របសម្រួល​ហើយ​អត់​មាន​ទោសទណ្ឌ​ទៀត​។ តែ​ពួក​យើង​ដែល​តាម​ការពារ​អ្វី​ដែល​ផ្ទុយ​អំពី​ច្បាប់​ដែល​ពួកគាត់​ប្រព្រឹត្ត​ក្នុងភូមិ -​ ឃុំ​ក្នុង​ដំណើរការ​បោះឆ្នោត​នេះ បែរ​ជា​មានទោស​ប្តឹង​ពួក​យើងខ្ញុំ​ទៅ​តុលាការ​ទៀត​។​នេះ​ហើយ​ជា​អំពើ​អយុត្តិធម៌​សម្រាប់​ពួកយើង​ខ្ញុំ​ដែល​គណបក្សប្រឆាំង​។ ជាពិសេស​យើង​ដឹង​ហើយ​ថា តុលាការ​កម្ពុជា ទោះបីជា​ពួក​ខ្ញុំ​រក​មេធាវី​យ៉ាងណា ក៏​ការពារ​មិនដែល​ឈ្នះ​ដែរ គេ​ចាប់​ចោទ​ពី​នេះ​ពី​នោះ បន្ត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទេ»។

​លោក ឡី សុខុន នឹង​ត្រូវ​ប៉ូលិស​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​មួយ​យប់ ដើម្បី​រង់ចាំ​បញ្ជូន​លោក​ទៅ​តុលាការ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា រឿង​នេះ ផ្តើម​ចេញ​ពី​គាត់​ថត​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត ដែល​កំពុង​រង​កា​រិះគន់​ថា គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ លោក​បន្ត​ថា រឿង​នេះ អាជ្ញាធរ​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់​មិន​មាន​ភាព​ឯករាជ្យ និង​មាន​ចេតនា​បំបាក់ស្មារតី​សកម្មជន​បក្ស​ប្រឆាំង៖ «វា​ហាក់បី​ប្រើប្រាស់​សកម្មភាព​នេះ ទៅ​ជា​បំបាក់​ស្មា​រី​ទៅជា​គំរាម​ទៅលើ​អ្នក​ដែល​ព្យាយាម​ក្នុង​ការ​បង្ហាញ​នូវ​ភស្តុតាង បង្ហាញ​នូវ​ភាព​មិនប្រក្រតី​នៅក្នុង​ដំណើរការ​បោះឆ្នោត​ទៅវិញ​។ រឿង​នេះ វា​គួរ​ណាស់​តែ​អាជ្ញាធរ ពីព្រោះ​ថា វា​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ដែល​កំពុង​ចម្រូងចម្រាស​នេះ អាជ្ញាធរ គួរតែ​រក្សា​ធ្វើ​យ៉ាងណា​ព្យាយាម​រក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​កំពុងតែ​ប្តឹង​អំពី​ភាព​មិន​ប្រក្រតី​រឿង​បោះឆ្នោត​នេះ ពោល​គឺ​មិន​គួរ​ទៅ​ចាប់ខ្លួន​គាត់ មិន​គួរ​ណា​ទៅ​គំរាមកំហែង បំបាក់ស្មារតី​អ្នក​ដែល​បង្ហាញ​ភស្តុតាង​អំពី​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត​នោះ​ទេ»។

លោក នី សុខា ជំរុញ​ឲ្យ​តុលាការ ទម្លាក់​ចោលការ​ចោទ និង​ដោះលែង​សមាជិក​បក្ស​ភ្លើងទៀន ឲ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​ការ​ថតរូប​ប្រមូល​ភស្តុតាង​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត​នោះ មិនមែន​ជា​អំពើ​ល្មើសច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។